Sunday, 13 March 2016

ខ្មែរ​ភាគ​ច្រើន​នៅ​មិន​ទាន់​ចេះ​ដាក់​សំរាម​ក្នុង​ធុង និង​តម្រង់​ជួរ​នៅ​ឡើយ


សំរាម​ដែល​ត្រូវ​គេ​ចោល​តាម​ផ្លូវ​នៅ​ភ្នំពេញ​ធ្វើ​ឲ្យ​បាត់បង់​អនាម័យ និង​ពិបាក​ប្រមូល។ ហេង ជីវ័ន


ខ្មែរ​ភាគ​ច្រើន​នៅ​មិន​ទាន់​ចេះ​ដាក់​សំរាម​ក្នុង​ធុង និង​តម្រង់​ជួរ​នៅ​ឡើយ
Thu, 10 March 2016 ppp


ពាក្យ​មួយ​ឃ្លា​ដែល​ជនជាតិ​ខ្មែរ​យើង​ចារ​ទុក​ក្នុង​ដួង​ចិត្ត និង​ជា​រឿយៗ​ប្រកាស​ប្រាប់​ពិភពលោក​នោះ​គឺ «​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បាន​កើត​ជា​ខ្មែរ​»​។

មោទនភាព​នោះ​ពោល​គឺ​ព្រោះ​ខ្មែរ​យើង​ជា​ជាតិ​សាសន៍​ដែល​ធ្លាប់​មាន​អារ្យធម៌​ឧត្តុង្គឧត្តម​ជាង​គេ​នៅ​អាស៊ី​ខ្មែរ​ជា​អ្នក​កសាង​ប្រាសាទ​ដែល​មាន​ក្បាច់​រចនា​មហិមា​គ្មាន​ពីរ​នៅ​លើ​លោក​ហើយ​ពូជ​ពង្ស​ខ្មែរ​យើង​នេះ​ឯង​ជា​អ្នក​បង្កើត «​លេខ​សូន្យ​» សម្រាប់​ជា​ប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ផ្សេងៗ។​ល​។ ពាក្យ​មួយ​ឃ្លា​នេះ​បង្កប់​ន័យ​ជ្រាលជ្រៅ​ណាស់​ក៏​ប៉ុន្តែ​សួរ​ថា​តើ​ឥរិយាបថ​របស់​ជនជាតិ​ខ្មែរ​យើង​សម័យ​ទំនើប​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​មោទនភាព​នោះ​ដល់​កម្រិត​ណា​ហើយ​?

បើ​យើង​សង្កេត​មើល​លើ​បណ្តាញ​សង្គម​វិញ​គឺ​ប្រាកដ​ជា​ឃើញ​អ្នក​ជាតិ​និយម​ខ្មែរ​គ្រប់​ប្រភេទ និង​ស្រទាប់​វណ្ណៈ​រាប់​តាំង​ពី​អ្នក​មាន​រហូត​ដល់​អ្នក​ក្រ​។

ក្រុម​ខ្លះ​ចោទ និង​ជេរ​គេ​ថា «​អាឆ្កែ​យួន ឬ​អា​ឈាម​ឆ្កែ​» ដោយ​គ្រាន់តែ​គេ​មាន​ទស្សនៈ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ និង​និន្នាការ​នយោបាយ​មិន​ដូច​ក្រុម​ខ្លួន​នេះ​​មិន​ទាន់​រាប់​បញ្ចូល​ក្រុម​ជាតិ​និយម​ជ្រុល​ខ្លះ​ដែល​ប្រកាស​សុខ​ចិត្ត​ចូលរួម​សមរភូមិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជ្រុល​និយម​អ៊ិស្លាម (IS) បើ​សិន​ណា​ជា​ស្តេច​សង្គ្រាម​អាមេរិក​យក​កោះ​ត្រល់​ពី​យួន​មក​ឲ្យ​ខ្មែរ​គ្រប់គ្រង​វិញ​នោះ​ផង​។



ប៉ុន្តែ​បើ​យើង​សង្កេត​មើល​ឲ្យ​ស៊ីជម្រៅ​ទើប​ដឹង​ថា​ជាតិ​និយម​របស់​ជនជាតិ​យើង​គឺ​មាន​តែ​លើ​បបូរមាត់​តែ​ប៉ុណ្ណោះ​ដែល​ខុស​ពី​ជនជាតិ​ដទៃ​ដែល​គេ​ស្រឡាញ់​ជាតិ​​អស់​ពី​បេះដូង​។ អ្នក​ខ្លះ​ស្រែក​ក្តែងៗ​ថា​ស្រឡាញ់​ជាតិ​ណាស់​តែ​កុំ​ថា​ឡើយ​ឲ្យ​គាត់​ចេះ​ដាក់​សំរាម​ក្នុង​ធុង​សូម្បី​តែ​ឈរ​តម្រង់​ជួរ​ឲ្យ​បាន​ត្រឹមត្រូវ​ក៏​មិន​ចេះ​ផង​នេះ​មិន​រាប់​បញ្ចូល​ទាំង​ការ​មិន​ឲ្យ​តម្លៃ​ផលិតផល និង​សេវាកម្ម​ជាតិ​ខ្លួន​ឯង​ទេ​។

នៅ​មុខ​ព្រះបរមរាជវាំង​តាម​សួនច្បារ​សាធារណៈ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​នានា​ដែល​ជា​កន្លែង​ជា​ទីមនោរម្យ និង​ទឹកដី​ជា​ទីសក្ការៈ​នោះ​បែរ​ជា​ពោរពេញ​ទៅ​ដោយ​សំរាម​ទៅវិញ​ហើយ​​អ្នក​ដែល​ចោល​សំរាម​ពាល​វាល​ពាស​កាល​នេះ​មិនមែន​ជនជាតិ​ឯ​ណា​ក្រៅ​តែ​ពី​អ្នក​ស្នេហា​ជាតិ​ខ្មែរ​នោះ​ទេ​។ ជា​​រឿយៗ​តែងតែ​ឃើញ​ជនបរទេស​ដូចជា​ជនជាតិ​ជប៉ុន និង​កូរ៉េ​ ដើរ​សម្អាត និង​​រើស​សំរាម​ទៅ​វិញ​តើ​ការ​ដែល​​ចេះ​ឈរ​តម្រង់​ជួរ និង​ដាក់​សំរាម​ក្នុង​ធុង​ត្រូវ​ចាំបាច់​ឲ្យ​រដ្ឋាភិបាល​បង្កើត​សាលា​បង្រៀន​ឬ​យ៉ាង​ណា​?

ក្រុម​​អ្នក​មាន​ទ្រព្យ​តែ​ក្រសីលធម៌​ខ្លះ​ប្រឹង​ប្រែង​បញ្ជូន​កូន​ទៅ​រៀន​នៅ​សាលា​ថ្លៃៗ​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ​ដោយ​សង្ឃឹម​ថា​កូន​ខ្លួន​នឹង​មាន​អនាគត​ល្អ​។ ក្រុម​នេះ​មាន​លុយ​ទិញ​ឡាន​ជិះ​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ​តែ​អន់​មារយាទ​ហើយ​ជា​រឿយៗ​ពេល​ស៊ីចុក​ហើយ​តែងតែ​បើក​កញ្ចក់​ឡាន​ទម្លាក់​សំរាម​ខ្លួន​មក​លើ​ផ្លូវ​សាធារណៈ​ឲ្យ​អ្នក​ក្រីក្រ និង​រៀនសូត្រ​បាន​តិចតួច​ដូច​បងៗ និង​ពូមីង​ធ្វើការ​នៅ​​ក្រុមហ៊ុន​ស៊ីនទ្រី​រើស​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស​ទៅ​វិញ​។ ក្រុម​នេះ​មាន​លុយ​ដើរ​ស៊ី​ចាយ​នៅ​​បរទេស​ដែរ តែ​បែប​មិន​មើល​ថា​ស្រុក​ទេស និង​របៀប​របប​ប្រជាជន​គេ​យ៉ាង​ណា​ទេ​ទើប​នៅ​តែ​មិន​ចេះ​ដាក់​សំរាម​ក្នុង​ធុង​នៅ​ឡើយ​។

ក្រុម​ខ្លះ​ទៀត​ពូកែ​ខាង​បោស​សំរាម​ពី​ផ្ទះ​ខ្លួន​ទម្លាក់​មក​លើ​ផ្លូវ ឬ​ដាក់​ចូល​ក្នុង​លូ​ធ្វើ​មិន​ដឹង​បើ​និយាយ​​ឲ្យ​ស្រួល​ស្តាប់​ទៅ​គឺ «​ឲ្យ​តែ​ផ្ទះ​អញ​ស្អាត​ចង់​អ្នក​ណា​ស្អុយ​ស្លាប់​ក៏​ស្លាប់​ទៅ​»​។ រីឯ​ក្រុម​កំពូល​មនុស្ស​ខ្លះ​នោះ​ពូកែ​តែ​ចោទ​អ្នក​នេះ ឬ​អ្នក​នោះ​ថា​ជា​មូលហេតុ​នៃ​ការ​ដែល​ខ្លួន​ចេះ​តែ​បោះ​សំរាម​ចោល​ពាល​វាល​ពាសកាល​ទៅ​វិញ​។ ក្រុម​នេះ​លើក​ឡើង​ថា​មកពី​រដ្ឋាភិបាល និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​អសមត្ថភាព​ហើយ​បរាជ័យ​ក្នុង​ការ​ដាក់​ធុង​សំរាម​ឲ្យ​បាន​ច្រើន​នៅ​តាម​ទីសាធារណៈ និង​រមណីយដ្ឋាន​ផ្សេងៗ​ទើប​ធ្វើ​ឲ្យ​ខ្លួន និង​ពលរដ្ឋ​ដទៃ​ទៀត​បោះ​សំរាម​ចោល​ពាសវាល​ពាសកាល​បែប​នេះ​។ សួរ​ថា​តើ​ប្រទេស​ណា​ដាក់​ធុង​សំរាម​ស្អេកស្កះ​នៅ​ទីសាធារណៈ​នោះ​?

បើ​យើង​និយាយ​ពី​រឿង​តម្រង់​ជួរ​រង់ចាំ​សេវាកម្ម​វិញ​គឺ​ស្ទើរតែ​រក​ពាក្យ​មក​បរិយាយ​គ្មាន​ឡើយ​។ ​នៅ​តាម​ស្ថាប័ន​រដ្ឋ​ពិសេស​ការិយាល័យ​ធ្វើ​លិខិត​ឆ្លងដែន​កន្លែង​ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​ក្រសួង​មន្ទីរ​មួយ​ចំនួន​វិញ​អ្នក​ដែល​មក​មុន​តែ​គ្មាន​លុយ ឬ​បក្ខពួក​ប្រាកដ​ជា​ទទួល​បាន​សេវាកម្ម​ក្រោយ​គេ​ហើយ​។ ជា​ការពិត​នេះ​មិនមែន​ទើប​តែ​កើត​មាន​ឡើយ​ហើយ​ក៏​មិន​កើត​មាន​តែ​ក្នុង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន ឬ​រវាង​អ្នក​មាន និង​អ្នកក្រ​ឡើយ​សូម្បី​តែ​ក្នុង​ចំណោម​សិស្ស និស្សិត បញ្ញវន្ត និង​លោក​សង្ឃ​ដែល​តែងតែ​មាន​គំនិត​ហូរ​ដូច​ទឹក​ស្តីពី​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នោះ​ក៏​មិន​ចេះ​ឈរ​តម្រង់​ជួរ​ដែរ​កន្លង​មក​។

ការ​មិន​ចេះ​ឈរ​តម្រង់​ជួរ​នេះ​បាន​ឆ្លង​រាលដាល​ដូចជា​ជំងឺ​ដល់​ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​ដែល​ទាំង​ឡាន ទាំង​ម៉ូតូ​ជាពិសេស​ក្រុម​កង់​បី​បើក​បំពាន​គ្នា​ទៅវិញ​ទៅមក​រហូត​ដល់​ក្រុម​ខ្លះ​បើក​ឡើង​លើ​ផ្លូវ​អ្នក​ដើរ និង​សួនច្បារ​ដើម្បី​តែ​ឲ្យ​បាន​នៅ​មុខ​គេ​។ ទង្វើ​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ​ប៉ុណ្ណោះ​ទេ​តែ​ថែម​ទាំង​អាប់​ឱន​ដល់​កិត្តិយស​ជាតិ​ខ្មែរ​យើង​ផង​ដែរ​។

ជា​ការពិត​វា​មិន​ចម្លែក​ទេ​ចំពោះ​ជនជាតិ​ខ្មែរ​យើង​នៅ​សម័យ​ទំនើប​នេះ​ទេ​ដែល​និយម​បង្អួត​គ្នា​នូវ​សម្ភារ​ថ្លៃៗ​ម៉ូដ​ឡាន​ស៊េរី​ថ្មី​ទំនើបៗ និង​ផ្ទះ​វីឡា​ប្រណីតៗ​តែ​មិន​សូវ​គិតគូរ​ពី​រឿង​ឥរិយាបថ និង​ក្រមសីលធម៌​របស់​ខ្លួន​ក៏​ដូចជា​កូនចៅ​ទៅវិញ​។ ការ​ដែល «​តម្លៃ​សង្គម​» របស់​ខ្មែរ​យើង​ធ្លាក់​ចុះ​ខ្សោយ​បែប​នេះ​ជា​រឿយៗ​យើង​តែងតែ​ឮ​ពាក្យ​ដោះសា​ទម្លាក់​កំហុស​យ៉ាង​នេះ ឬ​យ៉ាង​នោះ​ទៅ​លើ​របប​ខ្មែរ​ក្រហម​ជា​ជាង​ការ​ប្រឹងប្រែង​ពង្រឹង​ឡើង​វិញ​នូវ​តម្លៃ​សង្គម​ក៏​ដូចជា​ក្រមសីលធម៌​របស់​ខ្លួន​។

នៅ​ស្រុក​សៀម​ដែល​អ្នក​ជាតិ​និយម​ខ្មែរ​ខ្លះ​តែងតែ​ជេរ​គេ​ថា​ «​អាចោរ​ប្លន់​ដី​ខ្មែរ​» នោះ​គឺ​មាន​របៀបរបប​ណាស់​។ គ្រាន់តែ​ខេត្ត​ប៊ូរីរ៉ាត់​ដែល​ឆ្ងាយ​ពី​ទីក្រុង​បាងកក​ផង​ក៏​ការ​រៀបចំ​របស់​គេ​មាន​សណ្តាប់​ធ្នាប់​ហើយ​ពលរដ្ឋ​របស់​គេ​មិន​ស៊ីចុក​ហើយ​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល​ដូច​យើង​នោះ​ឡើយ​។ នៅ​តាម​មុខ​ផ្ទះ​គេ​នីមួយៗ​មាន​ដាក់​ធុង​សំរាម​ធ្វើ​ពី​ធុង​ស្ពេត្រូល​មាន​ដៃ​ដើម្បី​សម្រួល​ដល់​កម្មករ​សម្អាត​ប្រមូល​សំរាម​ដាក់​ក្នុង​ឡាន​។

រីឯ​នៅ​ជប៉ុន​វិញ​ធុង​សំរាម​នៅ​តាម​សួន​ច្បារ និង​ទីធ្លា​សាធារណៈ​មិន​សូវ​មាន​ទេ​ពោល​គឺ​ត្រូវ​បាន​ដក​ចេញ​តាំង​តែ​ពី​ឆ្នាំ​ ១៩៩៥ ​​មក​ម្ល៉េះ​ហើយ​ភាគច្រើន​យើង​​ឃើញ​គេ​សរសេរ​លើ​បដា​ថា​ «​កុំ​ចោល​សំរាម​នៅ​ទី​នេះ​! សូម​យក​ទៅ​ផ្ទះ​អ្នក​វិញ​»​។ ការ​ធ្វើ​បែប​នេះ​គឺ​ចង់​ឲ្យ​ជនជាតិ​គេ​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ចំពោះ​ខ្លួន​ឯង និង​ចូលរួម​ចំណែក​ក្នុង​ការ​ការពារ​បរិស្ថាន​របស់​ប្រទេស​ជាតិ​គេ​ក៏​ដូចជា​ដើម្បី​សុវត្ថិភាព​សាធារណៈ​ផង​ដែរ​។

ជា​ការពិត​ជាតិ​សាសន៍ និង​ប្រទេស​នីមួយៗ​តែងតែ​មាន​នូវ​ជន​អាត្មា​និយម​ដែល​ចូលចិត្ត​តែ​កេង​ចំណេញ​ពី​ជាតិ​។ ជា​ការ​ឆ្លើយតប​រដ្ឋ​អំណាច​ប្រទេស​គេ​ប្រើ​កណ្តាប់​ដៃ​ដែក​អនុវត្ត​ច្បាប់​ដាក់​កំហិត​ក្រុម​នេះ​លក្ខណៈ​បែប​ចាប់​បង្ខំ​តាមរយៈ​ការ​ផាក​ពិន័យ និង​បែបបទ​ផ្សេងៗ​ទៀត​។ ឧទាហរណ៍​ដូចជា​នៅ​ជប៉ុន និង​នៅ​តាម​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​មាន​ក្រុមហ៊ុន និង​ក្រុម​អាត្មា​និយម​ខ្លះ​កេង​ចំណេញ​ដោយ​យក​កាក​សំណល់ និង​សំរាម​របស់​ខ្លួន​ទៅ​​ដាក់​ក្នុង​ធុង​សំរាម​សាធារណៈ ឬ​មិន​បាន​វេច​ខ្ចប់​ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឡើយ​។ ជា​ដំណោះស្រាយ​សាលា​ក្រុង​គេ​ដាក់​លក់​ធុង​សំរាម និង​តម្រូវ​ឲ្យ​ទិញ​សម្រាប់​ជា​លក្ខណៈ​គ្រួសារ ឬ​ធុង​សំរាម​សម្រាប់​ជា​លក្ខណៈ​អាជីវកម្ម​។ ជន​ណា​ដែល​មិន​គោរព​តាម​សារាចរ​នេះ​នឹង​ត្រូវ​ទទួល​ការ​ផាក​ពិន័យ​ហើយ​បើ​អ្នក​ណា​មិន​វេច​ខ្ចប់​សំរាម​ដាក់​ក្នុង​ធុង​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​កម្មករ​ប្រមូល​សំរាម​នឹង​មិន​ប្រមូល​យក​សំរាម​ពី​មុខ​ផ្ទះ​នោះ​ឡើយ​។

ឯ​នៅ​ប្រទេស​យើង​វិញ​ចំណាត់ការ និង​គោល​នយោបាយ​ខាង​លើ​ដូចជា​មិន​ទាន់​មាន និង​ត្រូវ​បាន​អនុវត្ត​នៅ​ឡើយ​ទេ​។ យោង​ទៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​មាន​សំរាម​យ៉ាង​ហោច​ណាស់​ប្រហែល ១៦០០ ​តោន​ដែល​ខ្លួន​ប្រមូល​ប្រចាំ​ថ្ងៃ​ហើយ​ក្រុមហ៊ុន​នេះ​ជួល​កម្មករ​ប្រមាណ ១១៩០ ​នាក់​ដើម្បី​បំពេញ​ការងារ​ដ៏​ពិបាក​មួយ​នេះ​ខណៈ​ដែល​ប្រាក់​បៀវត្សរ៍​​របស់​ពួកគាត់​គឺ​តិចតួច​ណាស់​ពោល​គឺ​ចន្លោះ​ពី ៣០ ​ម៉ឺន ទៅ​ ៤០ ​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ​។ ​

តែ​ជា​រឿយៗ​យើង​ឮ​ការ​ស្តីបន្ទោស​ពី​សំណាក់​សាធារណជន​ក៏​ដូចជា​សាលា​ក្រុង​ភ្នំពេញ​ថា​ក្រុមហ៊ុន​មួយ​នេះ​មិន​មាន​សមត្ថភាព​ពេញលេញ​ដើម្បី​ប្រមូល​សំរាម​ឲ្យ​បាន​ស្អាត និង​ទៀងទាត់​នៅ​ទីក្រុង​ភ្នំពេញ​ឡើយ​។ ជា​ការពិត​ថា​ការ​ប្រមូល​សំរាម​នៅ​ទីក្រុង​ភ្នំពេញ ឬ​កន្លែង​ផ្សេង​ទៀត​នៅ​មាន​កម្រិត​តែ​បើ​យើង​សង្កេត​មើល​ឲ្យ​ស៊ីជម្រៅ​គឺ​យើង​ប្រាកដ​ជា​ពិបាក​នឹង​ធ្វើការ​ស្តី​បន្ទោស​ទៅ​លើ​ក្រុមហ៊ុន​នេះ​តែ​ម្នាក់​ឯង​ណាស់​ព្រោះ​កន្លង​មក​ខ្វះ​ការ​សហការ​ពី​សាធារណជន និង​ស្ថាប័ន្ធ​ពាក់ព័ន្ធ​។ ​

ឧទាហរណ៍​ដូចជា​បើ​ទោះបី​ជា​កន្លង​មក​មាន​ការ​ចេញ​សារាចរ​ក្នុង​ការ​ផាក​ពិន័យ​ជន​ណា​ដែល​បោះ​ចោល​សំរាម​នៅ​ទីធ្លាសាធារណៈ​ក្តី​ក៏​ការ​អនុវត្ត​វិធានការ​នេះ​មិន​ត្រូវ​បាន​រឹតបន្តឹង​ឡើយ​ហើយ​ដែន​សមត្ថកិច្ច​ថា​តើ​ស្ថាប័ន​មួយ​ណា​ដែល​មាន​តួនាទី​ក្នុង​ការ​អនុវត្ត និង​រឹត​បន្តឹង​វិធាន​នេះ​ក៏​ដូចជា​មិន​ច្បាស់លាស់​ដែរ​។

ជា​ការ​ពិត​ក្រៅ​តែ​ពី​បំរាម​ខាង​លើ​ក្រសួង​ពាក់ព័ន្ធ​ក៏​បាន​ប្រឹងប្រែង​ខ្លះ​ដែរ​ដូចជា​ការ​បង្កើត​ឲ្យ​មាន​កម្មវិធី «​ទីក្រុង​ស្អាត​» ដែល​មាន​គណៈកម្មការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ហើយ​ខេត្ត​ក្រុង​នីមួយៗ​នឹង​ត្រូវ​បាន​វាយតម្លៃ និង​ដាក់​ពិន្ទុ​ដោយ​គណៈកម្មការ​មួយ​នេះ​ហើយ​ពេល​ថ្មីៗ​នេះ​តារា​ចម្រៀង​មួយ​ចំនួន​ត្រូវ​បាន​ទទួល​ងារ​ជា «​ឯកអគ្គរាជទូត​សុច្ឆនៈ​ទីក្រុង​ស្អាត​» ដែល​នេះ​នឹង​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ក្នុង​ការ​កែលម្អ​សោភណភាព​ខេត្ត​ក្រុង និង​តំបន់​ទេសចរណ៍​ផ្សេងៗ​ទៀត​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។

កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ប្រពៃ​ណាស់​ក៏​ប៉ុន្តែ​មិន​ទាន់​ជា​មាន​ប្រសិទ្ធភាព និង​ឆ្លើយតម​ទៅ​នឹង​ស្ថានភាព និង​ឥរិយាបថ​របស់​ជនជាតិ​យើង​នៅ​ឡើយ​ទេ​។ សំរាម​នៅ​តែ​ជា​បញ្ហា​ប្រឈម​ហើយ​ក្រុម​ឆ្លៀត​ឱកាស​មួយ​ចំនួន​ធំ​នៅ​តែ​អាច​បង្ហូរ​កាក​សំណល់​ខ្លួន​ចូល​ក្នុង​ទន្លេ និង​សមុទ្រ​ហើយ​ក្រុមហ៊ុន​សាងសង់​ខ្លះ​ទៀត​នៅ​តែ​អាច​យក​សំណល់​របស់​ខ្លួន​មក​ចាក់​លើ​ផ្លូវ​សាធារណៈ​ដែល​ស្ទើរ​តែ​ក្លាយ​ជា​ប្រពៃណី​របស់​ក្រុម​នេះ​ទៅ​ហើយ​។ ជា​ដំណោះស្រាយ​ក្រសួង​ពាក់ព័ន្ធ និង​សាលា​ក្រុង​គួរ​ណាស់​តែ​ចាត់​វិធានការ​ក្តៅ​ចំពោះ​ម្ចាស់​ក្រុមហ៊ុន សហគ្រាស​ អាជីវករ និង​ពលរដ្ឋ​ណា​ដែល​នៅ​តែ​បំពាន​លើ​បំរាម​នេះ​។

ឧទាហរណ៍​ដូចជា​សាលា​ក្រុង និង​ក្រុមហ៊ុន​ស៊ិនទ្រី​អាច​យក​ការ​អនុវត្ត​របស់​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​លោក​ខាង​លិច​ខ្លះ​មក​អនុវត្ត​ដោយ​ដាក់​លក់​ធុង​សំរាម​សម្រាប់​លក្ខណៈ​គ្រួសារ និង​លក្ខណៈ​អាជីវកម្ម​ដែល​អាច​នឹង​ជួយ​បង្កើន​ចំណូល​ទៅ​ក្នុង​ថវិការ​ជាតិ​ក៏​ដូចជា​សម្រួល​ដល់​ការងារ​របស់​កម្មករ​ប្រមូល​សំរាម​របស់​ខ្លួន​ផង​ជាពិសេស​ជាង​នេះ​ទៅ​ទៀត​ទាំង​សាលាក្រុង និង​ក្រុមហ៊ុន​ក៏​អាច​មាន​លទ្ធភាព​ដំឡើង​​ប្រាក់ខែ​ដល់​កម្មករ​ប្រមូល​សំរាម​ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់​ឲ្យ​បាន​សមរម្យ​ផង​ដែរ​។

បន្ថែម​លើ​នេះ​ទៀត​ក្រសួង​ពាក់ព័ន្ធ និង​សាលា​ក្រុង​ ឬ​ខេត្ត​គួរ​តែ​តាមដាន​ឲ្យ​បាន​ដិតដល់​ដើម្បី​ធានា​ថា​ម្ចាស់​សហគ្រាស និង​អាជីវកម្ម​គ្រប់​ប្រភេទ​នឹង​មិន​បង្ហូរ​កាកសំណល់​របស់​ខ្លួន​ចូល​ទន្លេ ឬ​សមុទ្រ​ឡើយ​។ ចំពោះ​អ្នក​ណា​ដែល​មិន​គោរព​តាម​ការ​ណែនាំ​នេះ​ស្ថាប័ន​មាន​សមត្ថកិច្ច​គួរតែ​ធ្វើការ​ផាកពិន័យ​ឯ​ក្រុមហ៊ុន​ប្រមួល​សំរាម​អាច​ធ្វើការ​ផ្អាក ឬ​មិន​ប្រមួល​សំរាម​ពី​ស្ថាប័ន ឬ​ផ្ទះ​បុគ្គល​នោះ​តែ​ម្តង​រហូត​ទាល់​តែ​គេ​គោរព​តាម​សេចក្តី​ណែនាំ​។

បន្ថែម​ពី​លើ​នេះ​ទៀត​ក្រសួង​មាន​សមត្ថកិច្ច​គួរ​ណាស់​តែ​រៀបចំ​ការ​ប្រកួត​ប្រជែង និង​វាយតម្លៃ​ប្រចាំ​ឆ្នាំ​ទៅ​ដល់​គ្រឹះស្ថាន​សាធារណៈ និង​ឯកជន​ទាក់ទង​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការ​ចូលរួម​សំអាត​ក៏​ដូចជា​ការពារ​បរិស្ថាន​។ ​

កម្មវិធី​នេះ​នឹង​កាន់តែ​លើក​ទឹក​ចិត្ត​ដល់​ស្ថាប័ន​ដែល​មាន​ឆន្ទៈ​ខ្ពស់​ឲ្យ​ខិតខំ​បន្ថែម​ទៀត​ឯ​អ្នក​ដែល​មិន​ទាន់​បាន​ធ្វើ​អាច​នឹង​មាន​ការ​ភ្ញាក់​រឭក​។ ការ​វាយ​តម្លៃ​នេះ​គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សុក្រឹត និង​ស្មើភាព​គ្នា​ជា​ជាង​ការ​ឲ្យ​ប័ណ្ណ​សរសើរ និង​វាយតម្លៃ​ល្អ​ទៅ​តែ​តាម​ការ​នឹក​ឃើញ ឬ​តាមរយៈ​បក្ខពួក​ខ្លួន​ព្រោះ​កន្លង​មក​ខណ្ឌ​ខ្លះ​ដែល​មិន​ខ្វល់​រឿង​ស្អី​សោះ​ហើយ​សុទ្ធ​តែ​សំរាម​នោះ​ក៏​ត្រូវ​ទទួល​បាន​ចំណាត់ថ្នាក់​ជា «​ទីក្រុង​ស្អាត​» ហ្នឹង​គេ​ដែរ​។ ​

ឯ​ក្រុមហ៊ុន​ខ្លះ​ទៀត​នោះ​យក​តែ​ផ្លូវ​សាធារណៈ​ធ្វើ​ជា​ចំណត​អតិថិជន​ខ្លួន​សោះ​ក៏​បាន​ប័ណ្ណ​សរសើរ​ពី​រាជរដ្ឋាភិបាល​ដែរ​ ដែល​នេះ​មិន​ខុស​អ្វី​ពី​និស្សិត​ក្រីក្រ​ដែល​រៀន​ពូកែ​បែរ​ជា​ត្រូវ​បង់​ថ្លៃ​សាលា​ឯ​និស្សិត​ខ្ជិល​រៀន​មិន​កើត​ហើយ​ជិះ​ឡាន​ទំនើប​មក​រៀន​បែរ​ជា​ទទួល​បាន​អាហារូបករណ៍​រៀន​មិន​អស់​លុយ​ទៅវិញ​។

ជារួម​សង្គម​ជាតិ​មួយ​រឹងមាំ​គឺ​ដោយសារ​មាន​ការ​ចូលរួម​យ៉ាង​សកម្ម និង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ពី​សំណាក់​ប្រជាពលរដ្ឋ​នោះ​ឯង​។ ការ​ជួយ​អភិវឌ្ឍ​ជាតិ​គឺ​មិន​ចាំបាច់​ទាល់តែ​ទៅ​បើក​គណបក្ស​នយោបាយ​ខ្លួនឯង​ឡើយ ឬ​ក៏​ទាល់​តែ​ទៅ​ដុត​កង់​ឡាន​ទាមទារ​ឲ្យ​អ្នក​នយោបាយ​រូប​ណា​បកស្រាយ​រឿង​គាត់​មាន ឬ​មិន​មាន​ស្រី​នោះ​ទេ​តែ​តាមរយៈ​សកម្មភាព​តួចៗ​ដែល​មាន​ប្រយោជន៍​ដល់​សង្គម​របស់​យើង​នេះ​ឯង​។ ការងារ​អភិវឌ្ឍ​ជាតិ​ជា​ការងារ​រួម​ហើយ​ប្រទេស​ជាតិ​យើង​មាន​សោភណ​ស្រស់​ស្អាត​គឺ​ដោយសារ​មាន​ការ​ចូលរួម​របស់​យើង​ជា​ពលរដ្ឋ​ទាំងអស់​គ្នា​មិនមែន​ពឹង​ផ្អែក​តែ​លើ​សាលា​ក្រុង​ ឬ​ខេត្ត និង​ក្រុមហ៊ុន​ស៊ីនទ្រី​នោះ​ទេ​។

ជាតិសាសន៍​ដទៃ​ទៀត​គេ​ទៅ​ដល់​ភព​ព្រះចន្ទ្រ​ហើយ​ឯ​អ្នក​ជិត​ខាង​យើង​ដែល​យើង​តែងតែ​ជេរ​គេ​ថា «​អាចោរ​សៀម ឬ​អាចោរ​យួន​» នោះ​គេ​ចេះ​ធ្វើ​រថក្រោះ និង​យន្តហោះ​អស់​ហើយ​និយាយ​ឲ្យ​ស្រួល​ស្តាប់​ទៅ​នៅ​តែ​ជនជាតិ​យើង​ទេ​តើ​ដែល​មិន​ចេះ​ធ្វើ​អ្វី​សោះ​សូម្បី​តែ​ការ​ដាក់​សំរាម​ក្នុង​ធុង ឬ​ឈរ​តម្រង់​ជួរ​។ បើ​គ្រាន់​តែ​រឿង​តូចតាច​ដូចជា​ការ​ដាក់​សំរាម​ក្នុង​ធុង និង​ឈរ​តម្រង់​ជួរ​យើង​មិន​ទាំង​ចេះ​ធ្វើ​ផង​តើ​សម​ទេ​ដែល​យើង​អួត​ប្រាប់​ពិភពលោក​ថា​យើង​ជា​ពួជ​អ្នក​សាង​អង្គរ​នោះ​?

ស៊ិន សុផារិទ្ធ ជា​និស្សិត​ឆ្នាំ​ទី​ ៤ ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ
sopharithmfaic@gmail.com

No comments: