![]() |
ទន្សោងដាច់ជើងមុនងាប់ និងបុរសកាន់ក្បាលខ្ទីងដែលគេបាញ់សម្លាប់ឯក្រោយខ្នងគាត់ជាសាច់ខ្ទីង។ សហការី/WWF
|
ទន្សោងជាប់អន្ទាក់ ១ ក្បាលងាប់ ខណៈខ្ទីង ១ ក្បាលត្រូវគេបាញ់សម្លាប់
Thu, 10 March 2016 ppp
ផាក់ ស៊ាងលី
កំពង់ស្ពឺ/មណ្ឌលគិរីៈ សត្វទន្សោងដែលជាប្រភេទសត្វកម្រមួយក្បាលបានងាប់បន្ទាប់ពីជាប់អន្ទាក់ព្រានដាច់ជើងជាង ១០ ថ្ងៃនៅព្រៃសហគមន៍មួយកន្លែងក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺខណៈដែលសត្វខ្ទីងមួយក្បាលផ្សេងទៀតត្រូវបានទាហានបាញ់សម្លាប់យកសាច់នៅក្នុងព្រៃការពារនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។
សហគមន៍ប្រាំបីមុំ (ហៅចង្រាស) នៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពងបានឲ្យដឹងថាសត្វទន្សោងឈ្មោលអាយុ ៦ ឆ្នាំមួយក្បាលបានងាប់នៅនឹងផ្ទះរបស់អ្នកភូមិកាលពីព្រឹកថ្ងៃអង្គារបន្ទាប់ពីត្រូវជួយយកចេញពីក្នុងព្រៃឲ្យពេទ្យសត្វព្យាបាល។
លោក សឿន ឡាយ ប្រធានសហគមន៍បានបញ្ជាក់ថា៖ «ទន្សោងហ្នឹងជាប់អន្ទាក់វាត់ព្រានព្រៃដាច់ជើងក្រោយស្តាំ។ អន្ទាក់វាត់ខ្លាំងដាច់សាច់ដល់ឆ្អឹងជាង ១០ ថ្ងៃមកហើយ។ ពេលយើងឃើញវាជើងនោះជិតដាច់ចេញហើយនៅសល់តែសរសៃប៉ុណ្ណោះ»។
លោកបានឲ្យដឹងថាក្រុមល្បាតបានឃើញអន្ទាក់ធ្វើពីខ្សែនីឡុងមួយដាច់នៅក្នុងព្រៃកាលពីថ្ងៃទី ២៧ ខែមុនហើយនៅថ្ងៃសៅរ៍សប្តាហ៍មុនទើបពួកគាត់ ៤ នាក់បានប្រទះឃើញសត្វទន្សោងនោះនៅជាមួយនឹងទន្សោង ៦ ក្បាលផ្សេងទៀតដោយមានខ្សែអន្ទាក់ប្រវែង ១ ម៉ែត្រ ៣ តឹកជាប់នឹងជើងវា។ ទន្សោងផ្សេងទៀតបានរត់ចូលព្រៃជ្រៅអស់សល់តែទន្សោងត្រូវរបួសនោះវារត់មិនរួច។
លោកថា ដោយខ្លាចត្រូវព្រានព្រៃតាមប្រមាញ់វាសហគមន៍ជាង ២០ នាក់បានតាមឃ្លាំមើលវាទាំងយប់ទាំងថ្ងៃរហូតដល់ថ្ងៃចន្ទទើបវាដើរលែងរួចហើយសហគមន៍បានសម្រេចចិត្តចាប់វាដាក់លើគោយន្តដឹកចូលភូមិដើម្បីឲ្យពេទ្យសត្វព្យាបាល។
![]() |
ក្មេងៗ ឈរមើលទន្សោងដែលជាប់អន្ទាក់ ១ ក្បាលងាប់។ រូបថត សហការី |
លោក ឡាយ បានថ្លែងថា៖ «វារត់មិនរួចដោយសារជើងហើម និងដាច់ហ្នឹង។ វាអត់អាហារ អត់ទឹក អស់កម្លាំងក៏ដេកទើបយើងចាប់ដឹកចម្ងាយជាង ២០ គីឡូម៉ែត្ររហូតដល់ភូមិ។ វាស៊ីស្មៅ ស្លឹកចេក ផឹកបានតិចវាងើបឈរបានម្តងក៏ដេករហូតងាប់នៅម៉ោងជាង ៤ ទៀបភ្លឺមុនពេទ្យសត្វមកមើល»។
បើទោះបីជាមានការសោកស្តាយយ៉ាងណាក៏សហគមន៍ និងអាជ្ញាធរមូលដ្ឋានបានយល់ស្របគ្នាលក់ខ្មោចសត្វទន្សោងនោះឲ្យគេក្នុងតម្លៃ ១ លាន ២ សែនរៀលដើម្បីយកប្រាក់ទៅធ្វើរោងយាមសម្រាប់សហគមន៍។
ប្រធានសហគមន៍រូបនោះក៏បានឲ្យដឹងផងដែរថាមានអន្ទាក់សត្វរាប់រយម៉ែត្រត្រូវបានក្រុមល្បាតរកឃើញ និងបំផ្លាញចោលស្ទើររៀងរាល់ថ្ងៃហើយព្រានដែលដាក់នោះគឺមកពីឃុំអមលាំងនៅជាប់នឹងព្រៃសហគមន៍។
លោកថា សត្វទន្សោងគឺជាប្រភេទសត្វសំខាន់ជាងគេក្នុងព្រៃសហគមន៍ទំហំ ៨៦២ ហិកតារបស់ពួកគាត់។ កាលពីមុនសត្វនេះមានរាប់រយក្បាលប៉ុន្តែបច្ចុប្បន្ននេះនៅសល់មិនដល់ ១០០ ក្បាលផងបន្ទាប់ពីបាត់បង់ព្រៃដោយសារការបំផ្លាញ និងឈូសដីយកដាំអំពៅរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។
ព្រះសង្ឃព្រះនាម ព្រហ្ម ធម្មជាតិ ដែលចូលរួមជួយអភិរក្សបរិស្ថាន និងសត្វព្រៃនៅសហគមន៍នេះបានសន្និដ្ឋានថាសត្វទន្សោងនោះស្លាប់ដោយសារតែអត់អាហារ និងភ័យតក់ស្លុតពេលសហគមន៍ដឹកចូលក្នុងភូមិមានមនុស្សច្រើន។
ព្រះអង្គមានសង្ឃដីកាថា៖ «តាមពិតគេត្រូវចាក់ថ្នាំវាឲ្យសន្លប់សិនកុំឲ្យវាភ័យខ្លាចមនុស្ស។ តែសហគមន៍មិនដឹងធ្វើម៉េចមានតែចាប់ជួយស្រស់ៗអ៊ីចឹងទៅ។ អ៊ីចឹងទន្សោងហ្នឹងវាខ្លាចភ័យតក់ស្លុតហើយអាចគាំងបេះដូងងាប់អ៊ីចឹង»។
ព្រះអង្គមានបំណងឲ្យសហគមន៍យកខ្មោច ឬឆ្អឹងទន្សោងនោះធ្វើពិធីបង្សុកូលដោយសូត្រវិយោគកថាពីសត្វព្រៃទៅតាមទម្លាប់ដែលធ្លាប់ធ្វើកន្លងមកដើម្បីលើកតម្លៃសត្វព្រៃ។ ប៉ុន្តែគួរឲ្យសោកស្តាយដែលសហគមន៍បានលក់វាទៅហើយ។
ព្រះអង្គបានអំពាវនាវដល់ពលរដ្ឋអាជ្ញាធរ និងអង្គការក្រៅរដ្ឋាភិបាលឲ្យជួយចូលរួមថែរក្សាសត្វព្រៃដែលនៅសេសសល់ទាំងនោះព្រោះថាអង្គការអភិរក្សសត្វព្រៃផ្សេងៗតែងតែមើលរំលងការអភិរក្សនៅសហគមន៍នេះ។
ករណីដាច់ដោយឡែកមួយទៀតសត្វខ្ទីងមួយក្បាលត្រូវបានគេបាញ់ងាប់យកសាច់នៅក្នុងព្រៃការពារមណ្ឌលគិរីកាលពីប៉ុន្មានថ្ងៃមុនហើយត្រូវក្រុមល្បាតប្រទះឃើញកាលពីព្រឹកថ្ងៃពុធម្សិលមិញនៅចំណុចអរក្លាយស្ថិតក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែក។
លោក អ៊ុន ចក្រី ប្រធានផ្នែកទំនាក់ទំនងនៃអង្គការ WWF កម្ពុជាដែលសហការជាមួយរដ្ឋបាលព្រៃឈើក្នុងការអភិរក្សព្រៃការពារនោះបានឲ្យដឹងថាសត្វខ្ទីងនោះគឺស្ថិតក្នុងវ័យជំទង់ដែលទំនងត្រូវបានគេបាញ់សម្លាប់យកសាច់នៅចម្ងាយប្រមាណ ១០០ ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម។ ក្រុមល្បាតបានប្រទះឃើញក្បាល និងសាច់ខ្ទីងត្រូវគេហាលហើយ និងជនសង្ស័យ ៥ នាក់។ ក្នុងនោះមានទាហាន ៤ នាក់ និងពលរដ្ឋម្នាក់។
លោក ចក្រី បញ្ជាក់ថា៖ «យើងស្គាល់ជនសង្ស័យហើយ។ មានទាហានការពារព្រំដែនហ្នឹង ៤ នាក់ និងអ្នកភូមិម្នាក់។ យើងមិនដឹងគេបាញ់នឹងអីទេតែទៅដល់ឃើញពួកគាត់នៅទីនោះ និងមានសាច់ហ្នឹងហាល និងក្បាលខ្ទីងនៅកន្លែងគាត់»។
លោកបានបន្តថាបើទោះបីជាមានវត្ថុតាងក្ដីក៏ជនសង្ស័យទាំង ៥ នាក់មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយហើយអង្គការ និងមន្ត្រីជំនាញកំពុងធ្វើលិខិតស្នាមដើម្បីដាក់ទៅតុលាការខេត្តឲ្យចាត់ការតាមច្បាប់។
ទោះយ៉ាងណាលោក ឡុង ប៊ុង ប្រធានព្រៃការពារមណ្ឌលគិរីបានអះអាងថាលោកមិនទាន់បានដឹងថាអ្នកណាជាអ្នកប្រព្រឹត្តនៅឡើយនោះទេព្រោះថាកន្លែងរកឃើញសាច់ និងក្បាលខ្ទីងនោះគឺនៅក្នុងព្រៃ។ ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេពីម្សិលមិញ។
នេះជាករណីបាញ់សម្លាប់សត្វខ្ទីងជាប្រភេទសត្វកម្រលើកទី ១ ហើយនៅខេត្តមណ្ឌលគិរីក្នុងឆ្នាំ ២០១៦ នេះ។ កន្លងមកសត្វខ្ទីងត្រូវបានគេបាញ់សម្លាប់ជាបន្តបន្ទាប់ដូចគ្នាទៅនឹងដំរីចំនួន ៤ ក្បាលចាប់តាំងពីឆ្នាំ ២០១៣ មកនោះដែរ។ ប៉ុន្តែជនល្មើសមិនទាន់ត្រូវបានរកឃើញនៅឡើយនោះទេ៕
No comments:
Post a Comment