Manekseka Sangkum: One is prone to bullying whilst the other is error-prone?
....
យុវជនគាំទ្របក្សប្រជាជនទាមទារឲ្យលោក សម រង្ស៊ី សុំទោសរឿងហ្វេសប៊ុក
ដោយ សុ ជីវី
2016-03-12
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និងប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថតឆ្នាំ២០១៥
Photo: RFA
ក្រុមយុវជនគាំទ្រលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ទាមទារអោយលោក សម រង្ស៊ី សុំទោសជាសាធារណៈករណីបង្ហោះសារក្នុងហ្វេសប៊ុក (Facebook) របស់លោកថា រកឃើញ Likes ក្លែងក្លាយលើបណ្ដាញសង្គមហ្វេសប៊ុក របស់លោក ហ៊ុន សែន។
សេចក្ដីថ្លែងការណ៍របស់ក្រុមយុវជនសម្ព័ន្ធសេនានាគ ដែលចេញផ្សាយកាលពីថ្ងៃទី១១ ខែមីនា អោយដឹងថា សំណេររបស់លោក សម រង្ស៊ី នោះ ជាពាក្យពេចន៍អកុសល អវិជ្ជា ខ្វះការទទួលខុសត្រូវ និងជាការប្រមាថ មាក់ងាយពលរដ្ឋ និងសង្គមខ្មែរ ដែលចូលទៅចុច like ទំព័រហ្វេសប៊ុក របស់លោក ហ៊ុន សែន។
ក្រុមសម្ព័ន្ធយុវជនសេនានាគដដែលលើកឡើងថា ក្រុមរបស់ពួកគេគោរព ស្រឡាញ់ អាណិត ចូលចិត្ត (Like) ទំព័រហ្វេសប៊ុក របស់លោក ហ៊ុន សែន។
សេចក្ដីថ្លែងការណ៍នេះចុះហត្ថលេខាដោយប្រធានប្រតិបត្តិក្រុមយុវជនសម្ព័ន្ធសេនានាគ លោក ប៉ាន់ខែម ប៊ុនថន និងជាជំនួយការរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់ដឹកនាំការតវ៉ាទាមទារទម្លាក់លោក កឹម សុខា ពីតំណែងជាអនុប្រធានទី១នៃរដ្ឋសភា កាលពីចុងឆ្នាំ២០១៥ ដែលកាលនោះក៏មានហិង្សាវាយដំលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២រូបដែរ។
ពាក់ព័ន្ធនឹងសារនៅលើហ្វេសប៊ុក របស់លោក សម រង្ស៊ី នេះដែរ មន្ត្រីគណបក្សប្រជាជនកម្ពុជា លោក សោម សឿន ក៏បានប្ដឹងលោក សម រង្ស៊ី អោយតុលាការចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន ២០លានរៀល។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងសុំការឆ្លើយតបភ្លាមៗពីលោក សម រង្ស៊ី បាននៅឡើយទេ នៅថ្ងៃទី១២ ខែមីនា។
លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែមីនា បានសរសេរនៅលើទំព័រហ្វេសប៊ុក របស់លោកថា “ធ្លាយព័ត៌មានមួយតាមរយៈកាសែតភ្នំពេញប៉ុស្តិ៍ ពីមតិចូលចិត្ត ឬ Like ក្លែងក្លាយលើទំព័រហ្វេសប៊ុក របស់លោក ហ៊ុន សែន”។ លោកថា ចំនួនចូលចិត្ត ឬ Like មួយចំនួនធំលើទំព័រហ្វេសប៊ុក លោក ហ៊ុន សែន គឺបានមកពីការទិញ ឬជួលមនុស្សក្រីក្រដែលអត់ការងារធ្វើឲ្យបង្កើតគណនីក្លែងក្លាយ ដើម្បីផ្ដល់មតិ ចូលចិត្ត ឬ Like ឲ្យលោក ហ៊ុន សែន។ លោក សម រង្ស៊ី សរសេរបន្តថា អ្នកដែលគេជួលឲ្យធ្វើបែបនេះ ច្រើនជាងគេគឺនៅប្រទេសឥណ្ឌា (India) និងហ្វីលីពីន (Philippines)៕
No comments:
Post a Comment