Manekseka Sangkum: Smaller fish to fry?
....
ជនជាតិដើមភាគតិចស្ទៀង៧នាក់ត្រូវតុលាការហៅសាកសួររឿងកាប់រានព្រៃ
ដោយ រដ្ឋា វិសាល
2016-03-12
ផែនទីខេត្តមណ្ឌលគិរី
Photo: RFA
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី កោះហៅជនជាតិដើមភាគតិចស្ទៀង ៧នាក់មកឆ្លើយបំភ្លឺរឿងក្ដីចោទប្រកាន់ពួកគាត់ពីបទកាប់រានដីព្រៃខុសច្បាប់ធ្វើចំការ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសំដែងការបារម្ភចំពោះការចោទប្រកាន់សហគមន៍ជនជាតិដើមដែលមានទម្លាប់កាប់រានព្រៃធ្វើស្រែចំការ។
ប្រជាពលរដ្ឋដែលមានកំណើតជនជាតិដើមភាគតិចស្ទៀង ៧នាក់ រស់នៅភូមិអូរអាម ឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បារម្ភចំពោះសុវត្ថិភាព ខណៈចៅក្រមស៊ើបសួរសាលាដំបូងចេញដីកាកោះហៅពួកគេឲ្យចូលទៅបំភ្លឺនៅតុលាការ នៅថ្ងៃទី១៥ ខែមីនា ខាងមុខនេះ។
អ្នកភូមិម្នាក់ក្នុងចំណោម ៧នាក់ ដែលមានឈ្មោះក្នុងដីកាកោះហៅ គឺលោក ខ្លូយ ច្រិ មានប្រសាសន៍ថា ពួកគាត់មិនដឹងថា បានធ្វើអ្វីខុសនោះទេទាក់ទិនដីកាកោះហៅនេះ។ លោកកត់សំគាល់ថា កាលពីឆ្នាំ២០១២ ពួកគាត់បានកាប់រានព្រៃម្នាក់ប្រមាណ ១ហិកតារ ទៅ ២ ឬ ៣ហិកតារតាមប្រពៃណីជនជាតិដើមដើម្បីធ្វើចំការដាំស្វាយចន្ទី ដាំស្រូវ និងដាំដំឡូងនៅតំបន់ភូមិចាស់របស់ពួកគាត់ ក៏ប៉ុន្តែតំបន់នោះត្រូវបានមន្ត្រីអភិរក្សជីវចម្រុះកែវសីមា ហាមមិនឲ្យអ្នកភូមិកាប់រានទេដោយសំអាងថា ជាដីតំបន់អភិរក្ស៖ «ស្រុកកំណើតភូមិពូនាង ចាស់ ស្រុកពីបូរាណបានគេកាប់នោះ។ ចំការវិលជុំកាប់ពីឆ្នាំ២០១២ មិនមែនដីព្រៃធំ មានបេង នាងនួន ឬមានអ្វីសំខាន់ទេ ដល់ថ្ងៃនេះគេចោទកាប់បំផ្លាញព្រៃឈើខ្ញុំឆ្ងល់ត្រង់នេះ»។
ដីកាកោះហៅអ្នកភូមិទាំង ៧នាក់ ដែលសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី បានទទួលពីអ្នកភូមិឲ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី លោក ស៊ុយ សុភា កោះហៅអ្នកភូមិក្នុងរឿងចោទប្រកាន់ពីបទកាប់រានព្រៃឈើ ក៏ប៉ុន្តែមិនបានបញ្ជាក់ពីដើមបណ្ដឹងនោះឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងចៅក្រមស៊ើបសួរលោក ស៊ុយ សុភា សុំអធិប្បាយពីដីកាកោះហៅនេះបានទេ នៅថ្ងៃទី១២ ខែមីនា។
ចំណែកមេឃុំស្រែខ្ទុំ លោក ប៊ុត សំអែល ឲ្យដឹងថា លោកបានទទួលដំណឹងពីអ្នកភូមិស្ដីពីការកោះហៅនេះដែរ។ លើសពីនេះទៀត លោកទទួលស្គាល់ថា ព្រៃដែលអ្នកភូមិកាប់រានគឺជាព្រៃក្នុងតំបន់
អភិរក្ស៖ «កាប់ចំការពិតជាកាប់រាន ហើយរុករានដីថ្មី»។
កាលពីថ្ងៃទី១០ ខែមីនា អ្នកភូមិទាំង ៧នាក់ ដែលឋិតក្នុងបញ្ជីឈ្មោះតុលាការកោះហៅ បានធ្វើដំណើរទៅប្រឹក្សាយោបល់ជាមួយមន្ត្រីការពារសិទ្ធិមនុស្សអាដហុក ខេត្តមណ្ឌលគិរី ដើម្បីស្វែងរកលទ្ធភាពផ្លូវច្បាប់ចូលបំភ្លឺតាមការកោះហៅនេះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ថ្លែងថា ដោយសារអ្នកភូមិមានទម្លាប់ធ្វើចំការវិលជុំ ហេតុនេះអ្នកភូមិតែងកាប់រានព្រៃយកដីធ្វើចំការ។ លោកថា វិធានការអប់រំ និងដោះស្រាយកង្វះខាតដីជូនពលរដ្ឋជនជាតិដើមភាគតិចគឺជាជម្រើសប្រសើរជាងការប្រើការចោទប្រកាន់ក្នុងបទព្រហ្មទណ្ឌទៅលើជនជាតិដើមភាគតិចក្នុងការកាប់រានដីធ្វើចំការវិលជុំ៖ «មិនត្រូវឲ្យមាន ការផ្ដន្ទាទោសពួកគាត់ ដោយសារពួកគាត់មិនយល់ដឹងពីច្បាប់។អាជ្ញាធរមូលដ្ឋានក៏មិនត្រូវ បដិសេធសំណើប្រជាពលរដ្ឋ បើសិនប្រជាពលរដ្ឋនោះក្រីក្រ»។
ច្បាប់ព្រៃឈើហាមឃាត់ការអនុវត្តចំការពនេចរចំពោះព្រៃធម្មជាតិមិនទាន់ប៉ះពាល់ក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍។ ដីព្រៃឈើរៀបចំបម្រុងសម្រាប់ចំការពនេចរត្រូវកំណត់ដោយអនុក្រឹត្យ។ទោះជាយ៉ាងណាក្តី អ្នកភូមិអះអាងថា ពួកគាត់នឹងចូលខ្លួនទៅបំភ្លឺតាមការកំណត់របស់ចៅក្រមស៊ើបសួរ៕
No comments:
Post a Comment