Monday, 7 March 2016
មន្ត្រីបរិស្ថានត្រូវគេចោទថា មិនចាប់ឈើដឹកចេញពីដែនជម្រកសត្វ
ឈើដែលគេកាប់នៅដែនជម្រកសត្វព្រៃឱរ៉ាល់ដើម្បីដឹកយកទៅលក់នៅវៀតណាម។ រូបថត ជា ហ៊ាន
មន្ត្រីបរិស្ថានត្រូវគេចោទថា មិនចាប់ឈើដឹកចេញពីដែនជម្រកសត្វ
Mon, 7 March 2016 ppp
ផាក់ ស៊ាងលី
កំពង់ស្ពឺៈ មន្ត្រីបរិស្ថានបានរងការចោទប្រកាន់ថាមិនចាត់វិធានការបង្ក្រាបរថយន្តដឹកឈើប្រណីតជាង ១០ ម៉ែត្រគុបចេញពីដែនជម្រកសត្វព្រៃឱរ៉ាល់ទៅប្រទេសវៀតណាមនៅពេលដែលអង្គការមួយស្នើសុំអន្តរាគមន៍កាលពីយប់ថ្ងៃសៅរ៍។
រថយន្តពីរគ្រឿងដឹកឈើធ្នុងជាង ១០ ម៉ែត្រគុបចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺទៅលក់នៅប្រទេសវៀតណាមដោយរលូនដោយគ្មានការបង្ក្រាបពីមន្ត្រីជំនាញនោះទេកាលពីយប់ថ្ងៃសៅរ៍បើទោះបីជាមានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋស្នើសុំកិច្ចអន្តរាគមន៍បន្ទាន់មួយពីមន្ត្រីទាំងនោះយ៉ាងណាក៏ដោយ។ នេះបើយោងតាមលោក ជា ហ៊ាន ប្រធានអង្គការមួយនេះ។
លោក ជា ហ៊ាន បានបញ្ជាក់កាលពីម្សិលមិញថា៖ «ពេលដែលឃើញគេកំពុងស្ទូចឈើដាក់ឡានខ្ញុំបានរាយការណ៍សុំអន្តរាគមន៍ពីនាយកដែនជម្រកលោក យ៉ង់ ភារម្យ តែមិនលើកទូរស័ព្ទ។ ខ្ញុំបានតេទៅលោក នៅ ណាក់ អនុប្រធានមន្ទីរបរិស្ថានខេត្ត និងអ្នកនាំពាក្យក្រសួងបរិស្ថានតែលទ្ធផលគឺគ្មានការបង្ក្រាបទេ»។
លោក ជា ហ៊ាន បានអះអាងថាឈើទាំងនោះត្រូវបានគេកាប់នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ត្រង់ចំណុចច្រេះត្រងាំជ្រាំដែលជាតំបន់ព្រំដែនរវាងខេត្តកំពង់ស្ពឺ និងពោធិ៍សាត់ហើយគេដឹកយកទៅលាក់ទុកនៅចំណុចពាមល្វា និងស្រែច្រាបស្ថិតក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។
លោកបន្តថា កាលពីវេលាម៉ោងប្រមាណ ៩ និង ១០ យប់ថ្ងៃសុក្រឈើទាំងនោះត្រូវបានស្ទូចដាក់រថយន្តយីឌុប ២ គ្រឿងហើយបានដឹកចេញនៅវេលាម៉ោង ២ យប់ (ត្រូវនឹងព្រឹកថ្ងៃសៅរ៍) តាមចំណុចស្ពានដែកកាត់តាមផ្សារកន្ទួតចេញតាមផ្លូវ ៤២ កាត់តាមសាលាស្រុកឱរ៉ាល់សំដៅទៅកាន់ក្រុងច្បារមន។ លោកថាបន្ទាប់មកគេដឹកឆ្ពោះទៅតាមខេត្តតាកែវដើម្បីចេញទៅប្រទេសវៀតណាម។
លោកថ្លែងថា៖ «នៅតាមផ្លូវមានប៉ុស្តិ៍ច្រើនណាស់ដូចជាប៉ុស្តិ៍រដ្ឋបាលព្រៃឈើផង ប៉េអឹមផង ប៉ូលិសផង ទាហានផងតែដូចជាគេត្រូវគ្នា។ គ្មានអ្នកណាចេញមុខស្ទាក់ចាប់ទេទោះបីយើងសុំអន្តរាគមន៍។ យើងសង្ស័យថាគេអាចពាក់ព័ន្ធនឹងការទទួលសំណូកសូកប៉ាន់។ បើគ្មានគេបង្ក្រាបហើយ»។ ទោះយ៉ាងណាលោកមិនបានដឹងថាឈើទាំងនោះជារបស់អ្នកណានោះទេ។
តាមរយៈរូបថត និងវីដេអូឃ្លីបដែលលោក ជា ហ៊ាន បានលួចថតកាលពីថ្ងៃសុក្រកន្លងមកនៅមុនពេលពួកឈ្មួញដឹកឈើចេញបានបង្ហាញថាឈើទាំងនោះត្រូវបានគេអារច្រៀកជាបួនជ្រុងហើយដាក់គរបន្តកន្ទុយគ្នាជាច្រើនកន្លែងនៅក្នុងព្រៃ។
លោក យ៉ង់ ភារម្យ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់លោក នៅ ណាក់ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងលោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។
រីឯលោក សឹង ប៊ុនហេន នាយករងដែនជម្រកបានចុចផ្តាច់ទូរស័ព្ទ និងបិទទូរស័ព្ទដោយគ្រាន់តែឮថាកាសែតភ្នំពេញប៉ុស្តិ៍។ មន្ត្រីនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ក៏ត្រូវបានទទួលរងការចោទប្រកាន់ថាបើកដៃឲ្យមានបទល្មើសព្រៃឈើកើតឡើងនៅក្នុងដែនជម្រកដែលការពារដោយព្រះរាជក្រឹត្យនោះផងដែរ។ ប៉ុន្តែមន្ត្រីទាំងនោះតែងតែបដិសេធ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment