Monday, 7 March 2016
ខឹងមេព្រៃចាប់ឈើយកទៅធ្វើទ្វារផ្ទះ ទិញសាំងដុតចោល
ម្ចាស់ម៉ូតូកំពុងចាក់សាំងដុតឈើខ្លួនឯងចោលបន្ទាប់ពីខឹងនឹងមេព្រៃដែលចាប់ឈើទាំងនេះ។ រូបថត អាដហុក
ខឹងមេព្រៃចាប់ឈើយកទៅធ្វើទ្វារផ្ទះ ទិញសាំងដុតចោល
Mon, 7 March 2016 ppp
ផាក់ ស៊ាងលី
ស្ទឹងត្រែងៈ ក្រុមអ្នកដឹកឈើតាមម៉ូតូបានទិញសាំងដុតឈើប្រណីតជិត ៣០ បន្ទះចោលបន្ទាប់ពីខឹងនឹងមន្ត្រីរដ្ឋបាលព្រៃឈើចាប់ឈើរបស់ពួកគេដែលដឹកយកទៅធ្វើទ្វារផ្ទះក្នុងសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងកាលពីចុងសប្តាហ៍មុន។
មន្ត្រីរដ្ឋបាលព្រៃឈើបានស្ទាក់ចាប់ពួកអ្នកដឹកឈើតាមម៉ូតូកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅត្រង់ផ្លូវជាតិលេខ ៧ អា ដើម្បីធ្វើការអប់រំឲ្យឈប់ដឹកឈើខុសច្បាប់នៅពេលដែលមានការរឹតបន្តឹងការបង្ក្រាបបទល្មើសព្រៃឈើ។ ប៉ុន្តែពួកអ្នកដឹកឈើមិនស្តាប់ហើយបានទិញសាំងដុតឈើដែលពួកគេដឹកនោះចោល។ នេះបើយោងតាមលោក ឈូក កុម៉ល់ អធិការក្រុងស្ទឹងត្រែងដែលបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញ។
លោកអធិការបានបញ្ជាក់ថា៖ «ប្រជាពលរដ្ឋមូលដ្ឋានរកស៊ីដឹកឈើតាមម៉ូតូតិចតួចៗហ្នឹង។ ដឹកវាច្រងេងច្រងាងមេព្រៃឃើញហៅសួរនាំអប់រំគាត់ថ្ងៃក្រោយកុំឲ្យដឹងអ៊ីចឹងទៀត។ គាត់ខូចដល់ហៅសួរនាំកុំឲ្យដឹកឈើខុសច្បាប់ក៏ដុតឈើខ្លួនឯងចោលទៅ»។
លោកបន្តថាកម្លាំងនគរបាលប៉ុស្តិ៍បានទៅជួយអន្តរាគមន៍ពន្លត់ភ្លើងនោះដើម្បីកុំឲ្យរាលដាលទៅឆេះកន្លែងផ្សេងទៀត។
លោក ហូ សំអុល អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកខេត្តស្ទឹងត្រែងដែលចុះទៅកន្លែងដុតនោះបានឲ្យដឹងថាឈើទាំងនោះគឺឈើបេងដឹកតាមម៉ូតូពីរគ្រឿងចេញពីភូមិញើន ឃុំស្តៅ ស្រុកសេសានសរុបចំនួន ២៧ សន្លឹកដែលមានប្រវែងជាង ២ ម៉ែត្រសម្រាប់យកទៅធ្វើជាទ្វារផ្ទះ។
លោកថា ក្រុមអ្នកដឹកឈើបានខឹងនឹងមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងត្រែងដែលបានចាប់ឈើរបស់ពួកគេហើយក៏ទៅទិញសាំងជាច្រើនលីត្រចាក់ដុតចោលតែម្តងទៅនៅជិតស្ពានសេកុង។ ប៉ុន្តែនៅពេលឆេះអស់អំណាចសាំងភ្លើងក៏រលត់ហើយមន្ត្រីរដ្ឋបាលព្រៃឈើក៏បានប្រមូលឈើនោះទៅរក្សាទុក។ រីឯម៉ូតូ និងអ្នកដឹកឈើមិនត្រូវបានឃាត់ខ្លួននោះទេ។
លោក សំអុល បានបញ្ជាក់ថា៖ «អ្នកដឹកសុំកុំចាប់ជាថ្នូរនឹងការឲ្យលុយខ្លះអ៊ីចឹងទៅ។ តែទំនងមេព្រៃអត់ព្រមក៏មានការប្រកែកគ្នា។ អ្នកដឹកខឹងក៏ទម្លាក់ឈើពីលើម៉ូតូទៅទិញសាំងមកចាក់ដុតចោលទៅ។ យើងសង្ស័យថាប្រហែលជាចរចារឿងលុយកាក់មិនត្រូវគ្នាទើបមានរឿងអ៊ីចឹង»។
លោក សំអុល សង្កេតឃើញថានាពេលកន្លងមកមានករណីដឹកឈើតាមម៉ូតូជាច្រើនដោយមានការបង់លុយបង់កាក់ខ្លះពី ១ ទៅ ២ ម៉ឺនរៀលឲ្យមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចដែលបានជួបពួកគេ។ ប៉ុន្តែបន្ទាប់ពីមានបទបញ្ជារបស់រដ្ឋាភិបាលទើបមន្ត្រីជំនាញរឹតបន្តឹងលើបទល្មើសនោះខ្លះដែរ។ ឈើទាំងនោះត្រូវបានគេដឹកចេញពីស្រុកសៀមប៉ាង និងសេសាន។
លោកថ្លែងថា៖ «រឿងបទល្មើសឈើនៅតែមាន។ តែមានការរឹតបន្តឹងដែរ។ កុំចាប់អាតូចរួចអាធំ។ អាណាបង់លុយឲ្យរួចខ្លួនចាប់អាអត់បង់លុយ។ យើងអត់ចង់បានអ៊ីចឹងទេ។ ត្រូវអនុវត្តឲ្យស្មើភាពគ្នា»។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងលោក ឈាង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង និងនាយរងលោក យូ ដុង ដើម្បីសុំអត្ថាធិប្បាយបានទេកាលពីថ្ងៃម្សិលមិញ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment