ដោយ យ៉ង ចាន់តារា
2016-03-06
អ្នកចូលរួមកម្មវិធីខួបទី១០៥ ទិវានារីអន្តរជាតិ និងពិធីអបអរសាទរថ្ងៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិកនាយកដ្ឋានព័ត៌មានសាធារណៈ នៃអង្គការសហប្រជាជាតិ នាវត្តសាមគ្គីរង្សី នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦។ RFA/Yang Chandara
RFA/Yang Chandara
សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ប្រចាំនៅកម្ពុជា រៀបចំកម្មវិធីខួបទី១០៥ ទិវានារីអន្តរជាតិ និងពិធីអបអរសាទរថ្ងៃសហព័ន្ធនេះបានចូលជាសមាជិកនាយកដ្ឋានព័ត៌មានសាធារណៈ នៃអង្គការសហប្រជាជាតិ។ ខ្លឹមសារសំខាន់នៃកម្មវិធី គឺចង់ឲ្យប្រជាពលរដ្ឋខ្មែរក្រោម ជាពិសេសស្ត្រីខ្មែរកម្ពុជាក្រោម យល់ដឹងបន្ថែមអំពីសិទ្ធិរបស់ខ្លួន។
ព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ បានមកជួបជុំគ្នានៅវត្តសាមគ្គីរង្សី ព្រឹកថ្ងៃទី៦ មីនា ដើម្បីអបអរសាទរទិវានារីអន្តរជាតិ។
តំណាងស្ត្រីខ្មែរកម្ពុជាក្រោមប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី គៀង ធីប៉ា បានមានប្រសាសន៍ថា ស្ត្រីខ្មែរកម្ពុជាក្រោមជាច្រើននាក់នៅតែត្រូវបានអាជ្ញាធរវៀតណាម គាបសង្កត់ នៅពេលដែលពួកគេប្រើប្រាស់សិទ្ធិរបស់ខ្លួន ប្រឆាំងនឹងការគាបសង្កត់ពីរដ្ឋអំណាចវៀតណាម៖ «ស្ត្រីខ្មែរកម្ពុជាក្រោម ហាក់បីដូចជាមិនទទួលបានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រកបមុខរបររកស៊ីទេ ពីព្រោះភាគច្រើន ជនជាតិគ្នាគេនៅវៀតណាម ហ្នឹង ឧបមាថា គេទៅខ្ចីលុយនៅធនាគារ គេឲ្យការប្រាក់ទាប។ ចំពោះស្ត្រីខ្មែរក្រោមវិញ ពេលទៅខ្ចីនៅធនាគារវៀតណាម អត់មានលុយកាក់ គេតម្រូវឲ្យបង់ការប្រាក់ខ្ពស់។ អ៊ីចឹងជីវភាពរបស់ពួកគាត់មានភាពដុនដាបជាខ្លាំង»។
លោកស្រី គៀង ធីប៉ា បន្តថា បញ្ហាសំខាន់មួយទៀតដែលស្ត្រីខ្មែរកម្ពុជាក្រោមកំពុងប្រឈម គឺការមិនចេះអក្សរខ្មែរ។ តំណាងស្ត្រីខ្មែរកម្ពុជាក្រោមរូបនេះអះអាងថា ស្ត្រីខ្មែរនៅកម្ពុជាក្រោម ៩៥ភាគរយមិនចេះអក្សរខ្មែរឡើយ ដោយហេតុតែគ្មានសាលារៀនជាភាសាខ្មែរ។ លោកស្រី គៀង ធីប៉ា បានប្រៀបប្រដូចថា ការមិនចេះអក្សរខ្មែរនេះ មានន័យស្មើនឹងការពិការភ្នែកទាំងសងខាងដែលងងឹតមើលអ្វីមិនឃើញ៖ «ពួកគាត់អត់មានសាលារៀនគ្រប់គ្រាន់ដូចនៅស្រុកខ្មែរទេ គេ (ពលរដ្ឋនៅកម្ពុជា) មានសាលារៀនខ្មែរជាសាធារណៈ។ ចំណែកខ្លួនឯងជាជនជាតិដើមអត់មានសាលារៀនជាភាសាខ្មែរទេ។ អ៊ីចឹងវារំលោភសិទ្ធិមួយដ៏ធ្ងន់ធ្ងរចំពោះស្ត្រីខ្មែរក្រោមនៅកម្ពុជាក្រោមនេះ»។
នៅក្នុងសុន្ទរកថារបស់លេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន លោកស្រី គៀង ធីប៉ា អានជូនអ្នកចូលរួម បានរំឭកដល់ព្រឹត្តិការណ៍មួយចំនួនដែលកើតមានចំពោះស្ត្រីខ្មែរកម្ពុជាក្រោម។
ព្រឹត្តិការណ៍ទាំងនោះរួមមាន ការវាយធ្វើបាបស្ត្រីខ្មែរ ២៩នាក់ និងឈានដល់ការចាប់ខ្លួន ២នាក់កាលពីឆ្នាំ២០០៨ នៅស្រុកក្របៅ ខេត្តមាត់ជ្រូក ដោយអាជ្ញាធរវៀតណាម ចោទក្រុមស្ត្រីទាំងនោះថាបានធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សង្គម ការកាត់ទោសស្ត្រីខ្មែរកម្ពុជាក្រោម ៣នាក់នៅខេត្តឃ្លាំង ឲ្យជាប់ពន្ធនាគារពី ១០ខែទៅ ១ឆ្នាំកាលពីឆ្នាំ២០១៣ ដោយតុលាការវៀតណាម ចោទពួកគេថាបានបង្កអសន្តិសុខសង្គម ព្រមទាំងមានស្ត្រីខ្មែរកម្ពុជាក្រោមមួយចំនួនទៀត ដែលកំពុងស្ថិតក្នុងពន្ធនាគារ ដោយសារតែពួកគេតវ៉ាប្រឆាំងនឹងការរឹបអូសយកដីស្រែពីសំណាក់អាជ្ញាធរវៀតណាម។
ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំកម្ពុជា និងជាប្រធានលេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម លោក តាំង សារៈ ថ្លែងថា បច្ចុប្បន្ននេះ លោកមិនបានដឹងច្បាស់ទេ ថាតើអាជ្ញាធរវៀតណាម បានផ្សព្វផ្សាយអំពីទិវានារីអន្តរជាតិដល់កម្រិតណាដែរ ចំពោះស្ត្រីខ្មែរកម្ពុជាក្រោម? ប៉ុន្តែលោកបញ្ជាក់ថា កាលពីមុនមិនមានខ្មែរកម្ពុជាក្រោមណាម្នាក់ដឹងពីរឿងនេះទេ៖ «ពេលដែលខ្ញុំកំពុងតែរស់នៅក្នុងប្រទេសវៀតណាម នៅក្នុងដែនដីកម្ពុជាក្រោម ពាក្យថា សិទ្ធិនារី គឺខ្មែរកម្ពុជាក្រោម អត់បានដឹងសោះ ជាពិសេសនារីខ្មែរកម្ពុជាក្រោមមិនបានដឹងថា ខ្លួនមានសិទ្ធិអ្វីនៅក្នុងសង្គមមនុស្ស។ អត់បានដឹង គឺអាស្រ័យដោយអាជ្ញាធរវៀតណាម បំបិទព័ត៌មាននោះមិនឲ្យដឹង»។
ទោះបីជាបែបណាក្ដី លោក តាំង សារៈ យល់ឃើញថា ពលរដ្ឋខ្មែរកម្ពុជាក្រោម ជាពិសេសស្ត្រីខ្មែរកម្ពុជាក្រោម ប្រាកដជាទទួលព័ត៌មានអំពីសិទ្ធិនារី ទោះជាមានការបិទបាំងពីអាជ្ញាធរវៀតណាម ក៏ដោយ។ លើសពីនេះ លោក តាំង សារៈ ជឿជាក់ថា ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម នឹងទទួលបានព័ត៌មាន និងការយល់ដឹងកាន់តែច្រើនអំពីសិទ្ធិសេរីភាពរបស់ខ្លួន តាមរយៈការផ្សព្វផ្សាយរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលទើបត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិនៃនាយកដ្ឋានព័ត៌មានសាធារណៈរបស់អង្គការសហប្រជាជាតិ កាលពីចុងឆ្នាំ២០១៥៖ «ទិវានេះនឹងអាចផ្សព្វផ្សាយទៅឲ្យខ្មែរកម្ពុជាក្រោម នារីខ្មែរកម្ពុជាក្រោមបានដឹង រួចឈ្វេងយល់។ ពិតមែនហើយ ថានារីខ្មែរកម្ពុជាក្រោមមិនសូវចេះទេអក្សរខ្មែរ និងភាសាខ្មែរ ប៉ុន្តែពួកគេភាគច្រើនយល់ដឹង និងចេះជ្រាលជ្រៅអំពីអក្សរវៀតណាម។ បើអ៊ីចឹង គឺពួកគេអាចតាមដាននូវឯកសារដែលជាភាសាវៀតណាម ស្ដីពីសិទ្ធិរបស់នារីនៅលើពិភពលោកនេះយ៉ាងណា។ វាធ្វើឲ្យនារីខ្មែរកម្ពុជា នឹងមានភាពក្លាហានតវ៉ា នៅពេលដែលទទួលរងការរំលោភបំពានណាមួយពីអាជ្ញាធរវៀតណាម»។
នៅក្នុងឱកាសទិវានារីអន្តរជាតិ សហព័ន្ធខ្មែរកម្ពុជាក្រោម និងតំណាងស្ត្រីខ្មែរកម្ពុជាក្រោម អំពាវនាវដល់អង្គការជាតិ និងអន្តរជាតិនានា ឲ្យជួយដល់ស្ត្រីខ្មែរកម្ពុជាក្រោមដែលកំពុងមានបញ្ហានៅដែនដីកំណើតរបស់ខ្លួន ឲ្យទទួលបានសិទ្ធិសេរីភាពដូចស្ត្រីទាំងឡាយនៅលើពិភពលោកដែរ៕
No comments:
Post a Comment