ពលរដ្ឋខ្មែរ-អាមេរិកាំងគ្រោងធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
ដោយ ឆោម ចក្រា
2016-03-08 rfa
លោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកង យោធពលខេមរភូមិន្ទ ពិធីរៀបចំការចូលប្រឡងជ្រើសរើសនាយទាហាន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥។
RFA/Brach Chev
ពលរដ្ឋខ្មែរ-អាមេរិកាំង គ្រោងធ្វើបាតុកម្មប្រឆាំងវត្តមានកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលគ្រោងចូលរួមក្នុងកម្មវិធីវប្បធម៌ខ្មែរក្នុងទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) នៅថ្ងៃទី១០ ខែមេសា ខាងមុខ។
នៅ ក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ចុះថ្ងៃទី៧ ខែមីនា ឲ្យដឹងថា អង្គការនេះមានការភ្ញាក់ផ្អើលជាយ៉ាងខ្លាំងនៅពេលដែលបានដឹងដំណឹងនៃការអញ្ជើញរបស់លោក ហ៊ុន ម៉ាណែត ឲ្យចូលរួមក្នុងកម្មវិធីក្បួនដង្ហែប្រពៃណីខ្មែរប្រចាំឆ្នាំ របស់គណៈកម្មការបុរីកម្ពុជា ឬហៅថា Cambodian Town។
សេចក្ដីថ្លែងការណ៍គូសបញ្ជាក់ថា គណៈកម្មការបុរីកម្ពុជា ក្នុងក្រុងឡុងប៊ិច មិនត្រូវអញ្ជើញ លោកឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់មេដឹកនាំមួយដែលគ្រប់គ្រងប្រទេសដោយការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរការបង្ក្រាបយ៉ាងហិង្សាទៅលើអ្នកហ៊ានបញ្ចេញមតិ និងការឃុំខ្លួនអ្នកទោសនយោបាយមកធ្វើជាភ្ញៀវកិត្តិយសក្នុងសហគមន៍ខ្មែរនោះទេ។
ដោយឡែកពលរដ្ឋខ្មែរ-អាមេរិកាំង នៅទីក្រុងឡូវែល (Lowell) នៃរដ្ឋម៉ាស្សាឈូសេត (Massachusetts) ក៏គ្រោងធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់ ហ៊ុន ម៉ាណែត ដែរ។
ពលរដ្ឋខ្មែរ-អាមេរិកាំង លោក សាគៀល ហ៊ុយ ឱ្យដឹងថា អ្នករៀបចំបាតុកម្មកំពុងដាក់ពាក្យសុំច្បាប់អនុញ្ញាតទៅកាន់សាលាក្រុង ដើម្បីសុំធ្វើបាតុកម្មនេះ៖ «ខ្ញុំបានពិភាក្សាជាមួយមិត្ត ភក្ដិនៅឡូវែល នេះ ដែលមានគម្រោងធ្វើបាតុកម្មប្រឆាំងវត្តមានរបស់លោក ហ៊ុន ម៉ាណែត មកទីក្រុងនេះ។ ឥឡូវ កំពុងរត់ការ»។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងមកនេះ អង្គការសម្ពន្ធមិត្តខ្មែរ-អាមេរិកាំង ក៏បានកៀរគរពលរដ្ឋខ្មែរ-អាមេរិកាំង ជិតមួយពាន់នាក់ធ្វើបាតុកម្មប្រឆាំងនឹងវត្តមានលោក ហ៊ុន សែន ក្នុងឱកាសដែលលោកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក តាមការអញ្ជើញរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) នៅមជ្ឈមណ្ឌលសាន់នីឡែនដ៍ (Sunnylands) ក្នុងរដ្ឋកាលីហ្វ័រញ៉ា៕
No comments:
Post a Comment