តំណាងរាស្ត្របក្សប្រឆាំងលោក អេង ឆៃអ៊ាង ត្រូវគេគំរាមបញ្ចេញរឿងអាស្រូវ
ដោយ សេក បណ្ឌិត
2016-03-07 rfa
មន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងក្នុងពិធីគម្រប់ខួប១២ឆ្នាំ នៃការស្លាប់របស់លោក ជា វិជ្ជា នៅជិតវត្តលង្កា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។
RFA/Brach Chev
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ត្រូវគេគំរាមបញ្ចេញរឿងអាស្រូវដូចលោក កឹម សុខា ដែរ។
លោក អេង ឆៃអ៊ាង បានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោក ដោយបង្ហាញនូវលិខិតគំរាមនោះថា កាលពីព្រលប់ថ្ងៃទី៧ ខែមីនា លោកមានកិត្តិយសដោយបានទទួលលិខិតព្រមានមួយច្បាប់ដែលគេយកមកដល់គេហដ្ឋានរបស់លោក។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបញ្ជាក់ពីលោក អេង ឆៃអ៊ាង ផ្ទាល់ ជុំវិញរឿងនេះនៅឡើយទេ។
សារគំរាមដែលលោក អេង ឆៃអ៊ាង បង្ហោះនៅលើហ្វេសប៊ុកនោះ មានដាក់រូបសញ្ញាគណបក្សសង្គ្រោះជាតិ ពណ៌ធម្មជាតិ និងមានខ្លឹមសារ ៥ចំណុចជូនលោក អេង ឆៃអ៊ាង។
ក្នុងនោះរួមមាន សូមឲ្យលោកអាន និងស្ដាប់រឿងអាស្រូវរបស់លោកផ្ទាល់ សូមកុំព្រហើន និងត្រូវឈប់ព្រហើនតទៅទៀតក្នុងការនិយាយជាសាធារណៈជាមួយអ្នកកាសែត។ សូមឲ្យដកខ្លួនចេញឲ្យផុតពីលោក កឹម សុខា ដោយត្រូវឈប់ជាបន្ទាន់ក្នុងការចេញមកនិយាយការពារ បិទបាំងរឿងអាស្រូវស្នេហារបស់លោក កឹម សុខា ហើយចំណុចទី៥ ក្នុងសារគំរាមនោះបានព្រមានទៀតថា បើលោក អេង ឆៃអ៊ាង មិនស្ដាប់ និងមិនធ្វើតាមចំណុចទាំងនេះទេ រឿងអាស្រូវរបស់លោកនឹងត្រូវផ្សព្វផ្សាយឲ្យគេដឹងពេញស្រុកខ្មែរ និងពេញពិភពលោក តាមហ្វេសប៊ុក និងគេហទំព័រ (Webpage) របស់ "រឿងពិត CNRP” ដូចជារឿងអាស្រូវរបស់លោក កឹម សុខា ដែរ។
គណនីហ្វេសប៊ុក និងវ៉ឹបផេក "រឿងពិត CNRP” ត្រូវបានគេស្គាល់ជាសាធារណៈនៅអំឡុងដើមខែមីនា នេះ ដែលគេបង្កើតសម្រាប់ផ្សាយជាពិសេស ផ្ដោតលើរឿងអាស្រូវរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ គណនីនេះ គេមិនទាន់ដឹងច្បាស់ថា ជារបស់អ្នកនរណាពិតប្រាកដ ហើយក៏មិនទាន់ឃើញសមត្ថកិច្ចរបស់រដ្ឋាភិបាលប្រតិកម្មយ៉ាងណាចំពោះគណនីហ្វេសប៊ុក និងវ៉ឹបផេក នេះឡើយ៕
No comments:
Post a Comment