អ្នកវិភាគ៖ ស្ថានការណ៍នយោបាយសព្វថ្ងៃនេះបក្សកាន់អំណាចចង់កែមាត្រា២រដ្ឋធម្មនុញ្ញ
ដោយ ប្រាជ្ញ ចេវ
2016-04-15
ពីឆ្វេង៖ លោក កឹម សុខា លោក សម រង្ស៊ី និងលោក ហ៊ុន សែន ចាប់ដៃគ្នាក្រោយចេញពីជំនួបប្រជុំកំពូល នាវិមានព្រឹទ្ធសភា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។
RFA/Tin Zakariya
អ្នកវិភាគនិយាយថា ព្រឹត្តិការណ៍នយោបាយដែលកើតឡើងជាបន្តបន្ទាប់ ដែលអ្នករងគ្រោះ ភាគច្រើនជាមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិនោះ ព្រោះគណបក្សកាន់អំណាច ចង់ឲ្យគណបក្សប្រឆាំងបែកបាក់ និងចង់ឲ្យសមាជិកសភាគណបក្សសង្គ្រោះជាតិ ចូលរួមធ្វើវិសោធនកម្មមាត្រា២ នៃរដ្ឋធម្មនុញ្ញទាក់ទងរឿងប្រើប្រាស់ផែនទី។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា ស្ថានការណ៍ដែលកើតឡើងជាបន្តបន្ទាប់នេះ គឺគណបក្សកាន់អំណាចចង់បំបែកបំបាក់បក្សប្រឆាំងមុនការបោះឆ្នោត។ លោកបញ្ជាក់ថា ការបំបែកនេះ មានពីររូបភាព គឺធ្វើឲ្យលោក សម រង្ស៊ី និងលោក កឹម សុខា បែកបាក់គ្នា។ ការបំបែកបំបាក់ក្នុងរូបភាពមួយទៀត នឹងមានក្រុមមួយដែលជាសមាជិកគណបក្សសង្គ្រោះជាតិ ចេញមុខមកទាមទារបោះឆ្នោតទម្លាក់ លោក សម រង្ស៊ី ឬលោក កឹម សុខា ចេញពីក្បាលម៉ាស៊ីនបក្ស៖ «ជាទូទៅឃើញគណបក្សកាន់អំណាចតែងតែរកវិធីសាស្ត្រដើម្បីផ្ដួលគូប្រកួត តាមរយៈបំបែកបំបាក់ និងតាមរយៈរំលាយគណបក្សនោះចោលតែម្ដង»។
អ្នកតាមដានស្ថានការណ៍នយោបាយ លោក កែម ឡី បន្តទៀតថា គឺគណបក្សប្រជាជនកម្ពុជា ចង់ឲ្យបក្សសង្គ្រោះជាតិ ចូលរួមជាមួយខ្លួន ដើម្បីធ្វើវិសោធនកម្មមាត្រា២នៃរដ្ឋធម្មនុញ្ញ ទាក់ទងរឿងប្រើប្រាស់ផែនទី៖ «ជាទូទៅគាត់ (លោក ហ៊ុន សែន) ចង់កែប្រែមាត្រា២ឲ្យបានទូលំទូលាយជាងនេះ ថា ការវាស់បង្គោលព្រំដែនត្រឹមត្រូវយុត្តិធម៌»។
ការវិវឌ្ឍស្ថានការណ៍នយោបាយចុងក្រោយ ឃើញគណបក្សសង្គ្រោះជាតិ រងគ្រោះស្ទើរគ្រប់រូបភាព ចាប់តាំងពីប្រធានបក្ស អនុប្រធានបក្ស សមាជិក និងអ្នកគាំទ្រ។ ជាក់ស្ដែង ដោយលោក សម រង្ស៊ី កំពុងវ័ណ្ឌកនឹងសំណុំរឿងនៅតុលាការ ចំណែកលោក កឹម សុខា កំពុងជាប់ពាក់ព័ន្ធរឿងអាស្រូវស្នេហា រីឯសមាជិកសភាគណបក្សនេះ ត្រូវគេវាយឲ្យរបួសធ្ងន់ ត្រូវចាប់ខ្លួនទាំងកំពុងមានអភ័យឯកសិទ្ធិ និងសមាជិក ព្រមទាំងសកម្មជនរបស់ខ្លួនមួយចំនួនទៀត កំពុងជាប់ឃុំនៅក្នុងពន្ធធនាគារ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ និយាយថា ស្ថានការណ៍នយោបាយចុងក្រោយនេះ គឺជាការធ្វើទុក្ខបុកម្នេញឲ្យគណបក្សសង្គ្រោះជាតិ ពិបាកចូលរួមក្នុងការបោះឆ្នោត ឆ្នាំ២០១៧ ឆ្នាំ២០១៨ ។ នៅពេលចោទសួរថា តើសមាជិករបស់គណបក្សប្រឆាំង អាចនឹងចូលរួមជាមួយគណបក្សកាន់អំណាច ដើម្បីធ្វើវិសោធនកម្មមាត្រា២នៃរដ្ឋធម្មនុញ្ញនោះទេ លោក យឹម សុវណ្ណ សុំមិនធ្វើអត្ថាធិប្បាយទើយ។ ប៉ុន្តែ លោកថា ប្រសិនបើអ្វីដែលធ្វើឡើងដើម្បីចំណេញដល់ជាតិ គណបក្សសង្គ្រោះជាតិនឹងធ្វើ។
កម្ដៅនយោបាយនៅពេលនេះ មានរូបភាពប្រហាក់ប្រហែលគ្នា នឹងស្ថានភាពមុនពេលគណបក្សសង្គ្រោះជាតិ ចូលអង្គុយធ្វើការនៅរដ្ឋសភា កាលពីឆ្នាំ២០១៤ ដែលកាលណោះ មានផ្ទុះហិង្សានៅទីលានប្រជាធិបតេយ្យ និងមានការចាប់ខ្លួនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែក្រោយពីគណបក្សនេះ ព្រមចូលសភាស្ថានការណ៍ក៏វិលមកល្អឡើង។
ទោះយ៉ាងណាក្ដី នៅពេលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ផ្ដើមសកម្មភាព ដឹកនាំយុវជនចុះទៅមើលព្រំដែន និងមានការឌឺដងដាក់គ្នា រវាង លោក ហ៊ុន សែន និងលោក សម រង្ស៊ី ឡើងវិញម្ដងជាពីរដង កម្ដៅនយោបាយក៏ផ្ទុះជាថ្មីឡើងវិញ។
ជាថ្មីម្ដងទៀត កាលពីថ្ងៃទី១២ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាប់ខ្លួនអ្នកនិយាយថា រដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ៖ «ខ្ញុំសុំបញ្ជាក់តែពីរចំណុចទេ ទី១ដរាបណារដ្ឋធម្មនុញ្ញមាត្រា២មិនទាន់កែប្រែ និងលុបចោលដែលអនុញ្ញាតឲ្យប្រាស់ផែនទីខ្នាតមួយលើមួយរយពាន់(១/១០០.០០០) អ្នកណានិយាយថា ផែនទីក្លែងក្លាយត្រូវចាប់ខ្លួន ទី២ ដរាបណាសុពលភាពនៃសច្ចាប័នលើកិច្ចព្រមព្រៀងបន្ថែមកម្ពុជា-វៀតណាម ដែលសភាឲ្យសច្ចាប័ន និងព្រះមហាក្សត្រឡាយព្រះហស្តលេខាគឺនៅតែជាធរមាន អ្នកឯងនិយាយពីផែនទីក្លែងក្លាយចាប់ខ្លួន»។
ឆ្លើយការលើកឡើងរបស់ក្រុមអ្នកវិភាគ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថា អ្វីដែលកើតមកដល់ពេលនេះ ព្រោះគណបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពល្មើសច្បាប់។ ទាក់ទងរឿងធ្វើវិសោធនកម្មមាត្រា២នៃរដ្ឋធម្មនុញ្ញ លោក សុខ ឥសាន ថា គណបក្សលោកមិនទាន់បង្ហាញជំហរថា ចង់កែប្រែមាត្រានេះទេ។ ប៉ុន្តែលោក ថា លោក សម រង្ស៊ី ឯណោះវិញទេ ធ្លាប់បង្ហាញមាននិន្នាការចង់ធ្វើវិសោធនកម្មមាត្រានេះ៖ «គាត់និន្នាការចង់បបួលគណបក្សប្រជាជនកែ ប៉ុន្តែគណបក្សប្រជាជនមិនមានគំនិតណាមួយចង់កែទេ បាទដូច្នេះសុំឲ្យអ្នកនយោបាយ និងអ្នកវិភាគកុំយល់ច្រឡំមិនមែនគំនិតផ្ដើមរបស់គណបក្សប្រជាជនកម្ពុជា»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីលោក សម រង្ស៊ី បានទេនៅថ្ងៃទី១៤ ខែមេសា។ ចំណែក អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថា លោកមិនបានដឹងរឿងនេះទេ។
ទោះយ៉ាងនេះក្ដី ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ធ្លាប់និយាយថា លោកមិនជំទាស់នឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២ ដែលនិយាយអំពីឆ្នាំផលិតនៃផែនទីទេ ក៏ប៉ុន្តែសូមឲ្យការកែប្រែនោះ ចំណេញដល់ជាតិទាំងមូល។
មាត្រា២ នៃរដ្ឋធម្មនុញ្ញ ចែងថា បូរណភាពទឹកដីប្រទេសកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៩។
ថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ លោក សម រង្ស៊ី ថា ប្រសិនបើការសម្រេចកែសម្រួលមាត្រា២ នៃរដ្ឋធម្មនុញ្ញ ដូចលោកធ្លាប់ពិគ្រោះយោបល់ជាមួយ លោក ហ៊ុន សែន គឺកំណត់ឆ្នាំនៃការផលិតផែនទី ត្រូវធ្វើឡើងមុនឆ្នាំ១៩៣៣ ដែលរៀបចំដោយអាណាព្យាបាលបារាំង៖ «កែដើម្បីកែដើម្បីបញ្ជាក់ថា យើងមានលទ្ធភាពយកផែនទីពីឆ្នាំមុនៗ មុនឆ្នាំ១៩៣៣ បើផែនទីមុនឆ្នាំ១៩៣៣ ជាពិសេសផែនទីឆ្នាំ១៩១៤ វាល្អប្រសើរជាងសម្រាប់ប្រទេសកម្ពុជា យើងយកផែនទីឆ្នាំ១៩១៤។ បើយើងយកផែនទីឆ្នាំ១៩១៤ យើងត្រូវតែលុបផែនទីឆ្នាំ១៩៣៣»។
ស្រដៀងគ្នាដែរ លោក ហ៊ុន សែន បានបង្ហាញសាធារណៈ នៅក្នុងពិធីចែកសញ្ញាប័ត្រដល់ និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ កន្លងទៅថា លោក សម រង្ស៊ី មានបំណងចង់ធ្វើវិសោធនកម្ម មាត្រា២ នៃរដ្ឋធម្មនុញ្ញ។ លោក ហ៊ុន ថែមទាំង លើកទូរសព្ទរបស់ខ្លួនបង្ហាញ និងអានសារ (SMS) របស់ លោក សម រង្ស៊ី ដែលសរសេរមកលោក រឿងផ្ដើមគំនិតកែប្រែមាត្រានេះ៖ «មេរបស់អស់លោកបបួលខ្ញុំធ្វើវិសោធនកម្ម ខ្ញុំយល់ថាពេលវេលាវាមិនទាន់សមស្របទេ ព្រោះគាត់យល់ដឹងដូចខ្ញុំដែរ។ រឿងនៅខាងលិចវាត្រូវប្រើ ២០០ពាន់ នៅជាមួយឡាវ។ ឥឡូវយើងធ្វើផែនទីតែជាមួយវៀតណាម ទេ នៅក្នុងរដ្ឋធម្មនុញ្ញមាត្រា២ មើលឲ្យច្បាស់ទៅ។ ប៉ុន្តែសោកស្ដាយនៅត្រង់ថា មេនេះរឿងអាថ៌កំបាំងរបស់មេ ប៉ុន្តែមេមិនព្រមប្រាប់កូន វាពិបាកអ៊ីចឹង»។
ប្រមុខគណបក្សមានសំឡេងឆ្នោតទាំងពីរ ចោទគ្នាទៅវិញទៅមករឿងអ្នកផ្ដើមគំនិតកែប្រែមាត្រានេះ។ លោក សម រង្ស៊ី អះអាងថា ការផ្ដួចផ្ដើមនាំឲ្យគិតគូរកែនេះ គឺលោក ហ៊ុន សែន ទេជាអ្នកផ្ដល់យោបល់មុន ហើយលោកជាអ្នកឯកភាពតាមក្រោយ ដែលធ្វើឡើងក្នុងជំនួបជាលក្ខណៈគ្រួសារមួយកាលពីខែកក្កដា កន្លងទៅ។
អ្នកវិភាគនយោបាយ លោក បណ្ឌិត ឡៅ ម៉ុង ហៃ ថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាមែននោះ គណបក្សនេះនឹងបាត់បង់ប្រជាប្រិយភាពរបស់ខ្លួនយ៉ាងខ្លាំង។ ប៉ុន្តែ អ្នកវិភាគរូបនេះ មិនជឿថា គណបក្សសង្គ្រោះជាតិ នឹងចូលរួមកែប្រែជាមួយគណបក្សប្រជាជនកម្ពុជាទេ៖ «ខ្ញុំមិនទាន់ជឿទេ ថាគណបក្សសង្គ្រោះជាតិ យល់ព្រមតាម»។
ការប្រើប្រាស់សម្រាប់ផែនទីសព្វថ្ងៃ របស់រដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវបានប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច ដែលកំពុងចុះមើលបង្គោលព្រំដែនពន្យល់ថា ផែនទីកម្ពុជា ប្រើជាមួយប្រទេសវៀតណាម និងប្រទេសឡាវ ជាផែនទីខ្នាតមួយលើមួយរយពាន់(១/១០០.០០០) ដែលបន្សល់ដោយអាណានិគមនិយមបារាំង ក្នុងឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៥៣។ ចំណែកផែនទីប្រើជាមួយថៃ ជាផែនទីខ្នាតមួយលើពីររយពាន់(១/២០០.០០០) កំណត់នៅក្នុងសន្ធិសញ្ញា បារាំងសៀម ឆ្នាំ១៩០៤៕
No comments:
Post a Comment