ស្ថានទូតសហរដ្ឋអាមេរិកបញ្ជាក់ថាមិននៅពីក្រោយយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ
ដោយ ចេង ម៉េងជូ
2016-05-11
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) ថ្លែងក្នុងសន្និបាតអប់រំរបស់សមាគមអតីតនិស្សិតអាហារូបករណ៍សហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥។
RFA/Cheng Mengchou
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក លោក ជេ រ៉ាមែន (Jay Raman) ឲ្យដឹងនៅថ្ងៃទី១១ ឧសភា ថា ស្ថានទូតអាមេរិក មិនពាក់ព័ន្ធនឹងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅទេ ប៉ុន្តែសហរដ្ឋអាមេរិក គាំទ្រជានិច្ចដល់អង្គការសង្គមស៊ីវិលនៅកម្ពុជា និងសិទ្ធិក្នុងការប្រមូលផ្ដុំដោយសន្តិវិធី។
ការបញ្ជាក់របស់ស្ថានទូតសហរដ្ឋអាមេរិក នេះ ធ្វើឡើងក្រោយពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក វីល្លៀម ហៃដ្ត៍ (William Heidt) បានជួបនឹងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅព្រឹកថ្ងៃទី១១ ឧសភា នៅទីស្ដីការក្រសួង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច និងស្ថានការណ៍នយោបាយនៅកម្ពុជា។
ស្ថានទូតសហរដ្ឋអាមេរិក បដិសេធមិនអត្ថាធិប្បាយលម្អិតពីខ្លឹមសារនៃជំនួបទេ ដោយបញ្ជាក់ថា ជំនួបរវាងលោក វីល្លៀម ហៃដ្ត៍ និងលោក ប្រាក់ សុខុន ជាកិច្ចសន្ទនាឯកជន។
កាលពីថ្ងៃទី៤ ឧសភា ឯកអគ្គរដ្ឋទូតអាមេរិក លោក វីល្លៀម ហៃដ្ត៍ រួមជាមួយនឹងឯកអគ្គរដ្ឋទូតនៃប្រទេសកាន់លទ្ធិប្រជាធិបតេយ្យមួយចំនួនទៀត ក្នុងនោះក៏មានឯកអគ្គរាជទូតជប៉ុន ផងដែរ បានជួបជុំជាមួយសាច់ញាតិរបស់មន្ត្រីការពារសិទ្ធិមនុស្សកំពុងជាប់ឃុំ និងមន្ត្រីការពារសិទ្ធិមនុស្សផ្សេងទៀត ដើម្បីបរិភោគអាហារជុំគ្នា និងពិភាក្សាពីស្ថានការណ៍នៅពេលបច្ចុប្បន្ន។ ក្នុងពេលនោះ លោក វីល្លៀម ហៃដ្ត៍ បានថ្លែងគាំទ្រសកម្មភាពរបស់ក្រុមសង្គមស៊ីវិលដែលកំពុងជាប់ឃុំ និងលើកទឹកចិត្តសាច់ញាតិអ្នកជាប់ឃុំ កុំឲ្យមានការតក់ស្លុតចំពោះស្ថានការណ៍នៅពេលនេះ៕
No comments:
Post a Comment