Saturday, 4 June 2016

មន្ត្រី​រដ្ឋាភិបាល​មាន​គំនិត​ខុស​គ្នា​ពី​រឿង​ចាប់​លោក កឹម សុខា



តំណាង​រាស្ត្រ CNRP ពេល​ថ្លែង​ពី​ករណី​ចាប់​លោក កឹម សុខា។ ហុង មិនា

មន្ត្រី​រដ្ឋាភិបាល​មាន​គំនិត​ខុស​គ្នា​ពី​រឿង​ចាប់​លោក កឹម សុខា
Fri, 3 June 2016 ppp
មាស សុខជា



ភ្នំពេញៈ មន្រ្តី​ក្នុង​រដ្ឋាភិបាល​បាន​បង្ហាញ​ពី​គំនិត​ផ្សេង​គ្នា​ពាក់ព័ន្ធ​​នឹង​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដោយ​ខ្លះ​បាន​លើក​ឡើង​ថា​វា​មិន​ទទួល​បាន​អត្ថប្រយោជន៍​ប៉ុន្តែ​មន្រ្តី​ខ្លះ​ទៀត​បាន​អះអាង​ថា​ប្រសិន​បើ​មិន​ចាប់​នោះ​តុលាការ​ និង​រដ្ឋសភា​គួរ​តែ​បិទ​។

ទាំង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ​និង​អ្នក​នាំ​ពាក្យ​​ CPPលោក សុខ ឥសាន បាន​ថ្លែង​ថា​ការ​អនុវត្ត​តាម​នីតិវិធី​ក្នុង​ការ​ចាប់​ខ្លួន​​លោក កឹម សុខា​ ​មិន​អាច​បោះបង់​បាន​ទេ​បើ​មិន​ដូច្នោះ​ទាំង​តុលាការ ​និង​រដ្ឋសភា​​ត្រូវ​តែ​បិទ​ចោល​។

លោក ផៃ ស៊ីផាន ​បាន​ថ្លែង​ថា​៖ «​​ក្នុង​ដំណើរការ​នីតិវិធី​នេះ​ខ្ញុំ​មើល​ទៅ​លោក កឹម សុខា ត្រូវ​តែ​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​​ដើម្បី​ចូល​បំភ្លឺ​នៅ​តុលាការ​។ ​នេះ​ជា​នីតិវិធី​បន្ទាប់ពី​រដ្ឋសភា​»។

ឆ្លើយតប​នឹង​​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​​ការ​ចាប់​ខ្លួន​លោក កឹម សុខា លោក ផៃ ស៊ីផាន បាន​ចាត់​ទុក​​​ថា​ជា​បញ្ហា​ផ្សេង​មួយ​ទៀត​ដោយ​ព្រមាន​ថា​រដ្ឋាភិបាល​​នឹង​ចាត់​ចំណាត់ការ​ដើម្បី​ពង្រឹង​​នីតិរដ្ឋ​។ លោក​ថា​៖ «​រដ្ឋសភា​​អនុញ្ញាត​ឲ្យ​តុលាការ​​​បន្ត​​​ដំណើរការ​នីតិវិធី​ដូច្នេះ​មិន​មាន​ហេតុ​ផល​​ណា​មួយ​​​ដែល​យើង​មិន​អនុវត្ត​តាម​ច្បាប់​នោះ​ទេ​»​​។

លោក សុខ ឥសាន បាន​ថ្លែង​បន្ត​ថា​៖ «​​ប្រសិន​បើ​មាន​ករណី​បែប​ហ្នឹង​អ្នក​ទោស​នៅ​ពន្ធនាគារ​ត្រូវ​ដោះ​លែង​ទាំងអស់​។ ​តុលាការ​ត្រូវ​តែ​បិទ»​។



ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​ទាំង​ពីរ​រូប​នេះ​បាន​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ ​សុភ័គ ​បាន​ថ្លែង​ថា៖ «បើ​ចាប់​ កឹម ​សុខា បាន​ឬ​មិន​បាន​ដែល​នាំ​ឲ្យ​បង្ហូរ​ឈាម​ចាប់​ធ្វើ​អ្វី!​បុគ្គល​ម្នាក់​ឲ្យ​នៅ​អ៊ីចឹង​ទៅ​ចុះ​ក្រសួង​មហាផ្ទៃ​មិន​ល្ងង់​ខ្លៅ​ឲ្យ​ឈាម​ហូរ​ដោយសារ​ កឹម ​សុខា ​នោះ​ទេ…​»។

ទោះ​យ៉ាង​ណា​លោក សុខ ឥសាន ​និង​លោក ផៃ ស៊ីផាន ​បាន​ថ្លែង​ថា​អត្ថាធិប្បាយ​របស់​លោក ខៀវ សុភ័គ ប្រហែល​​គ្រាន់តែ​ជា​​គំនិត​​ផ្ទាល់​ខ្លួន​របស់​លោក​ប៉ុណ្ណោះ​។

ទន្ទឹម​នឹង​នេះ​ដែរ​កាលពី​ម្សិលមិញ​ក្រសួង​ការបរទេស​​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​​ការពារ​​ការ​អនុវត្ត​ច្បាប់​​របស់​​​រដ្ឋាភិបាល​បន្ទាប់ពី​ស្ថានទូត​បរទេស​ប្រចាំ​កម្ពុជា​ខ្លះ​រួម និង​សហភាព​អឺរ៉ុប​បាន​ប្រតិកម្ម​ចំពោះ​ការ​​ចាប់​ និង​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ មន្ត្រី គ.ជ.ប អ្នក​នយោបាយ​​ និង​ការ​ប៉ុនប៉ង​ចាប់​លោក កឹម សុខា ដោយ​សម្ដែង​ការ​ភ្ញាក់ផ្អើល​ និង​​​មិន​ពេញ​​ចិត្ត​ចំពោះ​​ការ​​អនុវត្ត​ដំណើរការ​​នីតិវិធី​តុលាការ​កម្ពុជា​នោះ​ទេ។

ជា​ការ​ឆ្លើយតប​ក្រសួង​ការបរទេស​បាន​រិះគន់​​ថា​ប្រតិកម្ម​ទាំង​នេះ​​ឆ្លុះ​បញ្ចាំង​អំពី​ការ​ខ្វះខាត​​ចំណេះដឹង​ ឬ​ឆន្ទៈ​​​ធ្វើ​ពុត​​មិន​ចេះ​​វិធាន​នៃ​ក្រម​ព្រហ្មទណ្ឌ និង​​ក្រមនីតវិធី​​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ពី​ម្សិលមិញ​បាន​បដិសេធ​ធ្លើយតប​នឹង​​សេចក្តី​ប្រកាស​ក្រសួង​ការបរទេស​ដោយ​ថ្លែង​ថា​នេះ​ជា​រឿង​របស់​​​ក្រសួង​ការបរទេស​ប៉ុន្តែ​បាន​​ហៅ​​ការ​អនុវត្ត​​ទៅ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​សកម្មជន​សិទ្ធិ​មនុស្ស​​​​​ថា​ជា​ការ​បំពាន​ច្បាប់​​​ និង​បាន​ប្រកាស​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច​ដើម្បី​បញ្ចប់​បញ្ហា​។

លោក​ថា៖ «​ចំពោះ [​គណបក្ស​សង្គ្រោះ​ជាតិ​] យើង​មិន​មាន​កំហុស​ហើយ​អ្វី​ដែល​ [គណបក្ស​កាន់​អំណាច​​​] ​បាន​និង​កំពុង​ធ្វើ​វា​មិន​ស្រប​ទៅ​តាម​​រដ្ឋធម្មនុញ្ញ​។

ដូច្នេះ​ប្រសើរ​ [យើង​] ​ចរចា​បញ្ចប់​​បញ្ហា​​​ដើម្បី​​យក​ពេល​គិត​ពី​​បញ្ហា​​​សំខាន់ៗ​របស់​ជាតិ​»។

លោក សុខ ឥសាន បាន​បញ្ជាក់​ថា​ CPP ​ចង់​ចរចា​​ជាមួយ​ CNRP​ ប៉ុន្តែ​បាន​​បញ្ជាក់​​ជាថ្មី​ថា​​ការ​ចរចា​អាច​ធ្វើ​បាន​លុះត្រា​តែ​​មិន​លើក​បញ្ហា​​អ្នក​ទោស​ និង​ករណី​សម្រេច​ដោយ​តុលាការ​។ ប៉ុន្តែ​មន្ត្រី CNRP និង​អ្នក​វិភាគ​​បាន​អះអាង​ថា​បើ​​ការ​ចរចា​មិន​និយាយ​ពី​​​សមាជិក​ CNRP ជាប់​ពន្ធនាគារ​​ និង​សកម្មជន​ដើម្បី​បញ្ចប់​ភាព​តានតឹង​នយោបាយ​តើ​និយាយ​អំពី​អ្វី?

ប៉ុន្តែ​យ៉ាង​ណា​ក្តី​ភាគី​ទាំង​ពីរ​​​មិន​ទាន់​កំណត់​ពេលវេលា​ជួប​ចរចា​នៅ​ឡើយ​ទេ​​។

ទាក់ទង​នឹង​រឿង​នេះ​ដែរ​កាលពី​ម្សិលមិញ​ចៅក្រម​ស៊ើបសួរ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក៏​បាន​ចេញ​ដីកា​បង្គាប់​ថ្មី​មួយ​ទៀត​ឲ្យ​លោក កឹម សុខា ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី ១៤ ខែ​មិថុនា​វេលា​ម៉ោង ៩ ព្រឹក​៕ PS

No comments: