Saturday, 4 June 2016
លោក នី ចរិយា ចង់ឲ្យ គជប ធានារូបលោកឲ្យនៅក្រៅឃុំ
លោក នី ចរិយា អគ្គលេខាធិការរង គជប កាលពីនៅក្រៅឃុំ។ រូបថត ហ្វេសប៊ុក
លោក នី ចរិយា ចង់ឲ្យ គជប ធានារូបលោកឲ្យនៅក្រៅឃុំ
Fri, 3 June 2016 ppp
ឡាយ សាមាន
ភ្នំពេញៈ អគ្គលេខាធិការរង គជប និងជាអតីតមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុកលោក នី ចរិយា ដែលរងការចោទប្រកាន់ដ៏ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីក្នុងរឿងរ៉ាវដ៏ចម្រូងចម្រាសរបស់នាង ខុម ចាន់តារាទី ដែលត្រូវបានគេអះអាងថាជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិចង់ឱ្យ គជប ជួយលោកឱ្យបាននៅក្រៅឃុំបណ្តោះអាសន្នដើម្បីអាចបន្តការងារជួយកិច្ចការចុះបញ្ជីបោះឆ្នោតឱ្យមានភាពប្រសើរ។
អនុប្រធាន គជប លោក គួយ ប៊ុនរឿន កាលពីម្សិលមិញបានដឹកនាំក្រុមការងារចំនួន ៧ រូបក្នុងនោះមន្ត្រី គជប ៣ រូប និងក្រុមអ្នកច្បាប់ចំនួន ៤ រូបដើម្បីសួរសុខទុក្ខសមាជិករបស់ខ្លួនដែលត្រូវបានឃុំខ្លួនអស់រយៈពេលមួយខែមកហើយគឺចាប់តាំងពីថ្ងៃទី ២ ខែឧសភាមក។ បន្ទាប់ពីសួរសុខទុក្ខអស់រយៈពេលកន្លះម៉ោងចាប់ពីម៉ោង ៩ ដល់ម៉ោង ៩ និង ៣០ នាទីព្រឹកលោក គួយ ប៊ុនរឿន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា សុខភាពរបស់លោក នី ចរិយា បច្ចុប្បន្នមានសភាពទន់ខ្យោយជាងមុនតែគាត់នៅតែមានបំណងជួយកិច្ចការបោះឆ្នោតនៅ គជប ។
លោកបញ្ជាក់ថា៖ «គាត់ (នី ចរិយា) មានបំណងជួយការងាររបស់ គជប ក្នុងការរៀបចំឱ្យបានល្អក្នុងស្ថានភាពដែល គជប កំពុងមានភារកិច្ចដ៏មមាញឹកក្នុងការរៀបចំបោះឆ្នោតនេះដូចជាដំណាក់កាលចុះឈ្មោះបោះឆ្នោតអ៊ីចឹងគាត់ចង់បញ្ជាក់ថាធ្វើម៉េចឱ្យគាត់បាននៅក្រៅឃុំដើម្បីជួយជាយោបល់ដល់ គជប»។
យ៉ាងនេះក្តីលោក ប៊ុនរឿន បានប្រាប់លោក ចរិយា វិញថា គជប និងតាមដានឃ្លាំមើលចំណាត់ការលើសមាជិករបស់ខ្លួនតែការសម្រេចឱ្យនៅក្រៅឃុំ ឬមិនអនុញ្ញាតជាឆន្ទានុសិទ្ធិរបស់ចៅក្រម និងព្រះរាជអាជ្ញាដែលកាន់សំណុំរឿងនេះ។
លោកបញ្ជាក់ថា៖ «យើងបានសិក្សាច្បាប់ពីមុនដែរថាដោយសារច្បាប់ គជប ទោះបីជាស្ថានប័នឯករាជ្យក្នុងការរៀបចំបោះឆ្នោតក៏មែនពិតប៉ុន្តែធ្វើអ្វីស្ថិតនៅក្រោមច្បាប់ដែរអ៊ីចឹងយើងត្រូវពិនិត្យមើលលទ្ធភាពធ្វើម៉េចកុំឱ្យជាន់អំណាចរបស់ស្ថាប័នផ្សេងៗទៀតដែលកំពុងអនុវត្តលើសំណុំរឿងឯកឧត្តម ចរិយា»។
លោក គួយ ប៊ុនរឿន សង្កត់ធ្ងន់ថាការអវត្តមានលោក នី ចរិយា ដែលជាអគ្គលេខាធិការរង គជប វាមិនអាចរាំងស្ទះការងារទាំងស្រុងនោះទេតែចង់មិនចង់វាប៉ះពាល់ដល់ដំណើរការរៀបចំបទដ្ឋានគតិយុត្តនានាពោល គជប ត្រូវការប្រមូលផ្តុំគំនិតល្អៗក្នុងការធ្វើកំណែទម្រង់ គជប ដើម្បីធានាឱ្យការបោះឆ្នោតលើកក្រោយប្រព្រឹត្តទៅដោយរលូន សេរី និងយុត្តិធម៌។
ទាក់ទងនឹងករណីនេះលិខិតរបស់សាលាឧទ្ធរណ៍ដែលបានចុះកាលបរិច្ឆេទថ្ងៃទី ៣០ ខែ ឧសភា សម្រេចកោះហៅលោក នី ចរិយា ឱ្យចូលតុលាការនៅថ្ងៃទី ១៣ ខែមិថុនាដើម្បីបើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន។
មេធាវីការពារលោក នី ចរិយា គឺលោក សំ សុគង់ សង្ឃឹមថាលោក ចរិយា នឹងអាចបាននៅក្រៅឃុំដោយផ្អែកលើលក្ខខណ្ឌមួយចំនួន។
លោកថា៖ «១ លក្ខខណ្ឌនោះគឺគាត់មានតួនាទីច្បាស់លាស់ជាអគ្គលេខាធិការរង គជប ២ គាត់សន្យាថាមិនគេចវេះនឹងបង្ហាញខ្លួនគ្រប់ដំណើរការនីតិវិធី និងទី ៣ គាត់ជាមេគ្រួសារមានកូនក្នុងបន្ទុក»។
នាយកប្រតិបត្តិអង្គការនិចហ្វិចលោក សំ គន្ធាមី ថ្លែងថាសាលាឧទ្ធរណ៍គួរអនុញ្ញាតឱ្យលោក នី ចរិយា នៅក្រៅឃុំបណ្តោះអាសន្នដើម្បីអាចជួយបំពេញការងារ គជប បើពុំនោះទេម្ចាស់ជំនួយអាចនឹងកាត់ជំនួយក្នុងការទ្រទ្រង់ដំណើរការ គជប។
លោកថា៖ «EU និងជប៉ុនក៏ចង់ឱ្យគាត់នៅក្រៅឃុំបណ្តោះអាសន្នដែរហើយគាត់អាចធ្វើការងារបណ្តើរៗតែចំពោះនីតិវិធីរបស់តុលាការគេធ្វើបន្តទៀតទៅ»។
លោកបញ្ជាក់ថា៖ «ជាធម្មតាគេផ្តល់ជំនួយជាង ១០ លានអឺរ៉ូគេអាចមានអនុសាសន៍ទៅរដ្ឋាភិបាលរៀបចំធ្វើម៉េចឱ្យមានស្ថានភាពនយោបាយស្ងប់ស្ងាត់កុំឱ្យប៉ះពាល់ដល់ការបោះឆ្នោតគេជួយលុយមកយើងច្រើនណាស់មិនចង់ឱ្យការបោះឆ្នោតមិនមានប្រជាធិបតេយ្យទេព្រោះម្ចាស់ជំនួយគេតាមដានរឿងនេះដោយយកចិត្តទុកដាក់ណាស់»៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment