Saturday, 4 June 2016
តំណាងរាស្ត្រ CNRP ២ នាក់ទៀតត្រូវគេប្តឹង
លោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម សមាជិកសភាគណបក្សសង្គ្រោះជាតិ។
តំណាងរាស្ត្រ CNRP ២ នាក់ទៀតត្រូវគេប្តឹង
Fri, 3 June 2016 ppp
នៀម ឆេង
ភ្នំពេញៈ តំណាងរាស្ត្រ ២ រូបទៀតពីគណបក្សសង្គ្រោះជាតិត្រូវបានសមាជិកគណបក្សប្រជាជនចេញមុខប្តឹងជំនួសប្រជាពលរដ្ឋ ២ នាក់ទៅរដ្ឋសភាកាលពីម្សិលមិញពីបទ «មានចេតនាទុច្ចរិតរំលោភយកដីប្រជាជនរស់នៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល»។
សមាជិកសភាគណបក្សសង្គ្រោះជាតិទាំង ២ រូបនោះគឺលោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងលោក តុ វ៉ាន់ចាន់ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល។
តំណាងរាស្ត្រទាំង ២ រូបនេះត្រូវបានលោក សុខ សម្បត្តិ សមាជិកលេខាធិការដ្ឋានគណបក្សប្រជាជនរាជធានីភ្នំពេញអនុប្រធានគណបក្សប្រជាជនប្រចំាខណ្ឌព្រែកព្នៅ និងខណ្ឌសែនសុខ និងជាទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្តឹងទៅប្រធានរដ្ឋសភាជំនួសឲ្យពលរដ្ឋ ២ នាក់ដែលមានឈ្មោះ ប៉ក់ សុវណ្ណា និងឈ្មោះ កុល សុផល។
ក្នុងពាក្យបណ្តឹងចុះថ្ងៃទី ២ ខែមិថុនានេះលោក សុខ សម្បត្តិ បានសរសេរថាលោក តុ វ៉ាន់ចាន់ បានទិញភាគហ៊ុនពីស្រ្តីម្នាក់ឈ្មោះ ង៉ី វី ដែលមានឈ្មោះជាម្ចាស់កម្មសិទ្ធិលើដីមួយកន្លែងមាន ៣ ម្ចាស់គឺឈ្មោះ ង៉ី វី ឈ្មោះ ប៉ក់ សុវណ្ណា និង ឈ្មោះ កុល សុផល។ ដោយសារមិនសូវនៅស្រុកខ្មែរឈ្មោះ ង៉ី វី បានលក់ភាគហ៊ុនរបស់ខ្លួនទៅឲ្យលោក តុ វ៉ាន់ចាន់។ ក្រោយពេលមានភាគហ៊ុនលើដីនេះហើយលោក តុ វ៉ាន់ចាន់ បានខ្ចីលុយមនុស្សម្នាក់ហើយបានចែកចំណែកខ្លះឲ្យម្ចាស់ភាគហ៊ុនទាំង ២ ហើយចុងក្រោយបានទៅខ្ចីលុយលោក ម៉ៅ មុនីវណ្ណ ចំនួន ១៣ ម៉ឺនដុល្លារទៀត។ បន្ទាប់ពីលោក តុ វ៉ាន់ចាន់ បានខ្ចីលុយពីលោក ម៉ៅ មុនីវណ្ណ បាន ៦ ខែរួចមកលោក ម៉ៅ មុនីវណ្ណ បានបង្ខំឲ្យឈ្មោះ ប៉ក់ សុវណ្ណា និងឈ្មោះ កុល សុផលផ្ទេរកម្មសិទ្ធិមកឲ្យខ្លួន។
លោក សុខ សម្បត្តិបានស្នើសុំឲ្យប្រធានរដ្ឋសភាដោះស្រាយធ្វើយ៉ាងណាឲ្យលោក ម៉ៅ មុនីវណ្ណ បញ្ចប់ជម្លោះ និងបញ្ឈប់គំនិតចង់រឹបអូសដីដែលពួកគាត់បានដាក់បញ្ចាំ និងបញ្ចប់តាមផ្លូវតុលាការ។ បន្ថែមពីលើនេះទៀតលោក សុខ សម្បត្តិ សរសេរថាពលរដ្ឋទាំង ២ នាក់យល់ព្រមសងប្រាក់ ១៣ ម៉ឺនដុល្លារទៅលោក ម៉ៅ មុនីវណ្ណ បើទោះបីជាពួកគេទទួលបានតែ ២៤៦០០ ដុល្លារក៏ដោយ។
ទាំងលោក តុ វ៉ាន់ចាន់ និងលោក សុខ សម្បត្តិ មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញខណៈលោក ម៉ៅ មុនីវណ្ណ មិនទទួលទូរស័ព្ទ។
ទោះយ៉ាងណាលោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបានថ្លែងកាលពីសប្តាហ៍មុនថារាល់ជម្លោះឯកជនរបស់សមាជិកសភាដែលមិនទាក់ទិននឹងការងាររដ្ឋសភា រដ្ឋសភា មិនអាចប៉ះពាល់បានទេដរាបណាមិនមានពាក្យបណ្តឹងពីតុលាការ។
លោកបញ្ជាក់ថា៖ «អ្នកតំណាងរាស្ត្រគាត់ក៏មានសិទ្ធិប្រកបជំនួញដែរ។ អ៊ីចឹងបើសិនជាមានការប៉ះពាល់ជាមួយពលរដ្ឋយើងរង់ចាំទទួលពាក្យបណ្តឹងពីតុលាការ។ យើងមិនអាចចាត់ការលើអ្នកតំណាងរាស្ត្រដោយផ្ទាល់ទេបើសិនរឿងនោះមិនពាក់ព័ន្ធនឹងការងារសភា»។
ប៉ុន្តែកាលពីម្សិលមិញលោក ឡេង ប៉េងឡុង បានថ្លែងថាលោកមិនទាន់ទទួលបានពាក្យបណ្តឹងនោះទេហើយបើបានទទួលពាក្យបណ្តឹងរដ្ឋសភាអាចផ្ញើពាក្យបណ្តឹងនោះទៅក្រសួងពាក់ព័ន្ធរួមមានក្រសួងរៀបចំដែនដី ឬអាជ្ញាធរដោះស្រាយទំនាស់ដីធ្លី៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment