Tuesday, 11 October 2016
លោក កឹម សុខា ហាក់ចង់ឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ
Manekseka Sangkum: Not a bad idea assuming Rainsy could get himself past the airport, arrest and detention at Prey Sar prison first; not to mention assassination.
>>>
លោក កឹម សុខា ហាក់ចង់ឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ
ដោយ ថា កិត្យា
2016-10-11
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងនៅក្នុងទីស្នាក់ការគណបក្សនាសង្កាត់ចាក់អង្រែលើ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។
RFA/Brach Chev
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ហាក់មានបំណងចង់ឲ្យលោក សម រង្ស៊ី វិលត្រឡប់ចូលមកស្រុកខ្មែរក្នុងកាលៈទេសៈនេះវិញ ព្រោះលោកយល់ថា មេដឹកនាំគណបក្សប្រឆាំងនៅជាមួយគ្នាពីរនាក់ល្អជាងនៅម្នាក់ឯង។ រីឯអ្នកវិភាគនយោបាយគាំទ្រការលើកឡើងរបស់លោក កឹម សុខា ប៉ុន្តែចង់ឃើញមានការសម្របសម្រួលនយោបាយមុននឹងលោក សម រង្ស៊ី វិលចូលស្រុកដើម្បីបញ្ចៀសការប៉ះទង្គិចគ្នារវាងកម្លាំងមហាជន និងកងកម្លាំងរដ្ឋាភិបាល។
លោក កឹម សុខា នៅតែប្រកាសជំហរថា រូបលោក និងលោក សម រង្ស៊ី គឺមិនបែកបាក់គ្នានោះទេ បើទោះបីជាប្រធានគណបក្សសង្គ្រោះជាតិ រូបនេះ កំពុងគេចខ្លួននៅក្រៅប្រទេសក្តី ក៏ប៉ុន្តែលោក កឹម សុខា ហាក់ដូចជាចង់ឲ្យលោក សម រង្ស៊ី វិលមកតស៊ូជាមួយគ្នានៅស្រុកខ្មែរវិញក្នុងកាលៈទេសៈនេះ៖ «បើលោក សម រង្ស៊ី មកនៅជាមួយខ្ញុំ ល្អជាងខ្ញុំនៅម្នាក់ឯង ប៉ុន្តែបើគាត់សម្រេចចិត្តមិនមក នៅតែយើងដឹកនាំបក្សទៅមុខបាន ព្រោះដឹកនាំតាមប្រព័ន្ធយន្តការគណបក្ស»។
ការបញ្ចេញទស្សនៈនេះ ធ្វើឡើងក្នុងពេលលោក កឹម សុខា ផ្ដល់បទសម្ភាសន៍ជាមួយបណ្ដាញសារព័ត៌មានសិង្ហបុរី ឆេនណល ញូវ អេស៊ា (Channel News Asia) ដែលចេញផ្សព្វផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ រូបនេះ កំពុងឃុំខ្លួនឯងនៅទីស្នាក់ការបក្សជាង ៤ខែហើយនោះ បានបញ្ជាក់ថា ទោះបីជាលោកមានការលំបាកបាត់បង់សេរីភាពក៏ដោយ តែវាជាការលើកទឹកចិត្តអ្នកគាំទ្រឲ្យនៅរឹងមាំជាមួយលោក ប្រសើរជាងលោករត់ទៅក្រៅប្រទេស៖ «ប្រសិនបើមានការចាប់ខ្ញុំ គឺប្រជាពលរដ្ឋនឹងតវ៉ាទាមទារហើយ ដូច្នេះខ្ញុំជឿលើប្រជាពលរដ្ឋ។ បើមានការចាប់ខ្ញុំដោយរំលោភបែបនេះ គឺប្រទេសកម្ពុជា នឹងមានបញ្ហាមានវិបត្តិ ព្រោះប្រជាពលរដ្ឋមិនយល់ព្រម។ អ៊ីចឹងវាអស្ថិរភាព»។
កាលពីថ្ងៃទី២៦ ខែកញ្ញា លោក សម រង្ស៊ី បានផ្ដល់បទសម្ភាសន៍ឲ្យប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស ប៊ី.ប៊ី.ស៊ី (BBC News) ថា លោកគ្រោងនឹងវិលចូលកម្ពុជា វិញក្នុងរយៈពេលពីរ ឬបីសប្ដាហ៍ មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ខាងមុខ ទោះជាមិនមានការលើកលែងទោសដូចលោកធ្លាប់បានធ្វើមុនការបោះឆ្នោតកាលពីឆ្នាំ២០១៣ ក៏ដោយ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា ក្នុងពេលបច្ចុប្បន្ននេះ ប្រសិនបើលោក សម រង្ស៊ី និងលោក កឹម សុខា កៀកស្មាគ្នា ធ្វើការជាមួយគ្នាក្នុងប្រទេសកម្ពុជា នោះប្រជាហែលជាល្អជាងការដែលលោក សម រង្ស៊ី បន្តស្នាក់នៅក្រៅប្រទេស ព្រោះពលរដ្ឋចង់ឃើញមេដឹកនាំមានភាពក្លាហាន និងនៅជិតប្រជាពលរដ្ឋ។
ទោះយ៉ាងណាក្ដី លោកមើលឃើញថា ប្រសិនបើលោក សម រង្ស៊ី វិលចូលកម្ពុជា ដោយគ្មានដំណោះស្រាយនយោបាយនោះ នឹងបណ្ដាលឲ្យមានការចាប់ចង ដូច្នេះនឹងបណ្ដាលឲ្យមានការតវ៉ា និងប្រឈមមុខដាក់គ្នារវាងកម្លាំងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងកងកម្លាំងរដ្ឋាភិបាល៖ «មុននឹងលោក សម រង្ស៊ី ត្រឡប់មកវិញ អាចនឹងមានការសម្របសម្រួលនយោបាយច្រើនជាងការដែលលោកសម្រេចចិត្តចូលមកដោយគ្មានការសម្របសម្រួល ដោយគ្មានការជជែកគ្នាជាមុន។ អ៊ីចឹងហើយសម្រាប់ខ្ញុំ និងប្រជាពលរដ្ឋទូទៅ ចង់ឃើញអ្នកនយោបាយជជែកគ្នា ចរចាគ្នា ដោះស្រាយបញ្ហាទាំងអស់នោះ ហើយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរមានទំនុកចិត្តលើអ្នកនយោបាយ ជាជាងធ្វើឲ្យប្រជាពលរដ្ឋនឿយណា ហើយគិតថានយោបាយសុទ្ធតែជារឿងគ្រោះថ្នាក់ទាំងអស់នោះ»។
លោក សម រង្ស៊ី បាននិរទេសខ្លួនទៅប្រទេសបារាំង កាលពីឆ្នាំ២០១៥ នៅក្រោយពីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានសើរើបណ្ដឹងចាស់កាលពីឆ្នាំ២០០៨ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង។ ក្រៅពីនេះទៀត សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា បានសម្រេចដោយកំបាំងមុខពិន័យប្រាក់ពីលោក សម រង្ស៊ី ចំនួន ១០លានរៀលចូលថវិការដ្ឋ និងសំណងជំងឺចិត្តដល់លោក ហេង សំរិន ចំនួន ១៥០លានរៀល ពីបទបរិហារកេរ្តិ៍តាមបណ្ដឹងរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា។
បណ្ដឹងប្រឆាំងលោក សម រង្ស៊ី មួយទៀត គឺជាបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទបរិហារកេរ្តិ៍ជុំវិញការចោទប្រកាន់លោក ហ៊ុន សែន ថា ជាអ្នកនៅពីក្រោយខ្នងនៃការសម្លាប់លោកបណ្ឌិត កែម ឡី។ នៅថ្ងៃទី១១ ខែតុលា នេះដែរ អាស៊ីសេរី ក៏ទទួលបានដីកាកោះហៅលោក សម រង្ស៊ី ឲ្យចូលខ្លួនបំភ្លឺនៅតុលាការនៅថ្ងៃទី២១ ខែតុលា ខាងមុខ ដើម្បីសាកសួរពីដំណើររឿងញុះញង់ បង្កចលាចលប៉ះពាល់ដល់សន្តិសុខសង្គម កាលពីថ្ងៃទី១១ ខែកញ្ញា កន្លងមក។
ទោះបីជាតុលាការមានចំណាត់ការលើបក្សប្រឆាំងជាបន្តបន្ទាប់ក្ដី លោក កឹម សុខា នៅតែប្រកាន់ជំហរឃុំខ្លួននៅក្នុងទីស្នាក់ការបក្សដដែល ក្នុងរូបភាពតស៊ូនយោបាយ ឬធ្វើកូដកម្មនយោបាយ ដើម្បីទាមទារឲ្យមានភាពប្រក្រតីនយោបាយឡើងវិញ និងដើម្បីប្រឆាំងនឹងប្រព័ន្ធតុលាការដែលរំលោភអភ័យឯកសិទ្ធិតំណាងរាស្ត្រ ប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ហើយលោកចង់ប្រាប់ទៅមតិអន្តរជាតិថា អ្វីដែលគេកំពុងធ្វើនេះ គឺរំលោភធ្ងន់ធ្ងរលើគោលការណ៍ប្រជាធិបតេយ្យ សិទ្ធិសេរីភាព ជាពិសេសប៉ះពាល់ដល់ការបោះឆ្នោត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment