Tuesday, 11 October 2016
លោក កែវ រ៉េមី ថាអ្នកស្រី រ៉ូណា ស្មីត មិនបានលើកករណីវាយដំលោក អំ សំអាត ក្នុងកិច្ចប្រជុំ
Manekseka Sangkum: Just leave it to Sok Eysan to issue an official denial!
>>>
ដោយ ឡេង ម៉ាលី
2016-10-11
ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ថ្លែងប្រាប់អ្នកកាសែតក្រោយជំនួបបិទទ្វារជាមួយអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។ RFA/Sorn Chanratha
RFA/Sorn Chanratha
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជួបប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី នៅរសៀលថ្ងៃទី១១ តុលា ដើម្បីស្វែងយល់ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ថ្លែងប្រាប់អ្នកកាសែតក្រោយជំនួបបិទទ្វារជាមួយអ្នកស្រី រ៉ូណា ស្មីត ថា ភាគីទាំងពីរមិនបានលើកយកករណីវាយដំលោក អំ សំអាត មន្ត្រីអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) មកពិភាក្សាទេ។
ផ្ទុយទៅវិញ លោកបានលើកឡើងអំពីប្រវត្តិសាស្ត្រទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ការកាប់សម្លាប់ក្នុងរបបខ្មែរក្រហម និងគុណបំណាច់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលរំដោះពលរដ្ឋកម្ពុជា ពីរបបនោះ ហើយជម្រាបជូនអ្នកស្រី រ៉ណា ស្មីត ថាការគោរពសិទ្ធិមនុស្សនៅកម្ពុជា មានភាពធម្មតា មិនមានបញ្ហាអ្វីទេ៖ «ការរស់នៅសព្វថ្ងៃ គឺប្រក្រតី។ អ៊ីចឹងបានជម្រាបជូនគាត់ គាត់ក៏បានឯកភាព ហើយយើងក៏បានលើកថា ចំណុចសំខាន់បំផុត គឺសំណូមពរទៅគាត់វិញ ដោយសារអស់ពេលវេលា សំណូមពរគាត់ សុំឲ្យគាត់ផ្ដល់យុត្តិធម៌ជូនកម្ពុជា ដល់រដ្ឋាភិបាលកម្ពុជា ទាក់ទងទៅបញ្ហាគោរពសិទ្ធិមនុស្ស ហើយជាពិសេសសុំឲ្យលោកយល់ថា ស្ថិរភាពនយោបាយ សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស»។
ជំនួបនេះ គឺធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក អំ សំអាត មន្ត្រីអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) រងការវាយដំដោយកងសន្តិសុខរាជធានីភ្នំពេញ នៅទិវាសិទ្ធិលំនៅឋានកាលពីថ្ងៃទី១០ តុលា។
បន្ថែមលើចំណុចដែលថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មិនមានបញ្ហាអ្វីនោះ លោក កែវ រ៉េមី បានទាញការចាប់អារម្មណ៍របស់អ្នកស្រី រ៉ូណា ស្មីត ឲ្យងាកទៅព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសដទៃវិញ ដូចជានៅប្រទេសកូឡុមប៊ី (Colombia) និងប្រទេសស៊ីរី (Syria) ជាដើម៖ «យើងមានការបារម្ភនៅស៊ីរី។ ករណីនៅស៊ីរី ប្រជុំសន្តិសុខនៅអង្គការសហប្រជាជាតិថ្មីៗនេះនៃមហាអំណាច មានតាំងពីរុស្ស៊ី អាមេរិក បារាំង ស្អីប៉ុន្មាន អឺរ៉ុប អីទាំងហ្នឹង អង់គ្លេស អត់ត្រូវគ្នាទេ។ ប្រជាជនស៊ីរី គេកំពុងតែរង់ចាំនូវដំណោះស្រាយ ក៏ប៉ុន្តែផ្ទុយទៅវិញ ការប្រជុំក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ថ្មីៗនេះ គឺស្មើនឹងសូន្យ។ អ៊ីចឹងយើងព្រួយបារម្ភទាក់ទងនឹងបញ្ហានេះ»។
ផ្ទុយទៅពីប្រសាសន៍លើកឡើងរបស់លោក កែវ រ៉េមី អ្នកស្រី រ៉ូណា ស្មីត ថ្លែងឲ្យដឹងថា អ្នកស្រីពិតជាបានលើកយកការព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្សទូទៅនៅកម្ពុជា មកពិភាក្សានៅក្នុងជំនួបជាមួយមន្ត្រីរដ្ឋាភិបាល៖ «មានបញ្ហាជាច្រើនដែលជាការព្រួយបារម្ភទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលត្រូវបានលើកឡើងនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីនានា ក្នុងបេសកកម្មរហូតមកដល់ពេលនេះ»។
អ្នកស្រី រ៉ូណា ស្មីត បន្តថា ទោះបីជានៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរមិនបានលើកអំពីករណីវាយដំលោក អំ សំអាត ដោយជាក់លាក់ក្ដី ប៉ុន្តែអ្នកស្រីបានលើកយកបញ្ហាសិទ្ធិមនុស្សជាទូទៅនៅកម្ពុជា មកពិភាក្សា។ កិច្ចពិភាក្សាភាគច្រើន គឺផ្ដោតលើការរៀបចំរបាយការណ៍របស់គណៈកម្មការសិទ្ធិមនុស្សកម្ពុជា ដែលត្រូវដាក់ទៅគណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងការដាក់ជូនរបាយការណ៍ជាទៀងទាត់ទៅអង្គការសហប្រជាជាតិ ដើម្បីឲ្យសហគមន៍អន្តរជាតិ និងអ្នកជំនាញសិទ្ធិមនុស្សនានា អាចវាយតម្លៃអំពីការគោរពតាមគោលការណ៍សិទ្ធិមនុស្ស ដូចមានចែងនៅក្នុងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ។
ករណីវាយដំអ្នកការពារសិទ្ធិមនុស្ស អ្នកយកព័ត៌មានក្រសួងមហាផ្ទៃ និងអ្នកបឹងកក់នៅក្នុងទិវាសិទ្ធិលំនៅឋានអន្តរជាតិ កាលពីថ្ងៃទី១០ តុលា ត្រូវបានប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បញ្ជាក់ថា លោកនឹងមិនធ្វើអន្តរាគមន៍អ្វីទេ។ ប៉ុន្តែលោកផ្ដល់ដំណោះស្រាយថា អ្នករងការវាយដំទាំងនោះ អាចប្ដឹងទៅតុលាការបាន ហើយថា ប្រសិនបើមិនមានមេធាវី ខាងលោកអាចជួយផ្ដល់បាន។
លោក កែវ រ៉េមី ថ្លែងទៀតថា លោកមិនមានបញ្ហាអ្វីទេ ប្រសិនបើអ្នកស្រី រ៉ូណា ស្មីត ដាក់ករណីវាយដំនេះក្នុងរបាយការណ៍ស្ថានភាពសិទ្ធិមនុស្សកម្ពុជា ទៅអង្គការសហប្រជាជាតិនោះ ព្រោះលោកបាននិយាយពីការពិតនៅកម្ពុជា ហើយ៕
Subscribe to:
Post Comments (Atom)
3 comments:
Why do they let Ah Nguyen Cao Ky aka Keo Remy represents Khmer authority?
Keo Remy is a really trouble maker. He tried to protect himself from what he has done to damage Cambodia and Khmer people as a whole. This idiot tries to get a way by having CPP's power and weapons to protect his ass. He knows that he is a real trouble maker. He is so shameful of himself.
This Keo Ramey knows full well he lied.
He had to do it to save his a*s !!!
Post a Comment