ដោយ ជិន ជេដ្ឋា
2016-10-10
ទំនប់ទឹកឈ្វាំងដែលជាប្រភពទឹកបូមឲ្យអ្នកភូមិប្រើប្រាស់ប្រចាំថ្ងៃ ឋិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦។ RFA/Chin Chetha
RFA/Chin Chetha
អ្នកភូមិមួយចំនួនក្នុងឃុំព្រៃខ្មែរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កំពុងប្រឈមនឹងបញ្ហាសុខភាព ដោយសារតែប្រើប្រាស់ទឹកគ្មានអនាម័យ និងសំណល់ប្លាស្ទិក កំពុងបង្កឲ្យប្រភពទឹកនេះកាន់តែមានជាតិពុល។ ប្រធានសហគមន៍គ្រប់គ្រងទឹកស្អាតអះអាងថា បញ្ហាសំរាម ឬសំណល់ប្លាស្ទិក មានច្រើនតែនៅថ្ងៃបុណ្យទាន ប៉ុន្តែសហគមន៍នឹងនាំគ្នាសម្អាតនៅពេលឆាប់ៗ។
ពលរដ្ឋរស់នៅក្បែរប្រភពទឹកទំនប់ឈ្វាំង និងអ្នកប្រើប្រាស់គម្រោងទឹកស្អាតរបស់សហគមន៍ព្រៃខ្មែរ រិះគន់អាជ្ញាធរ និងអ្នកគ្រប់គ្រងប្រភពទឹកស្អាត ថាទឹកដែលបូមឲ្យពលរដ្ឋប្រើប្រាស់គ្មានអនាម័យ។
ពលរដ្ឋម្នាក់ក្នុងចំណោមអ្នកភូមិព្រៃខ្មែរ ជាង ១០០គ្រួសារដែលប្រើប្រាស់ទឹកស្អាតទំនប់ឈ្វាំង លោកស្រី ម៉ុម អែត មានប្រសាសន៍ថា រយៈពេលជិតពីរឆ្នាំហើយដែលគ្រួសារគាត់ប្រើទឹកនេះសម្រាប់ដាំស្ល ងូត បោកគក់ និងផឹកដោយផ្ទាល់ពុំបានដាំឲ្យពុះ ឬយកទៅចម្រោះទៀតនោះទេ ព្រោះរវល់នឹងការងារពេក។ លោកស្រីបារម្ភពីបញ្ហាសុខភាពដែរ ក្រោយឃើញសំរាមច្រើននៅក្បែរប្រភពទឹក៖ «ខ្ញុំប្រើទៅវាស្រួលហើយ ប៉ុន្តែគ្រាន់ថាបូមមកវាមានសត្វដោយចូលក្នុងពាង និយាយរួមបូមពីលើមកចូលពាងខ្ញុំប្រើម៉ង គេអត់មានចម្រោះឲ្យទេ។ ខ្ញុំសួរគេ គេថាអត់មានចម្រោះផង។ ខ្ញុំចង់ឲ្យស្អាត ព្រោះខ្ញុំហូបតែទឹកហ្នឹង ហើយខ្ញុំហូបទឹកហ្នឹងខួបប្រាំងខួបវស្សាម៉ង អត់មានបានចម្រោះបានអីនឹងគេទេ»។
ក្រៅពីបញ្ហាទឹកបូមពីក្នុងបឹងឈ្វាំងចូលអាង តែមិនបានឆ្លងកាត់ប្រព័ន្ធចម្រោះទឹកស្អាតនេះ បញ្ហាសំណល់ប្លាស្ទិក សម្បកពងទាកូន និងនំចំណី ត្រូវបានអ្នកទៅលំហែកាយបោះចូលក្នុងទឹក ឬនៅមាត់បឹងឈ្វាំងដែលជាប្រភពទឹកសំខាន់តែមួយគត់របស់អ្នកភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ប្រើប្រាស់ នាំឲ្យកខ្វក់។ បញ្ហានេះ អាចបណ្ដាលមកពីពលរដ្ឋ ឬអ្នកដើរលំហែទាំងនោះខ្វះការយល់ដឹងពីអនាម័យ។
អាជីវករលក់ពងទា និងគ្រឿងក្លែមនៅក្បែរទំនប់ទឹកឈ្វាំង លោកស្រី ម៉ែន ខៃ ឲ្យដឹងថា ជារៀងរាល់ល្ងាច ជាពិសេសនៅពេលមានបុណ្យទានម្ដងៗ នៅលើដងទំនប់មានមនុស្សកុះករមកអង្គុយកម្សាន្ត និងទិញនំចំណីហូបចុក ហើយចោលសំរាមពាសវាលពាសកាលនៅក្នុងទឹក និងមាត់ទំនប់។ ចំពោះលោកស្រី លោកស្រីបានសម្អាតសំរាមជាប្រចាំនៅមុខតូបរបស់ខ្លួន ហើយតែងតែប្រាប់ឲ្យអ្នកទិញនំចំណីពីគាត់ទៅ ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ឬហូបហើយត្រូវយកសំរាមនោះមកឲ្យគាត់វិញ៖ «ខ្ញុំគ្រាន់ថា ច្រកសំរាមមកឲ្យខ្ញុំវិញដើម្បីដុតអ៊ីចឹង ហើយមានអ្នកខ្លះក៏បានយកមក អ្នកខ្លះក៏អត់បានយកមក។ លោក ជិន ជេដ្ឋា៖ បងលក់នៅទីនេះយូរនៅ? ខ្ញុំចាប់ផ្ដើមលក់ពេលចូលឆ្នាំរួច។ មានអ្នកមកលេងពីណាភូមិផ្សេងៗអ៊ីចឹងទៅ មកច្រើនពីគ្រប់ភូមិគ្រប់ឃុំ»។
អាងចម្រោះទឹកដែលអង្គការលោកខាងលិចជួបលោកខាងកើត (EMW) ផ្ដល់ជំនួយសាងសង់កាលពីដើមឆ្នាំ២០១៤ ឋិតនៅក្បែរមាត់បឹងឈ្វាំង។ រូបថតថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ RFA/Chin Chetha RFA/Chin Chetha
ទាក់ទងបញ្ហានេះ ប្រធានសហគមន៍គ្រប់គ្រងទឹកស្អាតសហគមន៍ខ្នាតតូច លោក សោម ស៊ីណៃ ថាបញ្ហាសំរាម ឬសំណល់ប្លាស្ទិកដែលនៅរាត់រាយនោះ លោក និងសមាជិកសហគមន៍ នឹងសម្អាតក្នុងពេលឆាប់ៗ។ ការពិត នៅពេលមានបុណ្យទាន ឬមនុស្សចូលលំហែនៅប្រភពទឹកឈ្វាំងច្រើននោះ គឺសហគមន៍តែងតែដាក់ការុងមួយចំនួននៅក្បែរមាត់ទឹក ងាយស្រួលនឹងយកចោល និងកុំឲ្យប៉ះពាល់ទឹក៖ «ខ្ញុំខំប្រឹងថែទាំដែរ តែប្រជាពលរដ្ឋយើងមកលេងអ៊ីចឹង ហើយពេលល្ងាចឡើងគាត់មកហូប យើងដើរប្រាប់ឲ្យដាក់ក្នុងថង់ ឬគ្រវែងចោលមកក្រៅអ៊ីចឹង ស្រួលប្រមូលដុត តែគាត់អត់ធ្វើតាម។ បាទ! ម្សិលមិញ ខ្ញុំបានចុះកន្លែងទ្វារទឹកប្រមូលបោះទៅក្រោមខ្លះ ដើម្បីឲ្យវាអណ្ដែតទៅក្រោមអ៊ីចឹងទៅ»។
ចំពោះបញ្ហាទឹកគ្មានអនាម័យវិញលោកបញ្ជាក់ថា អាងចម្រោះទឹកស្អាតដែលជាជំនួយឥតសំណងរបស់អង្គការក្រៅប្រទេសឈ្មោះ លោកខាងលិចជួបលោកខាងកើត (EMW) តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ មិនអាចចម្រោះទឹកទាន់តម្រូវការប្រើប្រាស់របស់អ្នកភូមិទាំង ១១៦គ្រួសារឡើយ។ បញ្ហានេះ ជំរុញឲ្យលោកបូមទឹកពីក្នុងបឹងឈ្វាំង ដាក់ឲ្យពលរដ្ឋប្រើប្រាស់ផ្ទាល់តែម្ដងនៅរដូវប្រាំង ព្រោះតម្រូវការទឹកច្រើន ប៉ុន្តែនៅរដូវវស្សាដែលពលរដ្ឋមានទឹកភ្លៀងប្រើគួបផ្សំ និងកាត់បន្ថយការប្រើទឹកស្អាតនោះ ទើបលោកបើកប្រព័ន្ធចម្រោះទឹក មុននឹងបញ្ចេញទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់៖ «នៅពេលយើងចម្រោះវាអត់មានប៉ះពាល់ (សុខភាព) ប៉ុន្តែប្រជាពលរដ្ឋនៅទីនេះអត់សំខាន់រឿងផលប៉ះពាល់ (ទឹកមិនបានចម្រោះ) ព្រោះគាត់ប្រើក្នុងងូត ព្រោះគាត់មានទឹកស្អាតដោយប្រើប្រាស់ធុងចម្រោះគ្រប់គ្នា»។
ពាក់ព័ន្ធនឹងការបង្កើតអាងចម្រោះទឹកស្អាតខ្នាតតូចនៅភូមិព្រៃខ្មែរ កាលពីដើមឆ្នាំ២០១៤ មានតំណាង និងពលរដ្ឋចំនួន ៤៥០គ្រួសារ នាំគ្នាផ្ដិតមេដៃមិនគាំទ្រគម្រោងនេះ ក្រោមហេតុផលតែមួយគត់ គឺខ្លាចអាជ្ញាធរ ឬឈ្មួញធ្វើអាជីវកម្មទឹកស្អាតផ្ដាច់មុខ ឬលែងឲ្យអ្នកភូមិក្បែរនោះប្រើទឹកឈ្វាំង ប៉ុន្តែពលរដ្ឋគាំទ្រគម្រោងនេះវិញ ក្រោយអាជ្ញាធរឲ្យសហគមន៍គ្រប់គ្រងការផលិតទឹកស្អាតនេះ។
នាយកប្រចាំប្រទេសកម្ពុជា នៃអង្គការលោកខាងលិចជួបលោកខាងកើត (EMW) លោក គឹម ហ៊ ធ្លាប់បញ្ជាក់ថា ម្ចាស់ជំនួយយល់ស្របនឹងសំណើ ឬតម្រូវការពលរដ្ឋដែលខ្វះខាតទឹកស្អាតប្រើប្រាស់ចាំបាច់។ លោកថា អាងចម្រោះទឹកនេះអាចផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋ ៥០០គ្រួសារ ប៉ុន្តែលោកថា ជំហានដំបូងដាក់ឲ្យពលរដ្ឋចំនួន ២៥០គ្រួសារសិន ហើយអង្គការនឹងថែមលុយប្រមាណ ២ម៉ឺនទៅ ២ម៉ឺន ៥ពាន់ដុល្លារទៀត ដើម្បីតភ្ជាប់បណ្ដាញឲ្យចូលផ្ទះចំនួន ២៥០គ្រួសារទៀតឲ្យបានគ្រប់ ៥០០គ្រួសារ។
អាស៊ីសេរី មិនអាចទាក់ទងលោក គឹម ហ៊ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមពីអ្វីដែលលោកធ្លាប់មានប្រសាសន៍កាលពីខែមេសា ឆ្នាំ២០១៤ នោះទេ នៅថ្ងៃទី៨ ខែតុលា ប៉ុន្តែប្រធានសហគមន៍ លោក សោម ស៊ីណៃ បញ្ជាក់ថា អង្គការបានសង់តែអាងចម្រោះទឹកឲ្យប៉ុណ្ណោះ ចំណែកទុយោតបណ្ដាញទឹកចូលផ្ទះវិញ ត្រូវសហគមន៍ខ្ចីលុយពីធនាគារទៅធ្វើដើមទុន ហើយយកថ្លៃទឹកពីពលរដ្ឋក្នុង ១ម៉ែត្រគូបពីរពាន់រៀល៕
No comments:
Post a Comment