Monday, 10 October 2016

អគ្គនាយកដ្ឋាន​ពន្ធនាគារ​បញ្ជាក់​ថា​ទណ្ឌិត សោម ឯក លួច​រត់​ពេល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ


ដោយ សាន សែល
2016-10-10

លោក សោម ឯក ជិះ​ក្នុង​រថយន្ត​ពេល​មក​កាន់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថៃ្ង​២០ ធ្នូ ២០០៩។
លោក សោម ឯក ជិះ​ក្នុង​រថយន្ត​ពេល​មក​កាន់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថៃ្ង​២០ ធ្នូ ២០០៩។

Photo: RFA



អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១០ តុលា ថា ទណ្ឌិត សោម ឯក ពិត​ជា​បាន​ចេញ​ពី​ពន្ធនាគារ​ប៉េស្ស៊ី (PJ) ប្រាកដ​មែន។ លោក​បញ្ជាក់​ថា ទណ្ឌិត សោម ឯក បាន​លួច​រត់ បន្ទាប់​ពី​គេ​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី។

លោក នុត សាវនា ឲ្យ​ដឹង​ថា ទណ្ឌិត សោម ឯក ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១០ បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៨​ឆ្នាំ មាន​ជំងឺ​លើស​ឈាម បាន​ដួល​ក្នុង​បន្ទប់​ទឹក ហើយ​ត្រូវ​បាន​ពន្ធនាគារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​រុស្ស៊ី។ លោក​ថា ទណ្ឌិត សោម ឯក បាន​លួច​រត់​គេច​អំឡុង​ពេល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ តែ​មិន​មែន​លួច​ហែក​គុក​ចេញ​នោះ​ទេ៖ «»។



ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយ​រូប បាន​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ តុលា ឲ្យ​ដឹង​ថា លោក សោម ឯក បាន​រត់​គេច​ពី​ពន្ធនាគារ ដោយសារ​មន្ត្រី​ពន្ធនាគារ​ប៉េស្ស៊ី ធ្វើ​ទារុណកម្ម​ខ្លាំង​ពេក។ ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ប្រធាន​ពន្ធនាគារ​ប៉េស្ស៊ី​គាប​សង្កត់​អ្នក​ទោស ធ្វើ​បាប​អ្នក​ទោស​ផ្សេង​ទៀត​ដោយ​ប្រើ​ដំបង​ប៉ុន​ក​ដៃ វ៉ៃ​ខ្នង​បែក​ឈាម ហើយ​ឆក់​ខ្សែ​ភ្លើង ជាដើម។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា អះអាង​ថា កន្លង​ទៅ លោក​ធ្លាប់​ឮ​ពី​ការ​ប្រើ​ហិង្សា​នៅ​ពន្ធនាគារ​ប៉េស្ស៊ី​ដែរ។ លោក​បញ្ជាក់​ថា នឹង​មាន​ការ​បើក​ការ​ស៊ើប​អង្កេត​បន្ថែម​លើ​រឿង​នេះ៖ «»។

លោក​បន្ថែម​ថា ការ​ស៊ើប​អង្កេត​នេះ នឹង​ធ្វើ​ឡើង​ដោយ​ក្រុម​ការងារ​អន្តរ​ក្រសួង ទប់ស្កាត់​ការ​ប្រើ​អំពើ​អមនុស្សធម៌ អំពើ​ឃោរឃៅ និង​ធ្វើ​ទារុណកម្ម។ លោក​ថ្លែង​ថា ប្រសិន​បើ​ប្រធាន​ពន្ធនាគារ​ប៉េស្ស៊ី ឬ​មន្ត្រី​ពន្ធនាគារ ត្រូវ​គេ​រក​ឃើញ​ថា​មាន​កំហុស​មែន​នោះ នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង ព្រម​ទាំង​ប្រឈម​នឹង​ការ​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ។

លោក សោម ឯក ត្រូវ​តុលាការ​ចោទ​ប្រកាន់​ថា ជា​មេ​ខ្លោង​នៃ​ចលនា​រណសិរ្ស​រួបរួម​ជាតិ រូប​សញ្ញា​ក្បាល​ខ្លា ដែល​បាន​បង្កៃ​គ្រឿង​ផ្ទុះ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០០៧ នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​បំផ្លាញ​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម ប៉ុន្តែ​មិន​បាន​សម្រេច៕

No comments: