ដោយ ជិន ជេដ្ឋា
2016-10-07
ប្រជានេសាទបង់សំណាញ់នៅខ្នងទំនប់បារាំងផ្សារក្រោម ឋិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥។
RFA/Chin Chetha
ពលរដ្ឋនៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចោទប្រធាន និងអនុប្រធានសហគមន៍នេសាទភូមិស្ទឹងស្ងួតថា បានប្រព្រឹត្តអំពើពុករលួយ និងនេសាទខុសច្បាប់។ មេភូមិស្ទឹងស្ងួត ថ្លែងការពារបុគ្គលទាំងពីរនាក់ ប៉ុន្តែទទួលស្គាល់ថា បទល្មើសដាក់លូស្បៃមុងពិតជាកើតមានច្រើនក្នុងមូលដ្ឋាននេះ ហើយមន្ត្រីជំនាញរដ្ឋបាលជលផលបង្ក្រាបមិនចេះអស់។
ពលរដ្ឋមួយចំនួននៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ឲ្យដឹងនៅថ្ងៃទី៧ ខែតុលា ថាបទល្មើសខ្លះត្រូវអ្នកភូមិប្រព្រឹត្តដោយយកបំណាំតាមប្រធាន និងអនុប្រធានសហគមន៍នេសាទដែលប្រព្រឹត្តល្មើសច្បាប់ នៅគ្រាដែលសកម្មភាពដាក់លូស្បៃមុងចាប់ត្រីទាំងតូចទាំងធំកើតមានស្អេកស្កះនៅក្នុងឃុំ។
ពលរដ្ឋម្នាក់រស់នៅឃុំអំពិលទឹក ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា ប្រធានសហគមន៍លោក ស្រី វន និងអនុប្រធានឈ្មោះ ជួន ផង់ បានដាក់លូស្បែមុងភ្ជិតមាត់ព្រែកក្នុងភូមិស្ទឹងស្ងួត និងលួចដាក់នៅកន្លែងផ្សេងជាច្រើនមាត់ទៀត។
លោកថា ជាញឹកញយលោក ជួន ផង់ បានដើរប្រមូលលុយម្នាក់ ២០ម៉ឺនរៀលពីអ្នកភូមិប្រមាណ ៥០នាក់ ដែលប្រព្រឹត្តល្មើសទៅសូកមន្ត្រីជលផលទៀតផង ដើម្បីកុំឲ្យកម្ទេចលូស្បៃមុងរបស់ខ្លួន និងអ្នកភូមិពេលមានកម្លាំងចម្រុះចុះបង្ក្រាបម្ដងៗ៖ «គេរៃលុយ ជួនកាលគេរ៉ៃគ្នាតាមទូរស័ព្ទប្រាប់ទៅអ្នកដែលដាក់ៗលូស្បៃមុងអ៊ីចឹងទៅណា ជួនកាលគេដើរប្រមូលផ្ទាល់។ ចង់សួរថា បើបងជាមន្ដ្រីជលផលខាងមច្ឆាជាតិហ្នឹង សូមឲ្យបងជួយថែរក្សាផង កុំគិតតែរឿងលុយហិនហោចអស់ហើយ»។
អាស៊ីសេរីមិនអាចរកប្រភពទាក់ទងប្រធានសហគមន៍នេសាទភូមិស្ទឹងស្ងួត លោក ស្រី វន និងអនុប្រធានលោក ជួន ផង់ ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៧ ខែតុលា។ មេភូមិស្ទឹងស្ងួត លោក ហុក ម៉េង ថ្លែងការពារអ្នកទាំងពីរថា ចំពោះលោក ស្រី វន គឺជាមនុស្សស្មោះត្រង់ និងមិនដែលប្រព្រឹត្តបទល្មើសនេសាទនោះទេ តែលោក ជួន ផង់ អាចមានដាក់លូស្បៃមុងខ្លះមែន។
លោក ហុក ម៉េង ទទួលស្គាល់ថា បទល្មើសនេសាទនៅក្នុងមូលដ្ឋានលោកពិតជាកើតមានច្រើន តែខាងជំនាញរដ្ឋបាលជលផលចុះបង្ក្រាបជាប្រចាំដែរ ប៉ុន្តែមិនឃើញថមថយសោះ៖ «វាបង្ក្រាបជាបន្តបន្ទាប់ដែរ ប៉ុន្ដែវាដូចថា អ្នករកវារកបានវាដាក់យកមកទៀត អ៊ីចឹងណាបានខ្ញុំពិបាកណាស់ ខ្ញុំឈឺក្បាលដែររឿងបទល្មើសហ្នឹង ហើយខ្ញុំអត់មានលូកដៃចូលទេ ព្រោះរឿងអ៊ីចឹងវាខូចកិត្តិយស ចង់អ្នកឯងបានលុយយ៉ាងម៉េចក៏ខ្ញុំអត់ដែលទៅសួរដែរ»។
មូលហេតុសំខាន់មួយក្នុងចំណោមមូលហេតុមួយចំនួនទៀតដែលនាំឲ្យមានបទល្មើសដាក់លូស្បៃមុងកាន់តែច្រើននៅតាមទន្លេ បឹង ឬព្រែក គឺអាចបណ្ដាលមកពីសកម្មភាពចិញ្ចឹមត្រីឆ្ដោរ។ អ្នកចិញ្ចឹមត្រីឆ្ដោរ បានប្រើឧបករណ៍ល្មើសច្បាប់គ្រប់បែបយ៉ាង ដើម្បីប្រមូលត្រីល្អិតៗពីក្នុងបឹង ទៅធ្វើជាចំណីត្រីឆ្ដោរ ដោយសារពួកគេពុំមានលទ្ធភាពទិញចំណីសិប្បនិម្មិត ឬចំណីផលិតពីរោងចក្រទាំងស្រុង។
នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង លោក សោម ភិរុណ ធ្លាប់បញ្ជាក់ថា ក្រសួងកសិកម្ម បានប្រកាសបើកទូលាយឲ្យមានការចិញ្ចឹមត្រីឆ្ដោរឡើងវិញ។ ចំពោះប្រភពចំណីចិញ្ចឹមត្រីឆ្ដោរដែលពលរដ្ឋម្ចាស់ស្រះប្រមូលមកពីណានោះលោកមិនដឹងឡើយ ប៉ុន្តែការប្រើឧបករណ៍លូស្បៃមុងចាប់ត្រីល្អិតពីក្នុងបឹងទន្លេសាបមកធ្វើជាចំណីនោះ គឺជាទង្វើខុសច្បាប់ដែលខាងលោកត្រូវតែបង្ក្រាប៕
No comments:
Post a Comment