Friday, 7 October 2016
ខ្មែរនៅអូស្ត្រាលីតវ៉ាប្រឆាំងលោក ហ៊ុន ម៉ាណែត និងទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី
ដោយ ជុន ច័ន្ទបុត្រ
2016-10-07
rfa
ពលរដ្ឋខ្មែររស់នៅអូស្ត្រាលីតវ៉ាប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត នាទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។
ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី (Australia) ប្រមាណជាង៥០០នាក់ នាំគ្នាតវ៉ានៅរាត្រីថ្ងៃទី៧ ខែតុលា ដើម្បីប្រឆាំងនឹងវត្តមានកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលកំពុងមានវត្តមាននៅទីនោះ។
ដូចការគ្រោងទុក សហគមន៍ខ្មែរនៅទីក្រុងម៉ែលប៊ន (Melbourne) បាននាំគ្នាទៅតវ៉ាប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត ទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី ដែលត្រូវឃាតកបាញ់សម្លាប់កាលពីខែកក្កដា កន្លងទៅនិងទាមទារឲ្យដោះលែងសកម្មជន និងសមាជិកសភាបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ។ «»
ការតវ៉ានេះ ធ្វើឡើងនៅខាងមុខភោជនីយដ្ឋានមួយឈ្មោះថាអាណាបេឡា (Anabella) ជាយទីក្រុងម៉ែលប៊ន ជាទីកន្លែងដែលលោក ហ៊ុន ម៉ាណែត និងប្រតិភូរបស់លោកកំពុងធ្វើពិធីជួបជុំមួយ ដើម្បីស្វាគមន៍សមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជា។
បាតុករមានក្មេងចាស់ប្រុសស្រី រួមទាំងព្រះភិក្ខុសង្ឃផងនាំគ្នាឈរសងខាងផ្លូវនៅមុខភោជនីយដ្ឋាននេះ ដោយមានកាន់បដាតូចធំ និងភាគច្រើនពាក់យឺតពណ៌ខ្មៅ ដែលមានរូបលោកបណ្ឌិត កែម ឡី។ ពួកគេស្រែកទាមទារអោយរកយុត្តិធម៌អោយលោក កែម ឡី ផងនិងទាមទារអោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះពីដំណែងផង។ «»
ព្រះភិក្ខុសង្ឃមួយអង្គក្នុងចំណោមព្រះភិក្ខុសង្ឃពីរអង្គ ដែលបានមកចូលរួមក្នុងពិធីបាតុកម្មនេះ មានថេរដីកាថា ព្រះអង្គសូមស្នើអោយមេដឹកនាំខ្មែរឆាប់ជជែកគ្នាដោះស្រាយបញ្ហានយោបាយអោយមានភាពប្រក្រតីឡើងវិញ។«»
តំណាងរាស្ត្រដើមកំណើតខ្មែរ ប្រចាំរដ្ឋវ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម ក៏មានវត្តមានក្នុងបាតុកម្មនេះដែរ។ លោកមានប្រតិកម្មតបទៅលោក ហ៊ុន ម៉ាណែត ដែលបានចោទលោកថា មានស្តង់ដារពីរ ដោយថាលោក ហុង លីម ខ្លួនឯង ក៏បានចូលរួមពិធីជប់លៀងមួយដែរ កាលពីថ្ងៃទី៣០កញ្ញា កន្លងទៅ។ លោក ហុង លីម ថាក្នុងតួនាទីលោកជាតំណាងរាស្ត្រ លោកបានអញ្ជើញទៅជាអធិបតី ក្នុងពិធីជប់លៀងរៃអង្គាសប្រាក់ យកទៅជួយអង្គការជួយព្យាបាលភ្នែកនៅកម្ពុជា មានឈ្មោះថា កម្ពុជា វីសិន (Cambodian Vision) មិនមានជាការរាំរែកសប្បាយគៀងរកបក្ខពួកឡើយ។
ក្រៅពីរិះគន់ចំពោះការមកជប់លៀងប្រមូលអ្នកគាំទ្រនយោបាយ ក្នុងខណៈដែលពួកគាត់កំពុងរៀបចំពីធីបុណ្យ១០០ថ្ងៃ អ្នកចូលរួមខ្លះក៏រិះគន់ចំពោះការយកប្រាក់មកចំណាយទាក់ទាញពលរដ្ឋខ្មែរនៅអូស្ត្រាលីអោយចូលដៃជាមួយបក្សខ្លួន ក្នុងខណៈដែលពលរដ្ឋខ្មែរនៅក្នុងប្រទេសកំពុងខ្វះខាត។
ក្រុមលោក ហ៊ុន ម៉ាណែត ដែលមានគ្នាប្រមាណ៣០នាក់ នឹងមានពិធីស្រដៀងគ្នានេះ នៅក្រុងដ៏ទៀត នៃប្រទេសអូស្ត្រាលីនេះ និងប្រទេសណូវែលហ្សេឡង់ដ៍ (New Zealand)ផងដែរ។ ហើយសហគមន៍នៃទីដែលលោក ហ៊ុន ម៉ាណែត និងប្រតិភូបម្រុងនឹងទៅនេះ ក៏នឹងត្រៀមធ្វើបាតុកម្មប្រឆាំងនឹងលោកដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment