Tuesday, 11 October 2016
អាដហុកខេត្តព្រះវិហារចោទអាជ្ញាធរស្រុកថារារាំងមិនឲ្យបើកវគ្គផ្សព្វផ្សាយស្ដីពីសិទ្ធិមនុស្ស
ដោយ ហង្ស សាវយុត
2016-10-10
ក្រុមប្រជាពលរដ្ឋប្រមាណ ២០នាក់នៅតែជម្នះចូលរួមវគ្គផ្សព្វផ្សាយស្ដីពីសិទ្ធិមនុស្ស និងច្បាប់ បើទោះបីជាកម្លាំងប៉ូលិសរារាំងមិនឲ្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ ដំណើរការកម្មវិធីក៏ដោយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។ Photo ADHOC
Photo ADHOC
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ ចោទប្រកាន់ថា អាជ្ញាធរស្រុកសង្គមថ្មី ព្រមទាំងមន្ត្រីប៉ុស្តិ៍នគរបាលឃុំភ្នំត្បែង១ បានរារាំងមិនឲ្យអង្គការនេះបើកវគ្គផ្សព្វផ្សាយស្ដីពីសិទ្ធិមនុស្ស និងច្បាប់ ទៅកាន់ប្រជាពលរដ្ឋបានទេកាលពីព្រឹកថ្ងៃច័ន្ទ ទី១០ ខែតុលា។
វគ្គផ្សព្វផ្សាយតាមមូលដ្ឋានស្ដីពីសិទ្ធិមនុស្ស និងច្បាប់នេះ គឺជាគម្រោងដែលឧបត្ថម្ភដោយទីភ្នាក់ងារអភិវឌ្ឍន៍សហរដ្ឋអាមេរិក និងកិច្ចសហប្រតិបត្តិការអន្តរជាតិ (USAID)។
មន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ បានបញ្ចេញប្រតិកម្មដោយរិះគន់ទៅលើអាជ្ញាធរស្រុកសង្គមថ្មី ចម្ងាយជាង ៥០គីឡូម៉ែត្រភាគខាងត្បូងពីទីរួមខេត្ត ថាកំពុងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីអង្គការក្រៅរដ្ឋាភិបាលមួយនេះ មានគម្រោងទៅបើកវគ្គផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល បានយល់ដឹងអំពីច្បាប់ និងសិទ្ធិមនុស្ស នៅព្រឹកថ្ងៃច័ន្ទ ទី១០ ខែតុលា ក៏ប៉ុន្តែត្រូវកម្លាំងប៉ូលិសមួយក្រុមទៅរារាំង។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ គឺលោក ឡោ ចាន់។ លោកមានប្រសាសន៍ថា នៅព្រឹកថ្ងៃទី១០ ខែតុលា លោកបានទៅរៀបចំវគ្គផ្សព្វផ្សាយស្ដីពីសិទ្ធិមនុស្ស និងច្បាប់ដល់ប្រជាពលរដ្ឋ នៅភូមិសំឡាញ ឃុំភ្នំត្បែង១ ក៏ប៉ុន្តែត្រូវបានប៉ូលិសប៉ុស្តិ៍ឃុំភ្នំត្បែង១ បញ្ជូនកម្លាំងទៅរារាំងមិនឲ្យដំណើរការបានទេ។ លោក ឡោ ចាន់ អះអាងថា អភិបាលស្រុកសង្គមថ្មី ឈ្មោះ រស់ ហេង ជាអ្នកបញ្ជាកម្លាំងប៉ូលិសឲ្យទៅរារាំងវគ្គផ្សព្វផ្សាយនោះ៖ «ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ពីព្រោះក្រសួងមហាផ្ទៃ បានជូនដំណឹងរួចហើយថា រាល់ការបើកវគ្គផ្សព្វផ្សាយ វគ្គបណ្ដុះបណ្ដាល ឬក៏សិក្ខាសាលា គ្រាន់តែធ្វើលិខិតជូនដំណឹងទៅឲ្យអាជ្ញាធរដឹងប៉ុណ្ណោះ មិនបាច់ធ្វើរហូតដល់សុំច្បាប់នោះទេ»។
អាជ្ញាធរស្រុកសង្គមថ្មី បានច្រានចោលការចោទប្រកាន់នេះ ហើយថាគឺសមាគមការពារសិទ្ធិមនុស្សអាដហុក ទៅវិញទេ ដែលចូលទៅធ្វើសកម្មភាពនៅក្នុងដែនដីដោយមិនមានការដឹងឮពីសាលាខេត្តព្រះវិហារ ជាមុន។
អភិបាលស្រុកសង្គមថ្មី លោក រស់ ហេង មានប្រសាសន៍ថា ក្នុងនាមលោកដែលជាអាជ្ញាធរស្រុក តែងស្វាគមន៍រាល់អង្គការក្រៅរដ្ឋាភិបាលណាដែលចូលទៅធ្វើសកម្មភាព ដោយមានលិខិតច្បាស់លាស់ចេញពីសាលាខេត្ត។ លោក រស់ ហេង បន្ទោសថា សមាគមការពារសិទ្ធិមនុស្សអាដហុក ដែលចូលទៅបើកវគ្គផ្សព្វផ្សាយនៅភូមិសំឡាញ ឃុំភ្នំត្បែង១ នោះ គឺមិនបានដាក់លិខិតស្នើសុំទៅសាលាខេត្តព្រះវិហារ ទេ ទើបសាលាខេត្តមិនមានចេញសេចក្តីជូនដំណឹងឲ្យអាជ្ញាធរស្រុកបានដឹង៖ «ហើយគាត់អត់មានទាំងអស់ ហើយអភិបាលរងស្រុកបានទៅសួរគាត់ ក៏គាត់ទទួលស្គាល់ថាខ្វះឯកសារបែបបទរដ្ឋបាលទាំងនោះដែរ»។
ទោះបីជាយ៉ាងណា លោក ឡោ ចាន់ អះអាងថា លោកធ្លាប់បានធ្វើឯកសារទាំងនោះដាក់ជូនទៅសាលាខេត្តព្រះវិហារ តាំងពីជំនាន់លោក អ៊ុំ ម៉ារ៉ា នៅជាអភិបាលខេត្តម្ល៉េះ ហើយឯកសារទាំងនោះត្រូវរដ្ឋបាលសាលាខេត្តតម្កល់ទុករួចហើយ។
អាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តព្រះវិហារ ដែលទើបតែឡើងកាន់តំណែងថ្មី លោក អ៊ុន ចាន់ដា ដើម្បីសាកសួរជុំវិញសេចក្តីជូនដំណឹងនោះបានថាយ៉ាងណានៅឡើយ នៅរសៀលថ្ងៃទី១០ ខែតុលា។
រយៈពេល ៣ខែមកនេះ សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ បានចោទប្រកាន់អាជ្ញាធរស្រុកខ្លះថាបានគំរាមកំហែង និងរំលោភសិទ្ធិមនុស្សចំនួន ២លើកហើយ។
កាលពីថ្ងៃទី១៦-១៧ ខែមិថុនា កន្លងទៅ សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ ធ្លាប់ចោទប្រកាន់អាជ្ញាធរស្រុកឆែប ថាបានរារាំងមិនឲ្យបើកវគ្គបណ្ដុះបណ្ដាលសហគមន៍ ស្ដីពីច្បាប់ និងសិទ្ធិមនុស្ស នៅឃុំម្លូព្រៃ២ ថែមទាំងគំរាមរកចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សទៀតផង៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment