Tuesday, 11 October 2016

ពលករ​ខ្មែរ​មក​ពី​ថៃ​រាប់​រយ​នាក់​មិន​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ព្រំដែន​ខេត្ត​ចំនួន​ពីរ


ដោយ ហ៊ុំ ចំរើន
2016-10-10
rfa

ពលករ​ខ្មែរ​ថត​រូប​ជុំ​គ្នា​នៅ​វត្ត​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មុន​ពេល​ពួក​គេ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​នៅ​ប្រទេស​ថៃ ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០១៦។ Photo Provided
ពលករ​ខ្មែរ​ថត​រូប​ជុំ​គ្នា​នៅ​វត្ត​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មុន​ពេល​ពួក​គេ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​នៅ​ប្រទេស​ថៃ ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០១៦។ Photo Provided
 Photo Provided



ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ រាប់​រយ​នាក់ កាល​ពី​រសៀល​ថ្ងៃ​ទី​៩ តុលា នាំ​គ្នា​វិល​ត្រឡប់​ទៅ​ធ្វើ​ការងារ​វិញ​ភ្លាមៗ ក្រោយ​ពី​ពួក​គេ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ហើយ​ត្រូវ​បាន​មន្ត្រី​នៅ​តាម​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ព្រំដែន​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ មិន​ចុះ​ឈ្មោះ​ជូន​ពួក​គាត់។ មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) បញ្ជាក់​ថា ការ​មិន​ចុះ​ឈ្មោះ​ជូន​ពលករ គឺ​ជា​ការ​បំបាត់​សិទ្ធិ​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ចំណាក​ស្រុក។

ពលករ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ សោកស្ដាយ និង​ខឹងសម្បា​ជា​ខ្លាំង​នឹង​មន្ត្រី​ប្រចាំ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត ជាពិសេស​នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​មិន​ព្រម​ចុះ​ឈ្មោះ​ឲ្យ​ពួក​គាត់។



ពលករ​ធ្វើ​ការ​រោងចក្រ​សាច់​មាន់​នៅ​ខេត្ត​ឈុនបុរី ប្រទេស​ថៃ លោកស្រី ម៉ី ដាវ ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​ប្រទេស​ថៃ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ តុលា ថា ពួក​គាត់​មាន​គ្នា​ប្រមាណ​ជាង ៣០​នាក់ ឆ្លៀត​ពេល​សម្រាក​ថ្ងៃ​អាទិត្យ ហើយ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សង្កាត់​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី​៩ តុលា។ លោកស្រី​អះអាង​ថា មន្ត្រី​ប្រចាំ​ការ​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​សង្កាត់​នេះ មិន​ចុះ​ឈ្មោះ​ឲ្យ​ពួក​គាត់​ឡើយ ដោយ​លើក​ហេតុផល​ថា ពួក​គាត់​ជា​មនុស្ស​មក​ពី​តំបន់​ផ្សេង៖ «មិន​ដឹង​និយាយ​យ៉ាង​ម៉េច​ទេ បើ​ខ្ញុំ​មាន​អត្តសញ្ញាណប័ណ្ណ​ខ្មែរ គេ​អត់​ឲ្យ​ខ្ញុំ​ចុះ​ឈ្មោះ​បោះឆ្នោត ហើយ​ដល់​ពេល​ខ្ញុំ​បង្ហាញ​អត្តសញ្ញាណប័ណ្ណ​ទៅ គេ​និយាយ​គំរោះគំរើយ​ដាក់​ពួក​ខ្ញុំ​ថា គេ​មិន​បាន​ថា​ពួក​ខ្ញុំ​ហ្នឹង​យួន​ទេ»។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​លេខាធិការ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្ត​បន្ទាយមានជ័យ លោក ហ៊ី គឹមសេង មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​មន្ត្រី​តាម​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ មិន​ចុះ​ឈ្មោះ​ជូន​ពលករ​ខ្មែរ ដោយសារ​ពួក​គាត់​ពុំ​មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់​សម្រាប់​ចុះ​ឈ្មោះ៖ «បាទ! គាត់​អត់​មាន​លិខិត​បញ្ជាក់​ទីលំនៅ ហើយ​ខ្ញុំ​បាន​សំណូមពរ​ទៅ​ថ្នាក់​លើ​ដែរ ហើយ​គាត់​ប្រាប់​ថា រឿង​នេះ​នៅ​លើ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ព្រោះ​នីតិវិធី​បាន​ចែង​មក​អ៊ីចឹង បើ​យើង​ធ្វើ​ខុស​ទៅ ក្រែងលោ​វា​កាន់​តែ​ខុស​ទៅ​ទៀត»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​ផ្នែក​ស៊ើប​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាន្ស មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​ធ្វើ​លិខិត​ជូន​ពលករ​ចំណាក​ស្រុក គឺ​ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ ដែល​ខុស​ពី​មន្ត្រី​ប៉ូលិស និង​ទាហាន​នៅ​តាម​ព្រំដែន​មួយ​ចំនួន អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​នៅ​មណ្ឌល​ផ្សេង ដែល​មិន​មែន​ជា​ទីតាំង​ខ្លួន​រស់នៅ៖ «គាត់​ខំ​ប្រឹង​មក​ដល់​ព្រំដែន​ហើយ មិន​ចុះ​ឈ្មោះ​ជូន​ពួក​គាត់​អ៊ីចឹង វា​ខុស​នឹង​ការ​សម្រួល​របស់ គ.ជ.ប ព្រោះ គ.ជ.ប លោក​បាន​មាន​ប្រសាសន៍​ហើយ​ថា លោក​បាន​រៀបចំ​ការិយាល័យ​បន្ថែម​នៅ​តាម​ព្រំដែន ដើម្បី​សម្រួល​ឲ្យ​បងប្អូន​ឆ្លៀត​ពេល​មក​ចុះ​ឈ្មោះ។ ហើយ​បើ​ពួក​គាត់​ឆ្លៀត​មក​ហើយ​មិន​ចុះ​ឈ្មោះ​ឲ្យ​ពួក​គាត់ នេះ​ជា​រឿង​មួយ​ដែល​វា​ខុស​ឆ្គង ដែល​អាជ្ញាធរ​គួរ​គិត​ឡើង​វិញ ធ្វើ​យ៉ាង​ណា​សម្រួល​ដល់​ពួក​គាត់​ផង»។

កាល​ពី​ដើម​ខែ​កញ្ញា កន្លង​ទៅ មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ជាច្រើន​នាក់ បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង ចំណែក​នៅ​ខេត្ត​សៀមរាប មាន​ទាហាន​ជាច្រើន​នាក់​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​ឃុំ​ល្វាក្រាំង ឃុំ​ស្រែណូយ ស្រុក​វ៉ារិន និង​នៅ​ឃុំ​រុនតាឯក នៃ​ស្រុក​បន្ទាយស្រី ជាដើម ដែល​មន្ត្រី​ទាំងនោះ​រស់នៅ​តំបន់​ផ្សេង តែ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន។

ច្បាប់​បោះឆ្នោត​មាត្រា​៤៦ សម្រាប់​ការ​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​ចែង​ថា ដើម្បី​បោះឆ្នោត​បាន ពលរដ្ឋ​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។ ដើម្បី​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ប្រជាពលរដ្ឋ​ត្រូវ​បំពេញ​លក្ខខណ្ឌ​ដូចជា មាន​សញ្ជាតិ​ខ្មែរ មាន​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ គិត​ដល់​ថ្ងៃ​បោះឆ្នោត មាន​ទីលំនៅ ឬ​ទី​សំណាក់​ក្នុង​ឃុំ-សង្កាត់​ដែល​សាមី​ខ្លួន​ត្រូវ​បោះឆ្នោត មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ ឬ​មិន​ត្រូវ​ដក​សិទ្ធិ​បោះឆ្នោត​ពុំ​មែន​ជា​ជន​វិកល​ចរិត ឬ​ស្ថិត​ក្រោម​អាណាព្យាបាល​ទូទៅ ដោយ​មាន​លិខិត​បញ្ជាក់​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច។

ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក កែរ សម្ផស្ស ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ប្រមាណ​ជាង ៣០០​នាក់ ដែល​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​តាម​ព្រំដែន​មិន​បាន មាន​ជាអាទិ៍​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​នៅ​ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ស្រុក​ម៉ាឡៃ និង​នៅ​ស្រុក​កំរៀង ក្នុង​ខេត្ត​បាត់ដំបង ជាដើម៕

No comments: