Thursday, 13 October 2016

អ្នកស្រី រ៉ូណា ស្មីត ចង់​ឃើញ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ស្មើ​ភាព​គ្នា​សម្រាប់​ពលរដ្ឋ​គ្រប់​រូប


ដោយ ទីន ហ្សាការីយ៉ា
2016-10-12

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជួប​ពិភាក្សា​អំពី​កិច្ចការ​មួយ​ចំនួន​ជាមួយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នា​ទីស្នាក់ការ​គណបក្ស​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Phann Yasy
អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជួប​ពិភាក្សា​អំពី​កិច្ចការ​មួយ​ចំនួន​ជាមួយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នា​ទីស្នាក់ការ​គណបក្ស​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Phann Yasy
 RFA/Phann Yasy



អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បាន​ជួប​ពិភាក្សា​អំពី​កិច្ចការ​មួយ​ចំនួន​ជាមួយ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឯ​ទីស្នាក់ការ​គណបក្ស​នៅ​ព្រឹក​ថ្ងៃ​ទី​១២ តុលា។ នៅ​ក្នុង​ជំនួប​នោះ អ្នកស្រី​លើក​ឡើង​ថា អ្នកស្រី​ចង់​ឲ្យ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ប្រកប​ដោយ​ភាព​ត្រឹមត្រូវ និង​ស្មើ​ភាព​គ្នា។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បាន​សួរនាំ​លោក កឹម សុខា អំពី​រឿង​ប្ដឹងផ្ដល់​ប្រឆាំង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​គណបក្ស​នេះ​កំពុង​ជាប់​ពន្ធនាគារ។



មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ជំនួប​នោះ​ថា ក្រៅ​ពី​រឿង​បណ្ដឹង​ប្រឆាំង​លោក កឹម សុខា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ចង់​ដឹង​ពី​សុខ​ទុក្ខ​របស់​លោក កឹម សុខា ដែល​កំពុង​ឃុំ​ខ្លួន​ឯង​នៅ​ទីស្នាក់ការ​គណបក្ស ការងារ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នៅ​រដ្ឋសភា និង​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អំពី​ជនជាតិ​ភាគតិច​នៅ​កម្ពុជា ដូចជា​ជន​អន្តោប្រវេសន៍​វៀតណាម ជាដើម៖ «»។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត ផ្ដល់​បទសម្ភាសន៍​យ៉ាង​ខ្លី​ក្រោយ​ពី​ជំនួប​នោះ​ថា អ្នកស្រី​ចង់​ឃើញ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ស្មើ​ភាព​គ្នា​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប៖ «ខ្ញុំ​គិត​ថា​មាន​រឿង​ជាច្រើន​ត្រូវ​ពិភាក្សា ដើម្បី​ឲ្យ​ប្រាកដ​ថា រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​កម្ពុជា ត្រូវ​រដ្ឋាភិបាល​យក​មក​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ និង​ស្មើ​ភាព​គ្នា»។

ក្រៅ​ពី​នេះ​ទៀត លោក អេង ឆៃអ៊ាង បញ្ជាក់​ថា គណបក្ស​ប្រឆាំង​ស្នើ​ឲ្យ​អ្នកស្រី រ៉ូណា ស្មីត ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឲ្យ​ប្រសើរ​ឡើង និង​ទប់ស្កាត់​ការ​រំលោភ​សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប ដើម្បី​ធានា​ឲ្យ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ឆ្លើយ​តប​នឹង​ករណី​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា គណបក្ស​កាន់​អំណាច​វិញ លោក​មិន​ទាន់​ដឹង​ថា តើ​អ្នកស្រី រ៉ូណា ស្មីត នឹង​ជួប​មេ​ដឹកនាំ​គណបក្ស​លោក​ក្នុង​នាម​រដ្ឋាភិបាល ឬ​ក្នុង​នាម​គណបក្ស​នោះ​ទេ។ លោក សុខ ឥសាន បន្ថែម​ថា បច្ចុប្បន្ន​គ្មាន​ស្ថានភាព​នយោបាយ​មិន​ប្រក្រតី​អ្វី​ទេ ហើយ​ក៏​នឹង​មិន​ប៉ះពាល់​អ្វី​ដល់​ដំណើរ​ការ​បោះឆ្នោត​ដែរ។ លោក​បញ្ជាក់​ថា ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​កន្លង​ទៅ​នេះ​រលូន​ល្អ គ្មាន​រាំង​ស្ទះ​ទេ។ ចំពោះ​រឿង​បណ្ដឹង​របស់​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ វិញ មិន​មែន​ជា​រឿង​នយោបាយ​ទេ។ លោក​ថា បញ្ហា​ទាំងនោះ​មក​ពី​បុគ្គល​បក្ស​ប្រឆាំង​នីមួយៗ៖ «»។

ទោះ​បី​ជា​បែប​នេះ​ក្ដី អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​លើក​ឡើង​ថា គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​វិល​មក​តុ​ចរចា និង​ប្រើប្រាស់​វប្បធម៌​សន្ទនា​ដែល​មាន​ស្រាប់។ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ធ្លាប់​បាន​ប្រើប្រាស់​វប្បធម៌​សន្ទនា​នេះ​បាន​ជោគជ័យ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ហើយ​ក៏​មាន​ការ​សម្របសម្រួល​ផ្នែក​នយោបាយ​ដោះលែង​តំណាង​រាស្ត្រ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​មាន​សេរីភាព​វិញ​ដែរ។

មក​ទល់​ពេល​នេះ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង រួម​ទាំង​សកម្មជន​ផង កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ចំនួន ២០​រូប ក្នុង​នោះ​ចំនួន ១៧​នាក់​កំពុង​ជាប់​ពន្ធនាគារ រីឯ​បី​រូប​ទៀត​មាន​លោក កឹម សុខា កំពុង​ឃុំឃាំង​ខ្លួន​ឯង​នៅ​ទីស្នាក់ការ​បក្ស លោក សម រង្ស៊ី ប្រធាន​គណបក្ស និង​សមាជិក​ព្រឹទ្ធសភា អ្នកស្រី ថាក់ ឡានី និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស៕

No comments: