Thursday, 13 October 2016

អាជ្ញាធរ​នៅ​មិន​ទាន់​មាន​វិធានការ​ច្បាប់​លើ​ជនជាតិ​វៀតណាម​ជួញដូរ​ឈើ​ប្រណិត


ដោយ ម៉ែន សុធីរ
2016-10-12

ដើម​ឈើ​ដែល​គេ​កាប់​រំលំ​ដើម្បី​យក​ដី​ក្នុង​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៦។
ដើម​ឈើ​ដែល​គេ​កាប់​រំលំ​ដើម្បី​យក​ដី​ក្នុង​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៦។
 RFA/Men Sothyr


ពលរដ្ឋ និង​សង្គម​ស៊ីវិល​អះអាង​ដូចៗ​គ្នា​ថា ឈ្មួញ​ឈើ​ជនជាតិ​វៀតណាម នៅ​ខេត្ត​ស្ទឹងត្រែង នៅ​តែ​បន្ត​ដឹក​ជញ្ជូន​ឈើ​ប្រណិត និង​បើក​អាជីវកម្ម​ឈើ​ប្រណិត​ខុស​ច្បាប់ បើ​ទោះ​បី​ជា​អាជ្ញាធរ​រដ្ឋាភិបាល​ធ្លាប់​បាន​បង្ក្រាប​ជា​ច្រើន​លើក​ច្រើន​សា​ក្តី។ លើស​ពី​នេះ ឈ្មួញ​ជនជាតិ​វៀតណាម ក៏​នៅ​តែ​បន្ត​ប្រមូល​ទិញ​ឈើ​ពី​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ភាគ​តិច​ឡាវ នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​នៅ​ខេត្ត​ស្ទឹងត្រែង ដើម្បី​ផ្គត់ផ្គង់​រោង​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហារិម​ក្នុង​ខេត្ត​នេះ និង​រត់​ពន្ធ​ឈើ​ឆ្លងដែន​នៅ​ក្រៅ​ប្រទេស។

ការ​អះអាង​នេះ នៅ​គ្រា​ដែល​សកម្មភាព​រត់​ពន្ធ​ឈើ​ឆ្លង​ដែន​នៅ​តែ​បន្ត​កើត​មាន​តាម​ច្រក​អន្តរជាតិ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​គេ​សង្ស័យ​ថា ទំនង​ដឹក​ចេញ​ពី​ខេត្ត​ភាគ​ឦសាន ដូចជា​ខេត្ត​ស្ទឹងត្រែង និង​ក្រចេះ ជាដើម។ ពលរដ្ឋ​អះអាង​ថា ស្ទើរ​ជា​រៀងរាល់​ថ្ងៃ រថយន្ត​យីឌុប​ជា​ច្រើន​គ្រឿង​បាន​បើក​យ៉ាង​លឿន​តាម​ផ្លូវ​ជាតិ​លេខ​៧ ទៅ​ប្រទេស​វៀតណាម តាម​ច្រក​របៀង ឬ​ច្រក​ព្រំដែន​អន្តរជាតិ​ជាំក្រវៀន  ដោយ​បាន​ឃ្លុំ​ព័ទ្ធ​តង់​កៅស៊ូ​ជិត។



ពលរដ្ឋ​រស់​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លោក សំ អឿន មើល​ឃើញ​ថា ការ​ចរាចរ​ឈើ​ឆ្លងដែន​នៅ​តែ​កើត​មាន បើ​ទោះ​បី​ជា​នាយករដ្ឋមន្ត្រី​ប្រកាស​ប្ដេជ្ញា​បិទ​ច្រក​ទាំង​នោះ​​ក្ដី។ លោក​ថា ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ជំនាញ មាន​លក្ខណៈ​ទន់​ជ្រាយ ហើយ​តឹងតែង​តែ​ចំពោះ​ពលរដ្ឋ​សាមញ្ញ​ដឹក​ជន្លង់​ម្រេច និង​ដឹក​តាម​ម៉ូតូ​តិចតួច។

លោក​កត់សម្គាល់​ថា កន្លង​មក​រថយន្ត​យីឌុប​មួយ​ចំនួន​ដឹក​ឈើ​ឆ្លង​ដែន​ខូច​តាម​ផ្លូវ ឃើញ​មាន​មន្ត្រី​អាវុធហត្ថ​ប្រដាប់​អាវុធ ចាំ​យាម​រថយន្ត​ទាំង​នោះ​ទៀត​ផង៖ «នៅ​តែ​ឃើញ​យីឌុប​ចេញ​តែ​រហូត។ សម្ដេច​ចេះ​តែ​ស្រែក​ទៅ ខាង​ក្រោមៗ​ចេះ​តែ​ដឹក​ទៅ មិន​ដែល​ឃើញ​មាន​ចំណាត់​ការ​ចាប់​អី​ទេ បើ​ចាប់​បាន​អា​តូចៗ​កំប៉ិកកំប៉ុក។ ៣០ ទៅ ៤០​គ្រឿង​ឡាន​មិន​ដែល​ឃើញ​ចាប់​បាន​ទេ។ សុទ្ធ​ប៉ូលិស​ប៉េអឹម​យាម​ឲ្យ​ទៀត បើក​ផ្លូវ​កុងត្រូល​ជជុះ​ចល័ត ឃើញ​ឡាន​សុទ្ធ​បែរ​មុខ​ចេញ មិន​ហ៊ាន​ជិត​គេ​ទេ។ ចាប់​បាន​ជន្លង់​ម្រេច បង្គោល​របង​អុស​ហ្នឹង»។

ពលរដ្ឋ​រស់​នៅ​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ឈ្មួញ​ជនជាតិ​វៀតណាម ឈ្មោះ ហេង សំនៀង ហៅ​យាយ ព្រឿង បាន​រក​ស៊ី​ឈើ​ទ្រង់ទ្រាយ​ធំ​ខុស​ច្បាប់​ជាង ១០​ឆ្នាំ​មក​កន្លង​មក នៅ​តែ​ពុំ​ឃើញ​មាន​អាជ្ញាធរ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​ច្បាប់​ឡើយ ថែម​ទាំង​បណ្ដោយ​ឲ្យ​ជន​នោះ​បន្ត​ប្រព្រឹត្ត​ល្មើស​ដដែលៗ។ លោក​ថា មក​ទល់​ពេល​នេះ​ឈ្មួញ​រូប​នោះ​ដឹក​ជញ្ជូន​ឈើ​តាម​ផ្លូវ​ទឹក និង​ផ្លូវ​គោក ពី​ស្រុក​សេសាន ស្រុក​សៀមប៉ាង និង​ស្រុក​ថាឡាបរិវ៉ាត់ ចេញ​ពី​តំបន់​ព្រៃឡង់ ដើម្បី​ចែកចាយ​ឲ្យ​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហារិម​នៅ​ស្ទឹងត្រែង និង​រត់​ពន្ធ​ទៅ​ប្រទេស​វៀតណាម។

លោក​អស់​ជំនឿ​លើ​វិធានការ​បង្ក្រាប​របស់​រដ្ឋាភិបាល បង្ក​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ធនធាន​ធម្មជាតិ និង​បម្រែបម្រួល​អាកាសធាតុ៖ «គឺ​ថា កន្លង​មក​យាយ ព្រឿង ដឹក​ឈើ​រលាយ​មួយ​ខេត្ត​ស្ទឹងត្រែង មិន​ឃើញ​មាន​ទោស​មាន​ពៃរ៍​អី​ទេ។ យាយ ព្រឿង គឺ​ជា​ជនជាតិ​វៀតណាម បាន​បំផ្លាញ​ឈើ​នៅ​ខេត្ត​ហ្នឹង​អស់​ច្រើន​រាប់​លាន​ម៉ែត្រ​គូប សុទ្ធ​ឈើ​ប្រណិត​ដឹក​ទៅ​វៀតណាម»។


ក្រុម​យុវជន​ការពារ​សង្គម និង​បរិស្ថាន និង​ជនជាតិ​ដើម​ភាគតិច ចុះ​ពិនិត្យ​ស្ថានភាព​ព្រៃ​សហគមន៍ ឋិត​នៅ​ភូមិ​អន្លង់ក្រមួន ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Men Sothyr RFA/Men Sothyr


បុរស​ដដែល​កត់សម្គាល់​ថា ឈ្មួញ​ជនជាតិ​វៀតណាម រូប​នោះ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ​ជា​ចង្កោម ដើម្បី​ជា​ថ្នូរ​នៃ​ការ​ដឹក​ជញ្ជូន​ឈើ និង​គេច​ពី​សំណាញ់​ច្បាប់ ព្រោះ​តែ​ទទួល​បាន​ផល​ប្រយោជន៍។ លោក​បញ្ជាក់​ថា ការ​បង្កើត​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​រដ្ឋាភិបាល​គឺ​ត្រឹមតែ​ល្អ​មើល តែ​ធាតុ​ពិត​គឺ​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ និង​តូច​ធ្វើ​ឡើង​ទាំង​យប់​​ទាំង​ថ្ងៃ រី​ឯ​ការ​បង្ក្រាប​វិញ​មាន​តិច​តូច​ណាស់៖ «មាន​តែ​ច្បាប់ ហើយ​ច្បាប់​ហ្នឹង​គឺ​គោរព​តែ​អ្នក​មាន​លុយ ហើយ​អ្នក​អត់​លុយ​គឺ​គេ​ធ្វើ​បាប​តាម​ទង្វើ​ដែរ​គេ​ដាក់​ទណ្ឌកម្ម​លើ​ប្រជាពលរដ្ឋ។ ចំពោះ​ឈ្មួញ​ទុច្ចរិត​បាន​ចិញ្ចឹម​ជា​បណ្ដាញ ពុករលួយ ជា​ទង្វើ​មួយ​ជា​ខ្សែ​គ្រប់​បែប​យ៉ាង ជា​ការ​រួច​ខ្លួន​របស់​ជន​ទុច្ចរិត​ដែល​បំផ្លាញ​ព្រៃឈើ»។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល កត់សម្គាល់​ថា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា រថយន្ត​សាំងយ៉ុង (Sangyong) ជាង ៤០​គ្រឿង របស់​ជនជាតិ​វៀតណាម ឈ្មោះ ហេង សំនៀង ហៅ​យាយ ព្រឿង ត្រៀម​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម ឃើញ​អាជ្ញាធរ​ជំនាញ​បង្ក្រាប​បាន ៤​គ្រឿង​ប៉ុណ្ណោះ​នៅ​ស្រុក​សៀមបូក តែ​រហូត​ដល់​ពេល​នេះ​ពុំ​ទាន់​ឃើញ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​​ណា​មួយ​ពី​អាជ្ញាធរ​នៅ​ឡើយ។

លោក​សង្កត់​ធ្ងន់​ថា កិច្ច​សហការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ហាក់​មិន​បើក​ឱកាស​ឲ្យ​ទូលំទូលាយ ហើយ​សកម្មភាព​ការងារ​មួយ​ចំនួន​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ គឺ​ធ្វើ​ឡើង​ដូចជា​ភ្លើង​ចំបើង ឬ​បាន​តែ​មួយ​ឆាវ និង​ទាល់​តែ​មាន​បទបញ្ជា​ពី​ប្រមុខ​រដ្ឋាភិបាល៖ «បទល្មើស​ព្រៃឈើ​នៅ​តែ​កើត​មាន​ឡើង ការ​បង្ក្រាប​នៅ​មាន តែ​មាន​តិចតួច។ តែ​ការ​ចរាចរ​នៅ​តែ​ចរាចរ ហើយ​ឈ្មួញ​ឈើ​ដ៏​ធំ​នៅ​ខេត្ត​ស្ទឹងត្រែង យាយ ព្រឿង ហ្នឹង គឺ​នៅ​តែ​យាយ ព្រឿង ដដែល​អត់​មាន​អ្នក​ណា​ប៉ះពាល់​គាត់​បាន។ អ៊ីចឹង​មិន​ដឹង​ថា យាយ ព្រឿង គាត់​មាន​ខ្សែ​កថា ឬ​មួយ​គាត់​មាន​ស្អី​យើង​អត់​ទាន់​ដឹង​ទេ»។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​បង្ហាញ​ពី​ឈ្មួញ​ជនជាតិ​វៀតណាម ឈ្មោះ ហេង សំនៀង ហៅ​យាយ ព្រឿង យក​ធូប​មួយ​បាច់​អុច​ស្បថ​ចំពោះ​មុខ​ក្រុម​អ្នក​កាសែត​ក្នុង​ស្រុក ដោយ​បញ្ជាក់​ថា គាត់​រក​ស៊ី​ឈើ​ចែក​គ្នា​រស់​បន្តិចបន្តួច ប្រសិនបើ​អាជ្ញាធរ​ណា​ទទួល​សំណូក​ពី​គាត់​ហើយ នៅ​តែ​ធ្វើ​បាប​គាត់​ទៀត​នឹង​ត្រូវ​ស្លាប់​ដោយ​ក្រឡាប់​ឡាន៖ «យើង​រស់​នៅ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ត្រង់ មនុស្ស​ល្អ កុំ​ឲ្យ​ធ្វើ​មាត់​ផ្សេង​ចិត្ត​ផ្សិង។ នៅ​លើ​មាន​មេឃ នៅ​ក្រោម​មាន​ដី តាម​ផ្លូវ​មាន​អ្នក​តាយហោង។ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ស័ក្ដិសិទ្ធិ ពួក​ខ្ញុំ​រក​ស៊ី​ចែក​គ្នា​រស់​តិចតួច។ ធ្វើ​ម៉េច​បើ​ទទួល​ពាក្យ​គេ​ហើយ សូម​កុំ​ធ្វើ​បាប​គេ ប្រយ័ត្ន​ក្រឡាប់​ឡាន​ខ្លួន​ឯង»។

​ទាក់ទង​ការ​លើក​ឡើង​នេះ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ថា គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ កំពុង​ស្រាវជ្រាវ​រក​វត្ថុតាង​ដែល​ជា​បទល្មើស។ លោក​បញ្ជាក់​ថា វិធានការ​ច្បាប់​មិន​ថា​តែ​បុគ្គល​ណា​ទេ ឲ្យ​តែ​ប្រព្រឹត្ត​បទល្មើស គឺ​សុទ្ធ​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់។ លោក​ថា មន្ត្រី​ជំនាញ​កំពុង​ចាត់​វិធានការ​លើ​ឈ្មួញ​ជនជាតិ​វៀតណាម យាយ ព្រឿង នេះ តែ​ពុំ​ទាន់​មាន​សំណុំ​រឿង​ទេ។ លោក​បន្ថែម​ថា ប្រសិនបើ​ពលរដ្ឋ​ប្រទះ​ឃើញ ការ​ចរាចរ​ឈើ​ឆ្លង​ដែន អាច​ទូរស័ព្ទ​ទាក់ទង​មក​លោក​ផ្ទាល់ ដើម្បី​លោក​ចាត់​វិធានការ៖ «បាទ! ខ្ញុំ​សុំ​ជម្រាប​ជូន​ម្ដង​ទៀត អត់​ចំពោះ​បុគ្គល​ណា​ទេ គ្រប់​បុគ្គល​ទាំង​អស់​ដែល​ប្រព្រឹត្ត​បទល្មើស អា​ហ្នឹង​យើង​អនុវត្ត​តាម​ច្បាប់ ព្រោះ​ច្បាប់​យើង​អត់​មាន​ចែង​ថា ឈ្មោះ​នេះ​ឈ្មោះ​នោះ​ទេ»។

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង មាន​ប្រសាសន៍​ថា ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​មាន​លក្ខណៈ​ទន់ជ្រាយ​ខ្លាំង រួម​ផ្សំ​នឹង​អំពើ​ពុករលួយ​ផង​នោះ បង្ក​ឲ្យ​បទល្មើស​ព្រៃឈើ​បន្ត​កើត​មាន​ជា​ប្រព័ន្ធ​ដោយ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ពី​ក្រោយ​ខ្នង។ លោក​មើល​ឃើញ​ថា អាជ្ញាធរ​បាន​ធ្មេចភ្នែក​ព្រោះ​តែ​លុយ​កាក់​ដោយ​មិន​បាន​ខ្វល់​ពី​ការ​អនុវត្ត​ច្បាប់ និង​បទបញ្ជា​ប្រមុខ​រដ្ឋាភិបាល​ឡើយ ទាក់ទិន​ការ​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន និង​អាជីវកម្ម​ឈើ​ប្រណិត​ខុសច្បាប់។ លើស​ពី​នេះ លោក​ថា វិន័យ​អន្តរកាល និង​វិធានការ​ច្បាប់​ព្រៃ​ឈើ មាន​លក្ខណៈ​កម្សោយ​បំផុត​ដែល​រដ្ឋាភិបាល​បណ្ដែតបណ្ដោយ​ឲ្យ​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ ជា​មូលហេតុ​ចម្បង​បណ្ដាល​ព្រៃឈើ​កាន់​តែ​វិនាស។

លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​អំណាច​ដល់​សហគមន៍ និង​អ្នក​អភិរក្ស​បរិស្ថាន ទាក់ទិន​សកម្មភាព​អភិរក្ស​ព្រៃឈើ និង​ចាត់​វិធានការ​លើ​មន្ត្រី​ពុករលួយ​របស់​លោក ហ៊ុន សែន ឲ្យ​ទាន់​ពេល​វេលា ដើម្បី​រក្សា​បាន​នូវ​តុល្យភាព​ធនធាន​ធម្មជាតិ និង​ប្រព័ន្ធ​ជីវចម្រុះ​នៅ​សេសសល់​ចុង​ក្រោយ៖ «បាទ! ប្រព័ន្ធ​ច្បាប់​ស្រុក​យើង​មាន​លក្ខណៈ​ទន់​ខ្សោយ មាន​អំពើ​ពុករលួយ។ មួយ​វិញ​ទៀត ការ​អនុវត្ត​ច្បាប់​មាន​ការ​យោគយល់​ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ជា​ចំហ ដែល​មាន​អាជ្ញាធរ​នៅ​ពី​ក្រោយ»។

អ៊ូច ឡេង ២០១៦ ៨៥៥
ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦។


កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​ឡោមព័ទ្ធ​ឃ្លាំង​ស្តុក​ឈើ​របស់​យាយ ព្រឿង ជា​ជនជាតិ​វៀតណាម ឃ្លាំង​ឈើ​យាយ​បូង ក៏​ជា​ជនជាតិ​វៀតណាម ឃ្លាំង​ឈើ​របស់​លោក​ឧកញ៉ា ទ្រី ភាព ឋិត​នៅ​គល់​ស្ពាន​សេកុង ឃ្លាំង​ស្តុក​ឈើ​នៅ​ចំណុច​វ៉ៃ​ថ្ម ក្នុង​ឃុំ​ស្រែ​សំបូរ ស្រុក​សៀមប៉ាង និង ២​កន្លែង​ផ្សេង​ទៀត ឋិត​នៅ​ស្រុក​សេសាន នៅ​ចំណុច​គល់​ស្ពាន​ស្រែពក និង​តំបន់​សំអាត​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​របស់​ឧកញ៉ា លីម ប៊ុណ្ណា ហៅ ខ្នា។ ឃ្លាំង​ឈើ​ទាំង​នោះ​ភាគ​ច្រើន​គឺ​ជា​ប្រភេទ​ឈើ​ប្រណិត ដូចជា​ធ្នង់ បេង និង​មួយ​ចំនួន​ជា​ប្រភេទ​ឈើ​សុក្រំ និង​គគីរ ដែល​មាន​មុខ​កាត់​ចាប់​ពី ៣​តឹក ដល់ ៩​តឹក និង​ប្រវែង​ចាប់​ពី ២​ម៉ែត្រ ដល់ ៩​ម៉ែត្រ។ ក្រោយ​ពី​ការ​បង្ក្រាប មន្ត្រី​ជំនាញ​រក​ឃើញ​ឈើ​ល្មើសច្បាប់​មួយ​ចំនួន​របស់​ឈ្មួញ​ទាំង​នោះ តែ​គេ​ពុំ​ឃើញ​អាជ្ញាធរ​អនុវត្ត​ច្បាប់ និង​ផ្ដន្ទាទោស​អ្នក​ជួញដូរ​ឈើ​ទាំង​នោះ​ឡើយ បើ​ទោះ​បី​ជា​ឧកញ៉ា​ទាំង​នោះ​ត្រូវ​បាន​គេ​ស្គាល់​ជា​សាធារណៈ​ថា ជា​មេខ្លោង​ជួញដូរ​ឈើ​ជា​ច្រើន​ឆ្នាំ​ក្ដី។

​ប្រធាន​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា ការ​បណ្ដោយ​ឲ្យ​កើត​មាន​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ និង​តូច នៅ​តែ​កើត​មាន​គ្រប់​រូបភាព គឺ​ជា​ទម្រង់​នៃ​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ។ លោក​ថា អំពើ​ពុករលួយ​នេះ មិន​ត្រឹមតែ​សំដៅ​តែ​ប្រាក់​ដែល​បង់​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេ ភាព​ព្រងើយ​កន្តើយ​របស់​អាជ្ញាធរ​រដ្ឋាភិបាល ក៏​ជា​ប្រភេទ​នៃ​បទល្មើស​ពុករលួយ​ដែរ។

លោក​ថា ក្រៅ​ពី​វិធានការ​ច្បាប់​ចំពោះ​ការ​ដឹក​ជញ្ជូន​ឈើ​ប្រណិត និង​អាជីវកម្ម​ឈើ​ប្រណិត​ខុស​ច្បាប់ គួរ​តែ​មាន​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ដែរ ព្រោះ​វា​ជា​បទល្មើស​ធំធេង​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ធនធាន​ព្រៃឈើ៖ «គឺ​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ហើយ​និង​ការ​អនុវត្ត​ក្រម​ព្រហ្មទណ្ឌ យើង​ត្រូវ​ពិនិត្យ​មើ​ថា តើ​មាន​ការ​សូកប៉ាន់ មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ ដែល​អនុញ្ញាត​ឲ្យ​មាន​ឈើ​ប្រណិត​ដែល​ហាមឃាត់​មក​ធ្វើ​អាជីវកម្ម​បែប​ហ្នឹង។ ត្រូវ​មាន​តួអង្គ​ច្រើន​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ហ្នឹង»។

​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​ស្ដីពី​វិធានការ​នានា​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ។ ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​តាម​រយៈ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ខេត្ត ស្រុក ខណ្ឌ​ទាំង​អស់ អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព និង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​គ្រប់គ្រង ថែរក្សា និង​ការពារ​ធនធាន​ធម្មជាតិ។ ត្រូវ​ចាត់​វិធានការ​ឱ្យ​បាន​ហ្មត់ចត់​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប ព្រម​ទាំង​លុបបំបាត់​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ រួម​ទាំង​ការ​រុករាន​ដី​ក្នុង​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ធម្មជាតិ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ អ្នកធ្វើ​ការទាក់ទង និង​បរិស្ថាន និង​ព្រៃឈើ​លើក​ឡើ​ថា សារាចរ​របស់​រដ្ឋាភិបាល​នេះ​គ្មាន​ប្រសិទ្ធភាព​ឡើយ ដោយសារតែ​មន្ត្រី​ថ្នាក់ក្រោម​មិន​បាន​ដាក់​វិធានការ​តឹងរ៉ឹង​ចំពោះ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​អ្នក​ជួញ​ដូរ​ឈើ​ឡើយ។

ច្បាប់​ព្រៃឈើ​ឆ្នាំ​២០០២ មាត្រា​១០០ ចែង​ថា សកម្មភាព​ទាំង​ឡាយ​ដែល​ធ្វើ​ឡើង​ដោយ​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​នគរបាល​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​បាន​អន្តរាគមន៍ ឬ​ផ្ដល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជួយ​ដល់​អាជីវកម្ម​ព្រៃឈើ និង​គំរាម​កំហែង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ឬ​រារាំង​កិច្ចការ​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ គឺ​ចាត់​ទុក​ជា​បទល្មើស ដោយ​ត្រូវ​ផ្ដន្ទាទោស​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ដល់ ១០០​លាន​រៀល៕

No comments: