Tuesday, 11 October 2016
ពលរដ្ឋ៨នាក់នៅក្រុងប៉ោយប៉ែតបារម្ភខ្លាចតុលាការចាប់ដាក់គុករឿងជម្លោះដីធ្លី
ដោយ ហ៊ុំ ចំរើន
2016-10-11
rfa
ដីកាកោះហៅប្រជាពលរដ្ឋមានទំនាស់ដីធ្លីឲ្យចូលបំភ្លឺនៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។ Photo Provided
Photo Provided
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីចំនួន ៨នាក់ក្នុងចំណោម ២៧គ្រួសារនៅក្រុងប៉ោយប៉ែត ដែលត្រូវតុលាការកោះហៅឲ្យចូលបំភ្លឺ គឺពួកគាត់មួយចំនួនបានចូលតាមដីកាកោះរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ តុលា ជាបន្តបន្ទាប់។ ទន្ទឹមគ្នានេះ អ្នកភូមិកំពុងព្រួយបារម្ភខ្លាចក្រែងតុលាការចាប់ពួកគាត់ដាក់គុក ដោយពុំបានដោះស្រាយរឿងទំនាស់ដីជូនពួកគាត់។
ពលរដ្ឋនៅក្រុងប៉ោយប៉ែត ដែលត្រូវបានតុលាការកោះហៅទាំង ៨នាក់ បានទៅជួបជុំគ្នានៅមុខសាលាដំបូងខេត្តបន្ទាយមានជ័យ តាំងពីព្រឹករហូតដល់រសៀលថ្ងៃទី១១ តុលា ដើម្បីរង់ចាំមើល និងផ្ដល់កម្លាំងចិត្តឲ្យតំណាងរបស់ខ្លួនដែលត្រូវចូលបំភ្លឺមុន តាមដីកាកោះរបស់តុលាការចំនួន ៣នាក់។
ពលរដ្ឋម្នាក់ដែលបានចូលបំភ្លឺនៅសាលាដំបូងខេត្តបន្ទាយមានជ័យ លោកស្រី គង់ រី ថ្លែងនៅថ្ងៃទី១១ តុលា ថា បើទោះជាលោកស្រីបានចូលបំភ្លឺតុលាការរួចហើយក្ដី ក៏ប៉ុន្តែលោកស្រីនៅតែព្រួយបារម្ភខ្លាចតុលាការចាប់ពួកគាត់ដាក់គុកដាក់ច្រវាក់នៅថ្ងៃក្រោយ ព្រមទាំងយកដីពួកគាត់ទៅឲ្យភាគីទំនាស់៖ «តុលាការគាត់សួរខ្ញុំថា អ្នកមីងមករស់នៅលើដីនោះមានដឹងថារស់នៅលើដីគេអត់? ខ្ញុំថាខ្ញុំអត់មានរស់នៅលើដីអ្នកណាទេ គឺរបរកងទ័ពចែកឲ្យខ្ញុំ។ ខ្ញុំនិយាយឆ្លើយដដែលទៅ ហើយគាត់សួរថា ខ្ញុំអត់ដឹងរឿងអីទាំងអស់? ខ្ញុំថាអត់ដឹងទេ គេប្ដឹងក៏ខ្ញុំអត់ដែរ គឺទើបតែដឹងពេលខ្ញុំចូលបំភ្លឺនេះទេ»។
អាស៊ីសេរី ពុំអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១១ តុលា។
ដីកាកោះដែលចុះហត្ថលេខាដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក តេង សាម៉ៃ ចុះថ្ងៃទី៥ កញ្ញា កោះហៅប្រជាពលរដ្ឋចំនួន ៨នាក់ រួមមានឈ្មោះ អ៊ឹម វុទ្ធី សេង សម្បត្តិ គង់ រី ចាន់ ថន វុធ លឹម ខឹម សារុំ អន យឿន និងលោក ផេង ធ រស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីឆ្លើយបំភ្លឺពីបទមិនគោរពតាមសេចក្ដីសម្រេចរបស់តុលាការ និងប៉ះពាល់កម្មសិទ្ធិឯកជន តាមពាក្យបណ្ដឹងរបស់ពលរដ្ឋឈ្មោះ ស៊ុន សុងវ៉ាង សួន វុទ្ធី និង ជិន គិមសាន។ ពលរដ្ឋទាំង ៨នាក់ ត្រូវចូលបំភ្លឺតុលាការនៅថ្ងៃទី១១ និងថ្ងៃទី១២ តុលា។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តបន្ទាយមានជ័យ លោក ភុន ឈិន ដែលបានតាមដានរឿងទំនាស់ដីរបស់ប្រជាពលរដ្ឋទាំង ២៧គ្រួសារនេះ មានប្រសាសន៍ថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ កោះហៅពលរដ្ឋឲ្យចូលបំភ្លឺនេះ អាចជាការកោះហៅដើម្បីសាកសួរបញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់។ លោកបន្ថែមថា ករណីនេះប្រហែលជាតុលាការនឹងមិនចាប់ខ្លួនប្រជាពលរដ្ឋទាំងនោះទេ៖ «អ៊ីចឹងយើងពីខាងដើមទៅ បើយើងវិភាគផ្លូវច្បាប់ឃើញថា តាមពិតអ្នកទាំងបីដែលប្ដឹងនោះ គ្រាន់តែជាតំណាងនៅក្នុងការប្ដឹងទេ គឺពុំមែនមានន័យថា ពេលគាត់ប្ដឹងឈ្នះក្ដីហើយ ដីទាំងនោះក្លាយទៅជាកម្មសិទ្ធិរបស់គាត់ទេ។ អ៊ីចឹងការដែលគាត់ប្ដឹងចោទប្រកាន់ពលរដ្ឋទាំងនោះថាប៉ះពាល់កម្មសិទ្ធិឯកជននោះ តើប៉ះពាល់ចំកម្មសិទ្ធិរបស់អ្នកណា?»។
ពលរដ្ឋអះអាងថា ដីដែលមានទំនាស់នោះ ពួកគាត់ចំនួន ២៧គ្រួសារបានតាំងទីលំនៅលើដីក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ដោយអ្នកខ្លះទទឹង ១០ម៉ែត្រ និងខ្លះទៀតទទឹង ១២ម៉ែត្រ និងបណ្ដោយ ២០ម៉ែត្រ តាំងពីឆ្នាំ២០០៦។ កាលពីដើមឆ្នាំ២០១៦ អាជ្ញាធរបានចុះវាស់វែងធ្វើផ្លូវនៅតំបន់នោះ និងបានបែងចែកដីតំបន់នោះឡើងវិញ។ ក្រោយមក ពលរដ្ឋបានតវ៉ាប្រឆាំងនឹងអាជ្ញាធររហូតកើតមានអំពើហិង្សារវាងពលរដ្ឋ និងប្រជាការពារភូមិ។ អ្នកភូមិអះអាងថា គ្រានោះពលរដ្ឋម្នាក់ឈ្មោះ ស៊ូ ផល្លី អាយុ ៤៣ឆ្នាំ បានយកឈើឫស្សីទៅវាយលោក ជិន គិមសាន ប្រជាការពារភូមិចាន់គីរី បណ្ដាលឲ្យរងរបួសស្រាល។ ក្រោយមកទៀតនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ សាលាដំបូងខេត្តបន្ទាយមានជ័យ បានចាប់លោក ស៊ូ ផល្លី ដាក់ពន្ធនាគារ ក្រោមបទចោទបង្ករបួសស្នាមតែម្ដង៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment