Tuesday, 11 October 2016

តុលាការ​កោះ​ហៅ​ប្រធាន​អាដហុក​លោក ធន សារាយ ឲ្យ​ចូល​បំភ្លឺ​រឿង​សូកប៉ាន់​សាក្សី


ដោយ សុ ជីវី
2016-10-11

លោក ធន សារាយ (ស្ដាំ) ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ពេល​ទៅ​ឃ្លាំ​មើល​នៅ​មុខ​​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Cheu Sideth
លោក ធន សារាយ (ស្ដាំ) ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ពេល​ទៅ​ឃ្លាំ​មើល​នៅ​មុខ​​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Cheu Sideth
 RFA/Cheu Sideth



សាលា​ដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​ប្រធាន​សមាគម​អាដហុក (ADHOC) លោក ធន សារាយ ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​សាក្សី​ក្នុង​សំណុំ​រឿង​សូកប៉ាន់​សាក្សី ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​រឿង​អាស្រូវ​ស្នេហា​រវាង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។

មន្ត្រី​សមាគម​អាដហុក បញ្ជាក់​ថា លោក ធន សារាយ កំពុង​ជាប់​បេសកកម្ម​នៅ​ក្រៅ​ប្រទេស ដែល​មិន​ទាន់​ច្បាស់​ថា អាច​នឹង​វិល​មក​វិញ​ទាន់​ពេលវេលា​ដែល​តុលាការ​កោះ​ហៅ​នោះ ឬ​យ៉ាង​ណា​ទេ?

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ កោះ​ហៅ​លោក ធន សារាយ ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៦។



ដីកា​ដែល​ចុះ​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា បញ្ជាក់​ថា លោក ធន សារាយ ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​ម៉ោង ៩​ព្រឹក នៅ​បន្ទប់ «ស» ជាន់​ទី​៥ ដោយ​ត្រូវ​នាំ​យក​លិខិត​ផ្សេងៗ​ដែល​ជាប់​ទាក់ទង​នឹង​សំណុំ​រឿង​ទៅ​ជាមួយ ប្រសិន​បើ​មាន។

មន្ត្រី​ផ្នែក​រដ្ឋបាល​នៃ​សមាគម​អាដហុក នៅ​ថ្ងៃ​ទី​១១ ខែ​តុលា បាន​សរសេរ​តប​ទៅ​វិញ​នៅ​លើ​ដីកា​នោះ​ថា ប្រធាន​សមាគម គឺ​លោក ធន សារាយ កំពុង​ជាប់​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។

មន្ត្រី​អង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក លោក សឹង សែនករុណា មាន​ប្រសាសន៍​ថា លោក​ពុំ​មាន​ព័ត៌មាន​ជាក់លាក់​ចំពោះ​ការ​វិល​ត្រឡប់​មក​ពី​បរទេស​របស់​លោក ធន សារាយ នៅ​ឡើយ​ទេ។ លោក ករុណា មាន​ចម្ងល់​ចំពោះ​ដីកា​នេះ ដ្បិត​កន្លង​ទៅ មន្ត្រី​សមាគម​អាដហុក មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន។ លោក​ថា សំណុំ​រឿង​ចោទ​ប្រកាន់​សូកប៉ាន់​សាក្សី ក៏​មិន​ជាប់​ទាក់ទង​នឹង​លោក ធន សារាយ ដែរ៖ «កិច្ចការ​ហ្នឹង​ដូច​មិន​ទាក់ទង​អី​ដល់​គាត់​ទេ ព្រោះ​ធម្មតា​អាដហុក​ទុក​សិទ្ធិ​ឲ្យ​បុគ្គលិក​របស់​ខ្លួន​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្ទាល់ៗ​ខ្លួន​ដោយ​ឯករាជ្យ​របស់​ខ្លួន ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​កិច្ចការ​ផ្សេងៗ​ទៅ​តាម​ករណី​នីមួយៗ»។

ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​រវាង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​នាង ខុម ចាន់តារាទី នេះ មន្ត្រី​សមាគម​អាដហុក ចំនួន ៤​នាក់​កំពុង​ជាប់​ឃុំ ដោយ​ត្រូវ​ចោទ​ប្រកាន់​ថា​បាន​សូកប៉ាន់​សាក្សី។ អ្នក​ទាំង​នោះ​រួម​មាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី។ ចំណែក​អគ្គលេខាធិការ​រង គ.ជ.ប និង​ជា​អតីត​មន្ត្រី​សមាគម​អាដហុក​ដែរ​នោះ គឺ​លោក នី ចរិយា ក៏​កំពុង​ជាប់​ឃុំ​ដែរ។ ក្រៅ​ពី​នេះ ក៏​មាន​មន្ត្រី​សមាគម​នេះ​មួយ​ចំនួន​ទៀត និង​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង ក៏​ត្រូវ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​សាក្សី​ដែរ។

ទាក់ទង​នឹង​ករណី​លោក ធន សារាយ នេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ធ្លាប់​ថ្លែង​ប្រាប់​ទូរទស្សន៍​ក្នុង​ស្រុក​ថា លោក​ធ្លាប់​ជជែក​ជាមួយ​នឹង​លោក ធន សារាយ ថា​ព្យាយាម​ទប់ស្កាត់​មិន​ឲ្យ​រឿង​នេះ​រាលដាល​ដល់​រូប​លោក៖ «ដូច​ខ្ញុំ​បាន​បញ្ជាក់​ប្រាប់​ទៅ​លោក ធន សារាយ ដែល​ជា​ប្រធាន​អាដហុក​ដែរ យើង​ខ្ញុំ​ខិតខំ​គ្រប់គ្រង​រឿង​ហ្នឹង ធ្វើ​ម៉េច​កុំ​ឲ្យ​វា​រាល ជាពិសេស​កុំ​ឲ្យ​វា​រាល​ដល់​លោក ធន សារាយ ខ្លួន​ឯង​ទេ ទោះ​បី​ជា​អ្នក​ណា​ឆ្លើយ​ដាក់​ថា​យ៉ាង​ម៉េច​ក៏ដោយ។ យើង​ខ្ញុំ​ខំ​ប្រឹង​កាត់​វា​កុំ​ឲ្យ​វា​រាល​ដល់​លើ​បញ្ហា​ហ្នឹង»។

បើ​ទោះ​បី​ជា​យ៉ាង​ណា ករណី​នេះ មន្ត្រី​អង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក លោក សឹង សែនករុណា មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​កោះ​ហៅ​ប្រធាន​សមាគម​របស់​លោក​នៅ​ពេល​នេះ៖ «យើង​មាន​ជំនឿ​ចិត្ត​ថា​អាដហុក​យើង​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ដូច​ការ​ចោទ​ប្រកាន់​នេះ។ ការ​ហៅ​ហ្នឹង យើង​គិត​ថា​អាច​ជា​ការ​ដើម្បី​ដោះ​បន្ទុក​វិញ​ក៏​ថា​បាន។ យើង​អត់​គិត​ថា​ការ​កោះ​ហៅ​ហ្នឹង​ជា​ការ​គំរាម ឬ​យ៉ាង​ណា​ចំពោះ​អាដហុក​ទេ»។

រហូត​មក​ដល់​ពេល​នេះ សំណុំ​រឿង​ដែល​នាំ​ឲ្យ​មន្ត្រី​អាដហុក និង​អគ្គលេខាធិការ​រង គ.ជ.ប ត្រូវ​ចាប់​ឃុំ​ខ្លួន និង​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ត្រូវ​កោះ​ហៅ​ចូល​ទៅ​តុលាការ​នេះ ត្រូវ​អ្នក​វិភាគ​នយោបាយ​ចាត់​ទុក​ថា ជា​សំណុំ​រឿង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ បញ្ហា​នេះ​អាច​ធូរ​ស្រាល​ទៅ​វិញ នៅ​ក្រោយ​ស្ថានភាព​តានតឹង​ផ្នែក​នយោបាយ​បាន​បញ្ចប់៕

No comments: