Thursday, 13 October 2016

អ្នកស្រី រ៉ូណា ស្មីត លើក​បញ្ហា​មណ្ឌល​ព្រៃ​ស្ពឺ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច


ដោយ ស៊ុន ហេ


អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក វង សូត នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក វង សូត នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth
 RFA/Cheu Sideth


អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១២ តុលា បាន​ចូល​ជួប​សំណេះសំណាល​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក វង សូត ជុំវិញ​រឿងរ៉ាវ​នានា​ពាក់ព័ន្ធ​នឹង​ជន​ងាយ​រងគ្រោះ។ ដូច​នឹង​ការ​រំពឹង​ទុក មណ្ឌល​ព្រៃ​ស្ពឺ​ដែល​ជា​ប្រធានបទ​ក្តៅ ក៏​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ដែរ។

អ្នកស្រី រ៉ូណា ស្មីត ជាមួយ​នឹង​ក្រុម​ការងារ​មាន​ដូចជា តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ចំណាយ​ពេល​ជាង​ពីរ​ម៉ោង​ជជែក​ជាមួយ​ក្រសួង​ពី​បញ្ហា​នានា​ទាក់ទង​នឹង​កុមារ ជន​ពិការ និង​ជន​អនាថា និង​ស្តាប់​ក្រសួង​រ៉ាយរ៉ាប់​ពី​សមិទ្ធផល​ដែល​ខ្លួន​បាន​ធ្វើ​ឡើង ដែល​ក្នុង​នោះ​មាន​ការ​កែប្រែ​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ​ផង​ដែរ។


មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ ដែល​គេ​ស្គាល់​ថា​មណ្ឌល​ព្រៃ​ស្ពឺ ត្រូវ​បាន​ទទួល​ការ​រិះគន់​ជាច្រើន​កន្លង​ទៅ​ពី​សំណាក់​ប្រជាជន ស្ថាប័ន​សិទ្ធិ​មនុស្ស អង្គការ​សហប្រជាជាតិ ព្រម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ ជុំវិញ​របាយការណ៍​រក​ឃើញ​ថា មាន​អំពើ​ទារុណកម្ម អំពើ​ហិង្សា អំពើ​ពុក​រលួយ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាច្រើន​រូបភាព​ទៀត​នៅ​ក្នុង​មណ្ឌល​មួយ​នេះ ប៉ុន្តែ​បញ្ហា​ទាំង​ប៉ុន្មាន ត្រូវ​បាន​ប្រធាន​មណ្ឌល​ច្រានចោល។

អគ្គលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក ឯម ច័ន្ទមករា ដែល​ចូលរួម​កិច្ច​ពិភាក្សា​ជាមួយ​អ្នកស្រី រ៉ូណា ស្មីត ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួង​បាន​ផ្តល់​ព័ត៌មាន​ជាក់ស្តែង​ដល់​អ្នកស្រី រ៉ូណា ស្មីត អ្នកស្រី​មាន​ភាព​ភ្ញាក់​ផ្អើល និង​កោត​សរសើរ​ដល់​ក្រសួង ព្រោះ​ព័ត៌មាន​ដែល​អ្នកស្រី​បាន​ទទួល​ពី​សង្គម​ស៊ីវិល​កន្លង​ទៅ គឺ​បង្ហាញ​ពី​ភាព​អវិជ្ជមាន។

ឧទាហរណ៍​ជាក់ស្តែង គឺ​មណ្ឌល​ព្រៃ​ស្ពឺ។ លោក ឯម ច័ន្ទមករា អញ្ជើញ​មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ទៅ​មើល​ដោយ​ផ្ទាល់​លើ​ការ​កែប្រែ ដូចជា​អគារ​ថ្មី ចំណី​អាហារ និង​សេវាកម្ម​សុខភាព ដែល​លោក​ថា​កើត​ឡើង​ដោយសារ​ផែនការ​របស់​រដ្ឋាភិបាល មិន​មែន​មក​ពី​សម្ពាធ​ពី​សង្គម​ស៊ីវិល​នោះ​ទេ៖ «ការ​ពិត​រឿង​ទាំងអស់​នេះ​មិន​មែន​ទាល់​តែ​អង្គការ​យូ.អិន (UN) គាត់​លើក​ឡើង បាន​មាន​ការ​កែប្រែ​នោះ​ទេ ប៉ុន្តែ​ជា​ដំណាក់​កាល​នៃ​ការ​អភិវឌ្ឍ មាន​ន័យ​ថា​ជា​ជំហានៗ»។

អ្នកស្រី រ៉ូណា ស្មីត ឲ្យ​ដឹង​ថា អ្នកស្រី​ពិត​ជា​បាន​ជជែក​ទៅ​លើ​បញ្ហា​មណ្ឌល​ព្រៃ​ស្ពឺ​មែន ប៉ុន្តែ​អ្នកស្រី​មិន​បាន​ចែក​រំលែក​ពី​ខ្លឹមសារ​លម្អិត​មក​អ្នក​សារព័ត៌មាន​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​រាយការណ៍​ពិសេស​រូប​នេះ បាន​លើក​ឡើង​ពី​អ្វី​ដែល​អ្នកស្រី​ចង់​ឃើញ​នៅ​ក្នុង​មណ្ឌល​សំចត​មួយ​នេះ៖ «យើង​ត្រូវ​ធានា​ឲ្យ​បាន​ថា ពួក​គេ​មាន​បរិយាកាស​រស់នៅ​មួយ​ដែល​មាន​សុវត្ថិភាព ហើយ​រាល់​សិទ្ធិ​របស់​ពួក​គេ​ត្រូវ​បាន​ការពារ ជាពិសេស​សិទ្ធិ​ទទួល​បាន​សុវត្ថិភាព អាហារ ទឹក និង​អនាម័យ។ យើង​ជួយ​ទាក់ទង​រក​គ្រួសារ​របស់​ពួក​គេ ផ្តល់​សេវា​សុខភាព​ដល់​ពួក​គេ ហើយ​ជួយ​សម្រួល​ដល់​ការ​ត្រឡប់​ទៅ​រក​គ្រួសារ ឬ​សហគមន៍​របស់​គេ​វិញ»។

កាល​ពី​ខែ​កញ្ញា កន្លង​ទៅ ស្ត្រី​ម្នាក់​ដែល​បាន​រត់​រួច​ពី​មណ្ឌល​ព្រៃ​ស្ពឺ បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី ក្រោម​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ។ អ្នកស្រី​បាន​ពណ៌នា​នូវ​ទិដ្ឋភាព​ដូចជា ការ​វាយ​ដំ​ដល់​សន្លប់ ចង​ទុក​ចោល​នៅ​កណ្ដាល​វាល ការ​ប្រើ​មនុស្ស​ឲ្យ​ធ្វើ​ការ​រហូត​ដល់​ដាច់​ខ្យល់​ស្លាប់ និង​ការ​ទទួល​លុយ​សំណូក​ជា​ថ្នូរ​នឹង​ការ​ដោះលែង។ ការ​ពណ៌នា​ទាំងនេះ ត្រូវ​បាន​មន្ត្រី​មណ្ឌល​ព្រៃ​ស្ពឺ ថា​ជា​ការ​ស្រមើស្រមៃ​របស់​ស្ត្រី​ដែល​មាន​សតិ​មិន​ល្អ មិន​អាច​យក​ជា​ការ​បាន​ទេ។

ទោះ​បី​ជា​យ៉ាង​ណា កន្លង​ទៅ អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​បាន​រក​ឃើញ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​មណ្ឌល​ព្រៃ​ស្ពឺ​នេះ​ដែរ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​កន្លង​ទៅ ក៏​បាន​លើក​យក​រឿង​មណ្ឌល​ព្រៃ​ស្ពឺ​មក​និយាយ។ លោក​ថា បើ​អាជ្ញាធរ​មិន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ឲ្យ​មណ្ឌល​ព្រៃ​ស្ពឺ​នេះ​ប្រសើរ​ឡើង​ទេ លោក​លើក​ទឹក​ចិត្ត​ឲ្យ​បិទ​មណ្ឌល​ព្រៃ​ស្ពឺ​នេះ​តែ​ម្តង៕

No comments: