Saturday, 8 October 2016

អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស UN គ្រោង​មក​ទស្សនកិច្ច​១០​ថ្ងៃ​នៅ​កម្ពុជា


ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០១៦​ 5 ម៉ោងមុន | សិទ្ធិមនុស្ស |  0 |  2482



អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត



ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានប្រកាសថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី Rhona Smith គ្រោងនឹងមកបំពេញទស្សនកិច្ចរយៈពេល ១០ថ្ងៃ នៅក្នុងប្រទេសកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃម្សិលមិញ ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់អ្នកស្រី Rhona Smith គឺដើម្បីពិនិត្យមើលស្ថានភាពនយោបាយទូទៅ និងទិដ្ឋាភាពផ្សេងនៃការរើសអើង។

អ្នកស្រី Rhona Smith បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា ក្នុងដំណើរទស្សនកិច្ចនេះ អ្នកស្រីនឹងផ្តោតទៅលើស្ថានភាពនាពេលបច្ចុប្បន្ននៃសិទ្ធិមនុស្សកម្ពុជា និងការតាមដានការអនុវត្តអនុសាសន៍នានា ដែលបានលើកឡើងជាមួយរដ្ឋាភិបាលកម្ពុជា។



អ្នកស្រីបន្តថា អ្នកស្រីក៏នឹងបន្តពិនិត្យលើប្រធានបទនៃការរើសអើងទៅលើក្រុមជនជាតិភាគតិច និងក្រុមបាត់បង់ឱកាសដទៃទៀត។

ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេល ១០ថ្ងៃនេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះ គ្រោងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍កាទូតនានាផងដែរ។ ក្រៅពីនេះ អ្នកស្រី Rhona Smith ក៏គ្រោងធ្វើដំណើរទៅកាន់បណ្ដាខេត្តនានា ដើម្បីប្រមូលព័ត៌មានដោយផ្ទាល់។

ចាប់តាំងពីត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កាលពីខែមីនា ឆ្នាំ២០១៥កន្លងមក អ្នកស្រី Rhona Smith បានធ្វើដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជាចំនួន ២លើករួចមកហើយ កាលពីខែកញ្ញាឆ្នាំ២០១៥ និងខែមីនាកន្លងមក៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

No comments: