Monday, 19 December 2016

សាសនិក​ឥស្លាម​ប្រតិកម្ម​នឹង​គម្រោង​សាលា​ក្រុង​ចុះ​វាស់វែង​ធ្វើ​ផ្លូវ​កាត់​វិហារ​បឹងកក់


Manekseka Sangkum: Doesn't any one in this regime even bother to think through before proposing things like this? Complete and utter insanity...

>>>

ដោយ ទីន ហ្សាការីយ៉ា
2016-12-18


វិហារ​ឥស្លាម​ថ្មី​នៅ​តំបន់​បឹងកក់ ដែល​ត្រូវ​បាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៧ មីនា ២០១៥។
វិហារ​ឥស្លាម​ថ្មី​នៅ​តំបន់​បឹងកក់ ដែល​ត្រូវ​បាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៧ មីនា ២០១៥។
RFA/Tin Zakariya



សាសនិក​ឥស្លាម​ជាច្រើន​បាន​បញ្ចេញ​ប្រតិកម្ម​ជំទាស់​ទៅ​នឹង​គម្រោង​ចុះ​វាស់វែង​ធ្វើ​ផ្លូវ​កាត់​វិហារ​បឹងកក់​របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ ដែល​អ្នក​ខ្លះ​បាន​បញ្ចេញ​មតិ​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) និង​ចែក​រំលែក (share) បន្ត​ពី​មួយ​ទៅ​មួយ។

ការ​បញ្ចេញ​ប្រតិកម្ម​ជំទាស់​នេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពី​ពួក​គេ​បាន​ឃើញ​លិខិត​អញ្ជើញ​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១៦ ធ្នូ ដែល​គេ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ធ្នូ ដោយ​បោះ​ត្រា​លើ​ខ្នង​លិខិត​នោះ​ថា "ប្រញាប់​ណាស់" អញ្ជើញ​តំណាង​គណៈកម្មការ​វិហារ​ឥស្លាម​តំបន់​បឹងកក់ ចូលរួម​ចុះ​វាស់វែង​បើក​ផ្លូវ R4 កាត់​វិហារ ក្រោម​អធិបតីភាព​លោក ឃួង ស្រេង អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ។



អ្នក​ខ្លះ​ទៀត​បាន​សរសេរ​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់ ដើម្បី​សុំ​ឲ្យ​ឈប់​ធ្វើ​ផ្លូវ​កាត់​វិហារ​នេះ ដែល​មាន​ខ្លឹមសារ​ដូចជា «ក្នុង​នាម​មូស្លីម​នៅ​កម្ពុជា និង​ជា​អ្នក​បាន​ចូលរួម​អភិវឌ្ឍ​សហគមន៍​ខ្មែរ​ឥស្លាម​ដែរ ខ្ញុំ​សូម​គោរព​ស្នើសុំ​សម្ដេច​ជួយ​អន្តរាគមន៍​អំពី​គម្រោង​ធ្វើ​ផ្លូវ​កាត់​ដី​វិហារ​បឹងកក់ ដោយ​ស្នើ​ឲ្យ​ធ្វើ​វាង​តាម​របង ដូច​ផ្លូវ​វាង​វត្ត​នៅ​រកាខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ សូម​សម្ដេច​តេជោ​មេត្តា​ជួយ​អន្តរាគមន៍​អំពី​បញ្ហា​នេះ​ផង»។ អ្នក​ខ្លះ​ទៀត​ថា «ពួក​គេ​នឹង​ជំទាស់​គម្រោង​ធ្វើ​ផ្លូវ​នេះ​ជា​ដាច់ខាត ពីព្រោះ​ថា​វិហារ គឺ​ជា​ទីតាំង​ស្ងប់ស្ងាត់​សម្រាប់​គោរព​ប្រតិបត្តិ​សាសនា មិន​ខុស​ពី​ទី​វត្ត​អារាម​នោះ​ឡើយ»។

សាសនិក​ឥស្លាម​ខ្លះ​លើក​ឡើង​ថា លិខិត​អញ្ជើញ​ឲ្យ​ចុះ​វាស់វែង​នេះ គឺ​ផ្ទុយ​ពី​អ្វី​ដែល​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​សន្យា​នៅ​ពេល​បើក​វេទិកា​នៅ​ក្នុង​បរិវេណ​វិហារ​បឹងកក់ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ថា គម្រោង​ធ្វើ​ផ្លូវ​កាត់​វិហារ​បឹងកក់​នេះ គឺ​សាលា​រាជធានី​ភ្នំពេញ នឹង​បើក​ការ​ពិភាក្សា​ជាច្រើន​ទៀត​រហូត​ដល់​មាន​ចំណុច​ព្រមព្រៀង​រួម​មួយ ក៏ប៉ុន្តែ​តាំង​ពី​ពេល​នោះ​មក សាលា​រាជធានី​ភ្នំពេញ មិន​បាន​បើក​កិច្ច​ពិភាក្សា​ជាមួយ​ក្រុម​អ្នក​ជំទាស់​គម្រោង​ធ្វើ​ផ្លូវ​នេះ​នៅ​ឡើយ៕

No comments: