Monday, 19 December 2016

អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​អំពាវនាវ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក​និង​លោក នី ចរិយា


ដោយ យ៉ង ចាន់តារា
2016-12-18


(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។  RFA/Brach Chev
(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev
 RFA/Brach Chev



ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​ធ្នូ អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា អនុវត្ត​អនុសាសន៍​របស់​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ឃុំ​ឃាំង​ដោយ​ឥត​ច្បាប់ (WGAD) ដោយ​ដោះលែង​មន្ត្រី គ.ជ.ប និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ៤​រូប ដែល​កំពុង​ជាប់​ឃុំ និង​ផ្តល់​សំណង​សមរម្យ​ដល់​ពួក​គេ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ឃុំ​ឃាំង​ដោយ​ឥត​ច្បាប់ (WGAD) រក​ឃើញ​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​មន្ត្រី​សមាគម​អាដហុក ដែល​គ្រាន់​តែ​ផ្តល់ “ការ​ប្រឹក្សា​ផ្នែក​ច្បាប់​ដោយ​ត្រឹមត្រូវ និង​ជំនួយ​ផ្សេង​ទៀត” គឺ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ជុំ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំងនោះ។



ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ បាន​ចាត់​ទុក​ថា ការ​រំលោភ​បំពាន​សិទ្ធិ​ជំនុំ​ជម្រះ​ដោយ​ស្មើ​ភាព ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ដោយ​មិន​សម​ហេតុផល និង​សេចក្តី​ថ្លែងការណ៍​របស់​អាជ្ញាធរ​កម្ពុជា ដែល​បាន​បដិសេធ​សិទ្ធិ​ក្នុង​ការ​សន្មត​ថា​គ្មាន​កំហុស​របស់​អ្នក​ទាំង ៥​នាក់ គឺ​មាន​សភាព​ធ្ងន់ធ្ងរ​គ្រប់គ្រាន់​ក្នុង​ការ​ពិចារណា​ថា ការ​បន្ត​ឃុំ​ខ្លួន​ពួក​គេ គឺ​មិន​ត្រឹមត្រូវ។

មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ៤​រូប គឺ​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​របស់​លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។

ចំណែក​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា ដែល​ជា​អតីត​ប្រធាន​ការិយាល័យ​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក កាល​ពី​ថ្ងៃ​ទី​២២ កញ្ញា កន្លង​ទៅ ត្រូវ​បាន​ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦​លាន​រៀល ក្រោម​បទ​ចោទ​បរិហារ​កេរ្តិ៍ បរិហារ​បង្កាច់​កេរ្តិ៍ និង​ពី​បទ​ប្រើប្រាស់​ឥទ្ធិពល​ដាក់​សម្ពាធ​លើ​តុលាការ​ខេត្ត​សៀមរាប។

ក្រៅ​ពី​បណ្ដឹង​បរិហារ​កេរ្តិ៍​នេះ លោក នី ចរិយា ក៏​កំពុង​ជាប់​បណ្ដឹង​មួយ​ទៀត​ដែរ គឺ​បណ្ដឹង​ទាក់ទង​នឹង​រឿង​អាស្រូវ​ស្នេហា​របស់​លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ ដោយ​លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ពី​បទ​សម​គំនិត​សូកប៉ាន់​សាក្សី។

គិត​មក​ទល់​នឹង​ពេល​នេះ ទាំង​លោក នី ចរិយា និង​មន្ត្រី​សមាគម​អាដហុក​ទាំង ៤​រូប ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ខ្លួន​អស់​រយៈពេល ២៣៤​ថ្ងៃ​ហើយ ចាប់​តាំង​ពី​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​អំឡុង​ខែ​មេសា កន្លង​ទៅ៕

No comments: