Sunday, 29 January 2017

គ្រួសារ​យុទ្ធជន​ពិការ​ក្រីក្រ​នៅ​ស្ទឹងត្រែង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​លំនៅ


ដោយ ម៉ែន សុធីរ
2017-01-28

អតីត​យោធា លោក ទុយ សុខុម ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ RFA/Men Sothyr
អតីត​យោធា លោក ទុយ សុខុម ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ RFA/Men Sothyr



អតីត​ទាហាន​ជើង​ចាស់​ម្នាក់ សព្វ​ថ្ងៃ​ជា​ជន​ពិការ​ភ្នែក​ឆ្វេង កំបុត​ម្រាម​ដៃ​ខាង​ស្តាំ ដោយសារ​ធ្វើ​សង្គ្រាម​អំឡុង​ទសវត្ស​ទី​៨០ បាន​ត្អូញត្អែរ​ពី​ជីវភាព​លំបាក​មិន​អាច​ប្រកប​មុខ​របរ​អ្វី​បាន ស្រប​ពេល​លោក​កំពុង​មាន​ជំងឺ​លើស​ឈាម​ផង។ អតីត​មន្ត្រី​យោធា​រូប​នោះ ដើរ​រើស​អេតចាយ​លក់​ជាង ៣០​ឆ្នាំ​មក​ហើយ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ និង​ទទួល​បន្ទុក​ចិញ្ចឹម​កូន ៨​នាក់។ លោក​បាន​សង់​ផ្ទះ​នៅ​លើ​ដី​ចំណី​ផ្លូវ​របស់​រដ្ឋ នៅ​មាត់​ទន្លេ​សេកុង នៃ​ក្រុង​ស្ទឹងត្រែង ជិត ៣០​ឆ្នាំ ហើយ​បច្ចុប្បន្ន​អាជ្ញាធរ​គ្រោង​ជម្លៀស​ពួកគាត់​ចេញ​ពី​ទីតាំង​នោះ។

លោក ទុយ សុខុម អាយុ ៦៥​ឆ្នាំ បង្ហាញ​ទឹក​មុខ​ក្រៀមក្រំ សំលៀកបំពាក់​ចាស់​រហែក​ជា​ដុំៗ អង្គុយ​មាត់​ជណ្ដើរ​លើ​ផ្ទះ​កម្ពស់​ជាង ២​ម៉ែត្រ។ លោក​រៀប​រាប់​ដោយ​ក្ដី​អស់​សង្ឃឹម​ថា លោក​លះបង់​កាយសម្បទា និង​ប្រថុយ​គ្រោះថ្នាក់ ធ្វើ​សង្គ្រាម​ការពារ​ជាតិ ត្រូវ​ពិការ​ភ្នែក​ឆ្វេង និង​កំបុត​ម្រាមដៃ​បី​ខាង​ស្ដាំ​តាំង​ពី​ឆ្នាំ​១៩៨៤ នៅ​គ្រា​ដែល​លោក​ធ្វើ​សង្គ្រាម​ប្រឆាំង ប៉ុល ពត ហើយ​លោក​បាន​មក​រស់​នៅ​ខែត្រ​ស្ទឹងត្រែង ទាំង​ខ្លួន​ពិការ។



​លោក​បាន​ផ្ដាច់​ខ្លួន​ពី​ទាហាន​នៅ​គ្រា​ដែល​លោក​ជា​ជន​ពិការ​នៅ​ឆ្នាំ​១៨៨៥ និង​ចាប់​យក​អាជីព​រើស​អេតចាយ​ចិញ្ចឹម​គ្រួសារ និង​កូន ៨​នាក់ រហូត​បច្ចុប្បន្ន។ លោក សុខុម  ធ្វើ​ជា​ទាហាន​រយៈពេល ១៥​ឆ្នាំ ពោល​គឺ​ចាប់​ពី​ឆ្នាំ​១៩៧០ រហូត​ដល់​ឆ្នាំ​១៩៨៥៖ «ខ្ញុំ​គឺ​មេបញ្ជាការ អ្នក​បញ្ជា​ឲ្យ​ដោះ​មីន ដើម្បី​វ៉ៃ​សង្គ្រាម យើង​ធ្វើសង្គ្រាម​មាន​មីន​នៅ​ខាង​មុខ យើង​ដោះ ហើយ​យើង​ដោះ​វ៉ៃ​លុក​ចូល ហើយ​ត្រូវ​ខ្ញុំ​របួស​ដៃ ភ្នែក និង​ខ្លួន​ទាំង​អស់​សព្វ ភ្នែក​ខ្ញុំ​ពិកា​ម្ខាង»។

លោក ទុយ សុខុម បន្ថែម​ថា ជា​រៀងរាល់​ថ្ងៃ​លោក​ក្រោក​ពី​ព្រលឹម ដើរ​រើស​អេតចាយ​នៅ​ផ្សារ តាម​ធុង​សំរាម​នៅ​ទី​សាធារណៈ យក​ទៅ​លក់​បាន​ប្រាក់​បន្តិច​បន្តូច​សម្រាប់​ទិញ​អង្ក និង​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ ហើយ​លោក​ក៏​ឆ្លៀត​ជួយ​ធ្វើ​ការងារ​ជា​ជាង​ធ្វើ​ផ្ទះ​ដោយ​ក្នុង​មួយ​ថ្ងៃ​ទទួល​បាន​ប្រាក់ ៣​ម៉ឺន​រៀល។ លោក​ត្អូញត្អែរ​ថា ថ្ងៃ​ខ្លះ​លោក​គ្មាន​ប្រាក់​សូម្បីតែ​ទិញ​អង្ករ​ច្រក​ឆ្នាំង ពោល​រក​ព្រឹក​ខ្វះ​ល្ងាច និង​រក​ល្ងាច​ខ្វះ​ព្រឹក។

លោក​បញ្ជាក់​ថា គ្រួសារ​លោក​បាន​ទទួល​ព័ត៌មាន​ថា អាជ្ញាធរ​ក្រុង​ជូន​ដំណឹង​ឲ្យ​គ្រួសារ​លោក និង​អ្នក​រស់​នៅ​មាត់​ទន្លេ​ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅឋាន ឲ្យ​បាន​មុន​ថ្ងៃ​ទី​២០ ខែ​មីនា ខាង​មុខ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ នៅ​គ្រា​ដែល​គ្រួសារ​លោក​កំពុង​មាន​ជីវភាព​យ៉ាប់យ៉ឺន​មិន​ទាន់​បាន​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​រុះរើ​ផ្ទះ​តាម​សំណើ​របស់​អាជ្ញាធរ​នៅ​ឡើយ​ទេ។

លោក​ពុំ​ជំទាស់​វិធានការ​របស់​អាជ្ញាធរ​នោះ​ទេ ក៏​ប៉ុន្តែ​លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​គ្រួសារ​លោក ទាំង​ដី​លំនៅឋាន និង​ដី​កសិកម្ម​ដើម្បី​ជា​ទុន​ចិញ្ចឹម​ជីវិត៖ «មក​នៅ​ស្ទឹងត្រែង​ហ្នឹង​ជីវភាព​ខ្ញុំ​លំបាក​វេទនា​បំផុត ដែល​ខ្ញុំ​ធ្លាក់​ខ្លួន​ពិការ​នៅ​ហ្នឹង ពិបាក​ណាស់! អត់​មាន​ធ្វើ​ស្អី​កើត​ទេ ខ្ញុំ​រក​ស៊ី​បាន​តែ​មុខ​របរ​តែ​រើស​អេតចាយ​មួយ​មុខ​ហ្នឹង ដល់​ពេល​ខ្ញុំ​ឈឺ​ទៀត​រឹត​ពិបាក​ទៀត ឥឡូវ​ឮ​ថា គេ​ដេញ​ទៀត សំបុត្រ​គេ​ឲ្យ​ដេញ​ខ្ញុំ​រឹត​ពិបាក​ចិត្ត​ឡើង។ គេ​ដេញ​ចោល បើ​មិន​ចេញ​គេ​ឈូស​ចោល»។

មក​ទល់​ពេល​នេះ គ្រួសារ​លោក ទុយ សុខុម មាន​សមាជិក​ជាង ១០​នាក់ សរុប​ទាំង​ចៅ និង​កូនប្រសា ដែល​ពួកគាត់​កំពុង​រស់នៅ​ក្រោម​ដំបូល​ផ្ទះ​តែមួយ ព្រោះ​កូន​ដែល​បាន​រៀបការ​ហើយ​នោះ​លោក​គ្មាន​ទ្រព្យសម្បត្តិ​ដើម្បី​បំបែក​គ្រួសារ​ទៅ​រស់​នៅ​ទីតាំង​ផ្សេង​បាន។

អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង ធ្លាប់​ប្រាប់​អាស៊ីសេរី ថា ពលរដ្ឋ​រស់​នៅ​តាម​ច្រាំងទន្លេ​ក្នុង​ក្រុង​ស្ទឹងត្រែង ចំនួន​ជាង ៣០០​គ្រួសារ ដែល​ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ​ជាង ៣០​ភាគរយ។ អាជ្ញាធរ​គ្រោង​ជម្លៀស​ជនជាតិ​វៀតណាម ទាំងនោះ​ទៅ​ទីតាំង​ថ្មី​នៅ​គីឡូម៉ែត្រ​លេខ ១៤ ផ្លូវជាតិ​លេខ ៧ ឋិត​នៅ​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ផ្លូវ​ទៅ​ប្រទេស​ឡាវ។ ប៉ុន្តែ​ជនជាតិ​វៀតណាម ម្នាក់​ក្នុង​ចំណោម​ជនជាតិ​​វៀតណាម ច្រើន​ទៀត គឺ​លោក ឡេវ  យ៉ាំងឡង បញ្ជាក់​ថា ពួកគេ​មិន​អាច​រស់នៅ​តំបន់​ដាច់​ស្រយាល​បាន​ទេ ព្រោះ​លំបាក​រក​ស៊ី ហើយ​ការ​ដែល​រស់​នៅ​តាម​មាត់​ទន្លេ​ងាយ​ស្រួល​រកស៊ី​នេសាទ​ចិញ្ចឹម​ជីវិត​ជាដើម។

ចៅសង្កាត់​ស្ទឹងត្រែង លោក ជា វណ្ណ ថ្លែង​បញ្ជាក់​ថា គោលការណ៍​ណែនាំ​របស់​រដ្ឋបាល​ខែត្រ​ស្ទឹងត្រែង ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​រៀបចំ​សណ្ដាប់ធ្នាប់​ក្រុង ដើម្បី​ត្រៀមលក្ខណៈ​ប្រារព្ធ​ពិធី​បុណ្យ​ទន្លេ​នៅ​ខែ​មីនា ឆ្នាំ​២០១៧ ខាង​មុខ  ដូច្នេះ​សាលាក្រុង​ស្ទឹងត្រែង បាន​ជូន​ដំណឹង​ទៅ​ពលរដ្ឋ​ឲ្យ​រុះរើ​លំនៅឋាន​ដែល​សង់​នៅ​លើ​ចំណី​ទន្លេ។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​កំពុង​រង់ចាំ​សំណូមពរ​របស់​ពួកគេ​ដើម្បី​លើក​មក​ជជែក​ពិភាក្សា៖ «ខ្ញុំ​ជូន​ដំណឹង​ប៉ុណ្ណឹង ហើយ​ចាំ​មើល​ប្រតិកម្ម​ពី​ប្រជាជន​វិញ»។

ចំណែក​អ្នកនាំពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ឲ្យ​ដឹងថា រដ្ឋបាល​ខែត្រ​ស្ទឹងត្រែង​បាន​បង្កើត​គណៈកម្មការ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ បន្ទាប់ពី​អាជ្ញាធរ​បាន​ស្រង់​ទិន្នន័យ និង​ផ្ទៀងផ្ទាត់​ធ្វើ​បច្ចុប្បន្នភាព​ឡើង​វិញ ហើយ​គ្រោង​ប្រជុំ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​រុះរើ​ចេញ​ពី​ដី​ចំណី​ទន្លេ​នេះ។ លើស​ពី​នេះ អាជ្ញាធរ​គ្រោង​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​ជ្រើសរើស​ដី​សម្បទាន​សង្គម​កិច្ច​សម្រាប់​ឲ្យ​ពលរដ្ឋ​ផ្លាស់ប្ដូរ​លំនៅឋាន ទៅ​រស់​នៅ​ទីតាំង​ថ្មី​ឲ្យ​បាន​សមរម្យ។

លោក​បញ្ជាក់​ថា ករណី​ពលរដ្ឋ​មាន​លំនៅឋាន​នៅ​តំបន់​ផ្សេង​ស្រាប់ ហើយ​បាន​ទៅ​រស់​នៅ​តាម​ទន្លេ​បណ្ដោះអាសន្ន អាជ្ញាធរ​ជំរុញ​ឲ្យ​ពួកគាត់​រស់​នៅ​ទីលំនៅ​ដើម​វិញ។ លោក​ថា រដ្ឋបាល​ខែត្រ​នឹង​អនុវត្ត​កិច្ច​ការងារ​នេះ​ក្នុង​ពេល​ឆាប់ៗ និង​បាន​ផ្សព្វផ្សាយ​តួនាទី​របស់​គណៈកម្មការ​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច​រួច​ហើយ៖ «បន្ទាប់ពី​យើង​រក​ទិន្នន័យ​ដែល​បាន​ស្រង់​ពី​មុន​មក​ធ្វើ​ការ​ផ្ទៀងផ្ទាត់ និង​ធ្វើ​បច្ចុប្បន្នភាព​ឡើង​វិញ យើង​នឹង​ប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​គាត់​ឲ្យ​គាត់​រុះរើ​ចេញ​ពី​ដី​មាត់​ទន្លេ ហើយ​យើង​នឹង​ប្រាប់​ពី​ទីតាំង​ដែល​គាត់​នឹង​អាច​ធ្វើ​ការ​ជ្រើសរើស​រក​ដី​សង្គមកិច្ច»។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ផ្ដល់​ទស្សនៈ​ថា អាជ្ញាធរ​ខែត្រ​ត្រូវ​បង្ហាញ​ជំហរ​ច្បាស់លាស់​ក្នុង​ការ​រៀបចំ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ដែល​ខ្វះខាត​ដី​ពិតប្រាកដ​មុន​នឹង​ជម្លៀស​ពួកគាត់​ចេញ។ លោក​បញ្ជាក់​ថា ​មុន​ជម្លៀស​ពលរដ្ឋ​ចេញ អាជ្ញាធរ​គួរ​រៀបចំ​លំនៅឋាន និង​ដី​កសិកម្ម ដែល​ធានា​ថា​មាន​ទឹក​ភ្លើង​ប្រើប្រាស់​សមរម្យ។

លោក​បន្ថែម​ថា ចំពោះ​ជនជាតិ​វៀតណាម អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ជំរុញ​ឲ្យ​ពួកគេ​បំពេញ​បែបបទ និង​លក្ខន្តិកៈ​ចូល​សញ្ជាតិ​ត្រឹមត្រូវ​ផ្អែក​តាមច្បាប់​ជា​មុន​សិន មុន​នឹង​អនុវត្ត​គោលការណ៍​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច៖ «យើង​គាំទ្រ​ចំពោះ​ការ​អភិវឌ្ឍ តែ​ទន្ទឹម​នឹង​នេះ​យើង​គួរ​គិត​ទៅ​លើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ខ្លាំង យើង​ត្រូវ​រក​កន្លែង​សមរម្យ​ឲ្យ​គាត់​តាម​ការ​សម្របសម្រួល»។

​លោក ហូ សំអុល បន្ថែម​ថា កន្លង​ទៅ ប្រមុខ​រាជរដ្ឋាភិបាល លោក ហ៊ុន សែន ធ្លាប់​លើកឡើង​ពី​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដែល​ធានា​ថា ពលរដ្ឋ​គ្រប់រូប​ត្រូវ​ទទួល​ផល​ប្រយោជន៍​ជា​សាធារណៈ និង​ផលប្រយោជន៍​ពី​ប្រទេស​ជាតិ។

ប្រធាន​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ចាត់​ទុក​ពលរដ្ឋ​រស់​នៅ​មាត់​ទន្លេ គឺ​ជា​ក្រុម​មនុស្ស​មាន​ជីវភាព​មិន​ទៀង​ទាត់។ លោក​ចង់​ឃើញ​ថា អាជ្ញាធរ​រដ្ឋាភិបាល​មាន​ដំណោះស្រាយ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពួកគេ។ លោក​យល់​ថា ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋាភិបាល​ជូន​ពលរដ្ឋ​ពុំ​មែន​ជា​ឧបសគ្គ​នោះ​ទេ បើ​ធៀប​ដី​ឯកជន​របស់​រដ្ឋ​ដែល​មាន​ស្រាប់ ឬក៏​ដី​សាធារណៈ​របស់​រដ្ឋ ជាពិសេស​រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ឯកជន​អស់​រាប់​សិប​ម៉ឺន​ហិកតារ​នោះ។

​លោក​យល់​ថា ក្រៅ​ពី​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច ពលរដ្ឋ​គួរ​តែ​មាន​ទុន​ដែល​ផ្ដល់​ដោយ​រដ្ឋ​អំណាច និង​កាកបាទក្រហម​ត្រូវតែ​ផ្ដល់​ជំនួយ​ជូន​ពួកគាត់​សម្រាប់​មាន​ដើម​ទុន​ទៅ​រស់​នៅ​ទីតាំង​ថ្មី​ដើម្បី​សម្រាល​ការ​លំបាក​របស់​ពួកគេ។

លោក​បារម្ភ​ថា ប្រសិនបើ​ពលរដ្ឋ​ទាំង​នោះ​មិន​ត្រូវ​បាន​អាជ្ញាធរ​យកចិត្តទុកដាក់​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ បន្ទុក​ភាព​ក្រីក្រ​កាន់តែ​រីក​ធំ​ឡើង និង​បង្ក​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាល៖ «ខ្ញុំ​យល់​ថា ពួកគេ​ត្រូវ​បាន​គាំទ្រ​ដោយ​រដ្ឋ យើង​ឃើញ​ថា ដីធ្លី​ហ្នឹង​នៅ​សល់​ច្រើន បើ​ប្រៀបធៀប​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន និង​ចំនួន​ប្រជាពលរដ្ឋ​ដែល​មាន​ចំនួន​តិចតួច​រស់​នៅ​តាម​ទន្លេ គឺ​ជា​ក្រុម​ជួប​ការ​លំបាក និង​ក្រុម​ដែល​ក្រីក្រ​នោះ​ខ្ញុំ​ថា រឿង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច ខ្ញុំ​ថា មិន​មែន​ជា​រឿង​ឧបសគ្គ​ទេ​បើ​ប្រៀបធៀប​ដី​ឯកជន​របស់​រដ្ឋ​ដែល​មាន​សម្រាប់​សព្វថ្ងៃ​ហ្នឹង»។

​លោក ទុយ សុខុម ដែល​មាន​វ័យ​ចំណាស់​ទៅ​ហើយ​នោះ បញ្ជាក់​ថា លោក​មិន​ចង់​មាន​បាន​អ្វី​ទេ ក្នុង​នាម​លោក​ធ្លាប់​បាន​តស៊ូ​បម្រើ​ជាតិ​មាតុ​ភូមិ​នោះ គឺ​លោក​ចង់​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ដី​កសិកម្ម​សម្រាប់​ឲ្យ​កូនចៅ​បង្កបង្កើនផល​ផ្គត់ផ្គង់​គ្រួសារ ព្រោះ​ជីវិត​ជា​អតីត​នាយទាហាន និង​ធ្លាក់ខ្លួន​ពិការ គ្មាន​ទ្រព្យសម្បត្តិ​អ្វី​សម្រាប់​ជា​កេរ្តិ៍មរតក​ទុក​ឲ្យ​កូនចៅ​នោះ​ទេ៕

No comments: