ដោយ រាជ វិញ្ញូ
2017-02-14
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក សំ ច័ន្ទគា ផ្ដល់បទសម្ភាសន៍ឲ្យអាស៊ីសេរី កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦។
Photo: RFA
សង្គមស៊ីវិលចង់ឃើញអាជ្ញាធរប្រើប្រាស់វិធីសាស្ត្រអប់រំចំពោះបុគ្គលមួយចំនួនដែលប្រើប្រាស់ពាក្យសម្ដី ឬសរសេរប្រមាថអាយុជីវិតថ្នាក់ដឹកនាំប្រទេសតាមហ្វេសប៊ុក ជាជាងការប្រើប្រាស់ផ្លូវច្បាប់បង្ក្រាបចំពោះអ្នកទាំងនោះ។ ការអះអាងនេះ ស្របពេលយុវជនម្នាក់កំពុងប្រឈមនឹងការចោទប្រកាន់ពីតុលាការ បន្ទាប់ពីសរសេរសារគំរាមកំហែងអាយុជីវិតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមហ្វេសប៊ុក។ រីឯអ្នកច្បាប់វិញបញ្ជាក់ថា អ្នកគំរាមសម្លាប់អ្នកដទៃលើហ្វេសប៊ុក គឺជាបទល្មើសព្រហ្មទណ្ឌ។
សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិលើហ្វេសប៊ុកសព្វថ្ងៃ ត្រូវបានសង្គមស៊ីវិលសង្កេតឃើញថា មានអ្នកខ្លះសម្ដែងមតិរបស់ខ្លួនរហូតហួសដែនកំណត់នៃច្បាប់ និងអ្នកខ្លះទៀតត្រូវបានគេរឹតត្បិតសិទ្ធិសេរីភាព មិនអាចនិយាយអ្វីដែលខ្លួនចង់ឡើយ។
មន្ត្រីនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក សំ ច័ន្ទគា ថ្លែងថា អ្នកចូលចិត្តនិយាយប្រមាថ និងសរសេរគំរាមសម្លាប់បុគ្គលដទៃនៅតាមហ្វេសប៊ុក គឺភាគច្រើនសុទ្ធតែអ្នកពុំមានការយល់ដឹងឲ្យបានគ្រប់ជ្រុងជ្រោយអំពីក្រមសីលធម៌នៃសិទ្ធិបញ្ចេញមតិ និងនិយាយស្ដីបណ្ដោយតាមកំហឹងរបស់ខ្លួនដែលមានប៉ុណ្ណោះ។ ហេតុនេះ ក្រុមអ្នកជេរប្រមាថធ្វើឲ្យប៉ះពាល់អាយុជីវិតថ្នាក់ដឹកនាំកំពូលរបស់រដ្ឋាភិបាល គួរតែណែនាំអប់រំ និងអនុគ្រោះ ថ្វីត្បិតតែការសម្ដែងមតិនោះអាចប្រឈមមុខនឹងផ្លូវច្បាប់ក្ដី៖ «យើងសំណូមពរដល់ស្ថាប័នរដ្ឋ គួរតែណែនាំ គួរតែអនុគ្រោះដល់គាត់ ដោយសារគាត់មិនមានការយល់ដឹងអំពីសិទ្ធិក្នុងការបញ្ចេញមតិ ទើបគាត់បញ្ចេញមតិមិនគោរពក្រមសីលធម៌»។
ការអះអាងពីមន្ត្រីសិទ្ធិមនុស្សនេះ ស្របពេលយុវជនម្នាក់ដែលជាពលករចំណាកស្រុក កំពុងរងការចោទប្រកាន់ពីតុលាការក្រុងភ្នំពេញ ពីបទគំរាមកំហែងនឹងសម្លាប់ បន្ទាប់ពីរូបគេបង្ហោះសារជាអក្សរ និងឃ្លីបវីដេអូគំរាមប្រមាថអាយុជីវិតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមហ្វេសប៊ុកជាបន្តបន្ទាប់។
លោក សំ ច័ន្ទគា បញ្ជាក់ថា បើទោះជាបុគ្គលណាម្នាក់មិនបានប្រព្រឹត្ត និងបញ្ចេញសកម្មភាពសម្លាប់អ្នកដទៃ តែពាក្យសម្ដី និងសារគំរាម អាចប្រឈមនឹងចំណាត់ការរបស់តុលាការ ហើយបើទោះជាជនរងគ្រោះមិនបានប្ដឹង ក៏អាជ្ញាធរមានសិទ្ធិធ្វើការឃាត់ខ្លួនអ្នកនោះដែរ។
កាលពីអំឡុងខែតុលា ឆ្នាំ២០១៦ យុវជនឈ្មោះ វ៉ែន សុភាព ហៅ សាម សុភាព ត្រូវបានអាជ្ញាធរឃាត់ខ្លួន សង្ស័យពីបទគំរាមអាយុជីវិតលោក ហ៊ុន សែន បញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ បន្ទាប់ពីយុវជននេះបានត្រឡប់ពីប្រទេសថៃ មកលេងស្រុកកំណើតនៅខេត្តព្រៃវែង។ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការករណីយុវជនឈ្មោះ វ៉ែន សុភាព នៅថ្ងៃទី១៣ កុម្ភៈ ក្រោមបទគំរាមនឹងសម្លាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបទញុះញង់ឲ្យមានការរើសអើងជនជាតិវៀតណាម ហើយចៅក្រមនឹងប្រកាសសាលក្រមនៅថ្ងៃទី២៤ កុម្ភៈ។ ក្នុងសវនាការនោះ យុវជន វ៉ែន សុភាព បានសារភាពពីការសរសេរសារព្រមានលោកនាយករដ្ឋមន្ត្រី និងទទួលស្គាល់កំហុស ហើយបញ្ជាក់ថា ការប្រមាថរបស់ខ្លួនចំពោះលោក ហ៊ុន សែន គឺមិនបានដឹងថា នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់យ៉ាងនេះឡើយ។
នេះមិនមែនជាករណីទីមួយទេ ដែលមានយុវជនត្រូវបានចាប់ខ្លួន និងប្រឈមមុខនឹងច្បាប់ ដោយសារជេរប្រមាថដល់អាយុជីវិតថ្នាក់ដឹកនាំប្រទេស។ កាលពីខែមករា ឆ្នាំ២០១៦ យុវជននៅខេត្តកំពង់ធំ ម្នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន បន្ទាប់មកតុលាការបានចោទប្រកាន់ពីបទគំរាមកំហែងនឹងសម្លាប់ ព្រមទាំងប្រមាថលោក ហ៊ុន សែន ប៉ុន្តែក្រោយមក យុវជននេះត្រូវបានដោះលែងវិញក្រោយពីទទួលកំហុសកែខ្លួន។
ក្រៅពីលោក ហ៊ុន សែន ត្រូវបានគេគំរាមសម្លាប់ ក្នុងនោះក៏មានលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ធ្លាប់ទទួលរងការគំរាមកំហែងដែរ។
មិនមែនមានតែលោក ហ៊ុន សែន និងលោក ស ខេង ដែលជាថ្នាក់ដឹកនាំប្រទេសកំពូលៗ ត្រូវបានគេគំរាមតាមហ្វេសប៊ុកប្រមាថអាយុជីវិតឡើយ សូម្បីអ្នកវិភាគព្រឹត្តិការណ៍សង្គម និងនយោបាយជាច្រើន រួមមានមេបក្សប្រឆាំង លោក កឹម សុខា ជាដើម ក៏ធ្លាប់ជួបប្រទះករណីស្រដៀងគ្នានេះដែរ ប៉ុន្តែកន្លងទៅ អាជ្ញាធរមិនដែលស្វែងរកឃើញជនសង្ស័យទាំងនោះមកកាត់ទោសដូចករណីគំរាមជីវិតលោក ហ៊ុន សែន នោះទេ។
ជាក់ស្ដែង កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ហ្វេសប៊ុកដែលដាក់រូប និងឈ្មោះរបស់កញ្ញា ធី សុវណ្ណថា ដែលបានសរសេរ និងបង្ហោះរូបកាំភ្លើងជាច្រើនដើមគំរាមសម្លាប់លោក កឹម សុខា នោះ ត្រូវបានក្រសួងមហាផ្ទៃ បញ្ជាក់ថា មិនបានស៊ើបអង្កេតឡើយ ដោយសារជនរងគ្រោះមិនបានដាក់ពាក្យប្ដឹង។
ជុំវិញបញ្ហានេះ មន្ត្រីនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក សំ ច័ន្ទគា ថ្លែងថា ការអនុវត្តច្បាប់របស់មន្ត្រីអាជ្ញាធរបច្ចុប្បន្នហាក់មានភាពលម្អៀងរវាងមន្ត្រីរដ្ឋាភិបាល និងមន្ត្រីបក្សប្រឆាំង ថ្វីបើពួកគេទទួលរងការគំរាមដល់អាយុជីវិតដូចគ្នាក្ដី។ មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា ជាក់ស្ដែងនៅក្នុងច្បាប់ដែលហាមមិនឲ្យមានការលួចស្ដាប់ និងលួចថតការសន្ទនារបស់បុគ្គលដទៃដោយគ្មានការអនុញ្ញាតពីតុលាការនោះ ប៉ុន្តែការបញ្ចេញសំឡេងសម្ងាត់ឯកជនជាបន្តបន្ទាប់ដែលគេសង្ស័យថា ជារបស់ក្រុមមន្ត្រីបក្សប្រឆាំងមួយចំនួនសាសងជាមួយស្រីស្នេហ៍ ពុំមានតំណាងអយ្យការ និងស្ថាប័នរដ្ឋចេញមុខរកអ្នកទទួលខុសត្រូវ យកមកផ្ដន្ទាទោសឡើយ ព្រមទាំងទុកឲ្យទង្វើបែបនេះកើតឡើងធ្វើឲ្យមានក្ដីភ័យខ្លាចចំពោះសិទ្ធិឯកជន។
ជាមួយគ្នានេះ ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោកមេធាវី សុក សំអឿន បញ្ជាក់ថា ការគំរាមសម្លាប់តាមហ្វេសប៊ុក គឺជាបទល្មើសព្រហ្មទណ្ឌ ដែលអាជ្ញាធរត្រូវបានចាត់វិធានការស៊ើបអង្កេតរកជនសង្ស័យ ដោយពុំចាំបាច់មានពាក្យបណ្ដឹងពីជនរងគ្រោះឡើយ៖ «ព្រោះធម្មតា បទល្មើសហ្នឹងមិនចាំបាច់បណ្ដឹងទេ បើប៉ូលិសគេមានភស្តុតាងគ្រប់គ្រាន់ហើយ»។
លោកមេធាវីបន្តថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌគំរាមសម្លាប់អ្នកដទៃ នឹងត្រូវផ្ដន្ទាទោសពី ៦ខែទៅ ២ឆ្នាំ និងត្រូវពិន័យជាទឹកប្រាក់ពី ១លានរៀលទៅ ៤លានរៀល។ ស្របពេលគ្នានេះ ទាំងមន្ត្រីសិទ្ធិមនុស្ស និងអ្នកជំនាញច្បាប់ ជំរុញឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក គួរប្រកាន់ក្រមសីលធម៌ និងត្រូវចេះរិះគន់ក្នុងន័យស្ថាបនា តែមិនមែនរិះគន់ក្នុងន័យជេរប្រមាថឡើយ៕
No comments:
Post a Comment