ដោយ ខែ សុណង
2017-02-14
ផ្កាកូឡាបដែលត្រូវបានពលរដ្ឋដាក់លក់នៅតាមផ្លូវមួយ នារាជធានីភ្នំពេញ ក្នុងទិវានៃក្ដីស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ២០១៧។ Photo provided
Photo provided
ថ្ងៃទី១៤ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ភាគច្រើនជាយុវវ័យបាននាំគ្នាប្រារព្ធទិវានៃក្ដីស្រឡាញ់ ដោយទិញផ្កា ឬវត្ថុអនុស្សាវរីយ៍ជូនគ្នា ដើម្បីបញ្ជាក់ពីក្ដីស្រលាញ់ចំពោះគ្នា។ ទាក់ទងនឹងការប្រារព្ធទិវានេះ អ្នកស្រាវជ្រាវសុខភាពសាធារណៈបានស្នើឲ្យស្ថាប័នពាក់ព័ន្ធធ្វើការអប់រំដល់យុវវ័យពីអត្ថន័យទិវានៃក្ដីស្រលាញ់ឲ្យចំគោលដៅដែលជាកន្លែងយុវជនប្រមូលផ្ដុំគ្នា ជៀសវាងកុំឲ្យពួកគេឆ្លៀតឱកាសប្រព្រឹត្តខុសសីលធម៌។
អ្នកស្រាវជ្រាវសុខភាពសាធារណៈ នៅតែទាមទារឲ្យមានការអប់រំបន្ថែមដល់យុវវ័យពីអត្ថន័យទិវានៃក្ដីស្រលាញ់ ឬហៅជាភាសាអង់គ្លេសថា វែឡិនថាញស៍ ដេយ៍ (Valentine's Day)។
អ្នកស្រាវជ្រាវសុខភាពសាធារណៈ លោក តុង សុប្រាជ្ញ ដែលជាអ្នកស្រាវជ្រាវមួយរូបអំពីទំនាក់ទំនងផ្លូវភេទយុវវ័យក្នុងថ្ងៃទិវានៃក្ដីស្រលាញ់ ថ្លែងថា ដើម្បីបញ្ចៀសកុំឲ្យយុវជនផ្សារភ្ជាប់ទិវានេះទៅនឹងការបង្ខំនារីឲ្យរួមភេទនោះ ក្រសួងកិច្ចការនារី និងក្រសួងអប់រំ ត្រូវមុជជ្រៅដល់ទីតាំងសំខាន់ៗដែលយុវជនតែងប្រមូលផ្ដុំគ្នា ដូចជា នៅផ្សារទំនើបជប៉ុន អ៊ីអន (Aeon) មជ្ឈមណ្ឌលកោះពេជ្រ ផ្សារទំនើបសូរិយា និងក្បែរបរិវេណវិមានឯករាជ្យ ជាដើម ដើម្បីផ្ញើសារអប់រំ និងពន្យល់ដល់យុវវ័យឲ្យចំគោលដៅអំពីអត្ថន័យទិវានៃក្ដីស្រលាញ់ និងឥរិយាបថខុសសីលធម៌មួយចំនួន។
ទន្ទឹមនឹងគ្នានេះ លោកថា អាជ្ញាធរដែនដីគួរពិនិត្យមើលនូវសកម្មភាពលក់ដូរផ្កា និងវត្ថុអនុស្សាវរីយ៍ និងចាក់ធុងបាសបំពងសំឡេងយ៉ាងគគ្រឹកគគ្រេង ដែលជាមធ្យោបាយអូសទាញយុវជន៖ «ត្រូវទាមទារពន្យល់គាត់បន្ថែមការផ្សព្វផ្សាយផង នូវទស្សនៈជាក់លាក់របស់គេ ទី២ទៀតពន្យល់ផ្ទាល់មាត់ខ្លាំងជាងគេ គឺថា ទំនាក់ទំនងផ្លូវភេទនិយាយឲ្យច្បាស់ៗអ៊ីចឹង ឲ្យយល់ថាថ្ងៃនេះបង្ហាញនូវក្ដីស្រលាញ់ធម្មតា មិនអាចបង្ខំមិត្តនារី ឬស្ត្រីណាម្នាក់រួមភេទទេ។ ត្រូវពន្យល់សារឲ្យច្បាស់ ពន្យល់តាំងពីវប្បធម៌ និងផលប៉ះពាល់នៃការរួមភេទឲ្យចំគោលដៅប្រសើរជាងនិយាយច្បោលៗ»។
យុវជននាំគ្នាផ្ដល់ឈាមនៅក្នុងថ្ងៃនៃក្ដីស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ២០១៧ នាមជ្ឈមណ្ឌលជាតិផ្ដល់ឈាម រាជធានីភ្នំពេញ។ RFA/Ou Banung RFA/Ou Banung
ប៉ុន្តែនៅថ្ងៃទិវានៃក្ដីស្រលាញ់ ១៤ កុម្ភៈ នេះដែរ ក៏មានអ្នកស្ម័គ្រចិត្តដែលជាសិស្សនិស្សិត បុគ្គលិកក្រុមហ៊ុន និងអង្គការនានា ប្រមាណ ៥០០នាក់ នាំគ្នាយកឱកាសនេះទៅចូលរួមបរិច្ចាគឈាមនៅឯមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ជាប់របងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្សី ដើម្បីបង្ហាញពីការជួយគ្នា និងក្ដីស្រឡាញ់ចំពោះអ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យនានានោះ។
អ្នកស្ម័គ្រចិត្តបរិច្ចាគឈាមមួយរូប អ្នកស្រី ម៉ឹង វណ្ណរ៉ាស៊ី ថ្លែងថា នេះជាឱកាសដែលនាង និងស្វាមីរួមគ្នាបរិច្ចាគឈាមផ្ដល់នូវក្ដីស្រឡាញ់ទុកជាអនុស្សាវរីយ៍បន្ទាប់ពីពួកគេទើបរៀបការរួច៖ «ខ្ញុំមានសារតិចតួចផ្ញើទៅយុវជនមិនថាក្មេង ឬអ្នកណាក៏ដោយ សូមឲ្យយកថ្ងៃនៃក្ដីស្រលាញ់នេះ បង្ហាញក្ដីស្រលាញ់ចំពោះមនុស្សដែលខ្លួនស្រលាញ់ ដូចជាការបរិច្ចាគឈាម ឬការជួបជុំគ្រួសារប្រសើរជាងការដើរលេង ឬធ្វើអំពើដែលសង្គមមិនទទួលស្គាល់ ឬកិត្តិយសគ្រួសារអាប់ឱន»។
នេះជាយុទ្ធនាការលើកទី៤ ឈ្មោះថា "ផ្ដល់ឈាមផ្ដល់ក្ដីស្រឡាញ់ នៅទិវានៃក្ដីស្រឡាញ់" ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល ដើម្បីអប់រំផ្សព្វផ្សាយពីការបរិច្ចាគឈាមក្នុងស្រទាប់យុវវ័យ និងពិសេសក្នុងគោលបំណងទទួលយកអំណោយឈាមពីសាធារណជនស្ម័គ្រចិត្ត។
យុទ្ធនាការនេះកន្លងទៅក្នុងមួយលើកៗ ទទួលបានឈាមពីអ្នកស្ម័គ្រចិត្តប្រមាណជាង ២០០ ទៅ ៤០០ប្លោកឈាម។
បច្ចុប្បន្នចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមនៅមានកម្រិតទាបនៅឡើយ គឺប្រមាណជា ៣០ភាគរយនៃតម្រូវការរបស់អ្នកជំងឺ ដូច្នេះគ្រួសារនៃអ្នកជំងឺត្រូវទទួលបន្ទុកក្នុងការចូលរួមបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតអ្នកជំងឺ។ កាលឆ្នាំ២០១៦ ឈាមប្រមាណជាង ៦ម៉ឺន ៣ពាន់ប្លោក ត្រូវបានប្រើប្រាស់ដែលគិតជាមធ្យមប្រមាណជា ១៥០ប្លោកត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃ។
មជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានសិក្សាថា ការប្រើប្រាស់ឈាមអាចកើនឡើងជាង ២០% ទៀត បើធៀបនឹងកាលពីឆ្នាំ២០១៦៕
No comments:
Post a Comment