Thursday, 9 March 2017

អាមេរិក​មិនទទួល​យក​សំណើ​ចិន ដែល​ចង់​ដោះស្រាយ​វិបត្តិ​នៅ​ឧបទ្វីបកូរ៉េ


ដោយ ឈាង បុប្ផា ចុះផ្សាយ​នៅ​ថ្ងៃ 09/03/2017
អាមេរិក​មិនទទួល​យក​សំណើ​ចិន ដែល​ចង់​ដោះស្រាយ​វិបត្តិ​នៅ​ឧបទ្វីបកូរ៉េ:
rfi

អាមេរិក​មិនទទួល​យក​សំណើ​ចិន ដែល​ចង់​ដោះស្រាយ​វិបត្តិ​នៅ​ឧបទ្វីបកូរ៉េ
North Korean leader Kim Jong Un supervised a ballistic rocket launching drill of Hwasong artillery units of the Strategic Force of the KPA on the spot in this undated photo released by North Korea's Korean Central News Agency in Pyongyang March 7, ©KCNA
 


អាមេរិក នៅថ្ងៃ​ពុធ​ទី ៨​មីនា បាន​រុញច្រាន​ចោល​សំណើ​របស់​ទីក្រុង​ប៉េកាំង ដែល​បាន​ស្នើ​ឲ្យ​អាមេរិក និង​កូរ៉េខាងត្បូង​បញ្ឈប់​សមយុទ្ធ​យោធា ជាថ្នូរ​នឹង​ការផ្អាក​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​កូរ៉េខាងជើង។ អាមេរិក​បាន​បង្ហាញ​ជំហរ​យ៉ាងដូច្នេះ នៅ​ក្រោយ​កិច្ចប្រជុំ​បិទទ្វារ​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដែល​ផ្តោត​ទៅលើ​ការបាញ់​មីស៊ីល របស់​កូរ៉េខាងជើង កាលពី​ថ្ងៃ​ចន្ទ​ដើមសប្តាហ៍នេះ។

អាមេរិក​បដិសេធ​សំណើ​របស់​ចិន ប៉ុន្តែ នៅ​តែ​បើកទ្វារ​ឲ្យ​មាន​ការចរចា ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ តាម​អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​អាមេរិក លោក Mark Toner និង​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ លោកស្រី Nikki Haley អាមេរិក​មិនអាច​ទទួល​យក​សំណើ​របស់​ចិន ដោយសារ​ថា ឥរិយាបថ​របស់​កូរ៉េខាងជើង ជាពិសេស មេដឹកនាំ គីម ជុងអ៊ុន ​មិនមែន​ជាមនុស្ស​ដែល​មាន​ហេតុផល និងការគិត​ច្បាស់លាស់​នោះទេ។



សម្រាប់​អាមេរិក សមយុទ្ធ​អាមេរិក ជាមួយ និង​កូរ៉េខាងត្បូង ហើយ​និង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ជា​រឿង​ពីរ​ដាច់​ដោយឡែក​ពីគ្នា។ សមយុទ្ធ​របស់​អាមេរិក​ជាមួយ កូរ៉េខាងត្បូង តែងតែ​ធ្វើ​ឡើង ជា​រៀងរាល់​ឆ្នាំ ដូច្នេះ គេ​មិនអាច​ទាមទារ​ឲ្យ​អាមេរិក ត្រូវ​បញ្ឈប់​នៅពេលនេះ​បានទេ។

នៅ​ថ្ងៃ​ពុធ នៅ​ប៉ុន្មាន​ម៉ោង​មុន​កិច្ចប្រជុំ​ស្តី​ពី​កូរ៉េខាងជើង នៅ​ក្រុមប្រឹក្សា​សន្តិសុខ នៅទីក្រុង​ញូវយ៉ក រដ្ឋមន្រ្តី​ការបរទេស​ចិន លោក​វ៉ាង យី​បាន​លើក​សំណើ​មួយ ដែល​នៅក្នុង​នោះ កូរ៉េខាងជើង​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ ជាថ្នូរ​មកវិញ អាមេរិក​ក៏​ត្រូវ​បញ្ឈប់​សមយុទ្ធ​យោធា​ដែល​អាមេរិក​ចាប់​ធ្វើ​ជាមួយ​កូរ៉េខាងត្បូង តាំង​ពី​ទី​១​មីនា។

កូរ៉េខាងជើង​នៅខែ​មករា ឆ្នាំ ២០១៥ ធ្លាប់​បានស្នើ ម្តង​ថា ខ្លួនសុខចិត្ត​ផ្អាក​ការបាញ់​សាកល្បង​នុយក្លេអ៊ែរ បើសិន​អាមេរិក និង​កូរ៉េខាងត្បូង ឈប់​ធ្វើ​សមយុទ្ធ​យោធា។ ប៉ុន្តែ អាមេរិក​និង​កូរ៉េខាងត្បូង​បាន​បដិសេធ មិនទទួល​យក​សំណើ​របស់​កូរ៉េខាងជើង

ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង នៅ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​អង្គារ​បាន​ថ្កោលទោស​ការដាក់​ទណ្ឌកម្ម​របស់ក្រុមប្រឹក្សា សន្តិសុខ និង​ថា តាមពិតទៅ កូរ៉េខាងជើង បាន​បាញ់​មីស៊ីល នៅថ្ងៃ​ចន្ទ ក៏​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សមយុទ្ធ​អាមេរិក និង​កូរ៉េខាងត្បូង។ សម្រាប់ទីក្រុង​ព្យុងយ៉ាង គឺ​សមយុទ្ធ​យោធា​អាមេរិក និង​កូរ៉េខាងត្បូង ដែល​ជំរុញ​កូរ៉េខាងជើង ជំរុញ​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល ដើម្បី​ការពារ​ខ្លួន។

យកលេស​ការពារ​រៀងៗ​ខ្លួន
ដោយសារ​តែ​ខ្លាច​កូរ៉េខាងជើង មាន​អំណាច​នុយក្លេអ៊ែរ និង​ធ្វើ​សង្រ្គាម លេប​យក​កូរ៉េខាងត្បូង ដែល​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន ទើប​អាមេរិក​ពង្រឹង​ចំណង​យោធា​ជាមួយ កូរ៉េខាងត្បូង។ នៅក្រោយ​កូរ៉េខាងជើង​ចេះ​តែ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល បាលីស្ទីក អាមេរិក និង​កូរ៉េខាងត្បូង​បាន​បង្កើន​ចំនួន​យោធា​របស់ខ្លួន នៅក្នុង​សមយុទ្ធ ដែល​ចេះ​តែ​រីកមាឌ ពី​មួយឆ្នាំ ទៅ​មួយឆ្នាំ។ ដូចឆ្នាំ ២០១៦ សមយុទ្ធ​នៅ​ឆ្នាំ​នេះ មាន​ការចូលរួម​ពី​កងទ័ព​កូរ៉េខាងត្បូង ជិត​៣សែននាក់ ហើយ​និង​កងទ័ព​អាមេរិក ជិត ២ម៉ឺននាក់។ ចាប់តាំង​ពី​ដាក់​ទ័ព​របស់ខ្លួន ប្រចាំការ នៅ​កូរ៉េខាងត្បូង នៅក្រោយ ចប់​សង្រ្គាម​កូរ៉េ នៅ​ឆ្នាំ ១៩៥៣ អាមេរិក​តែងតែ​ធ្វើ​សមយុទ្ធ​ជារៀងរាល់​ឆ្នាំ ជាមួយ​កូរ៉េខាងត្បូង។ គោលដៅ គឺ​ដើម្បី​ការពារ​កូរ៉េខាងត្បូង នៅ​ថ្ងៃណាមួយ ដែល​មាន​ការវាយប្រហារ​ពី​កូរ៉េខាងជើង។

កូរ៉េខាងជើងវិញ ដោយ​យកហេតុផល​ថា ខ្លាចអាមេរិក និង​កូរ៉េខាងត្បូង​រួមដៃ គំរាម​សន្តិសុខ និង​ធ្វើសមយុទ្ធ​រួមគ្នា ដើម្បី​ត្រៀម​វាយលុក​លើ​ខ្លួន​នោះ រឹត​តែជំរុញ កម្មវិធី ស្រាវជ្រាវ និង​ផលិត​អាវុធ​នុយក្លេអ៊េរ និង​មីស៊ីលបាលីស្ទីក។

ក្នុង​ក្រសែភ្នែក​អាមេរិក ទោះជា​គ្មាន​សមយុទ្ធ​ប្រចាំ​ឆ្នាំ នៅ​កូរ៉េខាងត្បូង ក៏​កូរ៉េខាងជើង​នៅ​តែ​ឆ្លៀត ឱកាស​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ ដើម្បី អាច​ក្លាយ​ខ្លួន​ជាមហាអំណាច​នុយក្លេអ៊ែរ។

ចិន​កាន់​តែក្រហល់ក្រហាយ​ដោយសារ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង?
នៅក្នុង​សន្និសីទ​កាសែត ថ្ងៃ​ម្សិលមិញ លោក​វ៉ាង យី រដ្ឋមន្រ្តី​ការបរទេស​ចិន​បាន​និយាយ​ថា វិបត្តិ​នៅ​កូរ៉េ​ពេលនេះ កំពុង​បោះជំហាន​លឿន​ស្លេវ ទៅមុខ ដោយ​ភាគីជម្លោះ ម្ខាងៗ គ្មាន​ចេតនា​ចង់​ជៀសគ្នា នោះទេ។ សម្រាប់​អ្នកជំនាញ វិបត្តិ​នៅ​កូរ៉េ​នៅពេលនេះ កក្រើក​រញ្ជួយ និង​បោះជំហាន​លឿន​ទៅមុខ ដោយសារ​ហេតុផល​សំខាន់​មួយចំនួន។

ទីមួយ អាមេរិក ក្រោមអាណត្តិ​របស់លោកដូណាល់ ត្រាំ (ប្រធានាធិបតី​ដ៏ឆេវឆាវ) រឹត​តែ​បង្កើន និង​ជំរុញ​សហប្រតិបត្តិការ​យោធា កាន់តែ​ខ្លាំង ជាមួយ​កូរ៉េខាងត្បូង និង​ជប៉ុន ដែល​រដ្ឋាភិបាល​អាមេរិក នៅ​ថ្ងៃ​អង្គារ​បាន​សន្យា​ចេញមុខ​ការពារ នៅក្រោយ​កូរ៉េខាងជើង​បាញ់​មីស៊ីល។ នៅក្នុង​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA មីស៊ីល​ចម្ងាយ​មធ្យម​ដែល​ខ្លួន​បាញ់ និង​ធ្លាក់​នៅ​សមុទ្រ​ជប៉ុន នៅ​ថ្ងៃ​ចន្ទ ធ្វើឡើង​នៅក្នុង​ក្របខ័ណ្ឌ​បាញ់​សាកល្បង សម្រាប់​ត្រៀម​វាយប្រហារ​លើ​គោលដៅ មូលដ្ឋាន​ទ័ព​អាមេរិក នៅក្នុង​ទឹកដី​ជប៉ុន។

ទី២ គឺ​វិបត្តិ រកាំរកូស​រវាង​ចិន និង​កូរ៉េខាងជើង នៅក្រោយ​ឃាតកម្ម​លើ​គីម ជុងអ៊ុន បងប្រុស ម្តាយទីទៃ​របស់​មេដឹកនាំ​គីម ជុងអ៊ុន។ ចិន​មិន​សប្បាយចិត្ត ដែល​គីម ជុងណាម ដែល​ស្ថិតនៅ​ក្រោម​ការការពារ​របស់ខ្លួន បែរ​ត្រូវ​គេ​លួចសម្លាប់ ហើយ​ដែល​កូរ៉េខាងជើង ត្រូវ​គេ​ចង្អុល​មុខ​ចោទប្រកាន់​ថា ជាអ្នកនៅពីក្រោយ​ឃាតកម្ម​លើ​គីម ជុងណាម។

ទី៣​ទៀត ចិន​ចាប់ផ្តើម​ឈឺឆ្អាល​កាន់តែខ្លាំង និង​សុខចិត្ត​ចេញមុខ​ថ្កោលទោស កូរ៉េខាងជើង ដែល​ខ្លួន​ធ្លាប់តែ​កាពារ ក៏​ដើម្បី ចង់​សុំ​ឲ្យ​អាមេរិក ឈប់​មាន​គំនិត​តាំង​ទីប្រព័ន្ធ​ខែលមីស៊ីល នៅកូរ៉េខាងត្បូង។ គេ​វាយតម្លៃ​ថា រដ្ឋមន្រ្តីការបរទេស​ចិន ចេញមុខ​ស្នើ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ កូរ៉េខាងជើង​នៅ​ថ្ងៃ​ម្សិលមិញ គឺ​នៅក្រោយ​កាសែត​ចុះផ្សាយថា សម្ភារៈ​មួយចំនួន សម្រាប់​ការដំឡើង​ប្រព័ន្ធ​ខែល​មីស៊ីលTHAAD ត្រូវ​បានអាមេរិក​បញ្ជូន​ទៅដល់​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍នេះ។ អាមេរិក និង​កូរ៉េខាងត្បូង​ព្រមព្រៀង​នឹង​ដំឡើង​ប្រព័ន្ធ​ខែល​មីស៊ីល ឲ្យ​ចប់​សព្វគ្រប់​នៅ​ចុងឆ្នាំនេះ។ អាមេរិក​បាន​អះអាងថា ប្រព័ន្ធ ខែល​មីស៊ីល THAAD នឹង​ប្រើ​សម្រាប់​ការពារ ​ទប់ស្កាត់​បាញ់​បំផ្លាញ​មីស៊ីល​កូរ៉េខាងជើង ដែល​បាញ់​សំដៅ កូរ៉េខាងត្បូង និង​ជប៉ុន។ ប៉ុន្តែ ទីក្រុង​ប៉េកាំង​វិញ ប្រឆាំង​នឹង​ការតាំងទី​ប្រព័ន្ធ​ខែលមីស៊ីល​អាមេរិក នៅ​កូរ៉េខាងត្បូង ដែល​ចិន​ចាត់ទុក​លេស​របស់​អាមេរិក​សម្រាប់​ប្រើ​តាមដាន យកការណ៍​សម្ងាត់​ពី​សកម្មភាព​យោធា របស់​ចិន៕

No comments: