Thursday, 9 March 2017
កូរ៉េខាងជើង ជាមមាចប្រឡែងភ្លើង ឬក៏ជាអ្នកបង្កាត់ភ្លើង?
ដោយ ម៉ម ពិសី ចុះផ្សាយនៅថ្ងៃ 08/03/2017
កូរ៉េខាងជើង ជាមមាចប្រឡែងភ្លើង ឬក៏ជាអ្នកបង្កាត់ភ្លើង?
គីម ជុងអ៊ុន និងភរិយា អមជុំវិញដោយកងទាហានកុមារកូរ៉េខាងជើង Reuters
ថតកម្មវិធីនេះទុក
វិបត្តិស្ថិរភាពក្នុងតំបន់ឧបទ្វីបកូរ៉េ កំពុងឡើងកំដៅកាន់តែខ្លាំង នៅក្រោយពេលកូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទីក ចំនួន៤គ្រាប់ កាលពីថ្ងៃចន្ទ ដែលបានធ្លាក់ទៅក្នុងសមុទ្រជប៉ុន។ សហរដ្ឋអាមេរិក បានចាប់ផ្តើមដាក់តាំងប្រព័ន្ធខែលគ្រាប់មីស៊ីល នៅលើទឹកដីកូរ៉េខាងត្បូង។ ចំណែកចិនវិញ ដែលប្រឆាំងដាច់ខាតនឹងការដាក់តាំងប្រព័ន្ធចាប់គ្រាប់មីស៊ីលនេះ បានចេញមុខប្រឆាំង នឹងអន្តរាគម របស់អាមេរិក។ ជាច្រើនឆ្នាំមកហើយ ដែលរបបផ្តាច់ការកូរ៉េខាងជើង បានលលេង បង្កចលាចលក្នុងតំបន់នេះ តាមរយៈកាំជ្រួចមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ តើកូរ៉េខាងជើង កំពុងតែប្រលែងនឹងភ្លើង រឺក៏ជាអ្នកបង្កាត់ភ្លើងជម្លោះ រវាងចិន និងអាមេរិក ដែលមកការពារជប៉ុន និងកូរ៉េខាងត្បូង?
មមាច ប្រឡែងភ្លើង
មីស៊ីលបាលីស្ទីក៤គ្រាប់ របស់កូរ៉េខាងជើង បានធ្លាក់ទៅក្នុងសមុទ្រជប៉ុន កាលពីថ្ងៃចន្ទទី៦មីនា។ គ្រាន់តែឆ្នាំ២០១៦ របបកុម្មុយនីស្តិផ្តាច់ការនេះ បានសាកល្បងមីស៊ីលបាលីស្ទីកដល់ទៅ២០ដង។ នេះ នៅមិនទាន់រាប់ នូវការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ផងទេ។
កូរ៉េខាងជើង បានបាញ់គ្រាប់មីស៊ីលបាលីស្ទីក៤គ្រាប់ចុងក្រោយនេះ ជួនចំពេលដែលខ្លួន កំពុងតែឈ្លោះប្រកែកគ្នា យ៉ាងពេញទំហឹង ជាមួយនឹងម៉ាឡេស៊ី ជុំវិញសំណុំរឿងឃាតកម្ម លើលោក គីម ជុងណាំ។ បន្ទាប់ពីម៉ាឡេស៊ី បានបណ្តេញឯកអគ្គរដ្ឋទូតកូរ៉េខាងជើងចេញពីកូឡាឡំពួរ រដ្ឋាភិបាលព្យុងយ៉ាង មានសម្រេចរាំងខ្ទប់ មិនឲ្យជនជាតិម៉ាឡេស៊ី ចេញពីទឹកដីកូរ៉េខាងជើងទេ។ បើតាមច្បាប់នេះ នេះគឺគេហៅថា ជាការចាប់បង្ឃាំងមនុស្ស ធ្វើជាចំណាប់ខ្មាំង។ ទង្វើរនេះ មិនមែនជាលើកទីមួយទេ ដែលកូរ៉េខាងជើងធ្វើ នៅពេលណាឈ្លោះជាមួយគេឯងម្តងៗ។
ភាពក្អេងក្អាង មិនគោរពច្បាប់អន្តរជាតិរបស់កូរ៉េខាងជើង ដឹកនាំដោយត្រកូលគីម គ្រប់ជំនាន់ ហាក់កាន់តែជ្រុលហួសហេតុទៅ ជាមួយនឹងការដឹកនាំរបស់គីម ជុងអ៊ុន។ ទណ្ឌកម្មសេដ្ឋកិច្ច របស់អង្គការសហប្រជាជាតិ ម្តងហើយម្តងទៀត តែនៅតែមិនអាចធ្វើឲ្យកូរ៉េខាងជើងភ័យខ្លាច។ កូរ៉េខាងជើង បានសម្រេចធ្វើព្យុះធ្វើភ្លៀងតែម្នាក់ឯង ម្តងចង់ចូលតុចរចា ម្តងដកខ្លួនចេញ តាមតែចិត្តចង់បាន។
គ្មាននរណាហ៊ានសន្និដ្ឋាន ឲ្យបានច្បាស់ទេថា សមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង មានខ្លាំងកំរិតណានោះ។ តើកូរ៉េខាងជើងពិតជាខ្លាកំណាច រឺគ្រាន់តែជាសត្វមមាច ដែលចង់ប្រលែងលេងនឹងភ្លើង ដោយមិនខ្លាចស្លាប់ខ្លួន? យ៉ាងណាក៏ដោយ អាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលបាលីស្ទីក គឺជាអាវុធដ៏មានប្រសិទ្ធិភាព ដែលរបបផ្តាច់ការព្យុងយ៉ាង បានប្រើមកលើប្រទេសមហាអំណាច។
ចិន មហាមិត្តធំ ដោះដៃចោល
កន្លងមកកូរ៉េខាងជើង មានបង្អែកដ៏រឹងមាំ គឺចិន។ ចិន តែងតែចេញមុខការពារ រឺក៏សម្របសម្រួល ដើម្បីកុំឲ្យគេធ្វើបាបកូរ៉េខាងជើង ជានិច្ច។ អាជ្ញាធរចិនបានបិទភ្នែក បណ្តោយឲ្យមានការឃុបឃិត ជាមួយមន្ត្រីកូរ៉េខាងជើង បង្កើតជាក្រុមហ៊ុនខ្មោចជាច្រើន ដើម្បីបង្វិលប្រាក់ចូលទៅកូរ៉េខាងជើង។ ធ្វើបែបនេះ គឺដើម្បីគេចផុត ពីវិធានការទណ្ឌកម្មសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ។
ក៏ប៉ុន្តែ មួយរយៈចុងក្រោយនេះ ចិនបានសម្រេចចិត្ត ដកកាយ ឆ្ងាយពីកូរ៉េខាងជើង បន្ទាប់ពីសម្លឹងឃើញគ្រោះថ្នាក់ ដោយសារតែមហិច្ឆិតានុយក្លេអ៊ែររបស់កូនចៅខ្លួន។ ចិនមិនចង់ឃើញអ្នកផ្សេងក្រៅពីខ្លួន មានកម្លាំងសព្វាវុធនុយក្លេអ៊ែរខ្លាំងជាងខ្លួនទេ។ ហើយម្យ៉ាងទៀត អាវុធគ្មានភ្នែកនោះទេ។ បើកូរ៉េខាងជើងអាចបាញ់ទៅជប៉ុន រឺកូរ៉េខាងត្បូង ក៏មានន័យថា កូរ៉េខាងជើង អាចបង្វែរកាណុង មកខាងចិនដែរ។
ចិនបានប្តូរចិត្ត មកចូលរួមជាមួយគេជាមួយឯង ក្នុងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ដើម្បីយកចិត្តរដ្ឋាភិបាលអាមេរិកថ្មី របស់លោកដូណាល់ ត្រាំ ជាថ្នូរ និងផលប្រយោជន៍ផ្សេងទៀត ចិនបានសម្រេចចិត្តឈប់ទទួលទិញធ្យូងថ្មរបស់កូរ៉េខាងជើង។ ធ្បូងថ្ម គឺជាប្រភពចំណូលដ៏សំខាន់របស់របបផ្តាច់ការត្រកូលគីម។ ម្យ៉ាងទៀត ចិនក៏ត្រូវការខិតទៅចាប់ដៃគូពាណិជ្ជកម្ម ជាមួយនឹងកូរ៉េខាងត្បូងដែរ។ ផលប្រយោជន៍សេដ្ឋកិច្ចរវាងចិន និងកូរ៉េខាងត្បូង វាសំខាន់ជាង សម្រាប់ចិន។
គីម ជុងអ៊ុន សង្ស័យចិនរៀបគំរោង រំលំរបបខ្លួន?
ការផ្លាស់ប្តូរគោលជំហររបស់ចិន លែងការពាររបបផ្តាច់ការកូរ៉េខាងជើង បានធ្វើឲ្យគីម ជុងអ៊ុន ក្រពុលមុខខឹងយ៉ាងខ្លាំង។ សូមចងចាំថា ជាទូទៅរបបកុម្មុយនីស្តិផ្តាច់ការណាក៏ដោយ ជារបបដែលខ្លាចស្រមោលខ្លួនឯង ភ័យក្រែងមានខ្មាំងពីគ្រប់ទិសដំបន់។ គីម ជុងអ៊ុន មិនមែនត្រឹមតែខឹងចិនទេ តែតាមការស្មាន គីម ជុនអ៊ុន បានសង្ស័យថាចិន អាចកំពុងរៀបចំផែនការអ្វីម្យ៉ាង ដើម្បីផ្តួលសំលេសខ្លួន ហើយរៀបចំរបបថ្មី ជាមួយមេដឹកនាំថ្មី។
យ៉ាងណាមិញ ឃាតកម្មលើរូបលោក គីម ជុងណាំ បងប្រុសឪពុកតែមួយ ម្តាយទីទៃរបស់គីម ជុងអ៊ុន មិនមែនជារឿងចៃដន្យទេ។ អស់រយៈពេល ជាច្រើនឆ្នាំមកហើយ ដែលគីម ជុងណាំ បានសំងំរស់នៅក្នុងក្រុងម៉ាកាវ ទឹកដីចិន ដោយស្ងប់ស្ងាត់ ដោយមានការជួយការពារ ពីអាជ្ញាធរចិន។ តាមការស្មាន គីម ជុនអ៊ុន ប្រហែលជាខ្លាចចិន រៀបចំកលល្បិច ដើម្បីឲ្យបងប្រុសខ្លួន មកជំនួសតំណែងខ្លួន នៅថ្ងៃខាងមុខ។
បង្កាត់ភ្លើង រវាងចិន និងអាមេរិក
គ្រាប់មីស៊ីលទាំង៤គ្រាប់ ដែលធ្លាក់ក្នុងសមុទ្រជប៉ុន កាលពីថ្ងៃចន្ទ អាចជាយុទ្ធសាស្ត្រឆ្លើយតបរបស់គីម ជុងអ៊ុន។ បំណងរបស់គីម ជុនអ៊ុន គឺបញ្ឆេះជម្លោះ រវាងចិន និង អាមេរិក។ កូរ៉េខាងជើង ដឹងយ៉ាងច្បាស់ថា ប្រព័ន្ធការពារគ្រាប់មីស៊ីល ដែលអាមេរិក ចង់ដាក់នៅលើដីកូរ៉េខាងត្បូង ត្រូវបានចិនប្រឆាំងយ៉ាងដាច់អហង្ការ។ កន្លងមក ដោយសារតែប្រការនេះ ទើបគម្រោងការដាក់តាំងប្រព័ន្ធសព្វាវុធការពារខ្លួនដ៏ទំនើបនេះ ត្រូវបានពន្យារហូត។ តែកូរ៉េខាងជើង បានឆ្លៀតឱកាស ដែលអាមេរិកមានអ្នកដឹកនាំថ្មី ជាមនុស្សចិត្តក្តៅ ឈ្មោះ ដូណាល់ ត្រាំ។ ដោយគ្រាន់តែប្រកាសនៅថ្ងៃទី ៦មីនា ថា កូរ៉េខាងជើងបានបាញ់បួនគ្រាប់សាក ដើម្បីត្រៀមកំទេចមូលដ្ឋានទ័ពអាមេរិកនៅជប៉ុន ក៏ស្រាប់តែនៅថ្ងៃអង្គារ ទី៧មីនា លោកដូណាល់ ត្រាំ សម្រេចដាក់តាំងជាផ្លូវការនូវប្រព័ន្ធកាពារគ្រាប់មីស៊ីលភ្លៀម។
ដូចអ្វីដែលកូរ៉េខាងជើងរំពឹងទុក ចិនបានចេញមុខភ្លាម មកតទល់នឹងសហរដ្ឋអាមេរិក ដែលហ៊ានដាក់តាំងប្រព័ន្ធសព្វាវុធនេះ នៅកូរ៉េខាងត្បូង។ សម្រាប់ចិន ទង្វើរនេះ គឺជាការគំរាមដល់សន្តិសុខជាតិ របស់ចិន។ ចិនមិនអាចទទួលយកបានទេ ដែលអាមេរិក មានមូលដ្ឋានបំផ្លាញគ្រាប់មីស៊ីល នៅមាត់ទ្វារផ្ទះរបស់ខ្លួន។ ចិនចេញមុខរារាំង មិនមែនចង់ ការពារកូរ៉េខាងជើងទេ តែចង់ការពារខ្លួនឯង។
ពន្យុះឲ្យចិន ស្អប់កូរ៉េខាងត្បូង
គីម ជុងអ៊ុន មិនមែនមានចេតនាបញ្ឆេះភ្លើងជំលោះ តែរវាងចិននិងអាមេរិកទេ តែកូរ៉េខាងជើង ចង់ឲ្យចិនឈ្លោះគ្នាជាមួយកូរ៉េខាងត្បូង។ ជាការពិត កំហឹងមហាជន បានផ្ទុះឡើងនៅក្នុងប្រទេសចិន ទល់នឹងក្រុមហ៊ុនក៏ដូចជាអ្នករកស៊ីជនជាតិកូរ៉េខាងត្បូង នៅក្រោយពេលសហរដ្ឋអាមេរិក ដាក់តាំងប្រព័ន្ធកម្ទេចគ្រាប់មីស៊ីល។ គ្រាន់តែក្នុងថ្ងៃ៧ មីនាមួយថ្ងៃ ផ្សារលក់ផលិតផលកូរ៉េខាងត្បូងឈ្មោះ Lotte នៅក្នុងប្រទេសចិន ចន្លោះពី ៤០ ទៅ៩០ ទីតាំង ត្រូវបាន អាជ្ញាធរចិន បញ្ជាឲ្យបិទទ្វារ ដោយខ្លាចត្រូវគេលួចដុត។
អាជ្ញាធរចិន ថែមទាំងបានអំពាវនាវ ឲ្យប្រជាជនខ្លួន ឈប់ទិញទំនិញរបស់កូរ៉េខាងត្បូងទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ចិន ក៏បានលប់ចោលការធ្វើដំណើរ របស់តារាល្បីៗកូរ៉េខាងត្បូងជាច្រើននាក់ មិនឲ្យមកស្រុកចិន។ ចិន ក៏បានបញ្ជាទៅកាន់ក្រុមហ៊ុនទេសចរណ៍ ឲ្យកាត់បន្ថយកម្មវិធី នាំភ្ញៀវទៅដើរកម្សាន្ត នៅកូរ៉េខាងត្បូង។
ជារួម ភាពក្អេងក្អាងមិនខ្លាចនរណារបស់របបផ្តាច់ការគីម ជុងអ៊ុន មិនត្រឹមតែបានទាក់ទាញគ្រោះថ្នាក់មកឲ្យខ្លួនឯងទេ តែជាពិសេសគឺរបបនេះ ចេះរកវិធី បង្វែរគ្រោះថ្នាក់ទៅកាន់អ្នកដ៏ទៃដែរ តាមរយៈការបញ្ឆេះជម្លោះ ឲ្យគេឈ្លោះគ្នាដោយសារខ្លួន។ ដរាបណា គ្រប់គ្នាមិនហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួនចោលខ្លះ ដើម្បីចាប់ដៃគ្នាសង្កត់របបកូរ៉េខាងជើង នោះរបបផ្តាច់ការកំរោលចូលនេះ នៅតែជាដំបៅមហារីកសម្រាប់តំបន់នេះជានិច្ច។ សម្រាប់ពេលនេះ អ្នកដែលទទួលរងទុក្ខវេទនាបំផុត គឺប្រជាជនកូរ៉េខាងជើង ដែលរស់ក្នុងរនាំងដែក ក្នុងភាពក្រីក្រ និងការភ័យខ្លាច ដោយសារភាពឆ្កូតលីលា របស់មេដឹកនាំខ្លួន៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment