Tuesday, 28 March 2017
"បញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅតែជាបញ្ហាប្រឈមដរាបណាលោក ហ៊ុន សែន នៅកាន់អំណាច"
ដោយ តាំង សារ៉ាដា
2017-03-28
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំអាស៊ី ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ស្ដីពីកម្ពុជា បញ្ជូនជនជាតិម៉ុងតាញ៉ា ទៅឲ្យប្រទេសវៀតណាម។ រូបថតខែមីនា ឆ្នាំ២០១៥
Photo: RFA
អ្នកតាមដានអំពីស្ថានការណ៍នយោបាយ និងសិទ្ធិមនុស្សអះអាងថា កម្ពុជានឹងមិនអាចងើបមុខរួចខាងការគោរពសិទ្ធិមនុស្សលើឆាកអន្តរជាតិបានទេ ដរាបណាកម្ពុជា ស្ថិតក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃច័ន្ទ ទី២៧ ខែមីនា អះអាងថា លោក ហ៊ុន សែន គួរតែទទួលបានពានរង្វាន់ផ្នែកសិទ្ធិមនុស្ស។
មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់ទុកគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញ ថាជាគណៈកម្មាធិការកំប្លុកកំប្លែងដើម្បីទប់ទល់នឹងការរិះគន់របស់មជ្ឈដ្ឋានខាងក្រៅ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីសេរី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទពីប្រទេសថៃ កាលពីថ្ងៃទី២៧ ខែមីនា ថា គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា ជាគណៈកម្មការមួយដែលមិនមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ជាស្ថាប័នមិនមានឯករាជ្យភាពមិនមានវិជ្ជាជីវៈ និងមិនមានស្តង់ដារខ្ពស់ផ្នែកសិទ្ធិមនុស្សនោះឡើយ។
លោក ហ្វីល រ៉ូប៊ឺតសុន៖ «គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា គ្មានឯករាជ្យទាល់តែសោះ ហើយស្ថាប័ននេះស្ថិតក្រោមការបញ្ជារបស់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គ្មានអ្នកណាខ្វល់ និងគ្មានការទទួលស្គាល់ពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ឬពីការិយាល័យនៃឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សឡើយ។ ស្ថាប័ននេះគ្មានបានការអ្វីទាំងអស់សូម្បីតែប្រជាពលរដ្ឋក៏មិនពឹងពាក់ដើម្បីជួយដោះស្រាយវិបត្តិឲ្យពួកគេបានដែរ។ ខ្ញុំយល់ថា វាមិនមែនជាអង្គការដែលមានអំណាចនោះទេ តែវាគ្រាន់តែជាស្ថាប័នមួយដែលបង្កើតឡើងសម្រាប់ដើរចូលរួមប្រជុំពីនេះពីនោះប៉ុណ្ណោះ»។
ការអះអាងរបស់លោក ហ្វីល រ៉ូប៊ឺតសុន គឺជាការឆ្លើយតបទៅនឹងការអះអាងរបស់លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា ដែលនិយាយកាលពីថ្ងៃច័ន្ទ ទី២៧ ខែមីនា ថា លោក ហ៊ុន សែន មានស្នាដៃការពារ និងលើកកម្ពស់សិទ្ធិមនុស្សធំធេងប៉ុនមហាមេឃ តែគ្មាននរណាមើលឃើញ និងផ្ដល់ពានរង្វាន់ឡើយ ហើយបែរជានាំគ្នារិះគន់ទៅវិញ។
លោកបន្តថា លោក ហ៊ុន សែន គួរតែទទួលបានពានរង្វាន់សន្តិភាពពិភពលោក៖ «ពានរង្វាន់សន្តិភាពជូនគាត់ ឬពានរង្វាន់ផ្នែកសិទ្ធិមនុស្សជូនគាត់។ ប៉ុន្តែផ្ទុយទៅវិញ អាចំណុចពីរសំខាន់នេះត្រូវបានគេបំភ្លេច បង្អាប់ បង្កាច់ បន្ទោស ធ្វើឲ្យមនុស្សដែលមានគុណសម្បត្តិស្មើមហាមេឃនៅទទួល។ ខ្ញុំមិនដឹងថា តើនិយាយរបៀបម៉េច»។
ការអះអាងរបស់លោក កែវ រ៉េមី ហាក់ផ្ទុយនៅនឹងការវាយតម្លៃរបស់អង្គការអន្តរជាតិដែលឃ្លាំមើលអំពីសន្តិភាព សេរីភាព សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។
តំណាងការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan Hea Lee) ក៏ធ្លាប់មានប្រសាសន៍ថា ជំងឺដែលកម្ពុជា កំពុងមានគឺភាពអមនុស្សធម៌ អសមធម៌ក្នុងសង្គម ការបាត់បង់ទំនុកចិត្តទៅលើប្រព័ន្ធតុលាការ ភាពទន់ខ្សោយនៃវប្បធម៌រិះគន់ដើម្បីស្ថាបនា និងអំពើនិទណ្ឌភាពជាដើម។
រហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញការនាំខ្លួនជនដៃដល់ ឬអ្នកបញ្ជាពីក្រោយឃាតកម្មខ្នាតធំៗជាច្រើនយកមកផ្ដន្ទាទោសនៅឡើយទេ ដូចជាករណីឃាតកម្មលើអ្នកវិភាគឯករាជ្យ លោកបណ្ឌិត កែម ឡី ករណីឃាតកម្មលើអ្នកឃ្លាំមើលបរិស្ថាន លោក ឈុត វុទ្ធី ប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា លោក ហ៊ី វុទ្ធី លោក រស់ សុវណ្ណារ៉េត និងករណីតារាភាពយន្តអ្នកស្រី ពិសិដ្ឋ ពិលីកា ជាដើម។
យ៉ាងហោចណាស់មានអ្នកនយោបាយចំនួនជិត ៣០នាក់ កំពុងស្ថិតក្នុងការឃុំឃាំងរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញ ក្រោមហេតុផលនៃការបញ្ចេញមតិ។ អ្នកទាំងនោះរួមមានតំណាងរាស្ត្រគណបក្សប្រឆាំង សកម្មជនគណបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលជាច្រើនរូបទៀត។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលធ្លាប់បដិសេធថា កម្ពុជាគ្មានអ្នកទោសនយោបាយនោះឡើយ ប៉ុន្តែមានតែអ្នកនយោបាយជាប់ទោសដោយសារបានប្រព្រឹត្តបទល្មើសប៉ុណ្ណោះ។
ចាប់តាំងពីឆ្នាំ២០១០ រហូតមកទល់ឆ្នាំ២០១៧ នេះ អង្គការឃ្លាំមើលសេរីភាពក្នុងពិភពលោក (Freedom House) ដែលមានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតុន (Washington) សហរដ្ឋអាមេរិក បានបន្តអោយពិន្ទុកម្ពុជា ស្ថិតនៅលេខរៀងបាតតារាងរហូតហើយផ្ដល់ចំណាត់ថ្នាក់ដល់កម្ពុជា ជាប្រទេសដែលគ្មានសេរីភាព ដោយសារមានការគាប រឹតត្បិតលំហសេរីភាពរបស់សង្គមស៊ីវិល និងការយាយីលើគណបក្សប្រឆាំង។
ទោះជាយ៉ាងណាក៏ដោយ សេរីភាពរបស់ពលរដ្ឋខ្មែរហាក់ស្ថិតក្នុងកណ្ដាប់ដៃមនុស្សម្នាក់ ដែលតែងអះអាងថា ខ្លួនគឺជាអ្នកសម្រេចជោគវាសនាប្រទេសជាតិ ថាតើប្រទេសអាចមានស្ថិរភាព ឬអាចមានសង្គ្រាមទៅបាននោះ។
កាលពីចុងខែកុម្ភៈ លោក ហ៊ុន សែន គំរាមរួចជាស្រេចទៅហើយ ក្នុងការប្រើកម្លាំងប្រដាប់អាវុធទៅលើក្រុមណាដែលហ៊ានចេញមុខប្ដូររបបដឹកនាំរបស់លោក៖ «ដោយតម្លៃណាក៏ដោយ អ្នកត្រូវយល់ឲ្យបានថា សន្តិភាពពិបាកណាស់។ ទម្រាំរកបានប្រើមនុស្សរាប់ជំនាន់ ហើយអស់ជីវិតមនុស្សច្រើនណាស់។ ជំនាន់អាមេរិកាំង អស់មនុស្សជាងកន្លះលាននាក់ ជំនាន់ ប៉ុល ពត អស់មនុស្ស បីលាននាក់។ ចង់សម្លាប់ ហ៊ុន សែន មួយ ចង់ផ្ដួល ហ៊ុន សែន មួយ តើនឹងមានស្អីនៅពេលខាងមុខ? នេះជាចំណុចដាក់ជាសំណួរតើខ្លួននឹងនៅមានស្ថិរភាពអង្គុយរបៀបហ្នឹងទេ?»។
ការគំរាមរបស់លោក ហ៊ុន សែន ភាគច្រើនគេឃើញធ្វើឡើងនៅមុនការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិម្តងៗ។ បញ្ហាទាំងនេះហើយដែលនាំឲ្យសមាជិកសភាអាស៊ានមួយក្រុមកាលពីថ្ងៃទី២០ ខែមីនា បានចាត់ទុកដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ថា ស្ថិតនៅច្រកទ្វារមរណៈ។
ក្រុមនេះបានចេញរបាយការណ៍របស់ខ្លួនមួយចងក្រង និងវិភាគលើការវាយប្រហារសមាជិកសភា ការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ ការរំលោភអភ័យឯកសិទ្ធិសភា ការបំពានលើរូបរាងកាយ និងការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលអាចរំលាយគណបក្សប្រឆាំងនៅកម្ពុជា។
លោក ហ្វីល រ៉ូប៊ឺតសុន លើកឡើងបន្តទៀតថា ប្រសិនបើការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិខាងមុខ ធ្វើឡើងដោយទាត់ចោលគណបក្សសង្គ្រោះជាតិ មែន នោះកម្ពុជា នឹងជួបមហាវិបត្តិដ៏ធំតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការថ្កោលទោសជាខ្លាំងពីសហគមន៍អន្តរជាតិ ហើយសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបអាចដើរចេញពីកម្ពុជា តាមរយៈការផ្ដាច់ជំនួយហិរញ្ញវត្ថុ និងជំនួយអភិវឌ្ឍន៍ផ្សេងៗដល់កម្ពុជា។ លោកបន្តថា ពេលនោះកម្ពុជា នឹងជួបនូវភាពវឹកវរចលាចលពេញផ្ទៃប្រទេស ហើយនាំឲ្យប្រទេសក្រីក្រមួយនេះជួបគ្រោះមហន្តរាយផ្នែកនយោបាយ និងសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment