Monday, 27 March 2017
នៅពេល សារ៉ុង ម្សៅស៊ុប លែងមានន័យ តើគួរយកអ្វីទាក់ចិត្តម្ចាស់ឆ្នោត?
ដោយ អ៊ឹម រចនា ចុះផ្សាយនៅថ្ងៃ 27/03/2017
rfi
ខណៈការបោះឆ្នោតកាត់តែខិតជិតចូលមកដល់ ការឃោសនាទាក់ទាញចិត្តម្ចាស់ឆ្នោតរបស់គណបក្សនយោបាយក៏ចាប់ផ្ដើមចេញដំណើរ។ ប៉ុន្តែខុសពីការបោះឆ្នោតមុនៗ អ្នកតាមដានស្ថានការណ៍នយោបាយមើលឃើញថា ការឃោសនាប្រជាភិថុតិ ជូនអំណោយនានា លែងមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់ម្ចាស់ឆ្នោតទៀតហើយ។ មានតែគោលនយោបាយដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋទេ ទើបអាចយកឈ្នះចិត្តម្ចាស់ឆ្នោតបាន។
បើទោះបីជាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់មិនទាន់ចូលមកដល់ក៏ដោយ ក៏គេសង្កេតឃើញថា គណបក្សកាន់អំណាចនិងគណបក្សប្រឆាំងបានដាក់ចេញនូវគោលនយោបាយមួយចំនួនរបស់ខ្លួន ដើម្បីទាក់ចិត្តប្រជាពលរដ្ឋជាបណ្ដើរៗហើយ។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ដាក់ចេញនូវគោលនយោបាយចំនួន១៣ចំណុច ខណៈគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិមាន៥ចំណុច។
នៅក្នុងចំណោមគោលនយោបាយទាំងនេះ គណបក្សទាំងពីរបានផ្ដល់ភាពសំខាន់ទៅលើបញ្ហាហិរញ្ញវត្ថុសម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិ។ គណបក្សកាន់អំណាចសន្យាថានឹងផ្ដល់ធនធានហិរញ្ញវត្ថុឲ្យឃុំសង្កាត់មិនតិចជាង២,៨ភាគរយ នៃចំណូលចរន្តថវិកាជាតិប្រចាំឆ្នាំ ខណៈគណបក្សសង្គ្រោះជាតិ លើកឡើងពីការផ្ដល់ថវិកាយ៉ាងតិចកន្លះលានដុល្លារក្នុងមួយឆ្នាំ សម្រាប់ឃុំសង្កាត់នីមួយៗ ស្មើនឹងប្រមាណ២០ភាគរយនៃថវិកាជាតិ។
ក្រៅពីបញ្ហាហិរញ្ញវត្ថុនេះ បក្សប្រឆាំងបានបញ្ជាក់ថា នឹងធ្វើវិមជ្ឈការសាធារណៈក្នុងវិស័យអាទិភាព ដូចជាអប់រំ សង្គមកិច្ច ប្រព័ន្ធទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធ និងផ្ដល់អ្នកជំនាញបច្ចេកទេសកសិកម្មសុខាភិបាលជាដើម ដែលគោលនយោបាយទាំងនេះ គណបក្សកាន់អំណាចក៏មានដូចគ្នាដែរ។ សម្រាប់គណបក្សកាន់អំណាច គោលនយោបាយរបស់ខ្លួនសម្រាប់ទាក់ទាញការជឿជាក់ពីម្ចាស់ឆ្នោត គឺធានាបង្កើនផលិតកម្មនិងរកទីផ្សារសម្រាប់កសិផលក្នុងតម្លៃសមរម្យ កាត់បន្ថយអត្រាការប្រាក់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ផ្ដល់ដីសង់លំនៅដ្ឋាននិងបង្កបង្កើនផល និងពង្រឹងសេវាសាធារណៈឲ្យកាន់តែប្រសើរជាដើម។
ការដាក់ចេញនូវគោលនយោបាយរបៀបនេះត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយ និងការបោះឆ្នោតមួយចំនួនយល់ឃើញថា ជាជំហានដើរទាន់សភាពការណ៍របស់គណបក្សនយោបាយ។ ដើរទាន់សភាពការណ៍ ព្រោះអ្នកនយោបាយទំនងជាយល់ច្បាស់ហើយថា ការឃោសនាប្រជាភិថុត សំឡុត គម្រាម ឬលួងលោមជូនអំណោយជាប៊ីចេងឬសារ៉ុងជាដើម លែងមានន័យទៀតហើយសម្រាប់អ្នកបោះឆ្នោត។ នោះក៏ព្រោះតែពលរដ្ឋខ្មែរមានការយល់ដឹងច្រើនជាងមុន។
មួយវិញទៀត បើតាមអ្នកវិភាគ ការប្រកួតប្រជែងគ្នាដោយឈរគោលនយោបាយជាមូលដ្ឋានដូច្នេះ ឆ្លុះបញ្ចាំងឲ្យឃើញពីគន្លងប្រជាធិបតេយ្យដែលចេះតែដើរទៅមុខនៅកម្ពុជា ខណៈការបោះឆ្នោតមុនៗ អ្នកនយោបាយនិយមប្រើតែយុទ្ធសាស្ត្ររិះគន់វាយប្រហារដាក់គ្នាតែប៉ុណ្ណោះ។
នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់លើកនេះ ក្រៅតែពីប្រជែងគ្នាដោយគោលនយោបាយហើយ គេសង្កេតឃើញទៀតថា គោលនយោបាយដែលគណបក្សនីមួយៗដាក់ចេញនោះ ភាគច្រើនជាគោលនយោបាយជាក់ស្ដែងដែលអាចអនុវត្តបាន មិនមែនដាក់ចេញតាមបែបស្រមើស្រមៃទេ។ ហើយគោលនយោបាយទាំងនោះទៀតសោត សុទ្ធសឹងតែជាគោលនយោបាយដែលឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ម្ចាស់ឆ្នោត បើមិនទាំងស្រុង ក៏មួយផ្នែកណាមួយដែរ។
ក្នុងបរិបទបែបនេះ ការសម្រេចចិត្តបោះឆ្នោតឲ្យគណបក្សណាមួយ វាអាស្រ័យទៅលើការជឿជាក់របស់ប្រជាពលរដ្ឋ ទៅលើគណបក្សនោះ។ បើម្ចាស់ឆ្នោតជឿថា គោលនយោបាយគណបក្សណាមួយដាក់ចេញមកល្អ ហើយគណបក្សនោះ ទំនង ជាអាចបំពេញតាមការសន្យាបាន នោះពួកគាត់នឹងបោះឆ្នោតឲ្យ។ ដូចគ្នាដែរ ប្រសិនបើគណបក្សដាក់ចេញនូវគោលនយោបាយដែលល្អ ឆ្លើយតបទៅនឹងសេចក្ដីត្រូវការដែរ ប៉ុន្តែពលរដ្ឋមិនជឿថា គណបក្សនោះ មានឆន្ទៈគ្រប់គ្រាន់ក្នុងការបំពេញតាមការសន្យាទេ នោះពួកគាត់ក៏ទំនងជាមិនបោះឆ្នោតឲ្យដែរ។
ក្នុងន័យនេះ ក្រៅតែពីដាក់ចេញនូវគោលនយោបាយល្អៗដើម្បីទាក់ចិត្តអ្នកបោះឆ្នោតហើយ គណបក្សនយោបាយគួរតែធ្វើឲ្យពលរដ្ឋជឿជាក់មុតមាំដែរថា គោលនយោបាយដែលត្រូវបានដាក់ចេញទាំងនោះ នឹងត្រូវបំពេញតាមការសន្យា។ ព្រោះបើដាក់ចេញគោលនយោបាយល្អទៅហើយ តែមិនអាចធ្វើបានតាមសន្យាទេ នោះវាមិនខុសអ្វីពីការឃោសនាប្រជាភិថុតិដ៏គ្រោះថ្នាក់នោះដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment