Monday, 27 March 2017

សត្វ​ដំរី​ដែល​ត្រូវ​សង្គ្រោះ​ ប៉ះពាល់​សុខភាព​មួយ​ចំនួន​


ដោយ៖ ធូ វីរៈ | ថ្ងៃទី 27 មិនា 2017
wmc

ភ្នំពេញ៖ ហ្វូងដំរីដែលទើបតែបានសង្គ្រោះកាលពីថ្ងៃសៅរ៍បានចូលទៅរស់នៅក្នុងព្រៃដូចធម្មតាវិញហើយ។ ក្រុមអ្នកថែរក្សាសត្វដំរីអះអាងថាមានសត្វដំរីមួយចំនួនរងផលប៉ះពាល់ផ្នែកសុខភាព។

សត្វដំរីព្រៃជួយសង្រ្គោះចេញពីល្បាប់ភក់ នៅដែនជម្រកសត្វព្រៃកែវសីមា កាលពីថ្ងៃទី ២៥ ខែមិនា ឆ្នំា ២០១៧។ប្រភពរូបភាព៖ ហ្វេសប៊ុក
សត្វដំរីព្រៃជួយសង្រ្គោះចេញពីល្បាប់ភក់ នៅដែនជម្រកសត្វព្រៃកែវសីមា កាលពីថ្ងៃទី ២៥ ខែមិនា ឆ្នំា ២០១៧។ប្រភពរូបភាព៖ ហ្វេសប៊ុក



ក្រុមអ្នកអភិរក្សសត្វដំរីនៅក្នុងប្រទេសកម្ពុជាបានឲ្យដឹងនៅថ្ងៃចន្ទ័នេះថាហ្វូងសត្វដំរីដែលទើបទទួលបានសង្គ្រោះកាលពីចុងសប្តាហ៍មុនមានការទ្រុឌទ្រោមផ្នែកសុខភាពបន្តិចបន្តួច។

លោកកែវ សុភក័ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានប្រាប់វិទ្យុស្ត្រីនៅរសៀលនេះថាក្រុមអ្នកការពារសត្វដំរីរបស់រដ្ឋាភិបាលនិងអង្គការផ្នែកអភិរក្សសត្វដំរីកំពុងតាមឃ្លាំមើលហ្វូងដំរីនេះ ខណៈដែលពួកវាកំពុងស្ថិតក្នុងព្រៃជ្រៅ។

«ចាប់ពីថ្ងៃដែលវារួចខ្លួនចេញពីរណ្តៅ ខ្ញុំមើលទៅវាមានកម្លាំង ហើយមានសុខភាណល្អ។»



កាលពីថ្ងៃសៅរ៍ក្រុមសង្គ្រោះរបស់រដ្ឋាភិបាលនិងអង្គការអន្តរជាតិផ្នែកសត្វដំរីបានសង្គ្រោះសត្វដំរីចំនួន១១ក្បាលពីរណ្តៅគ្រាប់បែកបេ ៥២ មួយក្នុងភូមិអូរអាម ឃុំស្រែខ្ទម នៃដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី។

សត្វដំរីទាំងនេះបានកប់ក្នុងល្បប់ភក់ខាប់ដែលធ្វើឲ្យពួកវាមិនអាចឡើងពីរណ្តៅនោះវិញបាន។ក្នុងចំណោមសត្វដំរីជំទង់ទាំងនោះមានកូនដំរីតូចមួយក្បាល។

លោកអេង ម៉េងអ៊ី មន្ត្រីផ្នែកទំនាក់ទំនងរបស់អង្គការអភិរក្សសត្វព្រៃ(WCS) មានប្រសាសន៍ដូចគ្នាដែរថាសត្វដំរីទាំងនេះមានការស្រុតចុះផ្នែកសុខភាព។ ហើយក្រុមមន្ត្រីនៃអង្គការរបស់លោកកំពុងតាមឃ្លាំមើលសត្វដំរីទាំងនេះពីក្រោយយ៉ាងប្រកៀក។

«ដំរីជាប់ផុងរយៈពេលពីរទីបីថ្ងៃ មុនយើងជួយ អញ្ចឹងវារាងទន់ខ្សោយ ប៉ុន្តែវាបានត្រឡប់ទៅក្នុងព្រៃជាក្រុមអត់បញ្ហាទេ។ ហើយយើងឲ្យក្រុមយើងកំពង់តាមដាន ព្រោះយើងកំពុងតាមដាន។»

យោងតាមក្រុមមន្ត្រីអភិរក្សសត្វព្រៃទាំងពីរខាងលើរដ្ឋាភិបាលកំពុងពិចារណាថាតើត្រូវធ្វើរបងការពាររណ្តៅគ្រាប់បែកបេ ៥២ នេះដើម្បីបង្ការគ្រោះថ្នាក់ដល់សត្វព្រៃក្នុងដែនជម្រកសត្វព្រៃឬយ៉ាងឬមួយរដ្ឋាភិបាលត្រូវជីកជម្រាលរណ្តៅនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់សត្វព្រៃនានាអាចឡើងចុះបាន។

សត្វដំរីក្នុងខេត្តមណ្ឌលគីរីមានចន្លោះពី២០០ទៅ២៥០ក្បាលនេះបើយោងតាមលោកកែវ សុភក័ ប្រធានមន្ទីរបរិស្ថានខេត្ត។ ដោយឡែកលោកអេង ម៉េងអ៊ី មន្ត្រីផ្នែកទំនាក់ទំនងនៃអង្គការអភិរក្សសត្វព្រៃ ចំនួនដំរីក្នុងខេត្តដែលសំបូរភ្នំនេះមានចំនួនជិត៣០០ក្បាល។

កាលពីពាក់កណ្តាលឆ្នាំមុនកូនដំរីមួយក្បាលក្នុងខេត្តមណ្ឌលគីរី បានជាប់អន្ទាក់ព្រានព្រៃរហូតដាច់ខ្យល់ងាប់។ហើយកាលពីសប្តាហ៍មុន សត្វដំរីជំទង់មួយក្បាលបានងាប់ដោយឆក់ខ្សែភ្លើងនៅក្នុងខេត្តព្រះសីហនុ។

សត្វដំរីគឺជាសត្វដែលកំពុងស្ថិតក្រោមការគំរាមកំហែងនៃការបាត់បង់ដោយសារបម្រែបម្រួលបរិស្ថាននិងដោយមូលហេតុនេះបរិបថសង្គម៕

No comments: