Friday 24 March 2017

"ក្រសួង​មហាផ្ទៃ​រក្សា​ជំហរ​មិន​ផ្ដល់​សុពលភាព​សមាជ​បក្ស​ប្រឆាំង​បើ​ទោះ​ជា​មាន​ការ​ពិភាក្សា​ខាង​មុខ"


ដោយ យាង សុជាមេត្តា
2017-03-24


ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ពេល​ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Morm Moniroth
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ពេល​ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Morm Moniroth



អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ថា ក្រសួង​នៅ​តែ​រក្សា​ជំហរ​មិន​ទទួល​យក​សុពលភាព​សមាជ​របស់​បក្ស​ប្រឆាំង​ដែល​ធ្វើ​ឡើង​កាល​ពី​ដើម​ខែ​មីនា នោះ​ទេ។ ការ​បញ្ជាក់​ជំហរ​របស់​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​នេះ ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចាត់​តាំង​មន្ត្រី​ជំនាញ​ឲ្យ​ជួប​ពិភាក្សា​ជាមួយ​បក្ស​ប្រឆាំង​អំពី​បញ្ហា​នេះ។

​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ចាត់​តាំង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ លោក ប្រាក់ សំអឿន ដើម្បី​ទទួល​ជួប​ជាមួយ​តំណាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ខាង​មុខ នា​ទីស្ដីការ​ក្រសួង​មហាផ្ទៃ។



​ការ​ចាត់​តាំង​មន្ត្រី​ឲ្យ​ជួប​ពិភាក្សា​ជាមួយ​បក្ស​ប្រឆាំង​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​បក្ស​អ្នក​នាំ​ពាក្យ និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ផ្ញើ​លិខិត​ស្នើ​សុំ​ជួប​ជាមួយ​លោក ស ខេង ឬ​តំណាង​របស់​ក្រសួង​មហាផ្ទៃ ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​សមស្រប។

លោក ខៀវ សុភ័គ ថ្លែង​ថា មូលហេតុ​ដែល​លោក ស ខេង មិន​ជួប​ផ្ទាល់​ជាមួយ​បក្ស​ប្រឆាំង ព្រោះ​លោក​យល់​ថា ការ​ជួប​ត្រឹម​កម្រិត​មន្ត្រី​ជំនាញ ឬ​រដ្ឋបាល​គឺ​វា​គ្រប់គ្រាន់​ហើយ។

បើ​ទោះ​ជា​មាន​ជំនួប​ក្តី លោក ខៀវ សុភ័គ អះអាង​ថា ក្រសួង​មហាផ្ទៃ នៅ​តែ​រក្សា​ជំហរ​មិន​ទទួល​ស្គាល់​សុពលភាព​សមាជ​បក្ស​ប្រឆាំង​ឡើយ មាន​ន័យ​ថា ក្រសួង​មហាផ្ទៃ មិន​ហ៊ាន​ទទួល​ស្គាល់​ប្រធាន និង​អនុ​ប្រធាន​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​សមាជ​នោះ​ទេ៖ «លិខិត​ចេញ​ទាំង​ប៉ុន្មាន​គឺ​អ៊ីចឹង មិន​អាច​ទៅ​ពិភាក្សា​ទទួល​ស្គាល់​វិញ គឺ​មិន​អាច​ទេ ចង់​និយាយ​ថា ឲ្យ​ធ្វើ​កែតម្រូវ​ឲ្យ​ត្រូវ គឺ​មិន​អាច​ទេ នៅ​តែ​ខុស​ហ្នឹង​ផ្អែក​លើ​មូលដ្ឋាន​ហ្នឹង អត់​មាន​សុំ​ឲ្យ​លើកលែង ឬ​ការ​ទទួល​ស្គាល់​អី​អត់​មាន​ទេ អ៊ីចឹង​បាន​ថា​លោក​ឲ្យ​ជួប​ត្រឹម​កម្រិត​ជំនាញ មិន​មែន​កម្រិត​នយោបាយ​ទេ»។

ប៉ុន្តែ​នៅ​ពេល​សួរ​ថា តើ​ក្រសួង​មហាផ្ទៃ នឹង​ចាត់​វិធានការ​យ៉ាង​ណា​ចំពោះ​បក្ស​ប្រឆាំង​បើ​ក្រសួង​មិន​ផ្ដល់​សុពលភាព​ដល់​សមាជ​បក្ស​ប្រឆាំង​នោះ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​អាច​និយាយ​រឿង​នេះ​បាន​ទេ។

​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា បាន​ផ្ញើ​លិខិត​ទៅ​កាន់​បក្ស​ប្រឆាំង ដោយ​អះអាង​ថា សមាជ​បក្ស​ប្រឆាំង​បោះឆ្នោត​ជ្រើសតាំង​លោក កឹម សុខា ជា​ប្រធាន និង​អនុ​ប្រធាន ៣​រូប​ផ្សេង​ទៀត គឺ​បាន​អនុវត្ត​ផ្ទុយ​លក្ខន្តិកៈ​គណបក្ស​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៣ ដែល​មាន​ន័យ​ថា គណបក្ស​មិន​អាច​ជ្រើសតាំង​ប្រធាន​ថ្មី​ក្នុង​រយៈពេល​តិច​ជាង ១៨​ខែ​ក្រោយ​ពី​ការ​លាលែង​របស់​ប្រធាន​បក្ស​ចាស់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ បក្ស​ប្រឆាំង​បាន​ជ្រើសតាំង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​បក្ស​មិន​ដល់ ១​ខែ​ផង​ក្រោយ​ពី​ប្រធាន​ចាស់ គឺ​លោក សម រង្ស៊ី លា​លែង​ចេញពី​តំណែង​ប្រធាន​បក្ស។

អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ដើម្បី​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា។

ក្រៅ​ពី​បញ្ហា​លក្ខន្តិកៈ​គណបក្ស​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​បក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ក្រសួង​មហាផ្ទៃ ក៏​បាន​ស្នើ​ឲ្យ​បក្ស​ប្រឆាំង​ដក​ចេញ​នូវ​ចំណង​ជើង "ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ" ដែល​មាន​ចែង​នៅ​ក្នុង​គោលនយោបាយ​អាទិភាព ៥​ចំណុច​របស់​បក្ស​ប្រឆាំង​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​នៅ​ពេល​ខាង​មុខ​ផង​ដែរ។ ក្រសួង​មហាផ្ទៃ អះអាង​ថា ចំណងជើង​នេះ​មាន​ខ្លឹមសារ​ផ្ទុយ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-​សង្កាត់ ជា​ពិសេស​គឺ​ផ្ទុយ​ពី​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​គោលការណ៍​នៃ​ប្រព័ន្ធ​បោះឆ្នោត​សមាមាត្រ​នៅ​កម្ពុជា។

​ចំណែក​បក្ស​កាន់​អំណាច​វិញ ក៏​កំពុង​ត្រៀម​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​បក្ស​ប្រឆាំង​ដោយសារ​ចំណង​ជើង "ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ" នេះ។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ សង្កត់​ធ្ងន់​ថា ក្រសួង​នៅតែ​រក្សា​ជំហរ​ឲ្យ​បក្ស​ប្រឆាំង​ដក​ពាក្យ​ស្លោក​នេះ​ចេញ​ដើម្បី​កុំ​ឲ្យ​មាន​រឿង​វែងឆ្ងាយ​ទៅ​មុខ​ទៀត។

ទោះ​ជា​យ៉ាង​ណា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា បក្ស​ប្រឆាំង​មិន​ដក​ចំណង​ជើង​នេះ​ចេញ​ឡើយ ហើយ​នៅ​តែ​អនុញ្ញាត​ឲ្យ​សកម្មជន​បក្ស​របស់​ខ្លួន​ប្រើ​ពាក្យ​ស្លោក​នេះ​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត ដោយ​លោក​បញ្ជាក់​ថា វា​គ្រាន់តែ​ជា​ពាក្យ​ស្លោក​ប៉ុណ្ណោះ៕

1 comment:

Anonymous said...

Sar Kheng needs to wake up. How long will he do this to his own kinds or his own Khmer/Cambodian people. He does not look smart and bright if he continues to act powerful in his CPP government. He needs to sacrifice for saving his country, Khmer/Cambodian people. He should know clearly that his CPP and Hun Sen are the product made in Vietnam, a communist country. He needs to stop attacking his opponents, CNRP supporters and leaders, who tirelessly fight for saving Cambodia and Cambodian/Khmer people from evil Yuon/Vietnamese puppet Hun Sen and Hun Sen's Vietnamese masters in Hanoi.

It is time for Sar Kheng to wake up along with his buddies in CPP.