Friday 24 March 2017

តុលាការ​ឃុំ​ខ្លួន​មន្ត្រី​ក្រសួង​មហាផ្ទៃ​មួយ​រូប​ដែល​ទារ​ប្រាក់​ដាក់​ខែ​ពី​ក្រុមហ៊ុន


ដោយ អ៊ុង សេរីវុទ្ធ
2017-03-24


សាលា​ដំបូង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦
សាលា​ដំបូង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦
 RFA/Brach Chev



ចៅក្រមស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក ប៊ុន ធី សម្រេច​ឃុំ​ខ្លួន​មន្ត្រី​ក្រសួង​មហាផ្ទៃ​មួយ​រូប​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ បន្ទាប់​ពី​​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​បញ្ជូន​សំណុំ​រឿង​នេះ​មក​តុលាការ​កាល​ពី​ថ្ងៃ​ទី២៣ ខែ​មីនា។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ​លោក លី សុផាណា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៤ ខែ​មីនា ថា ជន​សង្ស័យ​ឈ្មោះ ​ហ៊ុយ ហឿន ដែល​ជា​នាយរង​ផ្នែក​សិទ្ធិ​និពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ការិយាល័យ​កម្មសិទ្ធិបញ្ញា នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួង​មហាផ្ទៃ ត្រូវ​បាន​ចោទ​ប្រកាន់​បទ​ពី​បទ​វិតិក្រម។ ការ​ចោទ​នេះ​ផ្អែក​តាម​មាត្រា ៥៩២ និង​ ៥៩៣ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣២ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ ក្រោយ​បញ្ចប់​ការ​ដេញដោល​ចំពោះ​មុខ។ ចំណែក​មន្ត្រី​ប៉ូលិស​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ម្នាក់​ទៀត​ឈ្មោះ ឯម កុសល ត្រូវ​បាន​ចោទ​ប្រកាន់​ដូច​គ្នា ខណៈ​រូប​គេ​កំពុង​គេច​ខ្លួន។



លោក ហ៊ុយ ហឿន ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី២១ ខែ​មីនា ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង ក្រោយ​អង្គភាព​នេះ​តាមដាន​លោក​ជា​ច្រើន​កន្លែង ចំពោះ​ការ​ទារ​លុយ​ពី​ម្ចាស់​ក្រុមហ៊ុន​សហគ្រាស​នានា ដោយ​តម្រូវ​បង់​ប្រចាំ​ខែ​ដល់​រូប​គេ ចាប់​ពី ​២​ម៉ឺន​រៀល ដល់ ​១ពាន់​ដុល្លារ​អាមេរិក។ អង្គភាព​ប្រឆាំង​អំពើពុករលួយ ​បញ្ជាក់​ថា លោក ហ៊ុយ ហឿន បាន​ដើរ​ទារ​ប្រាក់​ពី​ក្រុមហ៊ុន​សហគ្រាស​ជាង​ ១០០​ទីតាំង នា​រាជធានី​ភ្នំពេញ អស់​ពេល​ជាង ​១០​ខែ បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាត់​តាំង​បំពេញ​ការងារ​នេះ៕

No comments: