Sunday, 26 March 2017

សង្គម​ស៊ីវិល​ចង់​ឲ្យ​កំណត់​និយមន័យ​ឲ្យ​ច្បាស់​ក្នុង​ច្បាប់​ស្ដីពី​ព័ត៌មាន​សម្ងាត់


ដោយ រាជ វិញ្ញូ
2017-03-26

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ស៊ី.ស៊ី.អាយ.អិម (CCIM) លោក ប៉ា ងួនទៀង ថ្លែង​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៦ កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៦។
នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ស៊ី.ស៊ី.អាយ.អិម (CCIM) លោក ប៉ា ងួនទៀង ថ្លែង​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៦ កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៦។

Photo: RFA


ក្រុម​ការងារ​បច្ចេកទេស​ភាគី​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន នឹង​អាច​ឈាន​ដល់​ដំណាក់កាល​នៃ​ការ​ពិភាក្សា​គ្នា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី សិទ្ធិ​ទទួល​បាន​ព័ត៌មាន ត្រង់​មាត្រា​២០ ដែល​និយាយ​អំពី​ព័ត៌មាន​សម្ងាត់​នៅ​ក្នុង​ខែ​មេសា ខាង​មុខ​នេះ។ ស្រប​ពេល​គ្នា​នេះ សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន ចង់​ឲ្យ​មាន​ការ​កំណត់​និយមន័យ​ឲ្យ​បាន​ច្បាស់លាស់ និង​ពិស្ដារ ថា​តើ​អ្វី​ខ្លះ​ជា​ព័ត៌មាន​សម្ងាត់។



បច្ចុប្បន្ន ក្រុម​ការងារ​បច្ចេកទេស​ដែល​កំពុង​ដំណើរការ​ពិភាក្សា​គ្នា​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​មាន ៩​ជំពូក និង ៣៦​មាត្រា គឺ​បាន​ពិភាក្សា​គ្នា​ដល់​មាត្រា​១៧ ដែល​និយាយ​អំពី វិធី​ស្នើសុំ ឬ​ផ្ដល់​ព័ត៌មាន ហើយ​បន្ទាប់​មក ក្រុម​ការងារ​បច្ចេកទេស​នេះ​នឹង​ឈាន​ដល់​ការ​ពិភាក្សា​គ្នា​ដល់​មាត្រា​២០ ដែល​និយាយ​អំពី ព័ត៌មាន​សម្ងាត់ នៅ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ថ្លែង​នៅ​ថ្ងៃ​ទី​២៥ មីនា ថា ប្រសិន​បើ​ព័ត៌មាន​សម្ងាត់​គ្រាន់​តែ​និយាយ​អំពី​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ទូទៅ និង​មិន​និយាយ​ឲ្យ​បាន​លម្អិត​ជាង​នេះ វា​ងាយ​ស្រួល​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​អាច​យក​ទៅ​បកស្រាយ​បាន​តាម​អំពើ​ចិត្ត ដើម្បី​រក​លេស​មិន​ផ្ដល់​ព័ត៌មាន​មក​សាធារណជន ប្រសិន​បើ​ពួក​គេ​ចង់​លាក់​បាំង​ព័ត៌មាន​ដែល​និយាយ​ប៉ះពាល់​ដល់​ស្ថាប័ន​របស់​ពួក​គេ៖ «»។

ជំពូក​៤ មាត្រា​២០ ស្ដីពី​ព័ត៌មាន​សម្ងាត់​បាន​ចែង​ថា ស្ថាប័ន​សាធារណៈ​អាច​បដិសេធ​ផ្ដល់​ជូន​ព័ត៌មាន​ដល់​សាធារណជន ប្រសិន​បើ​ការ​បញ្ចេញ​ព័ត៌មាន​នោះ​បណ្ដាល​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ អន្តរាយ​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ អន្តរាយ​ដល់​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈ​ជាតិ ប៉ះពាល់​ដល់​សំណុំ​រឿង​ក្ដី​របស់​តុលាការ ឬ​ការ​សម្ងាត់​របស់​តុលាការ ប៉ះពាល់​ដល់​អាថ៌កំបាំង​ឯកជន​បុគ្គល ដោយ​រួម​បញ្ចូល​ទាំង​សំណុំ​រឿង​របស់​មន្ត្រី​រាជការ សំណុំ​រឿង​ពាក់ព័ន្ធ​បញ្ហា​សុខភាព សំណុំ​រឿង​វិវាទ នីតិឯកជន គ្រោះថ្នាក់​ដល់​មន្ត្រី​ដែល​អនុវត្ត​ច្បាប់ ឬ​បំពេញ​បេសកកម្ម និង​ប៉ះពាល់​ដល់​លិខិត​បទដ្ឋាន​គតិយុត្តិ និង​បទបញ្ញត្តិ​ហាមឃាត់​ស្ដីពី​ព័ត៌មាន​សម្ងាត់​នៃ​ប្រទេស។

អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង បញ្ជាក់​ថា លោក​មិន​ទាន់​អាច​បកស្រាយ​ថា អ្វី​ខ្លះ​ដែល​ជា​ព័ត៌មាន​សម្ងាត់​នៅ​ឡើយ​ទេ ព្រោះ​ត្រូវ​រង់ចាំ​ក្រុម​ការងារ​បច្ចេកទេស​តាក់តែង​ឡើង​ជា​មុន​សិន ប៉ុន្តែ​លោក​ថា ព័ត៌មាន​សម្ងាត់ គឺ​សំដៅ​ទៅ​លើ​កិច្ច​ការងារ​រដ្ឋ ការ​ការពារ​ជាតិ និង​កិច្ចការ​សន្តិសុខ​ជាតិ​ជាដើម ដែល​កងទ័ព ឬ​ប៉ូលិស ត្រូវ​លាក់​ការ​ជា​សម្ងាត់៖ «»។

មន្ត្រី​ក្រសួង​ព័ត៌មាន ដដែល​បញ្ជាក់​ថា ព័ត៌មាន​ខ្លះ​ទៀត​ដែល​និយាយ​អំពី​ការ​អភិវឌ្ឍ ឬ​និយាយ​អំពី​ពាណិជ្ជកម្ម​ធំៗ​រវាង​ជាតិ និង​ជាតិ ក៏​ត្រូវ​ចាត់​ទុក​ជា​ព័ត៌មាន​សម្ងាត់​ដែរ។ ចំពោះ​អ្នក​សារព័ត៌មាន​យល់​ឃើញ​ថា មាន​ចំណុច​ខ្លះ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន គឺ​រឹតត្បិត ព្រោះ​មិន​បើក​ទូលាយ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​សារព័ត៌មាន​ទទួល​ព័ត៌មាន​ដោយ​ងាយ​បាន ដូចជា​មាត្រា​១១ ក្នុង​ជំពូក​៣ ចែង​ពី​ការ​ស្នើសុំ​ព័ត៌មាន ត្រូវ​ធ្វើ​ឡើង​ជា​លាយលក្ខណ៍​អក្សរ​ដោយ​បញ្ជាក់​លម្អិត​ឲ្យ​ច្បាស់លាស់​អំពី​ព័ត៌មាន​ដែល​ត្រូវ​ស្នើសុំ​ទៅ​ស្ថាប័ន​សាធារណៈ គឺ​ត្រូវ​បំពេញ​បែបបទ​ស្នើសុំ​ព័ត៌មាន ដូចជា ឈ្មោះ ភេទ អាយុ សញ្ជាតិ មុខ​របរ និង​អាសយដ្ឋាន​ជាដើម ហើយ​ខុស​ពី​ពេល​បច្ចុប្បន្ន​ដែល​អ្នក​សារព័ត៌មាន​អាច​ស្នើសុំ​ព័ត៌មាន​បន្ទាន់​តាម​រយៈ​ទូរស័ព្ទ សារ​អេឡិចត្រូនិក (Email) ឬ​លិខិត។

តំណាង​អង្គការ​យូណេស្កូ (UNESCO) និង​ជា​សមាជិក​ក្រុម​ការងារ​បច្ចេកទេស​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​នេះ លោក ឆាយ សុផល បញ្ជាក់​ថា រយៈពេល​កន្លង​ទៅ ធ្លាប់​មាន​វគ្គ​បណ្ដុះបណ្ដាល​ចំនួន​ពីរ​លើក​រួច​មក​ហើយ ដែល​និយាយ​អំពី​ព័ត៌មាន​សម្ងាត់ ដោយ​វគ្គ​បណ្ដុះបណ្ដាល​ទាំងនោះ គឺ​មាន​ការ​អញ្ជើញ​វាគ្មិន​ជំនាញៗ​ពី​ក្រសួង​មហាផ្ទៃ និង​អង្គការ​សង្គម​ស៊ីវិល​ទាំង​ជាតិ និង​អន្តរជាតិ ដើម្បី​មក​ចូលរួម​ផ្ដល់​ជា​យោបល់​ទៅ​ក្រុង​ការងារ​បច្ចេកទេស។ តំណាង​យូណេស្កូ​រូប​នេះ​បន្ត​ថា ការ​ប្រមូល​មតិ​បាន​ពី​ក្នុង​វេទិកា​ជា​បន្តបន្ទាប់ និង​ពី​ប្រជាជន គឺ​ចង់​ឃើញ​រាល់​ចំណុច​នីមួយៗ​នៃ​ខ្លឹមសារ​ដែល​និយាយ​អំពី​ព័ត៌មាន​សម្ងាត់ គួរ​បញ្ជាក់​ឲ្យ​បាន​ពិស្ដារ៖ «»។

លោក ឆាយ សុផល សង្ឃឹម​ថា កិច្ច​ពិភាក្សា​នា​ពេល​ក្រោយ​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ព័ត៌មាន​សម្ងាត់ នឹង​មាន​ចំណុច​មួយ​ចំនួន​ត្រូវ​កែប្រែ​ឡើង​វិញ ដើម្បី​ឲ្យ​គ្រប់​ភាគី​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា៕

No comments: