Sunday, 26 March 2017
មន្ត្រីក្រសួងមហាផ្ទៃប្រាប់បក្សប្រឆាំងឲ្យប្ដឹងទៅតុលាការរឿងលក្ខន្តិកៈបក្ស
ដោយ ប្រាជ្ញ ចេវ
2017-03-25
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបពីការអនុវត្តច្បាប់ចរាចរណ៍ដើមឆ្នាំ២០១៦ នាក្រសួងមហាផ្ទៃ កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។
RFA/Brach Chev
មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ប្រាប់ទៅគណបក្សសង្គ្រោះជាតិថា បើនៅតែយល់ថា សមាជរបស់ខ្លួនធ្វើឡើងត្រឹមត្រូវតាមលក្ខន្តិកៈបក្ស មិនដូចទៅនឹងការលើកឡើងនៃខ្លឹមសារលិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នោះ គណបក្សសង្គ្រោះជាតិ អាចប្ដឹងទាស់ទៅតុលាការកំពូលបាន។ ចំណែកអនុប្រធានគណបក្សសង្គ្រោះជាតិ សុំមិនឆ្លើយតបនៅឡើយ ដោយរង់ចាំការជួបចរចាគ្នានៅចុងខែមីនា នេះសិន។
ក្រសួងមហាផ្ទៃ នៅតែប្រកាន់ជំហររបស់ខ្លួនថា សមាជវិសាមញ្ញរបស់បក្សសង្គ្រោះជាតិ ធ្វើខុសលក្ខន្តិកៈបក្សដែលតម្កល់ទុកនៅក្រសួងកាលពីឆ្នាំ២០១៣។ រីឯអ្នកតាមដានស្ថានការណ៍នយោបាយយល់ថា គណបក្សសង្គ្រោះជាតិ អាចប្រឈមនឹងការរំលាយចោល ដូច្នេះគណបក្សនេះគួរសម្លឹងមើលគណបក្សដៃគូក្រៅរដ្ឋាភិបាលដើម្បីឲ្យគណបក្សនេះជ្រកក្រោយស្លាកគណបក្សដៃគូក្នុងការប្រកួតប្រជែងការបោះឆ្នោត។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឆ្លើយតបទៅនឹងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថា បើគណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរថា ការធ្វើសមាជវិសាមញ្ញរបស់ខ្លួនត្រឹមត្រូវតាមលក្ខន្តិកៈបក្សគណបក្សនេះ អាចប្ដឹងទៅតុលាការកំពូលដើម្បីវិនិច្ឆ័យបាន។ លោក ខៀវ សុភ័គ នៅតែរក្សាជំហររបស់ខ្លួនដែលរកឃើញថា សមាជវិសាមញ្ញគណបក្សសង្គ្រោះជាតិ បោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធាន និងលោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង ជាអនុប្រធានគណបក្សសង្គ្រោះជាតិ គឺអនុវត្តផ្ទុយនឹងលក្ខន្តិកៈគណបក្ស៖ «តាមតែគាត់ (គណបក្សសង្គ្រោះជាតិ) យល់ឃើញទេ ខ្ញុំមិនហ៊ានបង្ខំគាត់ទេ បើគាត់យល់ថាត្រូវ គាត់ត្រូវទៅរកអាជ្ញាកណ្ដាលមួយមានតែតុលាការកំពូលទេ»។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងនាទីស្នាក់ការកណ្ដាលគណបក្ស នាសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦។ RFA/Cheu Sideth
ការថ្លែងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បែបនេះ ក្រោយមួយថ្ងៃបន្ទាប់ពីអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានផ្ដល់បទសម្ភាសន៍មកអាស៊ីសេរី កាលពីថ្ងៃទី២៤ ខែមីនា ថា គណបក្សសង្គ្រោះជាតិ បានជូនដំណឹងដល់ក្រសួងមហាផ្ទៃ រួចរាល់ហើយអំពីការកែប្រែសមាសភាពក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្ស។ លោកអះអាងថា សមាជបក្សធ្វើឡើងត្រឹមត្រូវតាមលក្ខន្តិកៈបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។
ចំណែកអ្នកឃ្លាំមើលស្ថានការណ៍នយោបាយយល់ថា ស្ថានការណ៍នយោបាយនៅពេលនេះគឺកំពុងរាំងខ្ទប់មិនឲ្យគណបក្សសង្គ្រោះជាតិ រកច្រកចេញដែលអាចនឹងឈានដល់ការរំលាយគណបក្សចោល។ អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ផ្ដល់គំនិតថា គណបក្សប្រឆាំងគួរចាប់ផ្ដើមសម្លឹងមើលគណបក្សនយោបាយឲ្យបានមួយ ឬពីរ ទុកឲ្យហើយដើម្បីការពារគណបក្សនេះត្រូវរំសាយចោល មានគណបក្សផ្សេងដែលអាចត្រូវចាប់ដៃគូបាន៖ «អ៊ីចឹងប្រសិនសង្គ្រោះជាតិពិចារណានៅក្នុងការរកមើលដៃគូពីបីទៀតដើម្បីត្រៀមលក្ខណៈរៀបចំខ្លួន ដើម្បីធ្វើការទំនាក់ទំនងគ្នា បើមិនទាន់ចូលគ្នាក៏ចាប់ដៃគ្នាធ្វើការពីឥឡូវទៅណា»។
គណបក្សសង្គ្រោះជាតិ បានធ្វើសមាជវិសាមញ្ញមួយកាលពីថ្ងៃទី២ ខែមីនា ជ្រើសរើសលោក កឹម សុខា ធ្វើប្រធានជំនួសលោក សម រង្ស៊ី ជាការឆ្លើយតបទៅនឹងព្រមានរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជំរុញអោយកែច្បាប់ស្ដីពីគណបក្សនយោបាយមានមិនឲ្យអ្នកទោសធ្វើប្រធានអនុប្រធាន និងជាសមាជិកគណៈកម្មការនាយករបស់គណបក្សនយោបាយ។
ក្នុងពេលនោះដែរ លោកនាយករដ្ឋមន្ត្រីក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើលិខិតអបអរលោក កឹម សុខា។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែមីនា បានផ្ញើលិខិតប្រាប់ទៅលោក យឹម សុវណ្ណ ថា សមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ ដែលជ្រើសរើសក្បាលម៉ាស៊ីនបក្សនេះ អនុវត្តផ្ទុយនឹងមាត្រា៤៧ ចំណុចទី២ នៃលក្ខន្តិកៈគណបក្ស ដែលចែងថា រយៈពេល ១៨ខែ ក្រោយប្រធានគណបក្សលាលែងទើបអាចជ្រើសរើសប្រធានថ្មីបាន។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ មិនឆ្លើយតបយ៉ាងណាទៅក្រសួងមហាផ្ទៃ ដោយរង់ចាំការជួបចរចាគ្នានៅចុងខែមីនា នេះ៖ «អ្វីសំខាន់ គឺយើងត្រូវតែជជែកទៅគ្នាសិនទៅ ព្រោះរឿងនេះយើងមិនទាន់ជជែកគ្នា។ ដូច្នេះយើងមិនទាន់សន្និដ្ឋានយ៉ាងម៉េចទេបាទ»។
ក្រោយពីលោក ស ខេង ប្រកាសមិនទទួលស្គាល់សមាជរបស់គណបក្សសង្គ្រោះជាតិ គណបក្សនេះចាត់តាំងមន្ត្រីជាន់ខ្ពស់ ៥រូប ដើម្បីជជែកដោះស្រាយបញ្ហាជាមួយក្រសួង។ ជាលទ្ធផល ក្រសួងមហាផ្ទៃ យល់ព្រមជួបនិយាយថ្ងៃទី២៩ ខែមីនា ដោយចាត់តាំងអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន ដែលជំនួបនេះធ្វើនៅទីស្ដីការក្រសួងមហាផ្ទៃ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment