Saturday 4 March 2017

មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​នឹង​របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​របស់​ស.រ.អា


ដោយ រាជ វិញ្ញូ
2017-03-04

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។
រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។

Photo: RFA



មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​ចាត់​ទុក​ថា ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ដែល​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដីពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​កាន់​តែ​ខ្លាំង​នៅ​កម្ពុជា នោះ គឺ​សហរដ្ឋអាមេរិក កំពុង​ព្យាយាម​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ប៉ុណ្ណោះ និង​មិន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ខិតខំ​ប្រឹងប្រែង​ពង្រឹង​នីតិរដ្ឋ​របស់​កម្ពុជា។ ប៉ុន្តែ​សង្គម​ស៊ីវិល​យល់​ថា ប្រសិន​រដ្ឋាភិបាល​ទទួល​ស្គាល់​ការ​រក​ឃើញ​របស់​អន្តរជាតិ​ថា ការ​រឹតត្បិត​សេរីភាព​មែន និង​ធ្វើការ​កែ​លម្អ​ឡើង​វិញ វា​ជា​ផលប្រយោជន៍​របស់​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ។

ថ្វី​ត្បិត​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​មិន​ពេញ​ចិត្ត និង​តែងតែ​វាយ​ប្រហារ​បក​វិញ​ចំៗ​ថា សហរដ្ឋអាមេរិក​ជា​មេរោគ​នាំ​ឱ្យ​មាន​សង្គ្រាម និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជាង​គេ​នៅ​លើ​លោក​ក្ដី ក្ដី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក នៅ​តែ​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៦ របស់​ខ្លួន​ដែល​បង្ហាញ​អំពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ របាយការណ៍​ថ្មី​នេះ មិន​ត្រឹមតែ​មិន​ទទួល​បាន​ការ​ស្វាគមន៍​ឡើយ តែ​ថែមទាំង​ត្រូវ​បាន​វាយ​បក​ជា​ថ្មី​វិញ​ថា សហរដ្ឋអាមេរិក​កំពុង​ទាញ​ផលប្រយោជន៍​ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ប៉ុណ្ណោះ។



មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៤ ខែ​មីនា ថា សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដែល​មាន​ឯករាជ្យ និង​អធិបតេយ្យភាព ដែល​មហាអំណាច​មួយ​នេះ​ធ្លាប់​ធ្វើ​អន្តរាគមន៍​ម្ដង​រួច​ហើយ ក្នុង​ឆ្នាំ​១៩៧០ បាន​រុញ​ច្រាន​ឱ្យ​កម្ពុជា រលាយ​គ្មាន​សល់ ហើយ​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ ទើប​កម្ពុជា ចាប់​ផ្ដើម​បង្កើត​ប្រព័ន្ធ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ដើម្បី​ពង្រឹង​នីតិរដ្ឋ​ឡើង​វិញ៖ «របាយការណ៍​នេះ​ធ្វើ​ឡើង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​សហរដ្ឋអាមេរិក ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​របស់​ប្រទេស​ឯករាជ្យ និង​អធិបតេយ្យភាព»។

ប្រតិកម្ម​ជា​ថ្មី​ពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​សហរដ្ឋអាមេរិក​នេះ បន្ទាប់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា បាន​ចេញ​របាយការណ៍​មួយ​ស្ដីពី​ការ​អនុវត្ត​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ​២០១៦ នៅ​កម្ពុជា។ របាយការណ៍​នេះ​រក​ឃើញ​ថា បញ្ហា​ចម្បង​ដែល​កម្ពុជា កំពុង​ជួប​ប្រទះ​រួម​មាន ប្រព័ន្ធ​តុលាការ​ពុំ​មាន​ប្រសិទ្ធភាព និង​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​អ្នក​នយោបាយ ការ​កើន​ឡើង​នៃ​ការ​រឹត​បន្តឹង​សេរីភាព​នៃ​ការ​និយាយ​ស្ដី ការ​បញ្ចេញ​មតិ ការ​ប្រមូលផ្ដុំ និង​ការ​បង្កើត​សមាគម​មាន​ការ​ប្រើ​អំពើ​ហិង្សា និង​ការ​ចាប់​ដាក់​ពន្ធនាគារ​ទាំង​ករណី​ជាក់ស្ដែង និង​ករណី​គំរាមកំហែង​ក្នុង​គោលបំណង​ដើម្បី​បំភិតបំភ័យ​គណបក្ស​ដែល​មាន​និន្នាការ​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ក៏​ដូចជា​ដើម្បី​បង្ក្រាប​សំឡេង​ដែល​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ផង​ដែរ។ ក្រៅ​ពី​នេះ បញ្ហា​និទណ្ឌភាព និង​ការ​រំលោភ​បំពាន​នៅ​តែ​បន្ត​កើត​ឡើង​នៅ​កម្ពុជា។

អំ សំអាត ៨៥៥ ២០១៧
ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA Photo: RFA


​ប្រធាន​គ្រប់គ្រង​ការិយាល័យ​ស៊ើប​អង្កេត​សិទ្ធិមនុស្ស​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ជឿជាក់​ថា ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ពិត​ជា​បាន​រក​ឃើញ​ការពិត​មុន​នឹង​ហ៊ាន​ចេញ​របាយការណ៍​បែប​នេះ។ លោក អំ សំអាត ក៏​មិន​ជឿ​ដែរ​ថា ការ​លើក​ឡើង​អំពី​បញ្ហា​រឹតត្បិត​សិទ្ធិ​សេរីភាព និង​សិទ្ធិ​បញ្ចេញ​មតិ ព្រមទាំង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​សហរដ្ឋអាមេរិក នៅ​ពេល​នេះ ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា នោះ​ដែរ ព្រោះ​កម្ពុជា បាន​ទទួល​ស្គាល់ និង​ព្រម​អនុវត្ត​តាម​នូវ​អ្វី​ដែល​មាន​ចែង​ក្នុង​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស៖ «មិន​មែន​ឱ្យ​តែ​ការ​លើក​ឡើង​របស់​គេ​សុទ្ធតែ​ជា​ការ​ជ្រៀតជ្រែក​ទេ ពីព្រោះ​បញ្ហា​ខ្លះ​យើង​ឃើញ​ថា សហរដ្ឋអាមេរិក​ក៏​នៅ​ក្នុង​ភាគី​មួយ​ដែល​ផ្ដល់​ហត្ថលេខី​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​បាន​ចែង​អំពី​ប្រព័ន្ធ​តុលាការ​ត្រូវ​តែ​ឯករាជ្យ កម្ពុជា​ត្រូវ​តែ​ទទួល​ស្គាល់​រាល់​បទដ្ឋាន​អន្តរជាតិ​ទាំង​ឡាយ​ស្ដីពី​សិទ្ធិ​មនុស្ស និង​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ»។

លោក អំ សំអាត ក៏​សង្កេត​ឃើញ​ថា បន្ទាប់​ពី​ភាព​ចម្រូងចម្រាស​នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០១៣ ការ​បង្ក្រាប​បាតុកម្ម​កម្មករ​នៅ​លើ​ផ្លូវ​វ៉េងស្រេង និង​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជាដើម ហើយ​ជាពិសេស​ករណី​ឃាតកម្ម​ដ៏​រំជើបរំជួល​លើ​លោក​បណ្ឌិត កែម ឡី ជា​អ្នក​តែងតែ​រិះគន់​រដ្ឋាភិបាល​តាម​រយៈ​បញ្ចេញ​មតិ​កាល​ពី​​ឆ្នាំ​២០១៦ នោះ សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមូលផ្ដុំ សិទ្ធិ​ជួបជុំ និង​សិទ្ធិ​បញ្ចេញ​មតិ ត្រូវ​គេ​ស​សម្លឹង​ឃើញ​ថា មាន​រឹតត្បិត​កាន់​ខ្លាំង​នៅ​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​វាយប្រហារ​ខ្លាំងៗ​ថា សហរដ្ឋអាមេរិក​ជា​ប្រទេស​ពូកែ​ដើរ​ឈ្លានពាន​ប្រទេស​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​កម្ពុជា ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន ជាពិសេស​កុមារ​បាន​ស្លាប់ ដែល​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ និង​គួរ​តែ​មាន​សំឡេង​រួម​មួយ​ដើម្បី​ថ្កោលទោស​ចំពោះ​សហរដ្ឋអាមេរិក។

សម្រាប់​សង្គម​ស៊ីវិល​វិញ​មើល​ឃើញ​ថា ការ​រំលឹក​អំពី​រឿង​ប្រវត្តិសាស្ត្រ​មក​ប្រៀបធៀប​ជាមួយ​ការ​រំលោភ​សិទ្ធិមនុស្ស​បច្ចុប្បន្ន​នៅ​កម្ពុជា គឺ​មិន​សម​ហេតុផល​ឡើយ ព្រោះ​រឿង​ពីរ​នេះ កើត​ឡើង​ក្នុង​កាលៈទេសៈ និង​របប​ផ្សេង​គ្នា។

លោក អំ សំអាត លើក​ឡើង​ទៀត​ថា ការ​គាស់​កកាយ​រឿង​ចាស់​មក រិះគន់​បក​ទៅ​សហរដ្ឋអាមេរិក វិញ មិន​មែន​ជា​ផល​ចំណេញ​សម្រាប់​ប្រទេស​កម្ពុជា នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ប្រសិន​កម្ពុជា ព្រម​ទទួល​ស្គាល់​ចំណុច​ខ្វះខាត​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​បញ្ចេញ​មតិ​ដែល​ត្រូវ​បាន​អន្តរជាតិ​រិះគន់​កន្លង​មក យក​ទៅ​អនុវត្ត​ដើម្បី​កែប្រែ​ឱ្យ​ប្រសើរ​ឡើង​វិញ នៅ​ពេល​នោះ កម្ពុជា​នឹង​ទទួល​បាន​ការ​លើក​មុខ​មាត់​បន្ថែម​លើ​ឆាក​អន្តរជាតិ ថា​មាន​ការ​ជំរុញ​ឱ្យ​របប​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការ​គោរព​សិទ្ធិមនុស្ស​ដំណើរ​ការ​កាន់​តែ​​ប្រសើរ៕

No comments: