Saturday 4 March 2017

គណបក្ស​ប្រឆាំង​រិះគន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា​មិន​សូវ​គិតគូរ​​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ


ដោយ ម៉ម មុនីរតន៍
2017-03-04

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​ទើប​ត្រូវ​បាន​តែងតាំង​ថ្មី ថ្លែង​ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស នា​ទីស្នាក់ការ​គណបក្ស​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​ទើប​ត្រូវ​បាន​តែងតាំង​ថ្មី ថ្លែង​ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស នា​ទីស្នាក់ការ​គណបក្ស​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
 RFA/Sorn Chanratha



គណបក្ស​សង្គ្រោះ​ជាតិ ​រិះគន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដោយ​មិន​សំដៅ​ចំ​ឈ្មោះ​ថា អត្ថបទ​ដែល​បាន​ចុះ​ផ្សាយ​ពី​សារ​សម្ងាត់​អំពី​គណបក្ស​ប្រឆាំង គឺ​ភាគ​ច្រើន​ជា​ការ​មួលបង្កាច់ និង​បង្ខូច​កេរ្តិ៍​ឈ្មោះ។ ជំហរ​របស់គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ឯកសារ​បែកធ្លាយ​ដែល​គេ​ចាត់​ទុក​ថា អាច​ជា​សារ​របស់​លោក កឹម សុខា ហើយ​ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ​អំពី​គម្រោង​ដណ្ដើម​កៅអី​ជា​ប្រធាន​បក្ស​ពី​លោក សម រង្ស៊ី តាម​គំនិត​ផ្តួចផ្តើម​របស់​លោក ហ៊ុន សែន។ អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ យល់​ឃើញ​ថា ការ​ពិត​កាសែត​ដែល​អាជីព​ត្រូវ​ប្រកាន់​គោលការណ៍​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​ឲ្យ​បាន​ខ្ពស់ ហើយ​ការ​ចុះ​ផ្សាយ​អត្ថបទ​ដែល​ពុំ​ផ្អែក​លើ​ភាព​ពិត វា​នឹង​នាំ​ឲ្យ​ស្ថាប័ន ឬ​អង្គភាព​នោះ ត្រូវ​ចុះ​ខ្សោយ និង​បាត់បង់​តម្លៃ​របស់​ខ្លួន​ទៅ​វិញ​ទេ។



នេះ​អាច​ចាត់​ទុក​ថា ជា​ប្រតិកម្ម​លើក​ទី​១​ហើយ​របស់​​​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ដែល​មាន​ឯកសារ​នៃ​រឿង​អាស្រូវ​បែក​ធ្លាយ​ជា​ហូរហែ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ ហើយ​ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ​ព្រោងព្រាត អំពី​ភាព​ចម្រូងចម្រាស និង​ភាព​ប្រេះឆា​ផ្ទៃក្នុង​របស់​បក្ស​ប្រឆាំង​នៅ​ពេល​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​៤ ខែ​មីនា របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​ថា មាន​ប្រព័ន្ធ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​តែង​ផ្សព្វផ្សាយ​ដំណឹង​ក្លែងក្លាយ ឯកសារ​ប្រឌិត និង​មួលបង្កាច់​គណបក្ស​ប្រឆាំង ក្នុង​បំណង​បន្តុះបង្អាប់ ឆ្កឹះឆ្កៀល និង​បំបែកបំបាក់។

ប្រតិកម្ម​របស់​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ ក្រោយ​ពី​មាន​ឯកសារ​បែក​ធ្លាយ​មួយ​ច្បាប់​ចុង​ក្រោយ​រវាង​ថ្នាក់​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ។ ឯកសារ​ដែល​ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ តាមរយៈ​ហ្វេសប៊ុក (Facebook) ឈ្មោះ សីហា ហើយ​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ការ​សន្ទនា​សម្ងាត់ នេះ បាន​បរិយាយ​ពី​អំពើ​ក្បត់​ឆន្ទៈ​ថ្នាក់​ដឹកនាំ​កំពូល និង​ភាព​រង្គោះរង្គើ​ផ្ទៃ​ក្នុង​បក្ស​ប្រឆាំង។

ឯកសារ​ដែល​ត្រូវ​បាន​អង្គភាព​ហ្វ្រេសញូវ (Fresh News) ដែល​ជា​ស្ថាប័ន​ព័ត៌មាន​​ស្និត​នឹង​រដ្ឋាភិបាល​យក​ចេញ​ពី​ហ្វេសប៊ុក ឈ្មោះ សីហា បាន​ទម្លាយ​ពី​ការ​សន្ទនា​រវាង​តំណាងរាស្ត្រ​លោក ម៉ៅ មុនីវណ្ណ ជាមួយ​ខុទ្ទកាល័យ​​​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ទៅ​លោក កឹម សុខា។ សារ​សន្ទនា​ដែល​ត្រូវ​គេ​យក​ចេញ​ពី​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​វាត់ស្អាប់ (WhatsApp) គឺ​បាន​លើក​ឡើង​ពី​គម្រោង​ច្បាម ឬ​ដណ្ដើម​មុខ​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពី​លោក សម រង្ស៊ី ដើម្បី​ដាក់​ឲ្យ​លោក កឹម សុខា វិញ។

សារ​សន្ទនា​ដែល​កាសែត​ចុះ​ផ្សាយ​ថា វា​ជា​ឯកសារ​សន្ទនា​ដ៏​សម្ងាត់ និង​ការពិត​នេះ បាន​បង្ហាញ​ពី​ការ​ពេញ​ចិត្ត​ពេញ​ថ្លើម​របស់​លោក កឹម សុខា និង​លោក ម៉ៅ មុនីវណ្ណ ក្នុង​ការ​អនុវត្ត​តាម​គម្រោង​គ្របគ្រង​បក្ស​ពី​លោក ហ៊ុន សែន។

ទាក់ទិន​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ បដិសេធ​ក្នុង​ការ​អធិប្បាយ​ដោយ​បញ្ជាក់​យ៉ាង​ខ្លី​ថា ប្រតិកម្ម​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​មាន​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​បក្ស​រួច​ទៅ​ហើយ។ ស្រប​ពេល​ឯកសារ​នេះ​បាន​ផ្ទុះ​ឡើង គណបក្ស​សង្រ្គោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាម​ដែរ ដោយ​អំពាវនាវ​ដល់​សមាជិក​នៅ​ក្នុង​បក្ស​ប្រុង​ប្រយ័ត្ន​ចៀសវាង​ការ​ភ័ន្តច្រឡំ និង​ចាញ់​បោក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត និង​ក្លែងក្លាយ​ទាំង​នេះ។

ដោយ​ឡែក​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន វិញ​ ស្នើ​សុំ​មិន​បក​ស្រាយ​អ្វី​ឡើយ​ចំពោះ​ឯកសារ​សម្ងាត់​នេះ ដោយ​លោក​ថ្លែង​ថា ពុំ​បាន​ដឹង​ការ​ពិត​ទេ។ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ បាន​បង្វែរ​សំណួរ​នេះ​ទៅ​ខុទ្ទកាល័យ​របស់​លោក ហ៊ុន សែន វិញ៖ «រឿង​ហ្នឹង​ទាល់​តែ​សួរ​ឯកឧត្ដម​ខុទ្ទកាល័យ​បាន​ដឹង។ ខ្ញុំ​អត់​បាន​ដឹង​រឿង​ហ្នឹង​ទេ។ ខ្ញុំ​ឃើញ​តែ​ក្នុង​ហ្វេសប៊ុក​ដែរ ដល់​បើក​មក​វា​អត់​ចេញ​ជា​ខ្លឹមសារ»។

អាស៊ីសេរី ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​ពី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ភ្លាមៗ​ទេ ជុំវិញ​ឯកសារ​បែក​ធ្លាយ​នេះ នៅ​ថ្ងៃ​ទី​៤ ខែ​មីនា។

បើ​ទោះ​ជា​បែប​ណា លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ឃើញ​ថា គេ​ពិត​ជា​ពិបាក​សន្និដ្ឋាន​ណាស់​ថា តើ​វា​ជា​ការ​សន្ទនា​ពិត​ប្រាកដ ឬ​បែប​ណា​នោះ​ឡើយ។ លោក​បន្ត​ថា ការ​ចុះផ្សាយ​ក្នុង​ពេល​កន្លង​ទៅ​របស់​ស្ថាប័ន​ព័ត៌មាន ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​នេះ តែង​ផ្អែក​លើ​និន្នាការ​ទៅ​រក​រដ្ឋាភិបាល និង​ផល​ប្រយោជន៍​នយោបាយ​ច្រើន​ជាង៖ «វា​គ្រាន់​តែ​ស្ដាប់ៗ​ទៅ ប៉ុន្តែ​ដូច​ការ​ផ្សព្វផ្សាយ​មុនៗ មក​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ហ្នឹង​ខុស​នឹង​ការ​ពិត ហើយ​មាន​កន្លែង​ក្លែងក្លាយ​ទៀត​ផង»។

នេះ​ពុំ​មែន​ជា​រឿង​ថ្មី​ឡើយ ការ​បែក​ធ្លាយ​សារ​ឯកជន​ដែល​ត្រូវ​បាន​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​គេ​ជឿ​ថា ស្និទ្ធ​នឹង​រដ្ឋាភិបាល​បញ្ចេញ រួច​បន្ទាប់​មក​ទៀត​កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត។ សំឡេង​សន្ទនា និង​សារ​ឆ្លើយឆ្លង​ជា​ឯកជន ជា​ពិសេស​ពី​ខាង​បក្ស​ប្រឆាំង ត្រូវ​បានគេ​បញ្ចេញ​ជា​ហូរហែ។

អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ មើល​ឃើញ​ថា សេនារីយោ​នេះ​អាច​ជា​វិធី​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ត្រូវ​ចុះ​ខ្សោយ ឬ​បាត់បង់​ប្រជាប្រិយភាព​មែន។ ក៏ប៉ុន្តែ​មធ្យោបាយ​នេះ មិន​ត្រឹម​តែ​ជំរុញ​ឲ្យ​បក្ស​ប្រឆាំង​ក្លាយ​ជា​អ្នក​រង​គ្រោះ ហើយ​គួរ​ឲ្យ​អាណិត​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ខ្លាំង​ជាង​មុន​ថែម​ទៀត​ទៅ​វិញ៕

No comments: