Tuesday, 4 April 2017
ជនជាតិដើមភាគតិចកួយខែត្រស្ទឹងត្រែងថាបទល្មើសព្រៃឈើកើតមានច្រើន
ដោយ ម៉ែន សុធីរ
2017-04-03
ដើមឈើដែលត្រូវគេកាប់ក្នុងបរិវេណដីព្រៃសហគមន៍ភ្នំជម្រកសត្វ ឋិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦។ RFA/Men Sothyr
RFA/Men Sothyr
ជនជាតិដើមភាគតិចកួយ រស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ប្រទះឃើញគ្រឿងចក្រមួយគ្រឿងឈូសឆាយព្រៃរានយកដីនៅចំណុចខាងត្បូងភ្នំធំ ជាប់ព្រំប្រទល់ព្រៃសហគមន៍ភ្នំជម្រកសត្វ។ សកម្មភាពឈូសឆាយនោះ ធ្វើឡើងតាំងពីចុងខែមីនា រហូតមកទល់ពេលនេះ ពុំឃើញមានអាជ្ញាធរពាក់ព័ន្ធណាចុះទប់ស្កាត់នោះទេ បើទោះបីជាអ្នកភូមិបានរាយការណ៍ករណីនេះទៅកាន់អាជ្ញាធរច្រើនសាក្តី។
ជនជាតិដើមភាគតិចកួយ ឲ្យដឹងនៅថ្ងៃទី២ មេសា ថា សកម្មភាពទន្ទ្រានព្រៃរានយកដីធ្វើកម្មសិទ្ធិឯកជន បានកើតមានឡើងពេញបន្ទុកនៅស្រុកថាឡាបរិវ៉ាត់។ ចលនាទន្ទ្រាននោះ ភាគច្រើនបង្កឡើងដោយពលរដ្ឋចំណូលស្រុក និងឈ្មួញមានឥទ្ធិពលនៅមូលដ្ឋាន។
ជនជាតិដើមភាគតិចកួយ រស់នៅភូមិឆ្វាំង ឃុំសំអាង លោក អ៊ុក ម៉ៅ កត់សម្គាល់ថា ត្រាក់ទ័រឈូសដី ឬហៅថាអាប៊ុល (Bulldozer) មួយគ្រឿង ត្រូវបានអ្នកភូមិប្រទះឃើញឈូសឆាយព្រៃស្រោងខាងត្បូងតំបន់ភ្នំធំ អស់ប្រហែល ១០ហិកតារជាថ្មីទៀត។ លោកសង្កេតឃើញថា តំបន់នោះជាទីតាំងជ្រករបស់សត្វព្រៃរស់នៅ ដែលមានដើមឈើផលិតជ័រទឹករបស់ជនជាតិដើមភាគតិចផង។ លោកបារម្ភថា ព្រៃស្រោងតំបន់នោះនឹងវិនាសហិនហោច ប្រសិនបើអាជ្ញាធរពាក់ព័ន្ធនៅតែធ្វើមិនដឹងមិនឮ៖ «តំបន់ដែលគេឈូសឆាយដើមឈើមានមុខមួយម៉ែត្រខ្លះ មានមុខកន្លះម៉ែត្រខ្លះ។ ព្រៃនោះគេហៅដីព្រៃសហគមន៍ភ្នំជម្រកសត្វ មានសត្វទន្សោង ខ្ទីង ជាពិសេសជ្រូកឈ្លូស។ គេឈូសឆាយដីព្រៃធ្វើជាដំណាំដំឡូង ចន្ទី»។
លោក អ៊ុក ម៉ៅ បន្ថែមថា នៅគ្រាដែលអ្នកភូមិប្រទះឃើញសកម្មភាពឈូសឆាយព្រៃតំបន់នោះ ពួកគេបានផ្តល់ដំណឹងទៅមេឃុំ តែពុំទទួលលទ្ធផល។ លោកថា ការកាប់ទន្ទ្រានដីព្រៃសហគមន៍ភ្នំជម្រកសត្វ ក៏កំពុងកើតមានយ៉ាងគគ្រឹកគគ្រេងដែរ ខណៈព្រៃនៅតំបន់នោះត្រូវបានគេកាប់ព្រៃរានយកដីអស់រាប់ពាន់ហិកតារនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
អាស៊ីសេរី មិនអាចទាក់ទងមេឃុំសំអាង លោក ញៀន ផុន ដើម្បីសុំការឆ្លើយតបបញ្ហានេះបានទេនៅថ្ងៃទី២ មេសា ព្រោះទូរស័ព្ទមិនអាចទាក់ទងបាន។
ចំណែកប្រធានរដ្ឋបាលសាលាស្រុកថាឡាបរិវ៉ាត់ លោក ថៃ អ៊ី ឲ្យដឹងនៅថ្ងៃទី២ មេសា ថា អាជ្ញាធរស្រុកពុំទាន់ទទួលបានព័ត៌មានករណីនេះនៅឡើយទេ។ លោកអះអាងថា អាជ្ញាធរស្រុកកំពុងយកចិត្តទុកដាក់អនុវត្តសារាចរណែនាំរបស់រដ្ឋាភិបាល ក្នុងការចុះទប់ស្កាត់បទល្មើសព្រៃឈើ ក្នុងនោះអាជ្ញាធរបានបង្កើតក្រុមល្បាតព្រៃចម្រុះមានការចូលរួមពីពលរដ្ឋ អាជ្ញាធរដែនដី និងមន្ត្រីជំនាញ បំណងអភិរក្សព្រៃឲ្យមានប្រសិទ្ធភាព។ លោកថា ក្រុមល្បាតព្រៃទាំងនោះនឹងចុះអនុវត្តជាក់ស្តែង និងចងក្រងជារបាយការណ៍ផង៖ «ឥឡូវយើងចាប់ផ្ដើមល្បាតនៅអូររី អន្លង់ជ្រៃ និងកាំងចាម បានមួយជំហាន ហើយយើងទទួលបានរបាយការណ៍មួយចំនួនពីក្រុមការងារផងដែរ។ បើយើងអនុវត្តជោគជ័យ ប្រហែលទាំង ១១ឃុំ យើងនឹងជំរុញឲ្យមានដំណើរការល្បាតរួមគ្នាហ្នឹង»។
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញសារាចរស្ដីពីវិធានការគ្រប់គ្រងធនធានធម្មជាតិ ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួនទៅឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវចាត់វិធានការឲ្យបានហ្មត់ចត់ ដើម្បីទប់ស្កាត់ និងបង្ក្រាប ព្រមទាំងលុបបំបាត់បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ រួមទាំងការរុករានដីក្នុងតំបន់ព្រៃការពារ និងអភិរក្សធម្មជាតិដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ប៉ុន្តែរហូតមកដល់ពេលនេះ ការអនុវត្តជាក់ស្តែង គេសង្កេតឃើញរដ្ឋាភិបាលហាក់បរាជ័យក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃសហគមន៍ និងព្រៃអភិរក្ស ដែលការពារដោយច្បាប់។
ជនជាតិដើមភាគតិចកួយ រស់នៅឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ លោក ថាន់ វ៉ន អះអាងដែរថា ព្រៃសហគមន៍ឃុំស្រែឫស្សី ក៏រងការកាប់រានយកដីធ្វើអាជីវកម្មអនាធិបតេយ្យច្រើនខែមកហើយ ក្នុងនោះដើមឈើផលិតជ័រទឹក និងដើមឈើមានតម្លៃនៅតំបន់នោះ ត្រូវបានគេកាប់ហិនហោច។ លោកថា សកម្មភាពកាប់រានព្រៃធ្វើជាដីកម្មសិទ្ធិភាគច្រើនជាពលរដ្ឋចំណាកស្រុក និងមួយចំនួនតូចជាពលរដ្ឋនៅមូលដ្ឋាន។ លោកពុំមានជំនឿសោះឡើយលើការអនុវត្តច្បាប់របស់អាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ត្រីរដ្ឋបាលព្រៃឈើ ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ខណៈបទល្មើសព្រៃឈើនៅតែកើតមានពេញបន្ទុក បើទោះបីជាប្រមុខរដ្ឋាភិបាលបានដាក់ចេញសារាចរណែនាំក្តី៖ «វាបានត្រឹមថាតាមពិតអត់មានជួយការពារជាតិផង គឺបំផ្លាញជាតិ គិតគូរតែក្រពះវា វាអត់មានគិតគូររបស់ជាតិ ហើយវានឹកឃើញមេវា សម្ដេច ហ៊ុន សែន ខំស្រែក វាអត់មាននឹកឃើញអីណា។ តាមពិតពួកនេះវាទម្លាក់សន្លឹកឆ្នោតខ្លួនឯង បានវាខំបំផ្លាញព្រៃឈើ ហើយ ហ៊ុន សែន ទៅធ្វើទុក្ខបុកម្នេញតែគណបក្សប្រឆាំង តែតាមការពិត អាក្រោមរបស់គាត់ចង់ទម្លាក់សន្លឹកឆ្នោតខ្លួនឯង អត់ដឹងទេហ្នឹង!»។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល មើលឃើញថា សកម្មភាពបំផ្លាញព្រៃឈើនឹងគ្មានទីបញ្ចប់ទេ ប្រសិនបើការអនុវត្តច្បាប់ព្រៃឈើនៅមានភាពចន្លោះប្រហោងច្រើន ហើយកិច្ចសហការបង្ក្រាបបទល្មើសព្រៃឈើហាក់នៅមានកម្រិតដែរនោះ៕
Subscribe to:
Post Comments (Atom)
1 comment:
ធ្វើម្តេចទៅ បើអាគុក វាថាកុំឲ្យកាប់ នោះច្បាស់ជា វាថាកាប់ទៅ
ដូចថា កុំឲ្យរថយន្តឈ្នួលកុំឡើងថ្លៃ ដូចប្រាប់ថាឲ្យឡើងថ្លៃ អញ្ចឹង
កុំជោវើយ អាគុក វាតែរបៀបនេះ ជាង ៣០ឆ្នាំ មកហើយ កុំតូចចិត្តអី ណា គេថាទ្រាំលេបថ្ម លេបគ្រោះ ទៀតទៅ បើមិនទៅបោះឆ្នោតទេនោះ។
Post a Comment