Wednesday, 5 April 2017
ស្រ្តីគឺជាជនរងគ្រោះនៃជំងឺធ្លាក់ទឹកចិត្តច្រើនជាងបុរស
ដោយ៖ ឆេង ណាតា | ថ្ងៃទី 05 មេសា 2017
wmc
ភ្នំពេញ ៖ តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ក្នុងចំណោមមនុស្ស ៣០០ លាននាក់ដែលមានជំងឺធ្លាក់ទឹកចិត្ត ស្រ្តីមានអាត្រាច្រើនជាងបុរស។ អ្នកឯកទេសខាងជំងឺផ្លូវចិត្តបានឱ្យដឹងថា ការណ៍ដែលស្រ្តីប្រឈមនឹងជំងឺធ្លាក់ទឹកចិត្តច្រើនជាងបុរស ដោយសារកត្តា សេរីភាព ប្រពៃណីទំនៀមទម្លាប់ និងការរើសអើងភេទ។
អ្នកជំនាញខាងជំងឺផ្លូវចិត្ត បានលើកឡើងថា ស្រ្តីជាទូទៅប្រឈមមុខ នឹងការកើតជំងឺធ្លាក់ទឹកចិត្តច្រើនជាងបុរស។ នេះបើផ្អែកតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកដែលបង្ហាញជាសាធារណៈនៅថ្ងៃពុធទី៥ខែមេសានេះ។
ជំងឺធ្លាក់ទឹកចិត្តគឺជាជំងឺផ្លូវចិត្តមួយប្រភេទដែលធ្វើឲ្យអ្នកមានជំងឺមានអារម្មណ៍ឯកកោរ ស្រងូតស្រងាត់ បាត់បង់ការចាប់ អារម្មណ៍ និងសប្បាយស្ទើរតែគ្រប់ស្ថានភាពក្នុងជីវិតរស់នៅប្រចាំថ្ងៃ មានអារម្មណ៍បរាជ័យគ្រប់ស្ថានភាព ស្តីបន្ទោសខ្លួនឯង ឬដាក់ទណ្ឌកម្មលើខ្លួនឯង ថមថយក្នុងការសម្រេចចិត្ត និងដោះស្រាយបញ្ហាប្រចាំថ្ងៃ។ អ្នកជំងឺបាត់បង់ទំនុកចិត្តលើខ្លួន ឯង មានគំនិតមិនចង់រស់ ឬធ្លាប់ធ្វើអត្តឃាតម្តង ឬច្រើនដង មានគំនិតមនុស្សឃាត មានវិបត្តិដំណេក ញ៉ាំពុំបាន ស្រកទំងន់ ឬញ៉ាំច្រើន ឡើងទំងន់ ធ្វើចលនាយឺតៗ មានសភាពឡេះឡាស់ បាត់បង់ចំណង់ផ្លូវភេទ អស់កម្លាំងល្ហិតល្ហៃស្ទើរគ្រប់ពេល វេលា ទល់លាមក និងរដូវមិនទៀងទាត់។ បន្ថែមពីនោះអ្នកជំងឺធ្លាក់ទឹកចិត្ត តែងតែ ផាត់ខ្លួនឯងចេញពីសង្គម ថយចុះមុខងារ ថែរក្សាខ្លួនឯង និងអសមត្ថភាពថែរក្សាអ្នកដទៃ អសមត្ថភាពក្នុងការបំពេញការងារ ក្នុងការសម្រេចចិត្ត និងការស្រុតចុះនៃការចង់ដឹងហេតុផលផ្សេងៗ។
លោក វេជ្ជបណ្ឌិត យឹម សុបុត្រា ប្រធានផ្នែកជំងឺផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បាន ពន្យល់នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីសុខភាពពិភពលោក នៅក្រសួងសុខាភិបាល ក្រុងភ្នំពេញថា មូលហេតុដែលស្រ្តីប្រឈមនឹងការកើតជំងឺធ្លាក់ទឹកចិត្តច្រើន ដោយសារការប្រែប្រួលអរម៉ូននៅពេលមានរដូវ ក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលកូន។ «វារឹតខ្លាំងមែនទែននៅពេលដែលក្រោយសម្រាល ការប្រែប្រួលកាន់តែខ្លាំង។ ហើយនៅពេលស្រ្តីមានជំងឺធ្លាក់ទឹកចិត្តនៅក្រោយសម្រាល តាមទំនៀមទម្លាប់បែរជាគិតទៅលើទំនឿបែបចាស់ ទៅជាទាស់ ទាស់ ដំណេក ទាស់សរសៃរ ឃើញស្រ្តីចាប់ផ្តើមលែងមានទឹកដោះចេញ ចាប់ផ្តើមដំណេកមិនល្អ មិនសូវញ៉ាំ ឃើញស្រី្តហ្នឹងមាន ទឹកមុខស្រពាប់ស្រពោនតានតឹងអញ្ចឹងឯង»។
លោក វេជ្ជបណ្ឌិត យឹម សុបុត្រា បន្ថែមថាកង្វះការយកចិត្តទុកដាក់ពីក្រុមគ្រួសារអាចនឹងធ្វើឲ្យស្ថានភាពជំងឺរបស់ស្ត្រីកាន់តែធ្ងន់ធ្ងរ។
ជំងឺធ្លាក់ទឹកចិត្តចំពោះស្ត្រី ច្រើនកើតមានច្រើនទៅលើស្រ្តីវ័យចំណាស់ដោយសារតែអរម៉ូនប្រែប្រួលកាន់តែខ្លាំងនៅពេល គាត់អស់រដូវ។
អ្នកឯកទេសខាងជំងឺផ្លូវចិត្តរូបនេះ បានពន្យល់បន្ថែមថា ក្រៅពីការប្រែប្រួលអរម៉ូនរបស់ស្រ្តី បរិយាកាសសង្គម ការរើស អើងភេទ ការប្រកាន់ទំនៀមទំលាប់ប្រពៃណីដាក់បន្ទុកលើកូនស្រី បញ្ហាគីមី ក៏ជាសម្ពាធធ្វើឱ្យស្រ្តីមានជំងឺធ្លាក់ទឹកចិត្ត ច្រើនជាងបុរសផងដែរ ។
តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ក្នុងឆ្នាំ២០១៥ នៅលើពិភពលោកមានមនុស្ស ៣០០លាននាក់ មានជំងឺ ធ្លាក់ទឹកចិត្ត ស្មើនឹង៤%នៃប្រជាពលរដ្ឋទូទាំងពិភពលោក។ ជាង៨០%នៃបន្ទុកជំងឺនេះ កើតមាននៅបណ្តាប្រទេសដែលមាន ប្រាក់ចំណូលទាប។ របាយការណ៍នេះបានបន្តថា ជំងឺធ្លាក់ទឹកចិត្ត គឺជាជំងឺមួយដែលមានញឹកញាប់ចំពោះស្រ្តី ៥.១% ច្រើនជាងបុរស ដែលមានប្រមាណ៣.៦%។
មានមូលហេតុជាច្រើនដែលបង្កឲ្យមានជំងឺធ្លាក់ទឹកចិត្ត។ មូលហេតុមួយចំនួនក្នុងចំណោមនោះមានដូចជាការបាត់បង់ ឪពុក ឬម្តាយក្នុងវ័យកុមារ ការរំលោភបំពានផ្លូវចិត្ត និងផ្លូវភេទពីវ័យកុមារ ការចិញ្ចឹមបីបាច់ពីឪពុកម្តាយមិនបានល្អ មានប្រវត្តិប៉ះ ទង្គិចផ្លូចចិត្ត ទទួលការតានតឹងក្នុងចិត្តស្រួចស្រាល និងរ៉ាំរៃ ការថយចុះ ឬការបាត់បង់ការគាំទ្រពីសង្គម។ ជំងៃរ៉ាំរ៉ៃក៏អាចបង្កឲ្យកើតជំងៃធ្លាក់ទឹកចិត្តបានដែរដូចជាជំងឺទឹកនោមផ្អែម បេះដូង មហារីក។ ជាមួយគ្នានេះ កង្វះការងារ ចំណាកស្រុកភាព តានតឹងប្រចាំថ្ងៃ បញ្ហាផ្លូវចិត្តមិនទាន់ដោះស្រាយ បញ្ហាទំនាក់ទំនងប្តីប្រពន្ធ និងអំពើហឹង្សាក្នុងគ្រួសារ ក៏ជាមូលហេតុនាំ ឱ្យមានជំងឺធ្លាក់ទឹកចិត្តផងដែរ។
លោកស្រី សុខ ផាណែត អ្នកសម្រួលផ្នែកបណ្តុះបណ្តាលនៃអង្គការចិត្តសង្គម និងអន្តរវប្បធម៌ ហៅកាត់ថា PTO លើកទឹកចិត្តឱ្យស្រ្តីដែលដឹងថាខ្លួនមានជំងឺធ្លាក់ទឹកចិត្តទៅរកសេវាព្យាបាល នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យ។ ប៉ុន្តែការជជែក គ្នាអំពីបញ្ហាដែលពួកគាត់កំពុងជូបប្រទះក៏អាចជាវិធីជួយព្យាបាលបានដែរ។
«គាត់អាចទៅរកសេវាផ្សេងៗទៀត វត្តអារាម វត្តអារមក៏ជាទីជំរកមួយដែលគាត់អាចរកការប្រឹក្សាយោបល់ស្របនិងបរិបទនៃជំនឿខ្លះក៏ត្រូវហ្នឹងដែរ ទោជជែកឬការពិភាក្សាពីព្រះសង្ឃ ឬក៏ពីដូនជី អញ្ចឹងក៏ជាឱកាសដែលគាត់អាចរកសេវាបាន ហើយ ដោយអ្នកបច្ចេទេស ឬអ្នកមិនបច្ចេកទេស តាមការចាប់ផ្តើមការនិយាយ គឺជាដំណោះស្រាយមួយដែលល្អ»។
បើតាមលោក វេជ្ជបណ្ឌិត យឹម សុបុត្រា ជំងឺធ្លាក់ទឹកចិត្តគឺបាត់ឱកាសទទួលយកការងារ និងរកប្រាក់ចំណូល អាចបណ្តាល ឲ្យឈានទៅប្រើប្រាស់គ្រឿងស្រវឹង និងសារធាតុញៀន។ ម្យ៉ាងវិញទៀតជំងឺនេះ អាចបង្ករឱ្យសមាជិកគ្រួសារផ្សេងទៀត មានភាពតានតឹង បង្កឲ្យបាត់បង់កម្លាំងផលិតក្នុងគ្រួសារ និងសង្គម ព្រមទាំងបង្កឱ្យកើតមានហឹង្សា និងអសុវត្តិភាពក្នុង សង្គម៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment