Wednesday, 5 April 2017

ខុមហ្រ្វែលរកឃើញ៖បញ្ជីបោះឆ្នោតថ្មី គ.ជ.ប មានសុក្រឹត្យភាពខ្ពស់


ដោយ៖ ជួន សារ៉េត | ថ្ងៃទី 05 មេសា 2017
wmc

election-01

ភ្នំពេញ៖អង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា ខុមហ្រ្វែល រកឃើញថាបញ្ជីបោះឆ្នោតថ្មីរបស់ គ.ជ.ប ៩៨% មានសុក្រឹត្យភាពត្រឹមត្រូវ។ នេះបើតាមសន្និសីទសារព័ត៌មានរបស់អង្គការខុមហ្រ្វែល ធ្វើទ្បើងព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នំា២០១៧ នៅស្នាក់ការអង្គការខុមហ្វ្រែល  រាជធានីភ្នំពេញ។


លោក កន សាវង្សមន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការខុមហ្វ្រែលបានថ្លែងក្នុងសន្និសីទសារព័ត៌មាន ថាប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជាមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ថ្មីឆ្នំា២០១៦គឺមានចំនួន ៨៩,៣%។លោកឱ្យដឹងទៀតថាតាមការធ្វើសវនកម្មរបស់អង្គការខុមហ្វ្រែលបានរកឃើញថាការ ផ្ទៀងផ្ទាត់ ព័ត៌មាន ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាមួយវត្តមាន តាមទីតំាង របស់អ្នកមានឈ្មោះ បោះឆ្នោតក្នុងបញ្ជីចំនួន  ៩៨% បានបង្ហាញភាពត្រឹមត្រូវ ។លោក កន សាវង្ស «បើយើងប្រៀបធៀបរវាងបញ្ជីដែល យើងបាន សិក្សា រវាងឆ្នំា២០១៣ ជាមួយហ្នឹង២០១៦គឺវាខុសប្លែកគ្នាគឺ២០១៦ នេះជាបញ្ជីដែលលក្ខណៈភាព ត្រឹមត្រូវនៃព័ត៌មានដែលមានលក្ខណៈប្រសើរជាងឆ្នំា២០១៣»។



នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ នៅ កម្ពុជា NICFEC លោក សំ គន្ធាមី យល់ឃើញថាតាមរបាយការណ៍ នេះនឹងធ្វើឱ្យដំណើរការបោះឆ្នោត សេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសនឹងធ្វើឱ្យប្រជាពលរដ្ឋមាន ជំនឿចិត្តពីសុក្រឹត្យភាព នៃដំណើរ ការបោះឆ្នោត។

លោកបញ្ជាក់ថាបញ្ជីបោះឆ្នោតថ្មីឆ្នំា២០១៦នេះមានភាពល្អប្រសើរច្រើនបើធៀបឆ្នំា២០១៣។ លោក សំ គន្ធាមី«ឆ្នំា២០១៣មានចំនួនច្រើនជាង១០%ឈ្មោះស្ទួនមានឈ្មោះហើយយើងទៅធ្វើអូឌីតអត់មាន មនុស្សទេយើងឈ្មោះក្នុងបញ្ជីមានដល់យើងទៅរកឈ្មោះជាក់ស្តែងនៅភូមិ ឃុំហ្នឹងអត់មានឈ្មោះ ហ្នឹងទេអាហ្នឹងគេហៅថាឈ្មោះខ្មោចដូច្នេះបញ្ជីថ្មីនេះនឹងធ្វើឱ្យភាគីពាក់ព័ន្ធទំាងអស់គេមានសុទិដ្ឋិនិយម ជឿជាក់លើបញ្ជីបោះឆ្នោត»។

រីឯអ្នកនំាពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា សាទររបាយការណ៍នេះ។  លោកហង្ស និយាយថា គ.ជ.ប នឹងព្យាយាមស្វែងរកការពិតពីរបាយការណ៍ណាដែលរកឃើញថាមានភាពមិនប្រក្រតីក្នុងការបោះឆ្នោត។

លោក ហង្ស ពុទ្ធា ៖«គ.ជ.ប នឹងបន្តផ្ទៀងផ្ទាត់ទៅលើអ្វីដែលជារបាយការណ៍និយាយអំពីភាពមិនប្រក្រតី របស់ស្ថាប័នធ្វើ Surveyនេះគ.ជ.ប ចង់ឱ្យរបាយការណ៍ទៅលើករណីនីមួយៗមានចម្លើយតបពី គ.ជ.ប »។

ចំណែកតំណាងរាស្រ្តបក្សប្រឆំាងលោក ឃី វណ្ណដេត គាំទ្រការចេញរបាយការណ៍នេះ។ លោក ឃី វណ្ណ ដេត សង្ឃឹមថាតាមរយៈរបាយការណ៍នេះនឹងធ្វើឱ្យដំណើរការ ប្រព្រឹត្តិដោយតម្លាភាពជាងការបោះឆ្នោត នាពេលមុនៗ។  លោក ឃី វណ្ណដេត ៖«វាការអភិវឌ្ឍន៍មួយជាការបោះជំហ៊ានមួយដែលយើងត្រូវទទួល ស្គាល់ហើយ គ.ជ.ប រៀបបានប៉ុណ្ណឹងគុណភាពប៉ុណ្ណឹងដូច្នេះបើការបោះឆ្នោតកន្លងមកវា ពាក់ព័ន្ធនឹង បញ្ជីបោះឆ្នោតហើយបើបញ្ជីបោះឆ្នោតបានសម្រិតសម្រំាងក្នុងកម្រិត៩៨%បែបនេះហើយវាធ្វើឱ្យការបោះឆ្នោតវាមានគុណភាពសមស្របជាមួយគ្នានោះដែរ»។

ចំណែកអ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត ក៏សាទរនឹងរបាយការណ៍នេះដែរ។ លោក សុខ ឥសាន្ត សង្កត់ធ្ងន់ថា«បើខុមហ្វ្រែលជាអ្នកកាន់ជើងគាត់រកអី មិនឃើញទៀតអាហ្នឹងវាកាន់ តែអស់ផ្លូវហើយធ្វើឱ្យការបោះឆ្នោតមានការសង្ឃឹមវាប្រព្រឹត្តិទៅដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌ហើយ មិនអាចគណបក្សណាមួយធ្វើពហិការដូចពីមុនទៀត ឬបដិសេធលទ្ធផលបានទៀតនោះទេ»។សូមជម្រាបថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៤ មិថុនា ឆ្នំា២០១៧ ដែលមានឃុំ សង្កាត់ ១៦៤៦៕

No comments: