Saturday, 1 April 2017
ក្រសួងមហាផ្ទៃនឹងចេញ សំបុត្រកំណើតប្រភេទថ្មី សម្រាប់កូនៗជនបរទេសបែបអន្តោប្រវេសន៍ដែលកើតនៅកម្ពុជា
ដោយ ស្រី សុភ័ក្រ្ត 31/03/2017 31/03/2017
rfi
មន្ត្រីក្រសួងមហាផ្ទៃកំពុងពិនិត្យមើល សំបុត្រកំណើតលិខិតរដ្ឋបាលកម្ពុជា
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៦ របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅ ថ្ងៃសុក្រនេះ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងថា ក្រសួងមហាផ្ទៃកំពុងសិក្សាការចេញ សំបុត្រកំណើតប្រភេទថ្មី សម្រាប់កូនជនបរទេសបែបអន្តោប្រវេសន៍ ដែលកើតនៅកម្ពុជា។ សំបុត្រកំណើតថ្មីនេះ នឹងបញ្ជាក់សញ្ជាតិដើមនៃកូនជនបរទេសហើយប្រើជំនួស សំបុត្របញ្ជាក់កំណើតបច្ចុប្បន្ន ដែលមេឃុំ ចៅសង្កាត់ ធ្លាប់ចេញសញ្ជាតិខ្មែរដោយខុសច្បាប់ ជូនកូនៗរបស់ជនអន្តោប្រវេសន៍បរទេស អស់រយៈពេលជាង ៣០ឆ្នាំមកហើយនោះ។
នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងថា លោកនឹងដាក់សំណើរមួយទៅ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដើម្បីចេញ សំបុត្រកំណើតប្រភេទថ្មីមួយ សម្រាប់ប្រើប្រាស់ចំពោះ កូនៗជនបរទេសបែបអន្តោប្រវេសន៍ ដែលកើតនៅលើទឹកដីកម្ពុជា។ សំបុត្រកំណើតថ្មី នឹងបញ្ជាក់ សញ្ជាតិដើមរបស់ទារកដែលមិនមែនជាសញ្ជាតិខ្មែរ ព្រោះតែឳពុកម្តាយពួកគេ សុទ្ធតែជាជនបរទេស។ ក្នុងសំបុត្របញ្ជាក់កំណើតថ្មីនេះ នឹងប្រើប្រាស់នៅពេលចុះឈ្មោះដោយ ឪពុកម្តាយត្រូវសរសេរដាក់ថា «ជនអន្តោប្រវេសន៍» ហើយកូន (ទើបនឹងកើត) ត្រូវសរសេរសញ្ជាតិដើមសិន ដរាបណា ពួកគេទទួលបានសញ្ជាតិខ្មែរស្របច្បាប់ ទើបប្ដូរដាក់ថាជា «សញ្ជាតិខ្មែរ» វិញ។
លោកសុខ ផល បានបន្ថែមថា សំបុត្រកំណើតថ្មីនេះ នឹងប្រើជួសកំហុងឆ្គងអស់រយៈពេលជាង ៣០ឆ្នាំ របស់មេឃុំ ចៅសង្កាត់ ដែលតែងចេញសំបុត្រកំណើត ផ្ដល់សញ្ជាតិខ្មែរ ឲ្យកូនៗរបស់ជនបរទេសបែបអន្តោប្រវេសន៍ ទាំងផ្ទុយទៅនឹងច្បាប់ទាំងស្រុង។ សំបុត្រកំណើតប្រភេទថ្មី សម្រាប់ជនអន្តោប្រវេសន៍នេះ អាចនឹងយកគម្រូតាមប្រទេសថៃ ខណៈក្រសួងមហាផ្ទៃ កំពុងសិក្សាពីវិបាកនៃមោឃភាពសំបុត្រកំណើតចាស់ ដែលប្រើប្រាស់ដោយមិនប្រក្រតី។
ឧត្តមសេនីយ៏ឯក កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្វេសន៍ ក្រសួងមហាផ្ទៃ បញ្ជាក់ថាជនបរទេសបែបអន្តោប្រវេសន៍ ដែលកំពុងរស់នៅកម្ពុជាទាំងខុសច្បាប់ និងស្របច្បាប់ មានសរុបមិនលើសពី ២០ម៉ឺននាក់ទេ ដែលភាគច្រើន មានជាង ៩០% គឺជាជនជាតិវៀតណាម។ លោកបន្ថែមថា ក្រសួងមហាផ្ទៃកំពុងប្រជុំវាយតម្លៃពីលទ្ធភាព ដើម្បីធ្វើមោឃភាពឯកសារ សំបុត្រកំណើតលិខិតរដ្ឋបាលកម្ពុជា ដែលជនបរទេសកំពុងកាន់កាប់ដោយខុសច្បាប់ ឬមិនប្រក្រតី នៅត្រឹមបំណាច់ខែមេសានេះ។
គួរជម្រាបថា ប្រយោជន៍តាមផ្លូវច្បាប់នៃសញ្ជាតិខ្មែរគឺ ពលរដ្ឋខ្មែរនឹងត្រូវបានការពារដោយរដ្ឋតាមគ្រប់មធ្យោបាយការទូត ហើយរដ្ឋនឹងគាំពារផ្នែកសង្គមកិច្ច ព្រមទាំងទទួលបានសិទ្ធិជាកម្មសិទ្ធិករ លើដីធ្លី ជាដើម។ តាមច្បាប់ស្តីពីសញ្ជាតិឆ្នាំ ១៩៩៦ ការទទួលបានសញ្ជាតិខ្មែរ អាចកើតឡើង នៅក្នុងករណី ៣ ធំៗ ៖ គឺ *សញ្ជាតិខ្មែរពីកំណើត *សញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ និង *សញ្ជាតូបនីយកម្ម។ មាត្រា ៤ សញ្ជាតិខ្មែរពីកំណើត នឹងបានទៅលើទារក កើតនៅទីណាក៏ដោយ ដែលកើតពី ឳពុកឬម្តាយមានសញ្ជាតិខ្មែរ ឬត្រូវបានតុលាការចេញសាលក្រមថាកូននោះពិតជា កើតពី ឳពុកឬម្តាយមានសញ្ជាតិខ្មែរ។ ចំពោះកូនកើតនៅក្នុងប្រទេសកម្ពុជា ត្រូវបានសញ្ជាតិខ្មែរដែរ ដរាបណាកូនកើតពីឳពុក និងម្តាយបរទេស ដែលកើត និងរស់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា ឬកូនដែលទើបនឹងកើត គេរើសបាននៅក្នុងកម្ពុជា មិនស្គាល់ឳពុកម្តាយ ក៏ត្រូវចាត់ទុកថា កើតនៅកម្ពុជាដែរ។ ចំណែក បែបបទ និងនីតិវិធីនៃការទាមទារសញ្ជាតិខ្មែរ ដោយអាពាហ៍ពិពាហ៍ ឬ ការសុំសញ្ជាតូបនីយកម្ម ត្រូវរង់ចាំការកំណត់ដោយអនុក្រឹត្យ។ ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតូបនីយកម្ម ក៏ដូចជា ការផ្តល់សញ្ជាតិតាមរយៈអាពាហ៍ពិពាហ៍ដែរ គឺត្រូវធ្វើឡើង ដោយព្រះរាជក្រឹត្យ មានន័យថា ត្រូវឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ។
បើតាម អង្គការសហប្រជាជាតិ អត្រាប្រជាជនកម្ពុជា បានកើនឡើងដល់ជាង ១៦លាននាក់ គិតត្រឹមខែមីនាឆ្នាំ ២០១៧នេះ។ អត្រានេះធ្វើឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី ៧១ ក្នុងចំណោមប្រទេសដែលមានប្រជាជនច្រើនជាងគេនៅក្នុងពិភពលោក៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment