ដោយ សឿង ភារៈ 15/04/2017 15/04/2017
លោកកឹម សុខាបានជួបសំណេះសំណាល ជាមួយសមាគមខ្មែរ នៅវត្តពុទ្ធរង្សី នៃទីក្រុងម៉ែលប៊ន ប្រទេសអូស្ដ្រាលី
@FB Kem Sokha
ប្រធានគណបក្សប្រឆាំងលោកកឹម សុខា បានថ្លែងប្រាប់អ្នកគាំទ្រ និងប្រជាពលរដ្ឋ នៅប្រទេសអូស្ត្រាលីថា គណបក្សប្រឆាំងបំបែកមិនបែកទេ ព្រោះគណបក្សមានផ្លូវដើរច្បាស់លាស់។ ការលើកឡើងរបស់ប្រធានថ្មី គណបក្សប្រឆាំងនេះ ធ្វើឡើងក្រោយពីលោកសម រង្ស៊ី បានលាលែងពីតំណែងប្រធានគណបក្សប្រឆាំង នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។
កាលពីថ្ងៃទី១៤ ខែមេសា លោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិបានថ្លែងប្រាប់ប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្សនៅក្នុងវត្តពុទ្ធរង្សី នៃទីក្រុងម៉ែលប៊ន ប្រទេសអូស្ដ្រាលី ថា «ហើយបញ្ហាដែលគេចង់បំបែកបំបាក់គណបក្សសង្រ្គោះជាតិនេះ យើងបានប្រកាសហើយបំបែកមិនបែកទេ! ធ្លាប់បំបែកបក្សមុនៗបែក ដោយសាររឿងអ្វីផ្សេងមិនដឹងទេ! ចំពោះគណបក្សសង្រ្គោះជាតិ មានផ្លូវរបស់យើងច្បាស់លាស់! បំបែកយ៉ាងមិចក៏មិនបែកដែរ។»
ការលើកឡើងរបស់លោកកឹម សុខា ពីប្រទេសអូស្ត្រាលីតាមទំព័រហ្វេសប៊ុក CBN Khmer TV ឲ្យដឹងទៀតថាកាលពីអាណត្តិមុនៗក្នុងរដូវបោះឆ្នោតបែបនេះ គឺឮតែតំណាងរាស្ត្រ មន្ត្រីគណបក្សប្រឆាំងរត់ចូល ប៉ុន្តែបច្ចុប្បន្ននេះគឺគ្មានទេ។ លោកកឹម សុខាបានឲ្យដឹងទៀតថាចំណុចខ្លាំងរបស់គណបក្សសង្រ្គោះជាតិមួយទៀតនោះ គឺគណបក្សនេះបានរៀបចំក្រុមប្រឹក្សាឃុំ សង្កាត់គ្រប់ទូទាំង១,៦៤៦ឃុំ សង្កាត់ ពោលគឺស្មើនឹងគណបក្សប្រជាជនកម្ពុជាដែរ។
ក្នុងរយៈពេលចុងក្រោយនេះ គណបក្សសង្រ្គោះជាតិត្រូវបានគេមើលឃើញថាទទួលរងការធ្វើទុក្ខបុកម្នេញផ្សេងៗជាច្រើន ដើម្បីឲ្យបក្សនេះ មិនអាចចូលរួមក្នុងការបោះឆ្នោត ឃុំ សង្កាត់ នៅខែមិថុនាខាងមុខនេះ។ សហភាពអន្តរសភាហៅកាត់ IPUនៅថ្ងៃបិទសន្និបាតទី ១៣៦របស់ខ្លួនដែលធ្វើឡើងនៅទីក្រុងដាកា (Dhaka) ប្រទេសបង់ក្លាដេសកាលពីដើមខែមេសា បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញការព្រួយបារម្ភពីវាសនាគណបក្សសង្រ្គោះជាតិនៅកម្ពុជាដោយថា បក្សប្រឆាំងនេះ អាចនឹងត្រូវគេរំលាយ និងមិនបានចូលរួមការបោះឆ្នោតនៅពេលខាងមុខនេះបាន។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងថាគ្មានអ្នកណាបំបែកគណបក្សសង្រ្គោះជាតិ ក្រៅពីផ្ទៃក្នុងរបស់គណបក្សសង្រ្គោះជាតិទេ ព្រោះគណបក្សប្រឆាំងមួយនេះកើតឡើងពីការប្រមូលផ្តុំគ្នាដោយគណបក្សនយោបាយពីរ គឺគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា និងគណបក្សសមរង្ស៊ីរបស់លោកសម រង្ស៊ី។ លោកបញ្ជាក់ថាគណបក្សសង្រ្គោះជាតិមានក្បាល២។ លោកបន្ថែមទៀតថា ការបំបែកបាន ឬមិនបានគឺជាកត្តាកំណត់ អាស្រ័យលើលោកកឹម សុខា ហើយមិនអាស្រ័យលើអ្នកបំបែកទេ។
អ្នកវិភាគនយោបាយក្នុងប្រទេសកម្ពុជាធ្លាប់បានលើកឡើងថាការឯកភាពគ្នារបស់គណបក្សប្រឆាំង គឺជាចំណុចខ្លាំងរបស់គណបក្សនេះ ដើម្បីយកឈ្នះការបំបែកពីខាងក្រៅ។
គួរជម្រាបជូនថាលោកកឹម សុខា ប្រធានគណបក្សប្រឆាំងបានដឹកនាំមន្ត្រីជាន់ខ្ពស់គណបក្សចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី៥ ខែមេសា ដើម្បីបំពេញបេសកកម្មនៅ ប្រទេសញូហ្សេលែន និងប្រទេសអូស្ដ្រាលី ហើយលោកក៏ជួបជាមួយក្រុមសមាជិកសភា និងមន្ដ្រីរដ្ឋាភិបាល នៃប្រទេសទាំងពីរ។ ក្រៅពីជួបមន្ត្រីនៃបណ្តាប្រទេសទាំងនោះ លោកកឹម សុខា ក៏ជួបប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទីនោះដែរ៕
No comments:
Post a Comment