ដោយ សេង ឌីណា 15/04/2017 15/04/2017
rfi
ស្លាកថ្មីដែលត្រូវបានគេដាក់ជំនួសស្លាករំឭកខួបបដិវត្តន៍ផ្តួលរំលំរាជានិយមផ្តាច់ការឆ្នាំ១៩៣២
REUTERS/Matthew Tostevin
សកម្មជនប្រជាធិបតេយ្យថៃបាននាំគ្នាតវ៉ាប្រឆាំង ក្រោយពីប៉ូលិសថៃបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ស្លាកដែលគេដាក់តាំងនៅក្នុងក្រុងបាងកក ដើម្បីរំឭកបដិវត្តន៍ផ្តួលរំលំរបបរាជានិយមផ្តាច់ការថៃកាលពីឆ្នាំ១៩៣២ ត្រូវបានគេដកចេញ ជំនួសមកវិញដោយស្លាកថ្មី។ សម្រាប់សកម្មជនប្រជាធិបតេយ្យ ទង្វើនេះគឺជាការប៉ុនប៉ងកែប្រែប្រវត្តិសាស្រ្ត ពីសំណាក់ក្រុមអ្នករាជានិយមជ្រុល។
រដ្ឋប្រហារឆ្នាំ១៩៣២ ដែលគេច្រើនហៅថា “បដិវត្តន៍សៀម” គឺជាចំណុចរបត់ដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្រ្តថៃ គឺជាការបិទបញ្ចប់របបរាជានិយមផ្តាច់ការ ដែលគ្រប់គ្រងប្រទេសថៃអស់រយៈពេលជិត ៧០០ឆ្នាំ ហើយជាចំណុចចាប់ផ្តើមនៃការធ្វើកំណែទម្រង់នយោបាយ និងសង្គម ឆ្ពោះទៅរករបបរាជានិយមអាស្រ័យធម្មនុញ្ញ។
ចាប់ពីពេលនោះមក គេសង្កេតឃើញថា ថ្វីដ្បិតតែថៃមានឈ្មោះជារាជានិយមអាស្រ័យធម្មនុញ្ញ ក៏ប៉ុន្តែឆាកនយោបាយថៃបានស្គាល់នូវការប្រែប្រួល ឡើងចុះឥតឈប់ ឆ្លាស់ចុះឆ្លាស់ឡើង រវាងរដ្ឋាភិបាលប្រជាធិបតេយ្យ និងរបបសឹក, រវាងការបោះឆ្នោត និងរដ្ឋប្រហារ។ រដ្ឋប្រហារលើកចុងក្រោយ គឺកាលពីឆ្នាំ២០១៤ ដែលបន្សល់ទុកនូវរបបសឹក នៅក្នុងប្រទេសថៃ រហូតមកទល់នឹងពេលបច្ចុប្បន្ន។
ស្លាករំឭកខួបបដិវត្តន៍ឆ្នាំ១៩៣២ ដែលកាលពីមុនត្រូវបានគេដាក់តាំងនៅឯទីលានមួយ នៅក្នុងសង្កាត់ឌូស៊ីត កណ្តាលក្រុងបាងកក ត្រូវបានគេដកចេញ ហើយជំនួសមកវិញដោយស្លាកថ្មី ដែលមានអត្ថន័យលើកតម្កើងរាជានិយម។ ប៉ូលិសសង្កាត់ឌុស៊ីតបានអះអាងថា រហូតមកទល់នឹងពេលនេះ គេមិនដឹងថា តើអ្នកណាជាអ្នកដកស្លាករំឭកខួបបដិវត្តន៍នេះទេ ហើយថា ប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតជុំវិញរឿងនេះ។
ទោះជាយ៉ាងណា ចលនានិស្សិតប្រជាធិបតេយ្យ ដែលមានឈ្មោះថា “ចលនាប្រជាធិបតេយ្យថ្មី” ដែលតែងចេញមុខប្រឆាំងនឹងរបបសឹកថៃបច្ចុប្បន្ន បានដាក់ការសង្ស័យទៅលើក្រុមអ្នករាជានិយមជ្រុលថៃ ដែលធ្លាប់បានគំរាមចង់ដកស្លាកនេះរួចមកហើយ កាលពីពេលកន្លងមក។
សមាជិកម្នាក់នៃចលនាប្រជាធិបតេយ្យនេះបានលើកឡើងថា ការដកស្លាករំឭកបដិវត្តន៍ឆ្នាំ១៩៣២នេះ គឺជាការប៉ុនប៉ងបំភ្លៃប្រវត្តិសាស្រ្តនៃប្រជាធិបតេយ្យថៃ ដើម្បីលាងខួរក្បាលក្មេងជំនាន់ក្រោយ។
អង្គការការពារសិទ្ធិមនុស្សថៃក៏បានធ្វើការកត់សម្គាល់ផងដែរថា ការបង្ការនិងបង្រ្កាបសកម្មភាពដែលគេចាត់ទុកជាការប្រមាថព្រះមហាក្សត្រមានការកើនឡើងខ្លាំង ចាប់តាំងពីព្រះបាទមហាវជ្ជរ៉ាឡុងកន ឡើងគ្រងរាជ្យជំនួសព្រះចៅភូមិបុលអាប់ឌុលយ៉ាដេតជាបិតាដែលសោយទិវង្គតកាលពីឆ្នាំទៅមិញ៕
No comments:
Post a Comment